​ការងារ​ថែរក្សា​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​កាន់តែ​ទទួលបាន​ជោគជ័យ​

652
ចែករម្លែក

​ដោយៈ​អង្គរតូច​/​សៀមរាប​:​រយៈពេល​២៥​ឆ្នាំ​មកហើយ​ដែល​រមណីយដ្ឋាន​អង្គរ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ​។ ក្នុង​រយៈពេល​២៥​ឆ្នាំនេះ ពិភពលោក​ទាំងមូល​មាន​ភាព​រំជើបរំជួល​ចំពោះ​សំណង់​ស្ថាបត្យកម្ម​នៃ​ប្រាសាទអង្គរវត្ត ហើយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ភ្ញៀវទេសចរ​កាន់តែច្រើន​បានមក​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​។​

​ក្នុង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ សហប្រធាន​បារាំង​នៃ​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​-​អង្គរ លោក Guillaun NARJOLLET បានបង្ហាញ​ពី​ភាព​រីករាយ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​អ្នកជំនាញការ​ជាតិ និង​អន្ដរជាតិ ដែល​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​មាន​ភាព​លេចធ្លោ​មកដល់​សព្វថ្ងៃ​។ ទន្ទឹមនឹង​ការអបអរសាទរ លោក ក៏បាន​រំលឹក​ដែរ​ថា ការរីករាយ​ជាមួយនឹង​ភាពជោគជ័យ នឹង​អាច​នាំឱ្យ​យើង​បរាជ័យ​ដែរ បើ​យើង​ធ្វេស​ប្រហែល​នៅ​ចំណុច​ណាមួយ​នៅក្នុង​តំបន់​អង្គរ​។​

​សហប្រធាន​បារាំង​រូបនេះ បាន​ពន្យល់ថា អាយ​ស៊ី​ស៊ី​អង្គរ ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​ជា​បន្ដបន្ទាប់​នៅក្នុង​រមណីយដ្ឋាន​អង្គរ​តាំងពី​ឆ្នាំ​១៩៩៣​មក​។ រមណីយដ្ឋាន​អង្គរ​ប្រែក្លាយ​ពី​សម្បត្តិ​បេតិកភណ្ឌ​ប្រឈម​នឹង​គ្រោះថ្នាក់ ធ្វើឱ្យ ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​មួយ​ដ៏​ពេញលេញ និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​លេចធ្លោ​ក្នុង​ពិភពលោក ហើយ​ភ្ញៀវទេសចរ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។

ប៉ុន្តែ​កំណើន​នេះ​ក៏​ជាការ​គំរាមកំហែង​ដល់​អង្គ​រដែរ ដូច្នេះ​យើង​មិនត្រូវ​រីករាយ​ជាមួយនឹង​ភាពជោគជ័យ​នេះ​ទេ​។ យើង​ត្រូវផ្តោត​សំខាន់​នូវ​ការរៀបចំ​គោលនយោបាយ​និង​អនុវត្ត​នូវ​វិធានការ​ផ្សេងៗ​ដែល​អាច​ឲ្យ​យើង​ធានាបាន​នូវ​តុល្យភាព​រវាង​កំណើន​វិស័យ​ទេសចរណ៍​និង​កិច្ចការ​អភិរក្ស​។​

​ចំណែក​លោកស្រី Ann LEMEISTRS តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ក៏បាន​បង្ហាញ​ការពេញចិត្ត​ជាខ្លាំង​ពេល​ឃើញ​រមណីយ​ដ្ឋា​អង្គរ​មានការ​អភិវឌ្ឍ ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​គិតគូរ​ហ្មត់ចត់​ជាមុន​ពី​ផល​លំបាក​និង​ចំណុច​ប្រឈម​នានា​ដែល​អាច​នឹង​កើតឡើង​ក្នុង​រមណីយដ្ឋាន​អង្គរ​។

លោកស្រី​ក៏បាន​អរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​រយៈពេល​២៥​ឆ្នាំ​មកនេះ ដែល​បានធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ​មាន​ភាព​លេចធ្លោ​រហូតមក​ដល់​សព្វថ្ងៃ ហើយ​សង្ឃឹមថា អ្នក​ទាំងនោះ​នឹង​បន្តការងារ​ដើម្បី​បុព្វហេតុ​រមណីយដ្ឋាន​អង្គរ​បន្តទៀត​។​

​គួរ​បញ្ជាក់ថា គណៈកម្មាធិការ​អន្ដរជាតិ​ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បាន​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣០​របស់ខ្លួន នៅ​ថ្ងៃទី​៥ និង​ទី​៦ មិថុនា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។

សហប្រធាន​នៃ​កិច្ចប្រជុំ​នេះ គឺ​ប្រទេស​បារាំង និង​ជប៉ុន ដោយមាន​ការចូលរួម​ពី​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​ស្ថានទូត​នានា ក្រុម​អ្នកជំនាញការ​ជាតិ និង​អន្ដរជាតិ​៕S/

​ការងារ​ថែរក្សា​និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​កាន់តែ​ទទួលបាន​ជោគជ័យ​