​ការបង្ហាញ​ស្នាដៃ​សិល្បៈ​សូន​រូប របស់​សិស្សសាលា​ហ្វារ​ពន្លឺ​សិល្បៈ​

3407
ចែករម្លែក
  • 12
    Shares

ដោយ​:​ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត
​ភ្នំពេញៈ​សិល្បៈ​ពិតជា​មាន​សារសំខាន់​សម្រាប់​សង្គម​មនុស្ស​។ នៅពេល​សិល្បៈ​រីកចម្រើន​សង្គម​ក៏​វិវឌ្ឍន៍​ទៅរក​ភាព​រីកចម្រើន​ដូច្នោះ​ដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ខ្មែរ​បានរស់នៅ​ជាមួយ​សិល្បៈ និង បាន​ភ្ជាប់​សិល្បៈ​ជាមួយ​ជីវភាព​រស់នៅ​របស់ខ្លួន​តាំងពី​សម័យបុរាណ​។ បើ​យើង​ក្រឡេកមើល​ទៅកាន់​ប្រវត្តិសាស្ត្រ​អតីតកាល​ដ៏​យូរលុង​របស់​ប្រទេស​កម្ពុជា អ្នក​ប្រាកដជា​ស្ញប់ស្ញែង​ពី​ការរីកចម្រើន​ដ៏​អស្ចារ្យ​របស់​សំណង់​ស្ថាបត្យកម្ម ដែលមាន​ប្រាសាទ​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ទាំងនេះ​ជា​សក្ខីកម្ម​នៃ​ការរីកចម្រើន​ខាង​សិល្បៈ​។​

​ទម្រង់​សិល្បៈ​ខ្មែរ​ត្រូវបាន​ចែក​ទម្រង់​សិល្បៈ ជា​ប្រាំពីរ​ទម្រង់​ដាច់ដោយឡែក​ពីគ្នា រួមមាន​៖ ១) ស្ថាបត្យកម្ម ២) សិល្បៈ​ចម្លាក់ ៣) សិល្បៈ​គំនូរ ៤) សិល្បៈ​តន្ត្រី ៥)​សិល្បៈ​របាំ ៦) សិល្បៈ​អក្សរសិល្ប៍ និង​៧) សិល្បៈ​ភាពយន្ត ។ ក្នុងនោះ​ទម្រង់​សិល្បៈ​សូន​រូប​ស្ថិតនៅក្នុង​ទម្រង់​ផ្នែក​ទី​២​នៃ​សិល្បៈ​ចម្លាក់ រួមមាន ការ​សូន​រូប ស្មិត​រូប ជាងទង ដោយ​ការយក​សម្ភារ​ផ្សេងៗ​ដូចជា​ឈើ លោហធាតុ និង ដី​ជាដើម​មក​កែច្នៃ​ចេញ​ជា​រូប​ផ្សេងៗ​តាម​ការច្នៃប្រឌិត​។​

​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ដែលមាន​ទីតាំងនៅ​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៨ នេះ​បាន​ដាក់តាំង​បង្ហាញ​ស្នាដៃ​សិស្សសាលា​ជំនាញ​សិល្បៈ​សូន​រូប​។ កម្មវិធី​នេះ​ចាប់ផ្ដើម​ពី​ម៉ោង​៩:០០​ព្រឹក​រហូតដល់​ម៉ោង​៦:០០​រសៀល នៅ​វិចិត្រសាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត អគារ H ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ស្នាដៃ​សិល្បៈ​សូន​រូប​ទាំងនេះ​រួមមាន​៖ គំនូរជីវចល ក្រា​ហ្វិ​ច និង សិល្បៈ​គំនូរ ជាដើម​។ ការដាក់​តាំងពិព័រណ៍​នៅ​រាជធានី​ភ្នំពេញ​ធ្វើឡើង​ក្នុង​គោលបំណង​ក្នុងការ​ផ្សព្វផ្សាយ​សមិទ្ធិ​ផល​របស់​សិស្ស​ដែល​បានបញ្ចប់​ឆ្នាំ​សិក្សា ព្រមទាំង​ចង់បង្ហាញ​ទៅកាន់​យុវជន ដែលមាន​ចំណូលចិត្ត​ផ្នែក​សូន​រូប​ឲ្យ​យល់​កាន់តែច្បាស់​លើ​ការសម្រេចចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា​។ ក្រៅពី​ការដាក់​បង្ហាញ​ស្នាដៃ​សូន​រូប​របស់​សិស្ស ក៏មាន​រូបគំនូរ និង​អត្ថបទ​ខ្លី​ទាក់ទង​ប្រវត្តិសាស្ត្រ ការអប់រំ គ្រឿងញៀន ច្បាប់​ចរាចរណ៍ បរិស្ថាន និង​ផលវិបាក​នៃ​ជម្លោះ​ដែរ​។ រូបគំនូរ​ជាច្រើន​សន្លឹក​របស់​សិស្ស​ក៏បាន​គូរ​ចេញពី​គំនិត​ច្នៃប្រឌិត ទាក់ទង​នឹង​ការច្នៃ​ម៉ូត​សម្លៀកបំពាក់ និង​វ​ត្តុ​អនុស្សាវរីយ៍​ផ្សេង​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក្រុមការងារ​របស់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី​កម្មវិធីសិក្សា និង​កម្មវិធី​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ដែល​ស្រឡាញ់ និង​មានបំណង​ចូលរៀន​មុខវិជ្ជា​សិល្បៈ ប៉ុន្តែ​មាន​ជីវភាព​ខ្វះខាត​។

