​ការបង្កើត​គណបក្ស និង​ចូលរួម​ធ្វើ​នយោបាយ ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​!

473
ចែករម្លែក

កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ អតីត​តំណាងរាស្ត្រ និង​ជា​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត គណបក្ស សង្គ្រោះ​ជាតិ ដែល​ទទួលបាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ បាន ប្រកាស ពី​គម្រោង បង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​។ ក្នុង​លិខិត​នោះ​យ៉ាងហោច ណាស់​មាន​អតីត​អ្នកនយោបាយ​បក្សប្រឆាំង​ប្រាំបី​រូប​បាន​ចុះហត្ថលេខា រួមមាន លោក សៀវ សុ​ត លោក ចាន់ នី​ន លោក ខឺ​យ ស៊ី​នឿន លោក ស៊ីម សុវណ្ណនី លោក អាន ភា​រ៉ា លោក សុខ វិបុល លោក ជីវ កត្តា និង​លោក កង គឹម​ហាក់​។​
​ ​
សេចក្តីប្រកាស​ព័ត៌មាន​អំពី​គម្រោង​បង្កើត​គណបក្ស​របស់​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើងថា «​ដោយសារ​មើលឃើញ​ស្ថានភាព​នយោបាយ នាពេល​បច្ចុប្បន្ន មានការ​ធ្លាក់ចុះ​នូវ​សំឡេង ដែលមាន​និន្នាការ​ប្រឆាំងនឹង​គណបក្ស​កាន់អំណាច និង​ការបែកបាក់ យ៉ាងខ្លាំង​រវាង​ក្រុម​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នោះ ក្នុងនាម​ជា​អ្នកប្រជាធិបតេយ្យ​និយម និង​ជា​អ្នក​ដែលមាន​បំណង​ស្រោចស្រង់​ស្មារតី​នៃ​ការ​សាមគ្គី​គ្នា​ផ្ទៃក្នុង​របស់​ក្រុម​អ្នក​ដែលមាន ទស្សនៈ​ប្រឆាំង​នៅ​កម្ពុជា យើងខ្ញុំ​មាន​កិត្តិយស សូម​ប្រកាស​ជម្រាបជូន​បងប្អូន​ជនរួមជាតិ ទាំងអស់ មេត្តា​ជ្រាបថា បន្ទាប់ពី​បាន​ចុះ​ជួប​សកម្មជន​នៅតាម​ខេត្ត​ជាច្រើន​អស់​រយៈពេល ជិត​មួយ​ឆ្នាំនេះ យើងខ្ញុំ​នឹង​ត្រៀម​រៀបចំ​បង្កើត​គណបក្ស​ថ្មី​មួយ ដែលជា​គណបក្ស​បន្តវេន​ពី គណបក្សប្រឆាំង​មុនៗ និង​ពី​អ្នក​ទាំងឡាយណា​ដែលមាន​ទស្សនៈ​មិន​ស្រប​នឹង​ការដឹកនាំ​របស់ គណបក្ស​គ្រប់គ្រង​អំណាច​បច្ចុប្បន្ន​»​។​

​ក្រុម​អ្នកចុះហត្ថលេខា ក៏បាន​អំពាវនាវ សូមឱ្យ​អ្នកស្នេហាជាតិ​ទាំងអស់ ចូលមក​រួបរួម​កម្លាំង​គ្នាក្នុង​បុព្វហេតុ​នៃ​ការបង្កើត​គណបក្ស​ថ្មី​នេះ ឱ្យ​ក្លាយជា​គណបក្សប្រឆាំង ដែល​រឹងមាំ ដើម្បី​ការពារ និង​បម្រើ​នូវ​ផលប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​ពិតប្រាកដ​របស់​អ្នក​ដែល​គាំទ្រ​យើង​កន្លង មក​។

