​ការផ្តល់​សក្ខីកម្ម​ពី​ការប៉ះទង្គិច​ផ្លូវចិត្ត​: ការព្យាបាល​របួស​ផ្លូវចិត្ត​តាមរយៈ​ការអធិប្បាយ និង​គំរូ​វប្បធម៌​នៅក្នុង​ប្រទេស​កម្ពុជា​

1704
ចែករម្លែក
  • 111
    Shares

ដោយ : សូ​វិចិត្រ មេត្តា និង​អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​: ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​រឿងរ៉ាវ​ដ៏​តក់ស្លុត​ក្នុង​ជីវិត ដែល​ពាក់ព័ន្ធ​ទៅនឹង​សុខភាព​ផ្លូវចិត្ត គឺជា​រោគសញ្ញា​មួយ​នៅតែ​បន្ត​ដិត​ជាប់​ក្នុង​អារម្មណ៍​ជនរងគ្រោះ​មួយចំនួន ដែល​នៅ​រស់រានមានជីវិត​ប​ន្ទា​ប់​ពី​អំពើ​ប្រល័យពូជសាសន៍​នៃ​របប​ខ្មែរក្រហម​នៅក្នុង​ប្រទេស​កម្ពុជា​។ របប​ខ្មែរក្រហម មិន​ត្រឹមតែ​ដឹកនាំ​ប្រទេស​ឲ្យ​ឈានទៅរក​សេចក្តី​វិនាស​អន្តរាយ និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​អស់​ជាច្រើន​នាក់​នោះទេ របប​នេះ​ថែមទាំង​បានធ្វើ​ឲ្យ​ប្រជាជន​ទទួលរង​នូវ​ការ​ខ្លបខ្លាច និង​រង សម្ពាធ​ផ្លូវចិត្ត​យ៉ាងធ្ងន់ធ្ងរ ដែល​បាន​ជះឥទ្ធិពល​ដល់​អ្នក​នៅរ​ស់​រាន​មានជីវិត​បន្ទា​ប់​ពី​សង្គ្រាម និង​ក្មេងៗ​ជំនាន់​ក្រោយ​រហូត​។

​នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ នេះ កញ្ញា អេ​លី​ណា ឡេស​លី ជា​បេក្ខជន​បណ្ឌិត មកពី​សាកលវិទ្យាល័យ​អែ​ម៉ូ​រី​នៃ​សហរដ្ឋ​អាម៉េរិក បានមក​ធ្វើ​បទ​បង្ហាញ​ពី​និក្ខេបបទ​ស្រាវជ្រាវ ដែលមាន​ចំណងជើង​ថា “​ការផ្តល់​សក្ខីកម្ម​ពី​ការប៉ះទង្គិច​ផ្លូវចិត្តៈ ការព្យាបាល​របួស​ផ្លូវចិត្ត​តាមរយៈ​ការអធិប្បាយ និង​គំរូ​វប្បធម៌​នៅក្នុង​ប្រទេស​កម្ពុជា​” ស្ថិតនៅក្នុង​បរិវេណ​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត​។ អេ​លី​ណា បានបង្ហាញ​ចំណាប់អារម្មណ៍​ថា “​វា​មាន​កត្តា​ជាច្រើន ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍​ក្នុងការ​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ប្រធានបទ​មួយ​នេះ​។ ខ្ញុំ បាន​មកដល់​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ក្នុង​ឆ្នាំ​២០០៤ ដោយបាន​ធ្វើការ​ងារ​ជា​អ្នកកាសែត​នៅក្នុង​ក្រុមហ៊ុន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ​។ បន្ទាប់មក ខ្ញុំ បាន​វិល​ត្រល​ឡប់​មក​ប្រទេស​កម្ពុជា​ម្តងទៀត​នៅក្នុង​ឆ្នាំ​២០០៨ តាមរយៈ​កម្មវិធី​អាហារូបករណ៍​ហ្វូ​ល​ប្រាយ៍​ក្នុង​គោលបំណង​សរសេរ​អត្ថបទ ដែល​ទាក់ទង​នឹង​តុលាការ​ខ្មែរក្រហម​។ ខណៈពេល​នោះ​ហើយ​ដែល​ខ្ញុំ​បានចាប់ផ្ដើម​ចាប់អារម្មណ៍​ទៅលើ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម​ក្នុងប្រទេស​កម្ពុជា និង​ប្រធានបទ ដែល​ទាក់ទង​ទៅនឹង​អំពើ​ប្រល័យពូជសាសន៍​” ។ អេ​លី​ណា ក៏បាន​លើកឡើង​បន្ថែមថា កត្តា​មួយទៀត គឺអាច​បណ្ដាលមកពី​ជីវប្រវត្តិ​គ្រួសារ​របស់គាត់​ផ្ទាល់​។ ក្រុមគ្រួសារ​របស់គាត់​គឺជា​ជនភៀសខ្លួន​មកពី​ប្រទេស​អ៊ុយ​ក្រែ​ន ដោយបាន​រត់គេច​ពី​របប​ប្រល័យ​ពូជ​សាន៍​របស់​ពួក​ណា​ហ្ស៊ី នៅ​អំឡុង​សង្គ្រាមលោកលើកទី​២​។

