​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​កិច្ច​អភិវឌ្ឍ​មូលដ្ឋាន​ជា​កត្តា​មិនអាច​ខ្វះ​បាន​

322
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​ខេត្តកំពត​បាន​បំផុស​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​បដិភាគ​ក្នុងការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​និង​ធ្វើ​កិច្ចការងារ​សង្គម​នៅ​មូលដ្ឋាន​កាន់តែ​សកម្ម​ដើម្បី​ជួយ​ប្រទេសជាតិ​ឱ្យ​រីកចម្រើន​ថែមទៀត​។​

ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​ពង្រីក​និង​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​នៅ​សង្កាត់​កំពង់បាយ​ក្រុង​កំពត​កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មាន​ប្រស​សន៍​ថា​គ្រប់​ភាពជោគជ័យ​អាច​កើតឡើង​បាន​លុះត្រាតែ​មានការ​ចូលរួម​ទាំងអស់គ្នា​។​រាល់​ការអភិវឌ្ឍ​មូលដ្ឋាន​តម្រូវឱ្យមាន​កិច្ចសហការ​ការធ្វើ​វិភាគទាន​ឬ​ការបរិច្ចាគ​ពី​ប្រជាពលរដ្ឋ​មន្ត្រី​ក្រុមប្រឹក្សាឃុំ​ស​ង្គា​ត់​សប្បុរសជន​និង​រដ្ឋបាល​នៅនឹងកន្លែង​ដើម្បីឱ្យ​សមិទ្ធផល​សម្រេចបាន​តា​ម​ការគ្រោងទុក​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា​ពេលបច្ចុប្បន្ន​នៅ​ក្រុង​កំពត​មាន​ពលរដ្ឋ​ជាច្រើន​បានរួម​ចំណែក​ក្នុង​សកម្មភាព​សង្គម​ដូចជា​ការបរិច្ចាគ​ដី​ដើម្បី​ពង្រីក​ផ្លូវ​ការជួយ​ជា​វិភាគទាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នានា​និង​ការចូលរួម​រាល់​សកម្មភាព​មនុស្សធម៌​ដែល​ធ្វើឱ្យ​រដ្ឋបាលខេត្ត​មាន​សក្តានុពល​កាន់តែ​រឹងមាំ​។​ជាមួយ​ទឹកចិត្ត​ដ៏​ជ្រះថ្លា​ទាំងនេះ​រដ្ឋបាលខេត្ត​មាន​មូលដ្ឋាន​អាច​កំណត់​ជាគោលការណ៍​នូវ​ការបន្ថែម​បង្គ្រប់​ដើម្បី​បង្កើត​សមិទ្ធផល​ឱ្យ​លេចចេញ​ជា​រូបរាង​ទោះបី​វិភាគទាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​ស្ថិតក្នុង​កម្រិតណា​ក៏ដោយ​។​

​លោក​ជាវ​តា​យ​បាន​បញ្ជាក់ថា​អ្វីដែល​ជាមាន​ឆន្ទៈ​ដឹកនាំ​របស់​ខេត្ត​គឺ​សុខចិត្ត​ធ្វើ​មុន​សិន​ទើប​ទូទាត់​តាម​ក្រោយ​។​នេះ​ជាការ​អភិវឌ្ឍ​ឱ្យទាន់​សភាពការណ៍​និង​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​។​ការចូលរួម​ពី​មន្ត្រី​មូលដ្ឋាន​សប្បុរសជន​ប្រជាពលរដ្ឋ​និង​អ្នកវិនិយោគ​នានា​លើ​កិច្ចការងារ​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​ផ្នែក​សំខាន់​ដើម្បី​ជួយ​ដល់​សង្គមជាតិ​ឱ្យ​រីកចម្រើន​បន្ថែមទៀត​។

​សូមបញ្ជាក់ថា​ផ្លូវ​មួយ​ខ្សែ​ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​នេះ​ជា​ប្រភេទ​បេតុង​សរសៃដែក​មាន​ប្រវែង ៤០៥​ម៉ែត្រ​ទទឹង​៨​ម៉ែត្រ​កម្រាស់​០,១៥​ម៉ែត្រ​ប្រើប្រាស់​ថវិកាបដិភាគរ​វាង​សប្បុរសជន​និង​គម្រោង​មូលនិធិ​សង្កាត់​កំពង់បាយ​សម្រាប់​ឆ្នាំ​២០២០​។​ផ្លូវ​នេះ​ជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​ចេញពី​តំបន់​កំពុងអភិវឌ្ឍន៍​ផ្នែក​សំណង់​អគារ​និង​គ្រឹះស្ថាន​សំខាន់ៗ​ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង​សង្កាត់​កំពង់បាយ ក្រុង​កំពត​ភ្ជាប់ ជាមួយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​៕S/​