ដោយៈ សួត វិចិត្រ បុគ្គលិកស្ម័គ្រចិត្ដនៃមជ្ឈមណ្ឌលសន្ដិភាពអន្លង់វែង
ភ្នំពេញៈខ្ញុំឈ្មោះ ភេម ញាញ់ អាយុ៥៥ឆ្នាំ កើតនៅឃុំចាន់ស ស្រុកសូត្រនិគម ខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៧ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យទៅរស់នៅក្នុងកងកុមារ និងធ្វើការជាមួយកុមារជាច្រើននាក់ផ្សេងទៀត ដែលមានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានពីភូមិដែលខ្ញុំរស់នៅ។ ប្រធានកងកុមារបានអនុញ្ញាតឲ្យខ្ញុំ និងកុមារនៅក្នុងកងរៀនសូត្រនៅពេលព្រឹក ហើយធ្វើការងារបម្រើអង្គការបដិវត្ដន៍នៅពេលថ្ងៃ។ ប៉ុន្តែការរៀនសូត្រនៅពេលនោះ គ្រូមិនបានកំណត់ពេលវេលា និងដាក់កាលវិភាគឲ្យបានច្បាស់លាស់ឡើយ គឺក្នុងមួយថ្ងៃគ្រូបង្រៀនតែមួយម៉ោង ឬពីរម៉ោងប៉ុណ្ណោះ។
ខ្ញុំនិងកុមារនៅក្នុងកងមានពេលវេលាតិចតួចណាស់ដើម្បីរៀនលេខ និងអក្សរ ប៉ុន្តែយើងត្រូវចំណាយពេលវេលាយ៉ាងច្រើនសម្រាប់ធ្វើការបម្រើអង្គការ ដោយយើងចាប់ផ្តើមធ្វើការចាប់ពីពេលចេញពីរៀនរហូតដល់ម៉ោងប្រាំល្ងាច។ ជារៀងរាល់ថ្ងៃ អង្គការបានបញ្ជាឲ្យកុមារទាំងអស់ដើរដេញសត្វចាបកុំឲ្យស៊ីស្រូវនៅក្នុងស្រែ រើសគួរស្រូវ កាប់ដីដាំដំឡូង និងកាប់ដើមទន្ទ្រានខែត្រមកចិញ្ច្រាំធ្វើជីដើម្បីដាក់ស្រែ។ នៅក្នុងកង ខ្ញុំនិងសមាជិកកុមារជាច្រើននាក់បានទទួលរបបអាហារពីរពេលក្នុងមួយថ្ងៃ (គឺនៅម៉ោងដប់មួយ ឬម៉ោងដប់ពីរ និងម៉ោងប្រាំល្ងាច) ដោយក្នុងម្នាក់ទទួលបានបបរមួយកូនចានតូច។ ខ្ញុំនិងកុមារជាច្រើននាក់នៅក្នុងកងបានរស់នៅក្រោមភាពអត់ឃ្លាន ដូច្នេះហើយមានពេលខ្លះកុមារមួយចំនួនដែលរស់នៅក្នុងកងជាមួយខ្ញុំបានសម្រេចចិត្ដលួចដកដំឡូង និងបេះបោចផលដំណាំផ្សេងៗដែលអង្គការបានហាមប្រាម មកធ្វើជាអាហារដើម្បីហូបចម្អែតក្រពះ។ កុមារមួយចំនួនត្រូវបានអង្គការចាប់ខ្លួនបាន រួចយកមកឃុំឃាំង និងវាយសួរចម្លើយ ហើយខ្លះទៀតត្រូវសម្លាប់ចោលនៅនឹងកន្លែង។