​បន្ទាប់ពី​ការបង្ហាញ​ចំណាប់អារម្មណ៍​ទៅលើ​ប្រធានបទ នៃ​ការសិក្សា​ស្រាវជ្រាវ​របស់គាត់ អេ​លី​ណា ឡេស​លី បានចាប់ផ្តើម​បកស្រាយ​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយទៀត​លើ​ប្រធានបទ​
​របស់គាត់ ដោយបាន​បង្ហាញថា មនុស្ស​បាន​រៀបរាប់​ពី​ជីវប្រវត្តិ​របស់ខ្លួន​តា​មរយៈ​ការផ្ដល់​សក្ខីកម្ម ដែល​វិធីសាស្ត្រ​នេះ​ត្រូវបាន​ប្រើប្រាស់​ដំបូង​នៅក្នុង​ប្រទេស ឆី​លី​។ នៅក្នុង​ប្រទេស​កម្ពុជា ការព្យាបាល​តាមរយៈ​ការផ្ដល់​សក្ខីកម្ម ត្រូវបាន​ប្រើប្រាស់​នៅក្នុង​បរិបទ​នៃ​សាលាក្ដី​ខ្មែរក្រហម តាម រយៈ​ការផ្សព្វផ្សាយ និង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អប់រំ​។ អេ​លី​ណា ក៏បាន​បន្តទៀតថា ចំពោះ​ការព្យាបាល​ចិត្ត​វិទ្យា អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ បាន​ប្រើ​វិធីសាស្ត្រ​ព្យាបាល​ជំងឺផ្លូវចិត្ត​នៅក្នុង​បរិបទ​សង្គម​កម្ពុ​ជាតា​ម​វិធីសាស្ត្រ​ផ្សេងៗ​ពីគ្នា​ដូចជា ១)​ការផ្ដោត​ទៅលើ​ការព្យាបាល​របួស​ផ្លូវចិត្ត​ជាជាង​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស ២) និង​ការផ្ដោត​សំខាន់​ថា​ការពិត​គឺ​មិនមែន​អ្វីដែល​សំខាន់​ខ្លាំង​នៅក្នុង​ការផ្ដល់​សក្ខីកម្ម​នេះ ព្រោះ​វា​មិនមែនជា​ការផ្ដល់​សក្ខីកម្ម​នៅក្នុង​តុលាការ​ខ្មែរក្រហម​ទេ​។

​អេ​លី​ណា ក៏បាន​លើកឡើង​បន្ថែម​ពី​ការព្យាបាល​របួស​ផ្លូវចិត្ត​តាមរយៈ​ប្រពៃណី​ខ្មែរ ដែល​ប្រជាជន​តែងតែ​ធ្វើ​ដូចជា ការជួប​គ្រូខ្មែរ​សម្រាប់​ការព្យាបាល ឬ រក​ព្រះ​ស​ង្ឈ​ដើម្បី​រំដោះគ្រោះ​ចង្រៃ​ចេញពី​ជីវិត​។ អេ​លី​ណា ក៏បាន​បញ្ជាក់ទៀតថា គាត់​មិនអាច​នឹង​គ្មាន​បំណង​បង្ហាញថា វិធី​ព្យាបាល​របួស​ផ្លូវចិត្ត​ណាមួយ​ល្អ​ជាង​នោះទេ​។

