​ការចងចាំ​ប្រវត្តិសាស្ត្រ និង​សិល្បៈ​តន្ត្រី​ខ្មែរ​

846
ចែករម្លែក
  • 13
    Shares

ដោយ​:​ព្រំ គិត​ម៉ាន់ និង ណុប សុវណ្ណ​ឧ​ត្ត​ម បុគ្គលិក​ស្ម័គ្រចិត្ត​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
ភ្នំពេញៈ​ សិល្បៈ និង​តន្ត្រី​ខ្មែរ បាន​ផ្លាស់ប្ដូរ និង​វិវឌ្ឍន៍ ទៅតាម​បរិបទ​សង្គម​នយោបាយ និង​ភាព​រីកចម្រើន​របស់​ប្រទេស​។ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​សម្តេចព្រះ នរោត្តម សីហនុ នៅ​ទសវត្សរ៍​ទី​៥០ បានដាក់​គោលនយោបាយ​អទិភាព​ទៅលើ​សិល្បៈ និង​តន្ត្រី​។ នៅក្នុង​អំឡុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្សរ៍​ទី​៧០ សិល្បៈ និង​តន្ត្រី​ខ្មែរ ទទួលបាន​ការរីកចម្រើន និង​ប្រែប្រួល​ដោយសារ​គំនិត​ច្នៃប្រឌិត​ជាមួយ​ការបើក​ទទួលយក​តន្ត្រី​យ៉ាង​សម្បូរបែប​ពី​បរទេស ដែល​បាន​បង្កើត​នូវ​ចក្ខុវិស័យ​ថ្មី​មួយ​នៃ​តន្ត្រី​។ នៅពេល​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូលក្នុង​សង្គ្រាមស៊ីវិល​រវាង​រដ្ឋា​ភិ​បាល លន់ នល់ (​ឆ្នាំ​១៩៧០-៧៥) និង​កងទ័ព​កុម្មុយនីស្ត​ខ្មែរក្រហម (​ឆ្នាំ​១៩៧៥-៧៩) សិល្បៈ និង​តន្ត្រី​បាន​ផ្លាស់ប្ដូរ​បន្តិច​ម្ដងៗ​។ នៅក្នុង​រយៈពេល​ជិត​៥​ឆ្នាំ​នៃ​ការផ្ទុះ​ឡើង​សង្គ្រាមស៊ីវិល​រវាង​ទាហាន លន់ នល់ និង​កងទ័ព​ខ្មែរក្រហម ចម្រៀង​ត្រូវបាន​និពន្ធ​ឡើងទៅ​តាម​ស្ថានភាព​នយោបាយ​សង្គម​។

​បន្ទាប់ពី​ខ្មែរក្រហម​បាន​ឡើងកាន់​អំណាច នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ផ្លាស់ប្ដូរ សិល្បៈ និង​តន្ត្រី​ខ្មែរ​ទាំងស្រុង​។ ខ្មែរក្រហម​មានបំណង​បង្កើត​សង្គម​ថ្មី​មួយ​ដែល​ខ្មែរក្រហម​តែងតែ​ស្រមើស្រមៃ​ចង់បាន​។ ខ្មែរក្រហម​បាន​បង្កើត​ក្រុម​សិល្បៈ​ដើម្បី​បម្រើ​ដល់​នយោបាយ​ជាមួយ​ការបញ្ចូល​មនោគមវិជ្ជា​របស់ខ្លួន​។ សិល្បៈ​ថ្មី​ត្រូវបាន​បង្កើតឡើង ចំណែកឯ​សិល្បៈ​របស់​របប​ចាស់ (​របប​សង្គមរាស្ត្រនិយម និង​របប លន់ នល់​) ត្រូវបាន​បំផ្លាញចោល​។ ខ្មែរក្រហម​មិន​ត្រឹមតែ​បំផ្លាញ​រាល់​ទម្រង់​នៃ​សិល្បៈ និង​តន្ត្រី​របស់​របប​ចាស់​នោះទេ គឺ​ថែមទាំង​បានដាក់​គោលដៅ​ទៅលើ​សិល្បៈករ​ទាំងឡាយ​ដើម្បី​យកទៅ​សម្លាប់ចោល​។ សិល្បៈករ​ខ្មែរ គឺជា​ជនរងគ្រោះ​នៅក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជិត​២​លាន​នាក់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត​នៅក្នុង​របប​ខ្មែរក្រហម តាមរយៈ​ការបង្ខំ​ឲ្យ​ធ្វើការ​ហួសកម្លាំង ការ​បង្អត់អាហារ ឈឺ​ដោយ​គ្មាន​ថ្នាំ​ព្យាបាល ការធ្វើ​ទារុណកម្ម និង​ការសម្លាប់​។ បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ មាន​សិល្បៈករ​ខ្មែរ​មួយចំនួន​តូច​ប៉ុណ្ណោះ​បាន​នៅ​រស់រានមានជីវិត​។

