​ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ​: ខេត្តស្ទឹងត្រែង គ្រង​តំណែង​ជើងឯក​កីឡា​តេ​ក្វាន់​ដូ ITF

652
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ការប្រកួត​កីឡា​សិស្ស​ថ្នាក់ជាតិ លើក​ទី​១ (The 1st National School Games) សម្រាប់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ ITF (International Taekwondo Federation) បានបញ្ចប់​ការប្រកួត​ហើយ នៅ​ព្រឹក​ថ្ងៃទី​១៣ មិថុនា នេះ ។​

​ប្រភេទ​កីឡា​នេះ មាន​កីឡាករ​-​កីឡាការិនី មកពី ៨ រាជធានី​-​ខេត្ត ចូលរួម ដែលមាន​អត្ត​ព​លិ​ក ចំនួន ៨១ រូប ក្នុងនោះ​មាន ៤០ រូប ជា​កីឡាការិនី ។ វិញ្ញាសា ដែល​ដាក់​ឲ្យ​ប្រកួត មាន​ចំនួន ១២ ។​

ទិដ្ឋភាព​បំពាក់​មេដាយ ដល់​ជ័យលាភី​

​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​លោក ដួង មាស​ចំរើន ប្រធាន​នាយកដ្ឋាន​សិស្ស​-​និស្សិត នា​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម ពិធី​ប្រគល់​មេដាយ និង​ជ័យលាភី ដល់​កីឡាករ​-​កីឡាការិនី នៅ​អគារ​ប៊ូ​យ៉ុង​ខ្មែរ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​

​ក្នុងការ​ប្រកួត​នេះ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តស្ទឹងត្រែង ដណ្តើមបាន​មេដាយ ចំនួន ៩ គ្រឿង ឈរ​កំពូល​តារាង ដោយ​ឈ្នះ​មេដាយ ចំនួន ៩ គ្រឿង ក្នុងនោះ មេដាយមាស​ចំនួន ៤ គ្រឿង មេដាយប្រាក់ ចំនួន ៤ គ្រឿង និង​មេដាយសំរិទ្ធ ចំនួន ១ គ្រឿង​។ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ស្ពឺ ឈ្នះ​មេដាយ​ចំនួន ១០ គ្រឿង រួមមាន មេដាយមាស ចំនួន ៣ គ្រឿង មេដាយប្រាក់ ចំនួន ៤ គ្រឿង និង​មេដាយសំរិទ្ធ ចំនួន ៣ គ្រឿង និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន ឈ្នះ​មេដាយ​ចំនួន ៥ គ្រឿង ដោយ​មេដាយមាស ចំនួន ៣ គ្រឿង មេដាយប្រាក់ ចំនួន ១ គ្រឿង និង​មេដាយសំរិទ្ធ ចំនួន ១ គ្រឿង​។​

​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ ដណ្តើមបាន​មេដាយ ចំនួន ៥ គ្រឿង ក្នុងនោះ មេដាយមាស ចំនួន​១​គ្រឿង មេដាយប្រាក់​ចំនួន​១​គ្រឿង និង​មេដាយសំរិទ្ធ​ចំនួន​៣​គ្រឿង ហើយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តតាកែវ ទទួលបាន​មេដាយ ចំនួន​៥​គ្រឿង ក្នុងនោះ​មេដាយមាស ចំនួន​១​គ្រឿង និង​មេដាយសំរិទ្ធ ចំនួន​៤​គ្រឿង​។​

​រីឯ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​មេដាយ ចំនួន​៥​គ្រឿង ក្នុងនោះ​មេដាយប្រាក់ ចំនួន​១​គ្រឿង និង​មេដាយសំរិទ្ធ ចំនួន​៤​គ្រឿង មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ ទទួលបាន​មេដាយ ចំនួន​២​គ្រឿង ក្នុងនោះ មេដាយប្រាក់ ចំនួន​១​គ្រឿង និង​មេដាយសំរិទ្ធ ចំនួន​១​គ្រឿង និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល ទទួលបាន​មេដាយសំរិទ្ធ ចំនួន​៣​គ្រឿង ៕v

#