​ការចងចាំ​របស់ ម៉ែន ឌឿ​ន ពី​ព្រឹត្តិការណ៍​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥

2326
ចែករម្លែក
  • 155
    Shares

ដោយ​: ម៉ែន ឌឿ​ន អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ព័ត៌មាន​ស្តីអំពី​រំដោះ​ទីក្រុង​ភ្នំពេញ​បាន​លេច​ឮជា​ច្រើនដង នៅក្នុង​តំបន់​រំដោះ នៅមុន​ចូលឆ្នាំ​ខ្មែរ​។ ពិធីបុណ្យ​ប្រពៃណី ចូលឆ្នាំ​ខ្មែរ​បី​ថ្ងៃ​នៅក្នុង​វត្ត​ស្វាយ​បាក់ នៅក្នុង​ភូមិ​ដូន​ដុំ ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ព្រះសង្ឃ ចាស់ ក្មេង បាន​កំពុង​ប្រារ​ព្ឋ​ធ្វើ ខ្ញុំ​បាន​ឡើង​ពី​ចាំ​ចាប​នៅ​ស្រែប្រាំង​របស់​អ៊ុំ​ម៉ន នៅ​ម្តុំ​បឹង​ខ្លុយ អូរ​ត្រ​សេក​មក​ចូលរួម​ដែរ​។ នៅ​ថ្ងៃ ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ បុណ្យចូលឆ្នាំ​ខ្មែរ​នៅក្នុង​វត្ត​ស្វាយ​បាក់​មិនទាន់បាន​បញ្ចប់​នៅឡើយ នៅមុន​ថ្ងៃត្រង់​បន្តិច មាន​កម្មាភិបាល​ខ្មែរក្រហម​ពីរ បីនាក់​បាន​ជិះ​ម៉ូតូ​ហុងដា សេ​អិ​ល ចូលមក​បាន​ស្រែក​ប្រាប់ថា យើង​រំដោះ​ទីក្រុង​ភ្នំពេញ​បាន​ហើយ កម្មាភិបាល និង​សម​មិត្ត​ខ្មែរក្រហម​បាន​ស្រែក​ហ៊ោ​ក​ញ្ជៀ​វ​អបអរ ជ័យជម្នះ​របស់​កងទ័ព​រំដោះ​ខ្មែរក្រហម ទៅលើ​ពួក​ចក្រពត្តិ​អាមេរិក និង​បរិវារ​លន់ នល់​។ ដំណឹង​នោះ​បានឮ​ឆាប់រហ័ស​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​។​

កង​យោធា​ខ្មែរក្រហម​ចូល​ក្រុងភ្នំពេញ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥

​ដំបូង​ឡើយ ខ្ញុំ​មិនបាន​ជឿ​អំពី​ការរំដោះ​ទីក្រុង​ភ្នំពេញ ខ្ញុំ​បាន​តាមដាន​ស្តាប់ វិទ្យុផ្សាយសម្លេង​ពី​ភ្នំពេញ ដែល​ផ្សាយ​រអាក់រអួល អំពី​ពត៌មាន​ក្តៅៗ និង​ស្ថាន​ការ​ណ៏​នៅ​ទីក្រុង​ភ្នំពេញ ថា​ប្រទេស​មាន​សន្តិភាព ឈប់​ច្បាំង បន្ទាប់មក​មាន​សម្លេង​ស្រែក​សម្លុត​ថា កងទ័ព​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​បានទទួល​ជ័យជំនះ​ដោយ​កម្លាំងប្រដាប់អាវុធ មិនមាន​ការចរចារ​ឡើយ​ជាមួយ​របប​សាធារណរដ្ឋ​ខ្មែរ បន្ទាប់មក​ក៏​ផ្តាច់​ការផ្សាយ មិនដឹងថា​មានរឿង​អី​កើតឡើង​?​។ ខ្មែរក្រហម​បានប្រកាសថា រំដោះ​បាន ខេត្ត ក្រុង​ទូទាំងប្រទេស​។​