​បន្ទាប់​ពីនេះ អេ​លី​ណា ក៏បាន​រៀបរាប់​ពី​ដំណើរការ​ព្យាបាល​របួស​ផ្លូវចិត្ត​តាមរយៈ​ការផ្ដល់​សក្ខីកម្ម​ថា ដំបូង​អ្នកជំនាញ​នឹង​បង្រៀន​អ្នកជំងឺ​ឲ្យ​ធ្វើ​លំ​ហាត់ប្រាណ​ណា​ដែល​ងាយស្រួល ដើម្បី​សម្រួល​ដល់​អារម្មណ៍​របស់​ពួកគាត់​ជាមុនសិន​។ ការព្យាបាល​នេះ គឺធ្វើឡើង​ព្រម​គ្នា​ក្នុង មួយដង​មាន​អ្នកជំងឺ​ចំនួន​៥​នាក់ ដែល​អ្នកជំងឺ​ម្នាក់ៗ​នឹង​អនុវត្ត​ជាមួយ​អ្នកជំនាញ​ផ្ទាល់​។ ដំណើរការ​ក្នុងការ​ព្យាបាល គឺមាន​របៀប​ស្រដៀងៗ​គ្នា​គ្រាន់តែ​អ្នកជំនាញ​ខ្លះ​មាន​បច្ចេកទេស​ខុសៗ​ពីគ្នា​។ ចំណែកឯ​ការផ្តល់​ការប្រឹក្សា​យោបល់ ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​ព្យាបាល​ជំងឺផ្លូវចិត្ត​ដោយ​អ្នកជំងឺ​នឹង​រៀបរាប់​ពី​ជីវប្រវត្តិ​របស់គាត់​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ រហូតមកដល់​បច្ចុប្បន្ន ហើយ​ការប្រឹក្សា​នេះ​មាន​រយៈពេល​ប្រហែល​៤​ថ្ងៃ​។ ក្រៅពី​ការផ្តល់​ការប្រឹក្សា​យោបល់ ក៏មាន​វិធី​ផ្សេងៗ​ទៀត ដែល​អាចជួយ​ឲ្យ​អ្នកជំងឺ​និយាយ​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់គាត់​ដូចជា អ្នក​បង្ហាត់​មួយចំនួន​បាន​នាំ​អ្នកជំងឺ​ទៅកាន់​កន្លែង​ផ្សេងៗ​ដូចជា សារៈមន្ទីរ​ទួលស្លែង និង​កន្លែង​ត្បាញ​ក្រមា​យក្ស​ជាដើម​។

​អេ​លី​ណា បាន​និយាយ​ពី​ដំណើរ​ការសិក្សា​ស្រាវជ្រាវ​របស់គាត់​ទៅលើ​ការព្យាបាល​របួស​ផ្លូវចិត្ត​តាមរយៈ​សក្ខីកម្ម​នៅក្នុង​អំឡុង​ពេលដែល​គាត់​នៅក្នុង​ប្រទេស​កម្ពុជា​ថា គាត់​ត្រូវធ្វើ​ការអង្កេត ការសម្ភាសន៍ និង​ការតាមដាន​នៃ​រោគសញ្ញា​បាក់ស្បាត​របស់​អ្នកជំងឺ​បន្ទាប់ពី​ទទួលបាន​ការព្យាបាល ៣​ខែ ទៅ​៦​ខែ​។ គាត់​ក៏បាន​បញ្ជាក់ថា ការតាមដាន​នៃ​រោគសញ្ញា​បាក់ស្បាត គឺមាន​ប្រសិទ្ធភាព​ចំពោះ​ការតាមដាន​អំពី​សុខភាព​ផ្លូវចិត្ត​របស់​អ្នកជំងឺ ព្រោះ​អ្នកជំងឺ បានបង្ហាញ​ពី​ក្តីកង្វល់​ផ្លូវចិត្ត​តាមរយៈ​សុខភាព​ផ្លូវកាយ​។ បន្ទាប់ពី​ដំណើរការ​ទាំងអស់នេះ ជំហាន​បន្ទាប់​គឺជា​ការអាន​ជីវប្រវត្តិ​របស់​អ្នកជំងឺ​នៅ​ចំពោះមុខ​សាធារណៈជន​។ ការអាន​ជីវប្រវត្តិ​របស់​អ្នកជំងឺ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​ការពិភាក្សា និង​សុំ​ការអនុញ្ញាត​ពី​អ្នកជំងឺ​ជាមុន ដោយសារតែ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​មួយចំនួន គឺ​អ្នកជំងឺ​មិន​ចង់​ឲ្យ​សមាជិកគ្រួសារ​របស់ខ្លួន ឬ​សាធារណៈជន​ដឹង​ឡើយ​។

​ជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់ អេ​លី​ណា ឡេស​លី បាន​បង្ហាញថា​អ្នកជំងឺ ដែល​បានទទួល​ការព្យាបាល​តាមរយៈ​ការផ្ដល់​សក្ខីកម្ម មាន​អាកា​រៈ​ជាសះស្បើយ ហើយ​អ្នកជំងឺ​ក៏​អាច​រៀបរាប់​ប្រាប់​ពី​ជីវប្រវត្តិ​របស់ខ្លួន​ជាថ្មី​ម្ដងទៀត​តាម​លំដាប់លំដោយ​ដែរ​។

​បន្ទាប់ពី​បញ្ចប់​ការធ្វើ​បទ​បង្ហាញ​របស់ អេ​លី​ណា ឡេស​លី លើ​ប្រធានបទ “​ការផ្តល់​សក្ខីកម្ម​ពី​ការប៉ះទង្គិច​ផ្លូវចិត្តៈ​ការព្យាបាល​របួស​ផ្លូវចិត្ត​តាមរយៈ​ការអធិប្បាយ និង​គំរូ​វប្បធម៌​នៅក្នុង​ប្រទេស​កម្ពុជា​” វា​ក៏បាន​ក្លាយជា​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​អ្នកចូលរួម​ដោយមាន​សំណួរ​ជាច្រើន​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​របស់​បេក្ខជន​បណ្ឌិត​រូបនេះ​។ សំណួរ​និង​ចម្លើយ​មួយចំនួន​ក្នុងចំណោម​សំណួរ​ទាំងអស់នោះ​គឺ​៖
​ ​១)​តើ​នៅក្នុង​ការព្យាបាល​របួស​ផ្លូវចិត្ត​នេះ​មានការ​រាប់បញ្ចូល​ជនដៃដល់​ដែរឬទេ​? តើ​អ្នកមាន​កត់សម្គាល់ឃើញ​ពី​ភាពខុសគ្នា​រវាង​ជនរងគ្រោះ និង​ជនដៃដល់​ដែរឬទេ​?
​ ​អេ​លី​ណា បាន​ឆ្លើយថា “​នៅក្នុង​ខណៈពេល​នៃ​ការព្យាបាល​របួស​ផ្លួ​វ​ចិត្ត​នេះ មាន​ប្រជាជន​មួយចំនួន​ជា​ជនដៃដល់ ក៏ប៉ុន្តែ​យើង​មិនអាច​ធ្វើការ​បែងចែក​ថា​អ្នកណា​ជា​ជនដៃដល់​ឬ​អ្នកណា​ជនរងគ្រោះ​នោះទេ ពីព្រោះ​ការពិត​មិនត្រូវ​បាន​ផ្ដោត​សំខាន់​នៅក្នុង​ដំណាក់កាល​នៃ​ការព្យាបាល​នេះ គឺ​អ្នកជំងឺ​អាច​និយាយ​អំពី​រឿងរ៉ាវ​ដែល​ខ្លួន​អាច ឬ​ចង់​និយាយ​តែប៉ុណ្ណោះ​។
​ ​២) តើ​មាន​អត្រា​បុរស ឬ​ស្ត្រី ច្រើនជាងគេ នៅក្នុង​ការព្យាបាល​នេះ​?
