​ការប្រកួត​ប្រដាល់​គុន​ខ្មែរ – សាកល​ជើង​ឯកជាតិ ឆ្នាំ​២០១៨ បាន​ចាប់ផ្ដើម​ហើយ​

649
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា​
​ភ្នំពេញ​: លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សំណូមពរ ឲ្យ​មន្ត្រី​បច្ចេកទេស​ ត្រូវតែ​កាត់ក្ដី ដោយ​យុត្តិធម៌ ដើម្បី​កុំឲ្យ​លេចឮ នូវ​ព័ត៌មាន​មិនល្អ​បែបនេះ តាម​ទំព័រ​បណ្ដាញ​សង្គម (​ហ្វេ​សប៊ុក​)​។​

​លោក​ថ្លែង​បែបនេះ នៅ​រសៀល​ថ្ងៃ​ទី​១២ ធ្នូ ក្នុង​ពិធី​សម្ពោធ​បើក​ការប្រកួត ជ្រើសរើស​ជើងឯក ប្រដាល់​គុន​ខ្មែរ និង​សាកល នា​តំបន់​វិហារ​សួគ៌ ។ ការប្រកួត​នេះ គឺ​ប្រដាល់​សាកល ប្រកួត​លើ​សង្វៀន​ផ្សេង ឯ​ប្រដាល់ ប្រកួត​លើ​សង្វៀន​ផ្សេង ។

​ទិដ្ឋភាព​សម្ពោធ​បើក​ការប្រកួត

​លោក​ឧត្តមសេនីយ៍ឯក តែម​ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានឲ្យដឹងថា សម្រាប់​ប្រដាល់​គុន​ខ្មែរ មាន​អ្នកចូលរួម ចំនួន ១៧៦ នាក់ ។ ពួកគេ​មក​ពី ១៤ រាជធានី​-​ខេត្ត និង ៣ ក្រសួង គឺ​ក្រសួង​មហាផ្ទៃ ក្រសួង​ការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​ចំពោះ​ប្រដាល់​សាកល​វិញ​នោះ លោក ប៊ួយ សោភ័ណ្ឌ ដែល​ជា​អគ្គលេខាធិការ របស់​សហព័ន្ធ បានឲ្យ​ដឹង​ដែរថា មាន​កីឡាករ​- កីឡា​ការិនី ចូលរួម​ចំនួន ១១៩ រូប ដែល​មកពី ៩ រាជធានី​-​ខេត្ត និង​ក្រសួង ៣ គឺ​ក្រសួង​ការពារជាតិ ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។​

​លោក​ឧត្តមសេនីយ៍ រាជ សុ​ផែន ដែលជា​អគ្គលេខាធិការរង សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បានឲ្យ​ដឹង​ដែរថា ក្នុងចំណោម អ្នក​ប្រដាល់​គុន​ខ្មែរ ទាំង​ចំនួន ១៧៦ នាក់​នេះ មាន​ចំនួន ៩ ប្រភេទ​ទម្ងន់​។ ចំពោះ​ប្រដាល់​សាកល ទាំង​ចំនួន ១១៩ នាក់​វិញ​នោះ មាន​ចំនួន ៨ ប្រភេទ​ទម្ងន់ ។​

​លោក ម៉ិ​ល កាដូ អគ្គលេខាធិការ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ បាន​អះអាង​ថា លោក​ហ៊ាន​ធានាថា ការប្រកួត​នេះ នឹង​បញ្ចប់​ទៅ​ដោយ​យុត្តិធម៌ លោក​នឹង​នៅ​ជាប់​ជាមួយ ការប្រកួត​នេះ​រហូត ។​

​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ដែល​ជា​ប្រធាន​សហព័ន្ធ ប្រដាល់​សាកល ក៏​បាន​បង្ហាញ​នូវ កា​ជឿជាក់​ដែរ​ថា​ មន្ត្រី​បច្ចេកទេស​របស់​លោក នឹង​ត្រូវ​ប្រជុំ រាល់​មុនពេល ការប្រកួត​ចាប់ផ្ដើម ដើម្បី​ឲ្យ​ការ​ប្រកួតនេះ ធានាបាន​នូវ​ភាព​យុត្ត​ធម៌ ។​

​សូមបញ្ជាក់​ថា ការប្រកួត​នេះ ធ្វើឡើង​ក្រោម​គម្រោង​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។ នេះ​ជា​លើក​ទី​២ ហើយ ដែល​ការប្រកួត​ប្រដាល់​ជើងឯក ទាំង ២ វិញ្ញាសា ធ្វើ​នៅ​តំបន់​វិហារ​សួគ៌​នេះ ៕v

#