​ការចាយ​លុយ សម្រាប់​ស៊ី​ហ្គេម ២០២៣ ត្រូវតែ​សុច្ចរិត​

484
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ (CAMSOC) បាន​បើក​ការប្រជុំ ប្រចាំត្រីមាស នា​ថ្ងៃទី​១៥ កក្កដា នៅ​វិមាន​សន្តិភាព ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដែលជា​ប្រធាន​របស់ CAMSOC ។​

​ដោយមាន​ការចូលរួម ពី​បណ្ដា​សមាជិក​ប្រតិបត្តិ និង​បណ្ដា​ស្ថាប័ន ដែល​ពាក់ព័ន្ធ​នោះ អង្គប្រជុំ បាន​ក៏បាន​សង្កត់ធ្ងន់ ទៅលើ​ផ្នែក​ហិរញវត្ថុ ដោយ​ធ្វើយ៉ាងណា ឲ្យ​មាន​តម្លាភាព គណនេយ្យភាព និង​សុ​ច្ចរិតភាព​បំផុត ក្នុងការ​ប្រើប្រាស់ កញ្ចប់​ថវិកា​របស់​ជាតិ ដើម្បី​ជំរុញ​ដល់​ការរៀបចំ ការអភិវឌ្ឍ​កីឡា ឲ្យ​មាន​ប្រសិទ្ធភាព ឈានទៅ​ទទួលបាន​ជោគជ័យ ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ។​

ការប្រជុំ ប្រចាំត្រីមាស របស់ CAMSOC

​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន ក្រោយ​កិច្ចប្រជុំ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់ថា នេះ​គឺជា​កិច្ចប្រជុំ រៀងរាល់ ៣​ខែម្តង ដើម្បី​ព​ន្លឿ​ន​កិច្ចការ​នានា​របស់ខ្លួន​។

​ជាមួយគ្នា​នោះ សម្តេច​ពិជ័យ​សេនា បានផ្តល់​អនុសាសន៍​ជាច្រើន និង​តម្រង់ទិស ឲ្យ​លេខាធិការដ្ឋាន បើក​ដំណើរការ ចាប់ពីពេលនេះ​តទៅ ដែល​ការិយាល័យ លេខាធិការដ្ឋាន CAMSOC ស្ថិតនៅ​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បម្រើ​ដល់ កិច្ចការរដ្ឋបាល ច្រកចេញចូល​តែមួយ​។​

​បន្ថែម​ពីលើ​នោះ សម្តេច​ប្រធាន CAMSOC បាន​ឲ្យ​ដំណើការ​ផែនការ​អភិវឌ្ឍ​កីឡា ជំនាញ​នានា ឲ្យ​បាន​លឿន ចាប់ពីពេលនេះ​តទៅ ដើម្បី​បង្ហាញ​នូវ​យន្តការ​ដំណើការ ប្រសិទ្ធភាព​ការងារ​របស់ គណៈកម្មាធិការ​ជាតិ រៀបចំ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

ការប្រជុំ ប្រចាំត្រីមាស របស់ CAMSOC

​លោក វ៉ា​ត់ ចំរើន បាន​អះអាង​ទៀតថា ក្រៅពីនេះ សម្តេច​ពិជ័យ​សេនា បាន​សង្កត់ធ្ងន់ លើ​ការងារ​អភិវឌ្ឍន៍​កីឡា​ជំនាញ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​នានា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​បញ្ជូន​កីឡាករ កីឡា ការិនី​ជម្រើសជាតិ ទៅ​ហ្វឹកហាត់​កម្រិត​ខ្ពស់ រយៈពេល​វែង នៅក្រៅ​ប្រទេស ជាមួយនឹង​ការយកចិត្តទុកដាក់ រួមគ្នា​ពិនិត្យមើល អំពី​ឆន្ទៈ​ពិតប្រាកដ របស់​អត្ត​ព​លិ​ក ដែលជា​គោលដៅ គឺ​ប្រទេស​ចិន កូរ៉េ ជប៉ុន និង​នៅ​តំបន់​អឺរ៉ុប ឬ​បណ្តា​ប្រទេស​ជា​មិត្ត មួយចំនួនទៀត​។​

​បន្ទាប់ពី​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ត្រូវបាន​បញ្ចប់ ធនធាន​ទាំងអស់​របស់ CAMSOC នឹងត្រូវ​បន្ត​យកទៅ​បម្រើ ដល់​ព្រឹត្តិការណ៍ អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​នោះដែរ ដែល​តាម​ធម្មតា អាស៊ាន​ប៉ា​រ៉ា​ហ្គេម តែងតែ​ប្រារព្ធ​ធ្វើ ក្រោយ​ស៊ី​ហ្គេម ចន្លោះ​ពី ២ សប្តាហ៍ ទៅ ១​ខែ ៕v