​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ការ​អប់រំ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម តាមរយៈ​ការតាំងពិព័រណ៍​សហស​ម័​យ ការ​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ ការធ្វើ​ប​ឋ​កថា និង​ការគាំទ្រ​សិល្បៈ​ខ្មែរ តាមរយៈ​ការផ្ដល់​ទីតាំង​ដល់​សិល្បៈករ​ក្នុង​ការដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់ខ្លួន ថែមទាំង​ចងក្រង​ជីវប្រវត្តិ​សិល្បៈករ​ដែល​បាន​រស់រាន​មាន​ជី​វិ​ពី​របប​ខ្មែរក្រហម​។

ខ្សែជីវិត​សិល្បៈករ ព្រឹទ្ធាចារ្យ ប៉េ ប៉ុន នៅក្នុង​របប​ខ្មែរក្រហម​
​ព្រឹទ្ធាចារ្យ ប៉េ ប៉ុន បានប្រសូត​នៅ​ថ្ងៃ​ពុធ ០៩​កើត ខែជេស្ឋ ព​.​ស​២៤៧១ (​គ​.​ស​១៩២៨) ស្ថិតក្នុង​រជ្ជកាល​ព្រះ​បរម​ខត្តិយ​កោដ្ឋ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ព្រឹទ្ធាចារ្យ ប៉ុន គឺជា​បុត្រ​របស់​លោកតា កៅ ប៉េ ដែលជា​សិល្បៈករ​ភ្លេងពិណពាទ្យ និង​ភ្លេង​ការ និង​យាយ នឹម​។ ព្រឹទ្ធាចារ្យ ប៉ុន មាន​បងប្អូន​បង្កើត​សរុប​១០​នាក់ ក្នុងនោះ​ស្រី​៧​នាក់ ប្រុស​៣​នាក់​។ ពេល​មាន​អាយុ​១៨​ឆ្នាំ ព្រឹទ្ធាចារ្យ ប៉ុន បាន​ចូលរួម​សម្តែង​ល្ខោន​ប្រាមោទ្យ​ទ័យ​ដែល​សម្ដែង​ជា​តួ (​ស្វា និង ឥសី​) និង​បាន​ចាប់ចិត្ត​ទៅលើ​ភ្លេងពិណពាទ្យ​។

​គួរ​រំឭក​ផងដែរ​ថា ល្ខោន​ប្រាមោទ្យ​ទ័យ គឺជា​ល្ខោន​មួយ បន្ទាប់ពី​ល្ខោន​ព្រះរាជ​ទ្រព្យ​ដែលមាន​សិទ្ធិ​ប្រើ​ម្កុដ និង​គ្រឿង​តែង​កាយ ដូច​ល្ខោន​ហ្លួង​ដែរ​។ លក្ខណៈពិសេស​នៃ​ល្ខោន​នេះ គឺ​តួ​សម្តែង ត្រូវ​រាំ និង​ច្រៀង​ដោយ​ខ្លួនឯង​ដោយ​មិនមាន​អ្នក​ច្រៀង​បន្ទរ​ឡើយ ហើយ​ល្ខោន​នេះ​ប្រគំ​ដោយ​ភ្លេងពិណពាទ្យ ដែល​តួ​សម្តែង​ភាគច្រើន​គឺជា​ស្ត្រី លើកលែងតែ​តួ​ស្វា​ដែលមាន​លាយ​បុរស​។