ក្រោយពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម រំដោះប្រជាជនចេញពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ខ្ញុំនិងកុមារជាច្រើននាក់ផ្សេងទៀត មានឱកាសបានវិលត្រឡប់ទៅជួបជុំឪពុកម្តាយក្រុមគ្រួសារនៅភូមិកំណើតវិញ។ ប៉ុន្តែផ្ទះសម្បែង ទ្រព្យសម្បត្ដិ និងសត្វពាហនៈរបស់ខ្ញុំគ្មានសេសសល់ឡើយ។ ខ្ញុំបានសម្រេចចិត្ដចាកចេញពីភូមិ ទៅរស់នៅជាមួយអ៊ំប្រុសរបស់ខ្ញុំនៅភូមិផ្សេងវិញ។ ខ្ញុំបានធ្វើស្រែចម្ការ និងរស់នៅជាមួយអ៊ំប្រុស។
មកដល់ឆ្នាំ១៩៨១ កងកម្លាំងយោធាខ្មែរក្រហមដែលមានមូលដ្ឋាននៅលើភ្នំដងរែក បានចុះមកវាយប្រយុទ្ធជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមនៅសមរភូមិភ្នំគូលែន។ នៅពេលនោះកងទ័ពស្ម័គ្រចិត្តវៀតណាមក៏បានតាមចាប់ប្រជាជនមួយចំនួននៅក្នុងភូមិ រួមទាំងខ្ញុំដែរដោយសង្ស័យថា មានទំនាក់ទំនងជាមួយយោធាខ្មែរក្រហម។ ដោយសារភ័យខ្លាច ខ្ញុំនិងប្រជាជនប្រមាណប្រាំនាក់ទៀតបាននាំគ្នារត់គេចខ្លួន និងបានទៅរស់នៅក្នុងព្រៃក្បែរភ្នំគូលែន។ មួយរយៈក្រោយមក ខ្ញុំនិងសមាជិកនៅក្នុងក្រុមបានជួបនឹងយោធាខ្មែរក្រហមដែលឈរជើងនៅសមរភូមិភ្នំគូលេន។
បន្ទាប់ពីបានស្គាល់កងយោធាខ្មែរក្រហមទាំងនោះ ខ្ញុំនិងសមាជិកក្រុមក៏បាននាំគ្នារស់នៅ និងធ្វើកិច្ចការងារផ្សេងៗឲ្យយោធាខ្មែរក្រហម។ ក្រោយមក យោធាខ្មែរក្រហមទាំងនោះបានឃោសនាអូសទាញក្រុមរបស់ខ្ញុំឲ្យចូលរួមក្នុងចលនាតស៊ូរបស់ខ្លួន ដោយបាននិយាយថា យួននឹងចាប់អារកប្រសិនបើខ្ញុំនាំគ្នាត្រឡប់ទៅភូមិវិញ។ ឮបែបនេះ ខ្ញុំនិងសមាជិកក្រុមភិតភ័យ និងមិនហ៊ានត្រឡប់ទៅផ្ទះទេ។ យើងទាំងអស់គ្នាបានបន្តរស់នៅជាមួយខ្មែរក្រហមទៀត។
លុះដល់ចុងឆ្នាំ១៩៨១ ខ្មែរក្រហមបានបញ្ចូលខ្ញុំនិងសមាជិកក្រុមឲ្យចូលជាយោធាពេញសិទ្ធិ ក្រោមការបញ្ជាផ្ទាល់ពី តានី ប្រធានវរសេនាធំលេខ៣៣០ ក្រោមចំណុះឲ្យកងពលលេខ៩៨០ ដែលដឹកនាំដោយ តាសារ៉ាយ។ នៅក្នុងវរសេនាធំលេខ៣៣០ មានកម្លាំងសរុបជាងមួយរយនាក់។ នៅទីនោះ ខ្ញុំរួមជាមួយកងកម្លាំងខ្មែរក្រហម បានប្រយុទ្ធគ្នាជាញឹកញាប់ជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាម។ នៅពេលវាយប្រយុទ្ធនៅសមរភូមិជីក្រែង វរសេនាធំលេខ៣៣០ ទទួលបានជំនួយពី តាម៉ុក ដោយមេបញ្ជាការក្រហមខ្មែរក្រហមដែលគ្រប់គ្រងកម្លាំងទាំងអស់ ត្រូវទៅទទួលលុយពី តាម៉ុក នៅតំបន់អន្លង់វែង ដើម្បីយកមកទិញសម្ភារ និងស្បៀងអាហារដើម្បីផ្គត់ផ្គង់ដល់កងទ័ពនៅសមរភូមិមុខ។ ទោះជាមានការផ្គត់ផ្គង់ស្បៀងអាហារពី តាម៉ុក មួយផ្នែកធំក៏ដោយ ក៏ការហូបចុកប្រចាំថ្ងៃរបស់ខ្ញុំហាក់នៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយ។ ដូច្នេះខ្ញុំ និងសមាជិកក្រុមត្រូវដើរធ្វើឃោសនាដល់ប្រជាជនដើម្បីសុំជំនួយបន្ថែម ដូចជា ស្រូវ អង្ករ ដើម្បីផ្គត់ផ្គង់កងកម្លាំងដែលកំពុងតែប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាម។ នៅពេលដល់រដូវដាំដុះនិងប្រមូលផលម្ដងៗ ខ្ញុំនិងសមាជិកក្រុមបានជួយប្រជាជន ដកស្ទូង ច្រូតកាត់ និងភ្ជួររាស់ ដើម្បីឲ្យប្រជាជនស្រឡាញ់ និងស្រណោះអាណិតយើង ជាពិសេស ផ្ដល់ការរាយការណ៍មកដល់យើង។
រហូតដល់ឆ្នាំ១៩៨៦ ខ្ញុំត្រូវរបួសបាក់ដៃ ដោយសារការបាញ់ប្រហារពីកងកម្លាំងរបស់រដ្ឋាភិបាល។ កងកម្លាំងរដ្ឋាភិបាលបានស៊ើបដឹងទីតាំងដែលខ្ញុំ និងសមាជិកក្រុមបោះទីតាំងតាមរយៈប្រជាជនដែលកងកម្លាំងរដ្ឋាភិបាលចាប់ខ្លួនបាន។ ប្រជាជនទាំងនោះតែងតែមកកាប់ឈើពីក្នុងព្រៃក្បែរទីតាំងរបស់ខ្ញុំជារៀងរាល់ថ្ងៃដើម្បីទៅលក់ឲ្យអ្នកទន្លេ ហើយធ្លាប់ហូបបាយនៅកន្លែងខ្ញុំជាញឹកញាប់ទៀតផង។ ប្រជាជនទាំងនោះត្រូវបានកងទ័ពរដ្ឋាភិបាលចាប់ខ្លួននៅពេលដឹកឈើចេញពីព្រៃ ហើយបញ្ជាឲ្យនាំផ្លូវមកកាន់ទីតាំងឈរជើងរបស់ខ្ញុំវិញ។ ខ្ញុំ និងកងកម្លាំងដែលបានបោះតង់ស្នាក់នៅមិនឆ្ងាយពីផ្លូវរទេះ ពុំបានដឹងពីហេតុការណ៍នេះឡើយ រហូតដល់មានការផ្ទុះអាវុធឡើង។ បន្ទាប់ពីផ្ទុះអាវុធភ្លាម ខ្ញុំបានរងរបួសត្រង់ដៃ ចំណែកកងកម្លាំងរបស់ខ្ញុំក៏បានវាយរុញច្រានកងទ័ពរដ្ឋាភិបាលឲ្យដកថយវិញដែរ។ បន្ទាប់មក ខ្ញុំត្រូវបានកម្លាំងនៅក្នុងអង្គភាពបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ មួយរយៈក្រោយមក ដៃរបស់ខ្ញុំបានជាសះស្បើយ ហើយក៏ត្រូវបានថ្នាក់លើរបស់ខ្ញុំបញ្ជូនឲ្យទៅឈរជើងនៅសមរភូមិជីក្រែងវិញ។ នៅទីនោះ មានការប្រយុទ្ធគ្នាជាញឹកញាប់ដោយ ដូច្នេះខ្ញុំត្រូវត្រៀមប្រយុទ្ធជាប្រចាំ។ រយៈពេលបីខែក្រោយមក ខ្ញុំត្រូវរបួសត្រង់ភ្លៅម្ដងទៀត ដោយសារវាយប្រយុទ្ធជាមួយកងទ័ពវៀតណាម។ នៅពេលរបួសភ្លៅរបស់ខ្ញុំបានធូរស្បើយ ខ្ញុំក៏បានធ្វើដំណើរមកនៅជំរំជប់ម្លូរនៅលើភ្នំដងរែកវិញ ព្រោះជាកន្លែងដែលមានសុវត្ថិភាព។
