​ការបញ្ជ្រាប​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ដល់​គរុ​សិស្ស​នៅ​ខេត្តបាត់ដំបង​

517
ចែករម្លែក

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​:
មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​ខេត្តព្រៃវែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​សហការ​ជាមួយ​ក្រួ​សួង​អប់រំ​យុវជន និង​កីឡា បាន​បង្កើត​សិក្ខាសាលា​មួយ​ស្តីពី​ការបញ្ជ្រាប​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ក្នុង​រយៈពេល​បី​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៩-១១ ខែកក្កដា ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតក្នុង​វិទ្យាស្ថាន​គរុកោសល្យ​ភូមិភាគ​បាត់ដំបង​។

​សិក្ខាសាលា​នេះ បានធ្វើ​ឡើង​ក្នុង​គោលបំណង​បួន​យ៉ាង​គឺ ១. អភិវឌ្ឍ​ចំណេះដឹង​របស់​គរុ​សិស្ស​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​, ២. អភិវឌ្ឍ​ជំនាញ​គរុកោសល្យ​របស់​គរុ​សិស្ស​ពី​របៀប​បង្រៀន​និង​បញ្ជ្រាប​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ,៣. អភិវឌ្ឍន៍​សមត្ថភាព​របស់​គរុ​សិស្ស​ឲ្យ​ចេះ​ប្រើប្រាស់​បទពិសោធន៍​រប​ស់​សាក្សី​ក្នុងអំឡុងពេលរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ​សម្រាប់​ប្រើប្រាស់​ក្នុងការ​បង្រៀន​ក្នុង​ថ្នាក់រៀន​និង​៤. បង្កើន​ប្រសិទ្ធិភាព​និង​និរន្តរភាព​នៃ​កម្មវិធីសិក្សា​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ជា​ផ្លូវការ ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា នៅតាម​សាលារៀន​ក្នុង​សហគមន៍​។​

​ចំពោះ​សិក្ខាកាម​ដែល​ចូលរួម​ក្នុង​អង្គសិក្ខាសាលា​នេះ គឺមាន​គរុ​សិស្ស​ឆ្នាំ​ទី​១ ជំនា​ន់ទី​២៩ នៃ​វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង និង​និស្សិត​មកពី​មហាវិទ្យាល័យ​សង្គមសាស្ត្រ​មនុស្សសាស្ត្រ​ដែលមាន​ចំនួន​សរុប​៨០​នាក់​។ សិក្ខាកាម​ដែល​ចូលរួម​ទាំងនេះ គឺមាន​រហូតដល់​៧​ឯកទេស​នៃ​មុខជំនាញ​នីមួយៗ ដូចជា ឯកទេស​ជីវៈ​ផែនដី ឯកទេស​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មាន ឯកទេស​អង់គ្លេស​-​ខ្មែរ ឯកទេស​រូប​គីមី ឯកទេស​ប្រវត្តិ​ភូមិ និង​ឯកទេស​ប្រវត្តិសាស្ត្រ​។

​ទោះបីជា​គរុ​សិស្ស​ដែល​កំពុងតែ​សិក្សា​ក្រៅពី​ឯកទេស​ប្រវត្តិសាស្ត្រ​ក៏ដោយ ក៏​អាច​មានឱកាស​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​បានដែរ ព្រោះ​បញ្ហា​ប្រវត្តិសាស្ត្រ​ដ៏​អាស្រូវ​បែបនេះ មិនមែន​ចាំបាច់​តែ​សិស្សានុសិស្ស និស្សិត ឬ​គរុ​សិស្ស​ដែល​កពុង​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ​នោះទេ បុ​ន្តែ​បញ្ហា​ប្រវត្តិសាស្ត្រ​នេះ គឺជា​បញ្ហា​របស់​ប្រជាជាតិ​ខ្មែរ​យើង​ទាំងមូល ដូច្នេះ​ទាមទារ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​ស្រទាប់វណ្ណៈ​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​មួយ​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ស្អប់ខ្ពើម​រើសអើង​រវាង​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ជនរងគ្រោះ​។
​មិនតែប៉ុណ្ណោះ នៅពេលដែល​យើង​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​ប្រវត្តិ​នៃ​អំពើ​ប្រល័យពូជសាសន៍​ខ្មែរក្រហម ពេលនោះ​ហើយ​គឺជា​ពេលដែល​យើង​ស្គាល់​ខ្លួនឯង​ដែរ​។ មាន​ពាក្យ​មួយ​ឃ្លា​ដែល​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​លើកឡើងថា « សង្គមជាតិ​មួយ​មិនអាច​ស្គាល់​ខ្លួនឯង​បានឡើយ ប្រសិនបើ​សង្គមជាតិ​នោះ​មិនមាន​ការចងចាំ​ច្បាស់លាស់​អំពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​»​។ ដូចនេះហើយ ទើប​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ក្នុងការ​បញ្ជ្រាប​នូវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ទៅដល់​សិស្សានុសិស្ស គរុ​សិស្ស គរុ​និស្សិត និស្សិត និង​គ្រូបង្រៀន​ជាដើម​។ មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​បាន​បង្កើត​នូវ​កម្មវិធីសិក្សា​ផ្សេងៗ នៅ​ទូទាំង​រាជធានី​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា វេទិកា​ថ្នាក់រៀន​ស្តីពី​សារសំខាន់​នៃ​ការសិក្សា​ប្រ​វ​តិ្ត​សាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) វគ្គ​បណ្តុះបណ្តាល​និស្សិត​ស្តីពី​ការបង្រៀន​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និង​វគ្គប​ណ្តុះ​ជាច្រើន​ផ្សេងទៀត​៕ ល​