រូបភាពទី១៖ ការសម្ដែងល្ខោនប្រាមោទ្យទ័យ ឬ ល្ខោនបាមោជ្ជទ័យ

នៅ​ឆ្នាំ​១៩៥០ ព្រឹទ្ធាចារ្យ ប៉ុន បាន​រៀបការ​ជាមួយ​លោកយាយ ស៊ឹម ហ៊ីង និង​ប្រសូត​បាន​បុត្រាបុត្រី​ចំនួន​៨​នាក់ ប្រុស​៤​នាក់ ស្រី​៤​នាក់​។ ឪពុក​របស់​ព្រឹទ្ធាចារ្យ ប៉ុន បាន​បង្កើត​វង់ភ្លេង​មួយ​ដែល​ធ្លាប់​ត្រូវបាន​សម្ដេច​សង្ឃរាជ ជួន ណាត អញ្ជើញ​ឲ្យ​ទៅលេង​នៅពេល​មានកម្ម​វិធី​ផ្សេងៗ​។ វង់ភ្លេង​របស់​ព្រឹទ្ធាចារ្យ ប៉ុន មិន​ស្ថិតនៅក្នុង​ក្របខណ្ឌ​ព្រះបរមរាជវាំង​ទេ​។ ព្រឹទ្ធាចារ្យ ប៉ុន បាន​បញ្ជាក់ថា “​បើ​វង់ភ្លេង​វាំង ទទួល​ប្រាក់ខែ​វាំង ដូ​ចេះ្ន​វង់ភ្លេង​វាំង​មិនអាច​ចេញទៅ​លេង​នៅ​ខាងក្រៅ​បានទេ​”​។ ព្រឹទ្ធាចារ្យ ប៉ុន បាន​ដើរលេង​ភ្លេង​រហូតដល់​ឪពុក​របស់គាត់​ស្លាប់​។

​បន្ទាប់ពី​រដ្ឋប្រហារ​រ​បស់ លន់ នល់ ទម្លាក់​សម្ដេច នរោត្តម សីហនុ ចេញពី​អំណាច និង​ការបង្កើត​របប​សារ​ធារ​ណ​រដ្ឋ​ខ្មែរ ព្រឹទ្ធាចារ្យ ប៉ុន បាន​បន្តការងារ​សិល្បៈ​ជា​អ្នក​លេងភ្លេង​ដូច​ធម្មតា​។ ក្រៅពី​ការលេង​ភ្លេង​នៅតាម​កម្មវិធី​ផ្សេងៗ ព្រឹទ្ធាចារ្យ ប៉ុន ក៏បាន​ធ្វើស្រែ​ចម្ការ ដើម្បី​ជួយ​សម្រួល​ជីវភាព​គ្រួសារ​។ ព្រឹទ្ធាចារ្យ ប៉ុន បាន​លើកឡើងថា សិល្បៈ និង​តន្ត្រី​មានការ​ផុសផុល រីកចម្រើន​ខ្លាំង ហើយ​សិល្បៈករ​ទទួលបាន​ការ​គោរព​ស្រឡាញ់​ច្រើន​។ នៅក្នុង​របប​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ នល់​ព្រឹទ្ធាចារ្យ ប៉ុន បាន​ធ្វើជា​ប្រធាន​កង​៥០​ខ្នង ដែល​ត្រូវបាន​បង្កើតឡើង​ចាប់តាំងពី​ជំនាន់​សង្គមរាស្ត្រនិយម ដើម្បី​គ្រប់គ្រង​ប្រជាជន​មូលដ្ឋាន និង​ចែក​គ្រឿង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។ នៅ​ឆ្នាំ​១៩៧៤ ភូមិកំណើត​របស់​ព្រឹទ្ធាចារ្យ ប៉ុន គឺជា​សមរភូមិ​ក្ដៅ រវាង​ទាហាន​លន់ នល់ និង​កងទ័ព​ខ្មែរក្រហម​។ ព្រឹទ្ធាចារ្យ ប៉ុន និង​គ្រួ​សារបាន​រត់​ភៀសខ្លួន​មក​ត្រើយម្ខាង​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ក្រោយមក​គាត់​បាន​ស្នាក់នៅ​ជាយក្រុង ស្ថិតនៅ​ម្ដុំ​វត្ត​ក្ដី​តា​កុយ​។

រូបភាពទី២៖ ព្រឹទ្ធាចារ្យ ប៉េ ប៉ុន កំពុងលេងភ្លេងរនាថឈើ (រូបថត៖ ណុប សុវណ្ណឧត្តម និងមជ្ឈមណ្ឌលឯកសារកម្ពុជា)