រហូតដល់ឆ្នាំ១៩៨៧ ខ្ញុំនិងកងកម្លាំងខ្មែរក្រហមដែលរស់នៅជំរំជប់ម្លូរ ត្រូវបានថ្នាក់លើបញ្ជូនឲ្យត្រឡប់មកក្រោម ហើយខ្ញុំធ្វើដំណើរដោយថ្មើរជើងមកសមរភូមិជីក្រែងវិញ។
ខ្ញុំបានវាយប្រយុទ្ធតទល់ជាមួយកងទ័ពវៀតណាមបន្តទៀត មុនពេលដែលកងទ័ពវៀតណាម ដកចេញពីប្រទេសកម្ពុជានៅឆ្នាំ១៩៨៩។ ទោះបីមិនមានវត្ដមានកងទ័ពវៀតណាមនៅកម្ពុជាក៏ដោយ ក៏ស្ថានការណ៍នៅក្នុងប្រទេសកម្ពុជាហាក់នៅមិនទាន់ស្ងប់ស្ងាត់ដែរ គឺកងកម្លាំងខ្មែរក្រហម និងរដ្ឋាភិបាលនៅភ្នំពេញនៅបន្ដវាយប្រយុទ្ធគ្នាឥតឈប់ឈរ ជាពិសេសគឺក្នុងសមរភូមិជីក្រែងដែលខ្ញុំឈរជើងតែម្ដង។
រហូតដល់ឆ្នាំ១៩៩២ នៅមុនពេលបោះឆ្នោតមួយឆ្នាំ ខ្ញុំបានធ្វើដំណើរពីសមរភូមិជីក្រែងមកកាន់តំបន់អន្លង់វែងម្ដងទៀត ដោយខ្ញុំបានធ្វើដំណើរដោយថ្មើរជើងជាមួយ តានី គឺជាមេបញ្ជាការរបស់ខ្ញុំ និងកងកម្លាំងខ្មែរក្រហមប្រមាណ៣០នាក់ផ្សេងទៀត ឆ្លងកាត់តាមព្រៃស្អាក ដោយចំណាយពេលពីរថ្ងៃ។ នៅតាមផ្លូវ យើងពុំបានជួបប្រទះនឹងការវាយប្រយុទ្ធគ្នាទេ ដោយសារតែសភាពការណ៍នៅពេលនោះបានស្ងប់ស្ងាត់មួយរយៈ។ ក្រោយពេលទៅដល់តំបន់អន្លង់វែង យើងក៏បានបន្ដដំណើរទៅកាន់ជំរំអូរត្រាវ ក្នុងទឹកដីថៃ ដើម្បីប្រមូលផ្ដុំកម្លាំងឡើងវិញ។
នៅក្នុងឆ្នាំ១៩៩២ដដែល ខ្ញុំក៏លាឈប់ពីយោធា ដោយបានផ្លាស់ឈ្មោះពីយោធាដែលត្រូវឡើងទៅប្រយុទ្ធនៅសមរភូមិ មកជាយោធាពិការវិញដើម្បីគ្រប់គ្រងក្រុមគ្រួសារកងទ័ពនៅសមរភូមិក្រោយ។ នៅពេលនោះ ខ្ញុំបានគិតថា នៅសល់តែកម្លាំងខ្មែរ និងខ្មែរប៉ុណ្ណោះ ហេតុនេះខ្ញុំមិនចង់ធ្វើសង្គ្រាមតទៀតទេ។ ខ្ញុំមានគំនិតចង់រត់ចូលទៅសារភាពជាមួយរដ្ឋាភិបាលជាយូរណាស់ហើយ ប៉ុន្ដែខ្ញុំខា្លចខាងរដ្ឋាភិបាលមិនទទួលស្គាល់ ហើយសម្លាប់ចោល ដូច្នេះហើយទើបខ្ញុំបន្ដរស់នៅជាមួយខ្មែរក្រហម។ លុះដល់ពេលមានសមាហរណកម្មនៅឆ្នាំ១៩៩៨ ខ្ញុំមានការសប្បាយចិត្ដយ៉ាងខ្លាំង ដោយបានរួចផុតពីការធ្វើសង្គ្រាម និងទុក្ខវេទនា។ ខ្ញុំគ្មានបំណងប្រាថ្នាអ្វី ក្រៅតែពីចង់បានសន្ដិភាព សម្រាប់ឲ្យកូនចៅជំនាន់ក្រោយរបស់យើងរស់នៅដោយភាពសប្បូរសប្បាយ និងបានរៀនបានសូត្រឡើយ៕ ល