​ការប្រកួត​ប៉េតង់ ជើងឯក​ពិភពលោក បានចាប់ផ្ដើម​ហើយ​

235
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ការប្រកួត​កីឡា​ប៉េតង់ យុវជន និង នារី​ពិភពលោក លើក​ទី​១៧ បានចាប់ផ្ដើម​ហើយ កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ។​

​លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង ប៉េតង​កម្ពុជា និង​លោក Claude Azema ប្រធាន​សហព័ន្ធ ប៉េតង់​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​សម្ពោធ បើក​ការប្រកួត​នេះ ។​

ទិដ្ឋភាព​បើក​ការប្រកួត

​លោក ស សុខា បាន​មានប្រសាសន៍ថាៈ ” ខ្ញុំ​ជា​ប្រធាន​សហព័ន្ធ​ប៊ូល និង​ប៉េតង់ នៃ​ប្រទេស​កម្ពុជា និង​គណៈកម្មាធិការ​ទូ​ទៅ នៃ​ការប្រកួត​កីឡា​យុវជន និង​នារី​ពិភពលោក​ប៉េតង់ ទី​១៧ សូម​ថ្លែងអំណរគុណ ចំពោះ​លោក Claude Azema ប្រធាន​សហព័ន្ធ​អន្តរជាតិ (FIPJP) គណៈកម្មាធិការ​បច្ចេក​ទេស​អន្តរជាតិ និង​ប្រទេស ចំនួន ៤៩ ផ្សេងទៀត ដែល​បានផ្តល់​ឲ្យ​យើង នូវ​ឱកាស និង​ការជឿជាក់ លើ​ពួកយើង ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​នេះ ហើយ​ខ្ញុំ​សូម​ស្វាគមន៍ យ៉ាង​កក់ក្តៅ ចំពោះ​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​ទាំងអស់ ដែល​មកពី ៤៩ ប្រទេស (៨០ ក្រុម​) មក​ផ្ទះ​របស់​យើង​” ។​

​លោក​បាន​លើកឡើងថា ព្រឹត្តិការណ៍​នេះ បង្ហាញ​ពី​ការរីកចម្រើន ជា​វិជ្ជមាន​នៃ​កីឡា​ប៉េតង់ នៅ​កម្ពុជា លើ​ឆាក​អន្តរជាតិ ដែល​ដឹកនាំ​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​ឈរលើ​មូលដ្ឋាន សន្តិភាព ស្ថិរភាព​នយោបាយ និង​វឌ្ឍនភាព លើ​គ្រប់​វិស័យ​របស់​រដ្ឋាភិបាល តាមរយៈ​ការអនុវត្ត ដំណាក់កាល​ទី​៤ នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ៤ និង​ចក្ខុវិស័យ នៃ​ទិសដៅ​បន្ទាប់ របស់​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ក្លាយជា​ប្រទេស ដែលមាន​ប្រាក់ចំណូល មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់ នៅ​ឆ្នាំ ២០៥០ ។​

ទិដ្ឋភាព​បើក​ការប្រកួត

​លោក​បាន​បន្តថា ក្រៅពី​ការ​ឈ្នះ និង​ចាញ់ ការប្រកួតប្រជែង​នេះ ផ្តោតលើ​កិច្ចសហប្រតិបត្តិការ ការប្រាស្រ័យ​ទាក់ទង និង​មិត្តភាព ក្នុង​គោលបំណង ភ្ជាប់​ទំនាក់ទំនង រវាង​ប្រជាជាតិ ភាសា និង​សាសនា​ផ្សេងៗ​គ្នា ដើម្បី​ចែករម្លែក​ទស្សនៈ​រួមមួយ សម្រាប់​ភាព​សុខដុម​នៃ​គ្រួសារ​ប៉េតង់​។ ប្រទេស​កម្ពុជា បាន​ក្លាយជា​សមាជិក នៃ FIPJP ចាប់តាំងពី​ឆ្នាំ ១៩៩៣​។ រហូតមកដល់​ពេលនេះ យើង​ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេសមួយ ដែលមាន​ឥទ្ធិពល​បំផុត នៅក្នុង​ការប្រកួត​ប៉េតង់ ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ ដោយសារតែ​ដណ្តើម មេដាយមាស ប្រាក់ និង​សំរិទ្ធ ជាច្រើន​។

​លោក​ប្រធាន បាន​បន្ថែមថា ប្រទេស​កម្ពុជា ពិត​ជាមាន​កិត្តិយស​ណាស់ ដែលមាន​ឱកាស ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​ការប្រកួត​កីឡា ប៉េតង់​ពិភពលោក​នេះ ជា​លើកដំបូង ដោយសារតែ​ស្នាដៃ សម្តេច​ក្រឡាហោម ស ខេង និង​សម្តេច​វិបុល​បញ្ញា សុខ អាន បាន​កសាង​គ្រឹះ​រឹងមាំ និង​ត្រួស​ត្រាយផ្លូវ យ៉ាង​រលូន សម្រាប់​ពួកយើង​ទាំងអស់គ្នា​។​

​ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ កម្ពុជា​ដែលមាន​កីឡាករ កីឡាការិនី មាន​សក្ដានុពល​ខ្ពស់ លើ​ប្រភេទ​កីឡា​នេះ បានដាក់​ក្ដី​សង្ឃឹមថា នឹង​ប្រជែង​បាន​មេដាយ ជាមិនខាន​ឡើយ ៕v

ទិដ្ឋភាព​បើក​ការប្រកួត