​បន្ទាប់ពី​ខ្មែរក្រហម​បាន​ចូល​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ព្រឹទ្ធាចារ្យ ប៉ុន និង​គ្រួសារ​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​មក​ភូមិកំណើត​នៅ​ឃុំ​ស្វាយជ្រុំ​វិញ​។ នៅពេល​មកដល់​ភូមិកំណើត ផ្ទះ​របស់​ព្រឹទ្ធាចារ្យ ប៉ុន ត្រូវបាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ហើយ​ព្រឹទ្ធាចារ្យ​ផ្ទាល់​ក៏ត្រូវ​បាន​មេភូមិ​ខ្មែរក្រហម​ចោទថា​ជា​នាយទុន​។ បន្ទាប់ពី​ខ្មែរក្រហម​បានដឹងថា ព្រឹទ្ធាចារ្យ ប៉ុន ចេះ​លេង​ភ្លេងខ្មែរ ខ្មែរក្រហម​ក៏បាន​ជ្រើសរើស​ព្រឹទ្ធាចារ្យ​ឲ្យ​ចូលធ្វើការ​ក្នុង​ក្រុម​សិល្បៈ​ខ្មែរក្រហម​។ ក្រុម​សិល្បៈ​របស់​ព្រឹទ្ធាចារ្យ ប៉ុន មាន​សមាជិក​ទាំងអស់​ចំនួន​៤​នាក់ រួមមាន ឈ្មោះ ក្រឹក ឈ្មោះ សាម ឈ្មោះ ពុំ និង​ឈ្មោះ ប៉ុន ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឈ្មោះ លីន​។ ក្រុម​សិល្បៈ​របស់​ព្រឹទ្ធាចារ្យ ប៉ុន ត្រូវបាន​ខ្មែរក្រហម​យកទៅ​លេងភ្លេង​ឲ្យ​អ្នកចម្រៀង​បដិវត្តន៍​។ ចំណេះដឹង​ភ្លេងបុរាណ និង​ភ្លេងពិណពាទ្យ បាន​ជួយសង្គ្រោះ​ព្រឹទ្ធាចារ្យ ប៉ុន ឲ្យ​រស់រានមានជីវិត​រហូត​ដល់​សព្វថ្ងៃ​។ ព្រឹទ្ធាចារ្យ ប៉េ ប៉ុន គឺជា​សិល្បៈករ​ខ្មែរ​ផ្នែក​តន្ត្រីបុរាណ​ម្នាក់ ក្នុងចំណោម​សិល្បៈករ​ខ្មែរ​មួយចំនួន​តូច​ដែល​បាន​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។​

ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​»

«​កុំ​ស្មាន​បង​ភ្លេច ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​» គឺជា​ខ្សែភាពយន្ត​ឯកសារ​ស្ដីពី​ប្រវត្តិ​សិល្បៈ និង​តន្ត្រី​ខ្មែរ នៅ​ទសវត្សរ៍​ទី​៦០ និង​៧០​។ កុំ​ស្មាន​បង​ភ្លេច បានបង្ហាញ​ពី​ទស្សនវិស័យ និង​សុទិដ្ឋិនិយម របស់ ប្រទេស​កម្ពុជា ដែល​ធ្លាប់បាន​ឆ្លងកាត់​សង្គ្រាម និង​អំពើ​ប្រល័យ​ពូ​ជា​សាសន៍​។ នៅពេល​ខ្មែរក្រហម បាន​ឡើងកាន់​អំណាច​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បានចាប់ផ្ដើម​ការកសាង​សង្គម បរិសុទ្ធ​ថ្មី​មួយ​។ បញ្ញវន្ត សិល្បៈករ និង​តន្ត្រីករ ត្រូវបាន​យកទៅ​សម្លាប់ ហើយ​ប្រជាជន​ធម្មតា ត្រូវបាន​បង្ខំ ឲ្យ​ធ្វើការ​នៅ​ជំរំ​ពលកម្ម​នៅ​ទីជនបទ​។ បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៧៩ សិល្បៈករ និង​តន្ត្រីករ​ខ្មែរ​តិចតួច​ណាស់​បាន​រួច​ផុតពី​ការកាប់សម្លាប់​របស់​ខ្មែរក្រហម និង​ចាប់ផ្ដើម​ស្ដារឡើងវិញ​នូវ​សិល្បៈ និង​តន្ត្រី​ខ្មែរ​។ គួរ​បញ្ជាក់ថា ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» បានរួម​បញ្ចូល​ជាមួយ​ចម្រៀង​៧២​បទ និង​រឿងរ៉ាវ​របស់​សិល្បៈករ​ខ្មែរ ដែល​បាន​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ដើម្បី​ពន្យល់​ពី​រឿងរ៉ាវ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​ដល់​សិស្ស និស្សិត អ្នកស្រាវជ្រាវ និង​សាធារណជន​ទូទៅ​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក​។