​លោក ស្រី បណ្ដូល ដែលជា​ស្ថាបនិក​មួយរូប​ក្នុងចំណោម​ស្ថាបនិក​៩​រូប​របស់​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​បាន​មានប្រសាសន៍ថា « បើទោះបីជា​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ធ្វើការ​ទៅលើ​ផ្នែក​ទស្សនីយភាព​ក្ដី ប៉ុន្តែ​យើង​មិន​ភ្លេច​ក្នុង​ការជួយ​បណ្ដុះបណ្ដាល​សិស្ស​ឲ្យ​មានចិត្ត​ក្នុង​ការជួយ​សហគមន៍​វិញ​ឡើយ​»​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ចង់យក​សិល្បៈ​មក​ផ្លាស់ប្ដូរ​ឥរិយាបទ​របស់​មនុស្ស ព្រោះ​សិល្បៈ​ជា​អំណាច​ស្រទន់​ដែល​នាំមក​នូវ​ការផ្លាស់ប្ដូរ ប្រកបដោយ​សន្តិភាព​។ សិល្បៈ​ក៏​ជា​ឱសថ ក្នុងការ​ព្យាបាល​ជំងឺផ្លូវចិត្ត អាចធ្វើ​ឲ្យ​មនុស្ស​រីករាយ និង មាន​សុភមង្គល​ផងដែរ​។

​កន្លងមក អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ បានធ្វើការ​តាំងពិព័រណ៍​នេះ​នៅ​ខេត្ត​ចំនួន​៥ រួចមកហើយ រួមមាន ៖ ខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប ព្រះវិហារ និង ខេត្តបន្ទាយមានជ័យ​។ ចំណែក​រាជធានី​ភ្នំពេញ​ជាការ​តាំងពិព័រណ៍​លើកចុងក្រោយ​ក្នុងការ​ដាក់តាំង​បង្ហាញ ស្នាដៃ​សិស្ស​ក្នុង​រយៈពេល​មួយឆ្នាំ​។

​ប្រវត្តិ​នៃ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ
​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​បាន​បង្កើតឡើង​ដំបូង​តាំងពី​ឆ្នាំ​១៩៨៧ នៅ​ជំរំសាយធូ ក្នុង​ទឹកដី​ប្រទេស​ថៃ​។ នៅពេលនោះ​មាន​គ្រូ​ផ្នែក​គំនូរ ឈ្មោះ វ៉េ​រូ​និ​ស ដែលជា​ជនជាតិ​បារាំង​ជា​អ្នក​បង្រៀន ។ ក្រោយ​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស៍ នៅ​ឆ្នាំ​១៩៩៣ ប្រជាជន​បាន​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​វិញ​។ បន្ទាប់មក​ដោយមាន​កា​រ​ជួយ​សហការគ្នាជាមួយ​អ្នកគ្រូ វ៉េ​រូ​និ​ស និង​បុគ្គល​៩​រូប​ទៀត​ក៏បាន​សម្រេចចិត្ត​ក្នុងការ​បង្កើត​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​ឡើង​នៅ​ឆ្នាំ​១៩៩៤ មាន​ទីតាំងនៅ​ទី​រួម​ខេត្តបាត់ដំបង​។
​សាលា​ហ្វារ​ពន្លឺ​សិល្បៈ មាន​ផ្នែក​ធំៗ​ពីរ​សម្រាប់​សិស្ស​សិក្សា គឺ​១) សិល្បៈ​ទស្សនីយភាព ក្នុងនោះ​រួមមាន ៖ សៀក របាំ ល្ខោន និង ភ្លេង ។ ២) ផ្នែក​សិល្បៈ​សូន​រូប រួមមាន ៖ គំនូរជីវចល ក្រា​ហ្វិ​ច និង សិល្បៈ​គំនូរ​៕