​អ៊ុំៗ​ប្រាប់ថា​ខ្មែរក្រហម​នឹង​ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​ហើយ​។ អ៊ុំ​ម៉ន បងប្អូន​ជីដូនមួយរ​បស់​ខ្ញុំ​ពីរ​នាក់​ទៀត និង​ខ្ញុំ បានទទួល​លិខិតអនុញ្ញាត​ធ្វើដំណើរ​ទៅ​ទទួល​គ្រួសារ​ម្តាយមីង​របស់ខ្ញុំ នៅ​ផ្សារ​ផ្អាវ យើង​បាន​ជិះ​កង់​កាត់​តាម​ភូមិ​ខ្នុរ​ដំបង ឈូក ឡើងទៅ​ផ្សារ​ផ្អាវ បាន​ជួប​គ្រួសារ​របស់គាត់ បាន​កំពុង​ដើរ​ជាមួយ​ហ្វូង​អ្នក​ជម្លៀស មាន​ទូល ស្ពាយ​បង្វិច​បន្តិចបន្តួច និង​ស្បោង ថង់អង្ករ​ខ្លះ​។ អ្នក​ជម្លៀស​ខ្លះ​បាន​ដោះដូរ ខោអាវ ថ្នាំពេទ្យ​ខ្លះ​ជាមួយ​អង្ក​រស សត្វ​មាន់ ត្រីងៀត ត្រីឆ្អើរ របស់​អ្នកមូលដ្ឋាន​នៅតាម​ផ្លូវ សម្រាប់ធ្វើ​អាហារ ហូប​បាន​ពីរ បី​ពេល​ប៉ុណ្ណោះ​ទម្រាំ​ធ្វើដំណើរ​ទៅដល់​ទីដៅ​មូលដ្ឋាន​ដែល​កំណត់ដោយ​អង្គការ​។​

​មូលដ្ឋាន​នីមួយៗ​ត្រូវ​ទទួលយក​អ្នក​ជម្លៀស​ទៅតាម​ចំនួន​គ្រួសារ​ដែល​បានកំណត់ ដូចជា​មូលដ្ឋាន​នៅ​ដើមផ្លូវ​កន្លងមក​ដែល​បានទទួល​រួចហើយ ដូច្នេះ​អ្នក​ជម្លៀស​មក​បន្ទាប់​ទៀត​ក៏​បញ្ជូន​ទៅមុខទៀត ទៅ​ទិសឧត្តរ កំពង់ធំ ព្រះវិហារ និង ប៌ូ​ពា​ខ្លះ​។ គ្រួសារ​ខ្លះ​មាន​ស្បៀង​តិចតួច ខ្លះទៀត​គ្មាន​ស្បៀង​យក ដូច្នេះ​អ្នក​គ្មាន​ស្បៀង​មើលមុខ​អ្នកមាន​ហូប​ភ្លិះៗ ឃ្លាន​ណាស់ គួរ​ឲ្យ​សង្វេគ​ពេក​ក្រៃ​។ ប្រជាជន​ខ្លះ​មាន​ប្រាក់​ខ្លះ​ដែរ តែ​អង្គ​ការហាម​មិន​ឲ្យ​ចាយ​។ ក្រដាសប្រាក់​ប្រភេទ ៥០០​រៀល ១.០០០​រៀល ត្រូវបាន​បោះចោល​រាយប៉ាយ​នៅតាម​ដងផ្លូវ ដែល​ប្រាក់​ទាំងនោះ​ប្រជាជន​ខំ​សន្សំ និង​ប្រមូល​យកមក​តាម​ខ្លួន និង​លាក់ទុក​ដោយ​សង្ឃឹមថានឹង​អាច​ដោះស្រាយ​ជីវភាព ប៉ុ​នែ្ត​ប្រែជា​អសារ​បង់​មិនមាន​ប្រយោជន៍​សោះ​។

