​ការចងចាំ​ពីរ​បប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​តាមរយៈ​ការ​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​»

691
ចែករម្លែក

ដោយៈ ផាត ចាន់​សុ​និ​តា បុគ្គលិក​ស្ម័គ្រចិត្ត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» បាន​សម្តែង​នៅតាម​បណ្តា​ខេត្ត​ជាច្រើន ដូចជា ខេត្ត​ត្បូងឃ្មុំ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តព្រៃវែង និង​ក្រុងភ្នំពេញ នៃ​ប្រទេស​កម្ពុជា​។ កន្លងផុតទៅ​ថ្មីៗ​នេះ ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ត្រូវ​បានដាក់​សម្តែង​ជា​លើកចុងក្រោយ​សម្រាប់​ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង ដោយមាន​ការចូលរួម​ពី​សំណាក់​លោកគ្រូ​អ្នកគ្រូ គរុ​សិស្ស និង​ប្រជាជន​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​ដែល​រស់នៅក្នុង​ទី​រួម​ខេត្តបាត់ដំបង​។​

​ខ្លឹមសារ​នៃ​សាច់រឿង​ល្ខោន បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា បង្កើត​ឲ្យ​មានការ​ពិភាក្សា និង​ចងចាំ​ពី​របប​ខ្មែរក្រហម​។ ការសម្តែង​ល្ខោននិយាយ​នេះ​ក៏មាន​គោលបំណង ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​របួស​ផ្លូវចិត្ត​រវាង​ជនដៃដល់ និង​ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត​។
​បន្ទាប់ពី​បាន​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» អ្នក​ចូលរួមបាន​រៀបរាប់​ពី​ចំណាប់អារម្មណ៍ និង​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដែល​បាន​កើតឡើង​ដូចខាងក្រោម ៖
១. ប្លែក ភី ភេទ​ស្រី អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ម្រិញ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ៖ នៅពេល​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ក្នុង​បរិវេណ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង​នេះ បានធ្វើ​ឲ្យ​ខ្ញុំ​ចងចាំ​ទៅដល់​ការឈឺចាប់​ដែល​បាន​កើតឡើង​ក្នុងពេល​អតីតកាល ហើយ​ការឈឺចាប់​នេះ​នៅតែ​បន្សល់ទុក​ហូត​មក​ដល់ពេល​សព្វថ្ងៃ ព្រោះ​ខ្ញុំ​បាន​បាត់បង់​ឪពុកម្តាយ បងប្អូន និង​សាច់ញាតិ​ជាច្រើន​។ ម្តាយ​របស់ខ្ញុំ​ឈ្មោះ ហេវ ធា ចំណែកឯ​ឪពុក​របស់ខ្ញុំ​មានឈ្មោះ ឡុ​ច ពោ​។ នៅក្នុង​របប​ខ្មែរក្រហម​គ្រួសារ​ខ្ញុំ​មាន​សមាជិក​ប្រាំពីរ​នាក់​បានរស់នៅ​ក្នុង​ខ្ទម​ជាមួយគ្នា ប៉ុន្តែ​ត្រូវ​ចេញទៅ​ធ្វើការ​ងារ​នៅ​សហករណ៍​ផ្សេងៗ​ដើម្បី​ទទួលបាន​របប​អាហារ​សម្រាប់​ហូប​។​

