​ការបង្កើត​ច្រកចេញចូល​តែមួយ​ជា​កំណែទម្រង់​អភិបាលកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​

122
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​បញ្ជាក់ថា​យន្តការ​ច្រកចេញចូល​តែមួយ​និង​ការបង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​ជា​រូបភាព​នៃ​កំណែទម្រង់​វិមជ្ឈការ​ក៏ដូចជា​វិសហមជ្ឈការ​ព្រមទាំង​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាជន​នៅ​ថ្នាក់ក្រោម​ជាតិ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

ក្នុង​ពិធី​បើក​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​សកម្មភាព​ការងារ​ឆ្នាំ​២០២០​នៅ​សាលសន្និសីទ​ខេត្តកំពត​កាលពី​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ដែលមាន​សិក្ខាកាម​អញ្ជើញ​មកពី​២៥​រាជធានី​-​ខេត្ត​។​លោក​ងី​ច័​ន្ទ្រ​ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា​កំណែទម្រង់​អភិបាលកិច្ច​ល្អជា​កិច្ចការ​ចម្បង​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តោត​ការយកចិត្តទុកដាក់​ដើម្បី​ប្រែក្លាយ​រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

​នេះ​ក៏​ជា​កិច្ច​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ស្រប​នឹង​កំណើនសេដ្ឋកិច្ច​ដែល​កំពុង​វិវត្តន៍​ឥតឈប់ឈរ​ក្នុង​ល្បឿន​មួយ​ដ៏​ឆាប់រហ័ស​។​លោក​រដ្ឋលេខាធិការ​បា​ន​បន្តថា​ក្នុង​បរិការណ៍​នេះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវតែ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្ពស់ជាង​មុន​មាន​មុខងារ​ជាក់លាក់​និង​ធនធាន​សមស្រប​សម្រាប់​អនុវត្ត​។

​ក្នុងនោះ​កំណែទម្រង់​នៃ​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​ពិសេស​ការផ្ទេរ​មុខងារ​និង​ធនធាន​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ​ទៅឱ្យ​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​កៀក​ជាមួយ​ប្រជាពលរដ្ឋ​។

លោក​ងី​ច័​ន្ទ្រ​ផល​បាន​បញ្ជាក់ថា​ទាំងនេះ​គឺ​ស្ថិតក្នុង​គោលបំណង​លើកកម្ពស់​ការផ្តល់សេវា​និង​ជា​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព​គណនេយ្យភាព​ព្រមទាំង​សមធម៌​សង្គម​។​ដូច្នេះ​ការបង្កើត​ច្រកចេញចូល​តែមួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ​ជា​កំណែទម្រង់​អភិបាលកិច្ច​ឱ្យ​កាន់តែ​ល្អប្រសើរ​។

​ក្នុង​របាយ​ការ៍ស្វាគមន៍​សម្រាប់​អង្គសិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ផ្អែក​តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​រដ្ឋបាលខេត្ត​កំពត​បានប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​អង្គភាព​ច្រកចេញចូល​តែមួយ​នា​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នា​២០១៨​។​អង្គភាព​នេះ​បាន និង​កំពុង​បម្រើសេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​លើ​វិស័យ​ចំនួន​១៤​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​រដ្ឋបាលខេត្ត​ក៏បាន​ប្រកាស​បើក​ឱ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្រុក​ចំនួន​បី​បន្ថែមទៀត រួមមាន ក្រុង​កំពត ស្រុក​ទឹកឈូ​និង​ស្រុក​ឈូក​។​ដោយឡែក​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅ​ស្រុក​កំពង់ត្រាច​និង​ស្រុក​អង្គរជ័យ​ត្រូវបាន​ក្រសួងមហាផ្ទៃ​កំណត់​ជា​ស្រុក​គោលដៅ​ថ្មី​សម្រាប់​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ដែល​នឹង​ប្រកាស​ដាក់ឱ្យ​ដំណើរការ​នាពេលខាងមុខ​៕S/​