​គ្រួសារ​កាត់​ចិន​ជាច្រើន​គ្រួសារ បានទូល និង​ស្ពាយ​បង្វិច​លុយ​តាម​ខ្លួន​យ៉ាងច្រើន​។ គ្រួសារ​ទាំងនេះ​បាន​បោះបង់ចោល​ក្រដាសប្រាក់​ទាំងនោះ និង​អស់សង្ឃឹម​ជាខ្លាំង​ក្នុង​ជីវិត​ថា តើ​ត្រូវ​បន្ត​រស់នៅ​យ៉ាងដូចម្តេច​? បើ​ខ្លួន​គ្មានអ្វី​សោះ​នោះ​។ ទឹក​រកបាន​ផឹក អុស​រកបាន​ដុត ប៉ុន្តែ​អង្ករ បន្លែ ត្រី សាច់ អំបិល ស្ករ តើ​ទៅរក​នៅឯណា​បាន​? ខោអាវ និង​របស់​មានតម្លៃ​ខ្លះ​នៅជាប់​នឹង​ខ្លួន​បាន​ដោះដូរ​អស់ហើយ តើ​តទៅ​ថ្ងៃមុខ​ទៀត​បាន​អ្វី​ហូប​? លោក​អើយ​!​។​

​ពេលនោះ ឈ្លប សេនាជន និង​យោធា​ខ្មែរក្រហម​បាន​សម្លឹង និង​តាមដាន​ហ្វូង​អ្នក​ជម្លៀស​ដែល​កំពុង​ដើរ​ទាំងនោះ មិន​ឲ្យ​ចាក​ចេញពី​ផ្លូវ​ឡើយ និង​សាកសួរ​អ្នក​ជម្លៀស​ប្រុសៗ អំពី​អតីតភាព​ការងារ​ជាមួយ​របប​សាធារណរដ្ឋ​ខ្មែរ​ដែលមាន​ប្រវត្តិ​ជា​អ្នករដ្ឋការ បម្រើ​ការងារ​ថ្នាក់ទាប និង​ថ្នាក់ខ្ពស់ ជាដើម​។ ពលទាហាន និង​នាយទាហាន ត្រូវបាន​ប្រមូល​យកទៅ​កន្លែង​មួយ​ឆ្ងាយ​ពី​ផ្លូវជាតិ ដែលមាន​ការ​យាមកាម​យ៉ាង​តឹងរ៉ឹង​ពី​យោធា​ខ្មែរក្រហម​ក្មេងៗ​។ មាន​ក្រុម​ទាហាន លន់ នល់ មួយក្រុម មាន​គ្នា ៥ ទៅ ៦​នាក់ ពាក់​ស័ក្តិ​ពេញ​ស្មា​អង្គុយ​ជុំគ្នា មិន​ហ៊ាន​កម្រើក និង​មាន​ទឹកមុខ​ភ័យ​បារម្ភ​ពី​សុវត្ថិភាព​របស់ខ្លួន និង​ការបែកបាក់​គ្រួសារ​។ ក្រុម​ទាហាន លន់ នល់ ទាំងនេះ​បាន​សម្លឹង​ភ្លៀកៗ​មើលទៅ​អ្នក​ជម្លៀស​ដែល​បាន​កំពុងធ្វើដំណើរ​ទៅមុខ មើលទៅ​គួរ​ឲ្យ​អាណិត​ទាហាន​ទាំងនេះ​ណាស់​។ ពិតណាស់ យោធា​ខ្មែរក្រហម​មិន​ទុក​ឲ្យ​គាត់​រស់​ឡើយ​។ ចំនួន​អ្នក​ស្លាប់មាន​ច្រើន​នៅតាម​ព្រៃ​គុម្ពោត​ឆ្ងាយ​ពី​ផ្លូវជាតិ​បន្តិច អ្នកស្លាប់​ទាំងនោះ ជា​រដ្ឋការ ជាន់​ទាប ជាន់ខ្ពស់ ទាហាន ប៉េអឹម របស់​របប​សាធារណរដ្ឋ​ខ្មែរ​៕ ល​