​ឪពុកម្តាយ​របស់ខ្ញុំ​ខិតខំ​ធ្វើ​ការងារ​ខ្លាំងណាស់ ព្រោះ​ខ្លាច​ខ្មែរក្រហម​យកទៅ​សម្លាប់​។ ឪពុក​របស់ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការ​នៅ​កន្លែង​ផលិត​ដែកគោល​។ កន្លែងធ្វើការ​របស់ខ្ញុំ​មាន​ស្ថានភាព​លំបាក​ទាំង​ការងារ និង​ការហូបចុក​។ អ្នកធ្វើការងារ​ជាមួយ​ឪពុក​របស់ខ្ញុំ​តែងតែ​បបួល​ឪពុក​របស់ខ្ញុំ​រត់​ចូលទៅក្នុង​ទឹកដី​ថៃ ប៉ុន្តែ​ឪពុក​របស់ខ្ញុំ​បាន​បដិសេធ ព្រោះ​ឪពុក​របស់ខ្ញុំ​ព្រួយបារម្ភ​ខ្លាច​ពេលដែល​គាត់​រត់​ចេញទៅ ខ្មែរក្រហម​នឹងធ្វើ​បាប​ប្រពន្ធ​កូន​។​ឪពុក​របស់ខ្ញុំ​សុខចិត្ត​ស្លាប់​នៅក្នុង​ភូមិ​បើសិន​អង្គ​ការយក​គាត់​ទៅ​សម្លាប់ ដើម្បី​ឲ្យ​ប្រពន្ធ​កូន​បានដឹង​។​

​ចំណែក​ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការងារ​នៅ​សហករណ៍​ដាំដំឡូង​នៅ​តំបន់​៤ ក្នុង​ភូមិភាគ​ពាយ័ព្យ ដែលជា​តំបន់​មួយ​មានការ​គ្រប់គ្រង​តឹងរ៉ឹង​។ ខ្ញុំ​ពុំមាន​អាហារ​ហូបចុក​គ្រប់គ្រាន់​ឡើយ​។ ក្នុង​មួយថ្ងៃ​ខ្ញុំ​ទទួលបាន​បបរ​តែ​ពីរ​ពេល​ប៉ុណ្ណោះ ដោយ​បបរ​ក្នុង​មួយ​ខ្ទះ​ធំ​មាន​អង្ករ​២​កំប៉ុង​ប៉ុណ្ណោះ​សម្រាប់​ប្រជាជន​មួយ​សហករណ៍​។ នាពេល​ព្រលប់​ថ្ងៃមួយ នៅ​ចុងឆ្នាំ​១៩៧៨ ក្រុមគ្រួសារ​ខ្ញុំ​បានមក​ជុំគ្នា​នៅក្នុង​ខ្ទម​បន្ទាប់ពី​ធ្វើការ​ងារ ដោយ​ឪពុក​របស់ខ្ញុំ​នៅក្រោម​ផ្ទះ ចំណែកឯ​ម្តាយ និង​ប្អូនៗ​របស់ខ្ញុំ​នៅលើផ្ទះ​។ ពេលនោះ​ខ្ញុំ​ឃើញ​ពន្លឺភ្លើង​មួយ​កំពុង​តម្រង់​មករក​ខ្ទម​របស់ខ្ញុំ​។ ម្តាយ​ឪពុក​របស់ខ្ញុំ​បាន​និយាយថា ពិត​ជាមាន​ហេតុការណ៍​អាក្រក់​កើតឡើង​មិន​ខាន ឮដូច្នេះ​ខ្ញុំ​ក៏បាន​ប្រាប់​ប្អូនៗ​ឲ្យ​នាំគ្នា​ចូលដេក​មុន​។ មិន​ខុសពី​អ្វីដែល​ឪពុកម្តាយ​របស់ខ្ញុំ​បានគិត​នោះទេ កងឈ្លប​ម្នាក់​បានមក​ហៅ​ឪពុក​ខ្ញុំ​ដោយ​និយាយថា​អង្គការ​ថ្នាក់លើ​ត្រូវ​ការហៅ​ទៅ​សួរនាំ​មួយ​ភ្លែត​។ ខ្ញុំ​យំ​នៅពេលដែល​ឮ​កងឈ្លប​និយាយ​បែបនេះ ព្រោះ​ខ្ញុំ​ដឹងថា​ឈ្លប​មក​នាំ​ឪពុក​ខ្ញុំ​ទៅ​សម្លាប់​ហើយ​។ កងឈ្លប​នោះបាន​ស្រែក​សម្លុត​ខ្ញុំ​ថា «​មិត្តឯង​ចង់​ស្លាប់​ណាស់​មែន​ទេ បានជា​យំ​»​។​

​ម្តាយ​របស់ខ្ញុំ​នៅ​អង្គុយ​ស្ងៀម​នឹងថ្កល់​មួយកន្លែង​បាត់មាត់ឈឹង ប្រៀបដូចជា​មនុស្ស​គ្មាន​វិញ្ញាណ​។ ខ្ញុំ​ក៏បាន​ឡើងទៅ​លើផ្ទះ​យក​សម្លៀកបំពាក់​មក​ផ្លាស់​ជូន​ឪពុក​របស់ខ្ញុំ​។ មុនពេល​កងឈ្លប​នាំ​ឪពុក​ខ្ញុំ​ចេញទៅ គាត់​បាន​និយាយ​ពាក្យ​ផ្តែផ្តាំ​មកកាន់​ខ្ញុំ​ឲ្យ​ជួយ​មើលថែ​ប្អូនៗ​។ ប្អូន​ពៅ​របស់ខ្ញុំ​ពេលនោះ​ទើប​មាន​អាយុ​ប្រហែល​៥​ឆ្នាំ​ប៉ុណ្ណោះ​។ ពេល​ឪពុក​ខ្ញុំ​ចេញផុត​ទៅបាន​មួយសន្ទុះ ម្តាយមីង​របស់ខ្ញុំ​បានមក​ដល់​ខ្ទម​របស់ខ្ញុំ ហើយ​ប្រាប់​ម្តាយ​ខ្ញុំ​ថា ប្តីរ​បស់បង​ត្រូវបាន​កងឈ្លប​នាំយក​ទៅហើយ​។ ម្តាយ​របស់ខ្ញុំ​និង​មីង​បាន​យំ​ឱប​គ្នា​ទាំង​ឈឺចាប់​នៅ​កណ្តាល​យប់នោះ​។​ក្រោយពី​ឪពុក​របស់ខ្ញុំ​ស្លាប់ទៅ ខ្មែរក្រហម​បាន​ជម្លៀស​គ្រួសារ​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការងារ​នៅ​ស្រុក​ថ្មគោល​។​

