​ការពិត​!​ជន​ដែល​បាញ់​រថយន្ដក្រុង​”​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​”​រឿង​គ្រោះថ្នាក់​ចរាចរ​មិនមែនជា​អង្គរក្ស​ទេ​

946
ចែករម្លែក

(​ភ្នំពេញ​)៖​ក្រោយ​មានការ​ផ្ទុះអាវុធ​ប្រមាណ​ជិត​១០​គ្រាប់​នៅ​យប់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ នៅតាម​បណ្ដា​យ​ផ្លូវ​៥៩៨ មុខ​ដី​ឧកញ៉ា​លី​ហួរ​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ប្ញ​ស្សី​កែវ​បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដក្រុង​”​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​” និង​រថយន្ដ​ព្រូស​នោះ​គឹ​ជន​ដែល​បាញ់​មិនមែនជា​អង្គរក្ស​ទេ​ត្រូវ​សមត្ថកិច្ច​នឹង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧​នេះ ថា​ជន​ដែល​បាញ់​ទៅលើ​រថយន្ដក្រុង​ដោយសារ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​យប់មិញ​(​ថ្ងៃទី​១៦​សីហា​)​នៅ​ព្រឹក​នេះ​កំពុង​ស្ថិតក្រោម​ការសួរនាំ​របស់​កម្លាំង​នគរបាល​ជំនាញ ដើម្បី​បញ្ជូន​បន្ដទៅ​តុលាការ​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ អេង កុសល​អាយុ​៣៧​ឆ្នាំ​មុខរបរ​ទាហាន​អង្គរក្ស​នៅ​បន្ទាយ​វីរៈ​៤៩៩​។​ប៉ុន្ដែ​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន​សុវណ្ណ​បាន​បញ្ជាក់ថា​ក្រោយ​ការសួរនាំ​ជននេះ​ជា​ជន​ស៊ីវិល​មិនមែនជា​អង្គរក្ស​ហើយក៏​គ្មាន​ក្របខណ្ឌ​កងទ័ព​ដែរ​។​នាយ​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ទៀតថា​”​មិនមែនជា​អង្គរក្ស​និង​គ្មាន​ក្របខណ្ឌ​កងទ័ព​ទេ គឺជា​ជន​ស៊ីវិល ដែល​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ត្រូវ​បញ្ជូនទៅ​តុលាការ ក្នុង​បទល្មើស​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ផ្ទុះអាវុធ​អនាធិបតេយ្យ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​”​។​

​គួរ​បញ្ជាក់ថា មាន​ករណី​ផ្ទុះអាវុធ​ប្រមាណ​ជិត​១០​គ្រាប់ នៅវេលា​ម៉ោង​ប្រមាណ​ជិត​៩​យប់ ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៧​នេះ នៅតាម​បណ្ដា​យ​ផ្លូវ​៥៩៨ មុខ​ដី​ឧកញ៉ា​លី​ហួរ​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ប្ញ​ស្សី​កែវ​បណ្ដាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដក្រុង “​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​”​និង​រថយន្ដ​ព្រូស​។​បន្ទាប់ពី​កើតហេតុ​ជនបង្ក​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ជន​ដែល​បាន​បាញ់ប្រហារ ទៅលើ​រថយន្ដក្រុង​នោះបាន ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​នៅពេល​កើតហេតុ​រថយន្ដក្រុងរ​បស់​ក្រុមហ៊ុន បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​បាន​បុក​រថយន្ដ​របស់ខ្លួន​ហើយ មិន​ឈប់​នោះទេ ទើប​ខ្លួន​ដេញតាម​ពីក្រោយ​ហើយ​ដក​កាំភ្លើង​បាញ់​តែម្ដង​។ បើ​គាត់​ឈប់​ដោះស្រាយ​មិន​អី​ទេ​តែ​គាត់​ឈ្លើយ​ពេក​បុក​ហើយ​បើក​រត់​បើក​យ៉ាង​លឿន​ទៀតផង​ចុះបើ​ទៅបុក​គេ​ផ្សេង​ច្បាស់​ជា​គ្រោះថ្នាក់​យ៉ាងខ្លាំង​ហើយ​”៕S/​ដោយ​៖​ហូ​សាន់​

​ការពិត​!​ជន​ដែល​បាញ់​រថយន្ដក្រុង​”​បូព៌ា​អាស៊ី​ដឹក​អ្នកដំណើរ​”​រឿង​គ្រោះថ្នាក់​ចរាចរ​មិនមែនជា​អង្គរក្ស​ទេ​(រូប៖វ៉េបសាយ)


#