​សេចក្តីប្រកាស​ដដែល ក៏បាន​គូសបញ្ជាក់ថា «​គណបក្សប្រឆាំង​ថ្មី​នេះ ជា​យន្តការ​នយោបាយមួយសម្រាប់​ចរចា​ជាមួយ​គណបក្សកាន់អំណាច​ដើម្បី​ទាមទារ​សិទ្ធិ សេរីភាព​របស់លោក កឹម សុខា ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ​-​កម្មការិនី​រាប់លាន​នាក់ និង​ដោះស្រាយ​បញ្ហា ធំៗ ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ​ទាំងមូល​»​។​

​រដ្ឋធម្មនុញ្ញ ក្នុង​ជំពូក​ទី​៣ បានកំណត់ អំពី សិទ្ធិ និង​ករណីយកិច្ច របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ក្នុងនោះ រដ្ឋធម្មនុញ្ញ បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ មាន​សិទ្ធិសេរីភាព និង​ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការ​នយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គម ធនធាន ឬ​ស្ថានភាព​ឯទៀត ឡើយ​។

​ក្នុងនោះ មាត្រា ៣៥ នៃ​រដ្ឋធម្មនុញ្ញ បាន​កំណត់ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ​។
​ ​
កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច រំលាយចោល និង​សម្រេច​ឲ្យ​អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប​មិន​អាចធ្វើ នយោបាយ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​។​
​ ​
យ៉ាងណាក៏ដោយ មកដល់​ខែមករា ឆ្នាំ​២០១៩ មានការ​សម្របសម្រួល​កែប្រែ​ច្បាប់​គណបក្ស នយោបាយ ហើយ​ក៏បាន​បើកផ្លូវ​ឲ្យ​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់ បម្រាម​ទាំងនោះ អាច​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ជា​លក្ខណៈ​បុគ្គល​ម្នាក់ៗ​។​
​ ​
ក្នុងនោះ ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៩ សរុបទៅ យ៉ាងហោចណាស់​មាន​អ្នកនយោបាយ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាំ​បួនរូប បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ហើយក៏ ត្រូវបាន​ព្រះមហាក្សត្រ សម្រេច​តាម​ការស្នើ​ទូលថ្វាយ​ពីស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន​។

​អ្នកនយោបាយ ដែល​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ទាំង​ប្រាំបួន​រូបនោះ រួមមាន លោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទ​រ័ត្ន លោកស្រី ទេព សុ​ទ្ធី លោក កង គឹម​ហាក់ លោក ជីវ កត្តា និង​លោក ច័ន្ទ សិលា​។​

​ក្រោយ​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ លោក គង់ គាំ និង​កូនប្រុស​របស់លោក គឺ​លោក គង់ បូរ៉ា បាន​ចូលធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលមាន​លោក គង់ ម៉ូ​នី​កា ដែលជា កូនប្រុស​ពៅ​របស់លោក​គង់​គាំ ជា​ប្រធាន​។​

​ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ លោក គង់ បូរ៉ា កូនប្រុស​របស់លោក គង់ គាំ បាន​ចូលរួម នយោបាយ​ជា​ផ្លូវការ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្នុងនោះ នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៩ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​មណ្ឌល ខេត្តព្រៃវែង របស់​អតីត​គណបក្ស សង្គ្រោះ​ជាតិ ក៏​ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី​បាន ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​។
​ ​
​ព្រះរាជក្រឹត្យ តែងតាំង​លោក គង់ បូរ៉ា ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ ឡាយ​ព្រហស្ថ​លេខា តាម​ការ​ក្រាបបង្គំ​ស្នើ​សូម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​
​ ​
ចំណែក​លោក វៀល ខេមរិន្ទ អតីត​អ្នកតំណាងរាស្ត្រ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ទទួល បាន​នីតិសម្បទា ធ្វើ​នយោបាយ​ឡើងវិញ លោក​ក៏បាន​បង្កើត​គណ បក្សនយោបាយ​ថ្មី​មួយ ឈ្មោះថា គណបក្ស ខ្មែរ​អភិរក្សនិយម​។ គណបក្ស​ខ្មែរ​អភិរក្ស និយម របស់លោក រៀល ខេមរិន្ទ ត្រូវបាន​ក្រសួងមហាផ្ទៃ ប្រកាស​ទទួលស្គាល់ កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​។​
​ ​
គិត​មកដល់​ខែធ្នូ ឆ្នាំ​២០១៩ មាន​គណបក្សនយោបាយ​ជាង ៤០ គណបក្ស ត្រូវបាន​ក្រសួង មហាផ្ទៃ ទទួលស្គាល់ និង​ចុះបញ្ជី​ជា​ផ្លូវការ​។ ក្នុងនោះ ក៏មាន​គណបក្ស​ភ្លើង ទៀន​ដែល​បាន​ប្តូរ ឈ្មោះ​ពី​គណបក្ស​សមរង្ស៊ី របស់លោក​សមរង្ស៊ី រួមទាំង​គណបក្ស​សិទ្ធិមនុស្ស របស់លោក​កឹម សុខា ផងដែរ​។​
​ ​
គេ​នៅ​ចាំបាន​ថា ក្រោយ​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ​២០១៣ ក្រុម​អ្នកនយោបាយ ដែល មាន ទស្សនៈ​មិន​ស្រប​នឹង​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏បាន​បង្កើត​គណបក្ស​នយោបាយ​ជាច្រើន ក្នុងនោះ រួមមាន គណបក្ស​សំបុក​ឃ្មុំ​របស់លោក​ម៉ម​សូណង់ដូ គណបក្ស​ប្រជាធិបតេយ្យ មូលដ្ឋាន​របស់​ក្រុម​អតីត​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ទើប​បង្កើត​ថ្មី​ជាច្រើន​ទៀត​។​

​គណបក្ស​ទើប​បង្កើត​ថ្មី​ទាំងនោះ ក៏បាន​ប្រកួតប្រជែង​ការបោះឆ្នោត ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨​។ ជា​លទ្ធផល គណបក្ស​ទាំង នោះ​បានទទួល សំឡេងគាំទ្រ និង​ទទួលបាន​អាសនៈ​មួយចំនួន នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​។ ប៉ុន្តែ​ក្នុងការ បោះឆ្នោត​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៨ គឺ​គណបក្ស​ចំនួន ១៩ មិន​ទទួលបាន​អាសនៈ​នៅ រដ្ឋសភា​ទេ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​ប៉ុណ្ណោះ ដែល​ទទួលបាន​អាសនៈ​រដ្ឋសភា ទាំង ១២៥ អាសនៈ​។​

​ជារួម គម្រោង​បង្កើត​គណបក្ស​ថ្មី​របស់​ក្រុម​អតីត​អ្នកតំណាងរាស្ត្រ និង​អតីត​ថ្នាក់ដឹកនាំ​អតីតគណបក្ស​សង្គ្រោះ​ជាតិ គឺជា​សិទ្ធិសេរីភាព​របស់​អ្នកនយោបាយ ក៏ដូចជា​ប្រជា ពលរដ្ឋ​ខ្មែរ ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។ រីឯ​អ្នកមាន​ទស្សនៈ​ថា ការបង្កើត​គណបក្ស​ថ្មី ជាការ​បំបែក សំឡេង​បក្សប្រឆាំង ក៏​ជា​សិទ្ធិសេរីភាព​របស់​អ្នក​បញ្ចេញ​ទស្សនៈ​ទាំង នោះ​។ សំខាន់​នៅលើ ប្រជាពលរដ្ឋ​ខ្មែរ ជា​អ្នកបោះឆ្នោត តើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដើម្បី​ដឹកនាំ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា នៅក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០២២ និង​ការបោះឆ្នោត តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ ខាងមុខ​៕ ដោយ​: ម៉េង​ឆៃ​