​គ្រួសារ​ខ្ញុំ​ធ្វើការ​នៅ​ទី​នោះបាន​ប្រហែលជា​១០​ថ្ងៃ ទើប​កងទ័ព​វៀតណាម​វាយ​បាន​វាយ​ចូលមក​។ គ្រួសារ​ខ្ញុំ​ក៏បាន​ត្រឡប់មក​ស្រុកកំណើត​នៅ​ឃុំ​ព្រែក​ម្រិញ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​វិញ​។ ចាប់តាំងពី​ពេល​ឈ្លប​ខ្មែរក្រហម​នាំយក​ឪពុក​ខ្ញុំ​ទៅ​សម្លាប់ ម្តាយ​របស់ខ្ញុំ​ពិបាកចិត្ត​រហូតដល់​គាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​។ អាកា​រៈ​ជំងឺ​របស់​ម្តាយ​ខ្ញុំ​កាន់​តែមាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ក្រោយមក​ម្តាយ​របស់ខ្ញុំ​ក៏បាន​ស្លាប់​ទៀត ដោយ​បន្សល់ទុក​ខ្ញុំ និង​ប្អូនៗ​របស់ខ្ញុំ​បួន​នាក់​ទៀត​រស់នៅ​ជា​ក្មេង​កំព្រា​។ ខ្ញុំ​នៅចាំ​យ៉ាងច្បាស់​ពី​អ្នក​ដែល​បានមក​នាំ​ឪពុក​ខ្ញុំ​ទៅ​សម្លាប់​ឈ្មោះ ឡេវ ដែល បានរស់នៅ​ក្បែរ​ភូមិ​របស់ខ្ញុំ​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ទៅ​។ ខ្ញុំ​មិនដែល​មានគំនិត​ចង់​សងសឹក​ជាមួយ​ឈ្មោះ ឡេវ ទេ គឺ​ឲ្យ​គាត់​ទទួល​ផលកម្ម​ពីអ្វី​ដែល​គាត់​បាន​ប្រព្រឹត្ត​។ រហូតមកដល់​ពេលបច្ចុប្បន្ន​ខ្ញុំ​នៅតែ​ចងចាំ​ពី​រឿងរ៉ាវ​ខ្លោចផ្សា​នៅក្នុង​របប​ខ្មែរក្រហម ហើយ​ខ្ញុំ​តែង​និយាយ​ពី​របប​នេះ​ប្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ឲ្យ​បានដឹង​។​
២. ឃ​ន ស៊ីវ​ខេង ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​គរុ​សិស្ស​ឯកទេស​គីមីវិទ្យា​នៃ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង​បាន​លើកឡើងថា បន្ទាប់ពី​បាន​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» រួចមក បានធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការ​ម្តែ​ង​ជាពិសេស​ឈុត​ទី​៦​ដែល​និយាយ​ពី​ក្មេងស្រី​ម្នាក់​មិន​និយាយស្តី​សោះ ដោយសារតែ​យោធា​ខ្មែរក្រហម​រំលោភ និង​ធ្វើបាប​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ​។ ក្មេងស្រី​ម្នាក់​នោះ​មិនបាន​និយាយ​រឿង​ក្នុង​ចិត្ត​ប្រាប់​អ្នកណា​ទេ បានត្រឹមតែ​រក្សា​ការចងចាំ​ដ៏​អាក្រក់​ទុក​នៅក្នុង​ចិត្ត​ម្នាក់ឯង​។ ពីមុនមក​ខ្ញុំ​ធ្លាប់​បានឮ​យាយ​របស់ខ្ញុំ​រៀបរាប់​ប្រាប់​ពី​រឿងរ៉ាវ​សម័យ​ខ្មែរក្រហម ការកាប់សម្លាប់ ការ​បង្អត់អាហារ និង​ការប្រើ​ឲ្យ​ធ្វើការ​ហួសកម្លាំង​ជាដើម​។ តាមរយៈ​ការ​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» និង​ការសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ខ្ញុំ​គិតថា យុវជន​ជំនាន់​ក្រោយ​គួរ​ចងចាំ​ពី​ការឈឺចាប់ និង​ទុក្ខលំបាក ដែល​បាន​កើតឡើង​ចំពោះ​ប្រជាជន​ខ្មែរ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​រឿងរ៉ាវ​បែបនេះ​កើតឡើង​នៅលើ​ទឹកដី​កម្ពុជា​ម្តងទៀត​។​
៣. អាត សុខ​អេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​គរុ​សិស្ស​ឆ្នាំ​ទី​១ ឯកទេស​ប្រវត្តិវិទ្យា​នៃ​វិទ្យាស្ថាន​គរុកោសល្យ​បាត់​ខេត្ត​ដំបង​បាន​លើកឡើងថា បន្ទាប់ពី​ខ្ញុំ​បាន​ទស្សនា​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» រួច​បានធ្វើ​ឲ្យ​ខ្ញុំ​ស្រមៃ​ទៅដល់​ទុក្ខលំបាក​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ឆ្លងកាត់​នូវ​របប​ឃោរឃៅ​។

ល្ខោន​នេះ​បានផ្តល់​ចំណេះដឹង​ដល់​ខ្ញុំ​បន្ថែមទៀត​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​ខ្ញុំ​ធ្លាប់បាន​រៀន​នៅក្នុង​សាលា​។ សុខ អេង បាន​បន្តថា មុនពេល​មើល​ការសម្តែង​ល្ខោននិយាយ​នេះ ខ្ញុំ​ក៏បាន​ចូលរួម​ចូលរួម​កម្មវិធី​ទិវា​ជាតិ​នៃ​ការចងចាំ​ដែល​បាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃទី​២០ ខែឧសភា​ឆ្នាំ​២០១៩ នៅក្នុង​ទី​រួម​ខេត្តបាត់ដំបង​។ នៅក្នុង​កម្មវិធី​នេះ​មានការ​ចូលរួម​ជាច្រើន​ពី​សំណាក់​ប្រជាជន សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​ព្រះសង្ឃ ដោយ​មានការ​ប្រារព្ធ​ពិធីសូត្រមន្ត​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត​នៅក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​៕ ល​

#