​ការយល់ឃើញ​របស់​អ្នកស្រាវជ្រាវ​បរទេស បន្ទាប់ពី​ទស្សនា​ខ្សែភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច​”

2482
ចែករម្លែក
  • 27
    Shares

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ​«​កុំ​ស្មាន​បង​ភ្លេច​» គឺជា​ខ្សែភាពយន្ត​ឯកសារ​ប្រវត្តិសាស្ត្រ​កម្ពុ​ជាមួយ ដែល​បាន​និយាយ​អំពី​សិល្បៈ​ខ្មែរ​ក្នុងអំឡុង​ទស្សវត្សរ៍​៦០ និង​ដើម​ទស្សវត្សរ៍​៧០ និង​អំពី​តន្ត្រី រ៉ក អេ​ន រ៉ូ​ល ដែល​ខ្មែរ​បាន​បាត់បង់​ក្នុងអំឡុងពេល​ប្រទេស​កើតមាន​សង្គ្រាម​។ «​កុំ​ស្មាន​បង​ភ្លេច​» ក៏​ជា​ខ្សែភាពយន្ត​ឯកសារ​មួយ​ដែល​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកសិក្សា​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ​ចូលមក​ទស្សនា និង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​តាមរយៈ​ចម្រៀង សិល្បៈ តន្ត្រី ដែល​ផ្លាស់ប្តូរ​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ និង​នៅ​អំឡុងពេល​សង្គ្រាមស៊ីវិល​។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» ក៏បាន​បង្ហាញ​ពី​គំហើញ​ថ្មី ស្តីពី​ប្រទេសមួយ​ដែល​ធ្លាប់តែ​ឮ​ពី​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍ ហើយ​ខ្សែភាពយន្ត​ឯកសារ​នេះ ក៏បាន​ដាក់បញ្ចូល​បទ​ចម្រៀង​ពី​សម័យ​ដើម​ចំនួន​៧២​បទ ដើម្បី​នាំ​អ្នកទស្សនា​ឲ្យ​បាន​យល់ដឹង​អំពី​សិល្បៈ​តន្ត្រី​ពី​សង្គម​អតីតកាល និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។

ការយល់ឃើញ​របស់​អ្នកស្រាវជ្រាវ​បរទេស បន្ទាប់ពី​ទស្សនា​ខ្សែភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច​” (​រូបថត​: ប​ណ្ណា​សារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

​នៅ​រសៀល​ថ្ងៃទី​៣១ ខែកក្កដា​កន្លងទៅ​ក៏មាន​អ្នកសិក្សា​ស្រាវជ្រាវ​អន្តរជាតិ​មួយក្រុម មកពី​ប្រទេស​អាមេរិក និង​អូស្ត្រាលី បាន​ចាប់អារម្មណ៍​មក​ទស្សនា​ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» នៅក្នុង​វិចិត្រសាល​សិល្បៈ​សហ​សម័យ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ ដោយមាន​គោលបំណង​ចង់​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​តាមរយៈ​ខ្សែភាពយន្ត​ឯកសារ​នេះ​។ អ្នកសិក្សា​ស្រាវជ្រាវ​ទាំងនេះ​យល់ឃើញថា ខ្សែភាពយន្ត​ក៏​ជា​ផ្នែក​មួយ​ជួយ​ពន្យល់​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​យល់​ថែមទៀត​។​

​បន្ទាប់ពី​បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» រួចមក មាន​អ្នកចូលរួម​ម្នាក់​ឈ្មោះ ម៉ី​ឆែ​ល បាន​បញ្ចេញ​នូវ​យោបល់​ផ្ទាល់ខ្លួន​ថា ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» នេះ ពិត​ជាមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​ការជួយ​ចែករំលែក​អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ជាពិសេស​ប្រវត្តិសាស្ត្រ​សម័យ​ខ្មែរក្រហម​។ មិនតែប៉ុណ្ណោះ ខ្សែ​ភាព​ឯកសារ​នេះ ក៏បាន​ឆ្លុះបញ្ចាំង​អំពី​សិល្បៈ និង​តន្ត្រី​ខ្មែរ​ដែល​បាន​ឈានដល់​កម្រិត​កំពូល​។ ម៉ី​ឆែ​ល បាន​បន្ថែមថា ខ្សែភាពយន្ត​ឯកសារ​នេះ ក៏បាន​បង្ហាញ​អំពី​បរិបទ​សង្គម​កម្ពុជា​ជាច្រើន​សម័យ ចាប់តាំងពី​ប្រទេស​កម្ពុជា​មិនទាន់​កើតមាន​សង្គ្រាម រហូតដល់​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម និង​រហូតដល់​មាន​សុខសន្តិភាព​។ ម្យ៉ាងទៀត ខ្សែភាពយន្ត​ឯកសារ​នេះ ក៏បាន​បង្ហាញ​ពី​ជីវភាព និង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ដែល​ពេញចិត្ត​ក្នុងការ​រស់នៅ​ប្រកបដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ មុន​ប្រទេស​កម្ពុជា​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្ត​ឯកសារ​នេះ ក៏បាន​ឆ្លុះបញ្ចាំង​នៃ​ការចម្លង​វប្បធម៌ និង​ចម្លង​សិល្បៈ​តន្ត្រី​គ្រប់​ប្រភេទ ជាពិសេស​តន្ត្រី​មកពី​លោកខាងលិច និង​បង្កើតជា​សិល្បៈ​បែប​ថ្មី​របស់ខ្លួន​។ ប៉ុន្តែ​រាល់​អ្វីៗ​ដែល​បាន​ខំ​សាង​ឡើង​ទាំងអស់ បែរជា​ត្រូវ​បាត់បង់​នៅក្នុង​អំឡុង​ពេលដែល​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។​

​ម៉ី​ឆែ​ល ក៏បាន​លើកឡើង​ពី​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ចំពោះ​ប្រទេស​កម្ពុជា​សព្វថ្ងៃ គឺ​ស្ថិតនៅក្នុង​ដំណើរការ​ស្តារឡើងវិញ​ពី​ប្រទេស​ដែល​បានខ្ទេចខ្ទាំ​ដោយ​សង្គ្រាម ដូច្នេះ​គឺ​យើង​ត្រូវការ​ពេលវេលា​មួយ​ឲ្យ​បាន​សមស្រប​ក្នុងការ​ស្តារឡើងវិញ​។ អ្វីដែល ម៉ី​ឆែ​ល កត់សម្គាល់​នោះ​គឺ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ពិតជា​មានការ​អភិវឌ្ឍ​ន៍ និង​រីកចម្រើន​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ព្រោះ គាត់​និង​ក្រុម​របស់គាត់​បាន​ដើរ​កម្សាន្ត​នៅតាម​បណ្តា​ខេត្ត​នានា ហើយ​បានឃើញ​ប្រជាជន​កម្ពុ​ជាមាន​ជីវភាព​ធូរធា និង​មាន​ដំណាំ​បន្លែបង្ការ​ស្ទើរតែ​គ្រប់​ផ្ទះ​៕ ល​