​ការដ្ឋាន​ផ្លូវ​២​ខ្សែ​ក្នុង​ខេត្តព្រះវិហារ​បានបញ្ចប់​មុន​ថ្ងៃ​ចូលឆ្នាំ​ងាយស្រួល​ពលរដ្ឋ​ធ្វើដំណើរ​

1057
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​បានធ្វើ​ពិធី​ប្រគល់​និង​ទទួល​រវាង​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជាមួយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​។​

ការដ្ឋាន​ផ្លូវជាតិ​លេខ​៦២​ចេញពី​ទី​រួម​ខេត្តព្រះវិហារ​ឆ្ពោះទៅ​ប្រាសាទព្រះវិហារ​ត្រង់​ព្រំប្រទល់​ស្រុក​គូ​លេន និង​ស្រុក​ជាំ​ក្សាន្ត​ដែល​រង​ការខូចខាត​ដោយ​ទឹកជំនន់​នាពេល​កន្លងមក ត្រូវបាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ជួសជុល​ឡើងវិញ​ដោយបាន​បញ្ចប់​ជា​ស្ថាពរ​ដើម្បី​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ​នៅ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៦២ ត្រង់​ព្រំប្រទល់​ស្រុក​គូ​លេន និង​ស្រុក​ជាំ​ក្សាន្ត កាលពី​រដូវវស្សា​កន្ល​ង​ទៅនេះ បាន​ទទួលរង​ការខូចខាត​ប្រវែង​៣.៦០០​ម៉ែត្រ ដោយ​ចាប់ពី​គីឡូម៉ែត្រ​១៦៤+០០ ដល់​គីឡូម៉ែត្រ​១៦៧+៦០០​។​

ដើម្បី​ស្ដារ​ហេ​ដ្ឋា​រចនាសម្ព័ន​នេះ​ឡើងវិញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ក៏បាន​បើក​ការដ្ឋាន​ជួសជុល​ជាបន្ទាន់ ដោយ​ចាប់ផ្តើម​បើក​ការដ្ឋាន​កាលពី ដើមខែ​តុលា​ឆ្នាំ​២០១៧ និង​មាន​គម្រោង​ឲ្យ​រួចរាល់​នៅ​ចុងខែ​មិនា​ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​ថវិកាជាតិ​។​

​លោក​សំលាង​ទ្រី​បាន​បន្តថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​កំណាត់​ផ្លូវ​ជាង​៣​គីឡូម៉ែត្រ​នេះ​ទទួលរង​ការខូចខាត​ក៏​ព្រោះតែ​ស្រទាប់ដី​ខាងក្រោម​ច្រោះ​ទឹក ដែល​ធ្វើ​ឲ្យ​ដី​ស្អុយ​ខូច​ថ្នល់​។ ដោយ​មើលឃើញ​ពី​មូល​ហេតុនេះ ទើប​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ស​ម្រ​ច​ចិត្ត​ជីក​កាយ​ដី​ស្អុយ​នេះ​ចេញ​ដែលមាន​ជម្រៅ​រហូតដល់​ជិត​២​ម៉ែត្រ​រួច​ចាក់​ថ្ម​ចូល​កិន​បង្ហាប់​តែម្តង​ដើម្បី​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​ប្រើប្រាស់​បានយូរ​អង្វែង​។​

ពាក់ព័ន្ធ​បែបបទ​បច្ចេកទេស នៃ​ការជួសជុល​ផ្លូវ​ខាងលើនេះ លោក សំ លាង​ទ្រី គូសបញ្ជាក់ថា លើ​កំណាត់​ផ្លូវ​នេះ​បាន​ស្រោច​កៅស៊ូ​បី​ជាន់ ។​ក្រោយ​ការ​ស្រោច​កៅស៊ូ និង​បាច​ថ្ម​ស្អិត​រួច​មិនយូរ​ទេ​គឺ​ប្រមាណ​២​សប្តាហ៍​ទៀត​ឡើង​រលោង​ស្អាត​ដែលមាន​ប្រវែង​៣.៦០០​ម៉ែត្រ ។​ក្នុងនោះ​ដាក់​បង្គោលគីឡូម៉ែត្រ ដាក់​ស្លាក​សញ្ញា​ចរាចរ ទិស​ចរាចរ មើលថែ និង​ជួសជុល​ជាប្រចាំ​និង​កាត់​មេឃ​ឈើ​នៅតាម​ដងផ្លូវ​ផងដែរ​។​

​លោក​សំលាង​ទ្រី​ក៏បាន​អំពាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ដឹក​សំពីងសំពោង កុំ​ត​ទ្រុង​រថយន្ត ដឹក​លើស​ទម្ងន់ ដែល​វា​ងាយ​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ដ​ដៃ​៕S/

​ការដ្ឋាន​ផ្លូវ​២​ខ្សែ​ក្នុង​ខេត្តព្រះវិហារ​បានបញ្ចប់​មុន​ថ្ងៃ​ចូលឆ្នាំ​ងាយស្រួល​ពលរដ្ឋ​ធ្វើដំណើរ​

#