រូបទី៣៖ កញ្ញា ហ្គាថាណា និស្សិតច្បាប់មកពីសកល Canterbury Christ Church នៃចក្រភពអង់គ្លេស បានចូលទស្សនាខ្សែភាពយន្តឯកសារ «កុំស្មានបងភ្លេច ខ្មែរបាត់បង់តន្រ្តីរ៉ក់» (រូបថត ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)

ពិព័រណ៍​សហ​សម័យ​៖ “​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​”
​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា សហការ​ជាមួយ​សាលា​ជំនាញ​សិល្បៈ​សូន្យ​រូប​ហ្វា​ពន្លឺ​សិល្បៈ បាន​ផ្ដួចផ្ដើម​រៀបចំ​ការតាំងពិព័រណ៍​សហ​សម័យ​ស្តីអំពី ៖ ”​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​”​។ “​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​” ជា​បណ្ដុំ​នៃ​រូបគំនូរ​សហ​សម័យ​ចំនួន​១៥​ផ្ទាំង ដែលជា​ស្នាដៃ​សិល្បៈ​របស់​និស្សិត​ផ្នែក​សិល្បៈ​នៃ​សាលា​ជំនាញ​សូន្យ​រូប​ហ្វា​ពន្លឺ​សិល្បៈ​។​
​ខ្មែរក្រហម បាន​បំផ្លាញ​មិន​ត្រឹមតែ​ខ្លួនប្រាណ ក៏ប៉ុន្តែ​ភាពក្លាហាន​នៃ​គំនិត​ស្រមៃ ពីព្រោះ​ប្រជាជន​កម្ពុជា​បាន​បន្ត​រស់នៅក្នុង​ភាពភ័យខ្លាច ដោយសារ​ខ្មែរក្រហម​បាន​បន្តធ្វើ​សង្គ្រាម​ទ័ពព្រៃ នៅតាម​បណ្ដោយ​ព្រំដែន​ខ្មែរ​ថៃ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត​។ ពិព័រណ៍​សហ​សម័យនេះ បាន​ជំរុញ​ឲ្យ​មាន​ការកកើត​ឡើងវិញ នៃ​សេចក្ដីក្លាហាន​ស្រមើស្រមៃ តាមរយៈ​ការប្រើប្រាស់​សិល្បៈ និង​ទស្សនវិស័យ​ថ្មី នៃ​ក្មេងជំនាន់ក្រោយ​របស់​ប្រទេស​កម្ពុជា​។ បន្ថែម​លើ​នេះ​ទៀត ស្នាដៃ​សិល្បៈ​នៃ​គំនូរ​សហ​សម័យ ក៏​ជំរុញ​ការយល់ដឹង​ពី​អត្តសញ្ញាណ​ស្ថាបត្យកម្ម​ខ្មែរ ដែល​ត្រូវបាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​ដោយសារ​សង្គ្រាម និង​ការ​ស្តារឡើងវិញ​នៃ​រចនាបទ​សំណង់​អគារ​ខ្មែរ​ដែល​ទទួលរង​ឥទ្ធិពល​ពី​សាកលភាវូបនីយកម្ម ទៅលើ​គំនិត​ក្នុង​ស្ថាបត្យកម្ម នៅ​ទីក្រុង​ភ្នំពេញ នាពេល​បច្ចុប្បន្ន និង​អនាគត​។

រូបទី៤៖ ជុន ហ្វាន់ និស្សិតថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាហូឡូខសត៍ នៃសកលវិទ្យាល័យហៃហ្វា ប្រទេសអ៊ីស្រាអែល បានមកទស្សនា ពិព័រណ៍សហសម័យ ៖ «ប្រសិនបើមិនមានសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅកម្ពុជា» (រូបថត ៖ មជ្ឈមណ្ឌលឯកសារកម្ពុជា)

«​ប្រសិនបើ​មិនមាន​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​» ត្រូវបាន​ដាក់តាំង​បង្ហាញ​ឲ្យ សិស្ស​និស្សិត សិល្បៈករ អ្នកស្រាវជ្រាវ និង​សារ​ធារ​ណ​ជន​ទូទៅ​ចូល​ទស្សនា រហូតដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ស្ថិតនៅក្នុង​អាគារ​H​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​៕ ល​