​ការប្រកួត​ពានរង្វាន់​អាយ​ស៊ី​ធី​កម្ពុជា​២០១៩​ផ្តោតលើ​អនុវត្តន៍​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​

330
ចែករម្លែក
  • 6
    Shares

​ដោយៈ សុផល​/​ភ្នំពេញៈ​វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT)​បាន​បើកទទួល​ពាក្យ​ប្រកួតប្រជែង​ពានរង្វាន់​ICT​កម្ពុជា​ឆ្នាំ​២០១៩​ពី​ពេលនេះ​រហូតដល់​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក​ក្រុមហ៊ុន​ផ្តួចផ្តើម​ធុរកិច្ច​(Startup) សហគ្រាស​សង្គម អង្គការក្រៅរដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​ផ្សេងៗ អាចដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​បាន ។​

​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់ ICT កម្ពុជា គឺជា កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់ ICT ថ្នាក់ជាតិ​ធំជាងគេ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បង្ហាញ​នូវ​ស​មិ​ទិ្ធ​ផល​ស្នាដៃ​និង​ជោគជ័យ​នានា​លើ​នវានុវត្តន៍​ក្នុង​វិស័យ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​(ICT) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រុមហ៊ុន​និង​ស្ថាប័ន​អាចដាក់​ពាក្យ​ចូលរួម​ប្រកួត​តាម​ប្រភេទ​ពានរង្វាន់​ដូចជា​៖​ក្រុមហ៊ុន​ផ្តួចផ្តើម​ធុរៈកិច្ច​បច្ចេកវិទ្យា ល្អ​បំផុត​ប្រចាំឆ្នាំ (Best Tech Startup of the year),​ស្ថាប័ន​នវានុវត្តន៍​ឌីជីថល ល្អ​បំផុត​ប្រចាំឆ្នាំ (Best Digital Innovation organization of the year),​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​វិទ្យាសាស្ត្រ ល្អ​បំផុត​ប្រចាំឆ្នាំ (Best ICT R&D of the year) ,​បច្ចេកវិទ្យា​នវានុវត្តន៍​សង្គម ល្អ​បំផុត​ប្រចាំឆ្នាំ (Best Social Innovation of the year),​សេវា​រដ្ឋបាល​អេឡិចត្រូនិក ល្អ​បំផុត​ប្រចាំឆ្នាំ (Best e-government service of the year)​។

​ក្រៅពី​ពានរង្វាន់​ទាំងនេះ គណៈ​កម្ម​ធិ​ការ​ក៏​ធ្វើការ​វាយតម្លៃ និង​ជ្រើសរើស ក្រុមហ៊ុន​/​ស្ថាប័ន ដែលមាន​ស្នាដៃ​ក្នុង​វិស័យ​អ​ទ្ធិ​ភាព​មួយចំនួនទៀត​ដូចជា​៖ បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម (AgriTech), ធនាគារ​ឌីជីថល (Digital Banking), បច្ចេកវិទ្យា​ក្នុង​វិស័យ​អប់រំ (EduTech), បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ (FinTech), បច្ចេកវិទ្យា​ក្នុង​វិស័យ​សុខ​ភិ​បាល (HealthTech) ។​ល​។​

​សេចក្តីប្រកាស​ពត៌មាន​របស់​វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​បានឱ្យដឹង​ទៀតថា​ក្រុមហ៊ុន​/​ស្ថាប័ន​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​នឹង​ត្រូវបាន​សម្រាំង​ជ្រើសរើស ដោយ​ចៅក្រម ដែលមាន​សមាសភាព​ម​ក​ពី ក្រុមហ៊ុន​ឯកជន ស្ថាប័នរដ្ឋ សង្គម​ស៊ីវិល និង​អ្នកតំណាង​ឧស្សាហកម្ម​ក្នុង​វិស័យ ICT ។

​លក្ខណសម្បត្តិ​វាយតម្លៃ និង​ជ្រើសរើស ផ្អែកលើ​គុណសម្បត្តិ​មួយចំនួន​ដូចជា ១/​នវានុវត្តន៍​បច្ចេកវិទ្យា (tech innovation) ២/​ដោះស្រាយ​បញ្ហា​ក្នុងសង្គម (Problem Solving) ៣/​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ (Effeciency of operation) ៤/​យុទ្ធសាស្ត្រ​ទីផ្សារ (Marketing Strategy) ។​វិទ្យាស្ថាន​ជាតិ NIPTICT បានរៀបចំ​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ICT​កម្ពុជា​នេះ​ឡើង​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត និង​លើកកម្ពស់​ផលិតផល ឬ​គម្រោង​ដ៏​ឆ្នើម​នៅ​កម្ពុជា​។

​កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ICT​កម្ពុជា​២០១៩​នេះ​នឹង​ផ្តល់​រង្វាន់​ដល់​ម្ចាស់​ជ័យលាភី​ជាមួយនិង​ទឹកប្រាក់ នឹង​ពានរង្វាន់ ឆ្នើម​ល្អផ្តាច់គេ ដែលជា​ពានរង្វាន់ កិត្តិយស​ថ្នាក់ជាតិ ដែល​នឹង​ជួយ​ឱ្យ​អាជីវកម្ម របស់​ពួកគេ ឈានឡើង​បាន មួយកម្រិត​ទៀត​។

លោក​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ NIPTICT បាន​មានប្រសាសន៍ថា “​តាមរយៈ​ការប្រកួត​នេះ យើង​សង្ឃឹមថា ក្រុមហ៊ុន និង​សហគ្រិន ដែលមាន​ស្នាដៃ​នឹង​ទទួលបាន​ការទទួលស្គាល់​ទូទាំងប្រទេស​ហើយ​និង​ជម្រុញ​និង​លើកទឹកចិត្ត​ឱ្យ​យុវជន​យើង រៀន​បច្ចេកវិទ្យា និង​បង្កើត​សេវាកម្ម ឬ​ផលិតផល​បច្ចេកវិទ្យា ច្នៃប្រឌិត​ថ្មី​កាន់តែច្រើន ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ ICT និង​ជម្រុញ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​» ។

​គួររំលឹកថា ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ដែល​ទទួលបាន​ជ័យលាភី​ទាំង​៣ គឺ ១/Morakot VB (Core Banking System) បង្កើតឡើង​ដោយ​MorakotTechnology​ដែល​នេះ​ជា​កម្មវិធី​សម្រាប់​គ្រប់គ្រង​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ ។ ២/ Soyo (Cambodia) បង្កើតឡើង​ដោយ Soyo Entreteniment Co., Ltd. ដែលជា​កម្មវិធី​មើល​ភាពយន្ត​តាម​អន​ឡាញ​ជា​លើកដំបូង​នៅ​កម្ពុជា​។ ៣/ Banhji បង្កើតឡើង​ដោយ PCG & Partners Co., Ltd. ជា​កម្មវិធី​គណនេយ្យ សម្រាប់​តម្រូវការ​សហ​គ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​អាស៊ាន​៕S/

​ចំណងជើង​រូ​បថ​តៈ​ជ័យលាភី​ICT កាលពី​ឆ្នាំមុន​