​ ​អេ​លី​ណា ក៏បាន​ឆ្លើយថា “​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​របស់ខ្ញុំ គឺ​បុរស​មាន​ចំនួន​ច្រើនជាង​ស្ត្រី​សម្រាប់​ការចូលរួម​ក្នុងការ​ព្យាបាល ប៉ុន្តែ​វា​ក៏​អាស្រ័យទៅលើ​គម្រោង​នីមួយៗ និង​សហគមន៍​ដែរ​។ ជាក់ស្តែង​ក្នុង​សហគមន៍​ចាម ស្ត្រី​មួយចំនួន​មិនចេះ​និយាយ​ភាសា​ខ្មែរ​ទេ ដែល​នេះ​ជា​ឧបសគ្គ​មួយ​ដ៏​លំបាក​ក្នុងការ​ទំនាក់ទំនង​។ ចំពោះ​គម្រោង​មួយចំនួន ដែល​ពាក់ព័ន្ធ​លើ​ប្រធានបទ​នៃ​ការប្រើប្រាស់​អំពើហិង្សា ខ្ញុំ​សង្កេតឃើញថា មាន​ស្ត្រី​ចូលរួម​ច្រើនជាង​បុរស តែ​ក្រៅពីនេះ វា​ក៏មាន​លំនាំ​ខុសគ្នា​រវាង​ស្ត្រី និង​បុរស ព្រោះ​ស្រី្ត​នៅក្នុង​របប​ខ្មែរក្រហម​មួយចំនួនធំ​បាន​និយាយ​អំពី​ភាពលំបាក​ក្នុងការ​ផ្ដល់កំណើត ចំណែកឯ​បុរស​វិញ ភាគច្រើន​និយាយ​ពី​
​បទពិសោធន៍​នៃ​ការធ្វើ​សឹកសង្គ្រាម​”​។
​ ​៣) តើ​មាន​ភាពខុសគ្នា​អ្វីខ្លះ​នៅពេលដែល​អ្នកធ្វើការ​នៅក្នុង​ប្រទេស​រ្វ៉ា​ន់​ដា និង​ក្នុងប្រទេស​កម្ពុជា​?
​ ​អេ​លី​ណា បាន​និយាយថា “​វា​មាន​ភាពខុសគ្នា​យ៉ាងខ្លាំង ពីព្រោះ​ស្ថានការណ៍​ប្រទេស​រ្វ៉ា​ន់​ដា នៅមាន​ភាព​តានតឹង​រវាង​ជាតិ​សាសន៍​នៅឡើយ (​សាសន៍ទូត​ស៊ី និង​ហ៊ូ​ទូ​) ដែល​នេះ​យើង​ក៏​អាចនិយាយបាន​ថា​វា​អាច​បណ្ដាលមកពី​ស្ថានភាព​នយោបាយ ដូច្នេះ​វា​ពិតជា​មានការ​លំបាក​នៅ​ពេលធ្វើការ​សម្ភាសន៍ ព្រោះ​អ្នកជំងឺ​មួយចំនួន​មិន​ចង់​និយាយ​ពី​រឿងរ៉ាវ​របស់​ពួកគេ​ទេ ហើយ​នៅពេល​សម្ភាសន៍​ពួកគេ គឺត្រូវធ្វើ​ឡើង​ដោយ​សម្ងាត់​។ ចំណែកឯ​នៅ​ប្រទេស​កម្ពុជា​វិញ​វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល ព្រោះ​អ្នកជំងឺ​រីករាយ​នឹង​និយាយ​អំពី​រឿងរ៉ាវ​ដែល​ពួកគេ​ឆ្លងកាត់​នៅក្នុង​របប​ខ្មែរក្រហម​។ វា​អាច​ដោយសារតែ​របប​ខ្មែរក្រហម បាន​ដួលរលំ​ទាំងស្រុង ដោយ​យល់ព្រម​ចុះចូល​ទាំងស្រុង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ច្ចុ​ប្បន្ន​។

​ដូចនេះ​ការពិភាក្សា​អំពី​រឿងរ៉ាវ​ដែល​កើតមានឡើង​នៅក្នុង​របប​ខ្មែរក្រហម​មានការ​បើក​ចំហរ ចំណែកឯ​ជនរងគ្រោះ​វិញ អាច​និយាយ​អំពី​បទពិសោធន៍​របស់​ពួកគេ​ដោយ​មិនមាន​ការភ័យខ្លាច​អ្វី​ឡើយ​៕ ល​