​ការរំលោភ​ដីធ្លី​រដ្ឋ​នៅ​ចំណុច​ព្រែក​ក្រសាំង ពលរដ្ឋ​កំពុងតែ​រង់​ចាំមើល​ចំណាត់ការ​

746
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អណ្តូងទឹក បានឱ្យដឹងថា ពួកគាត់​មិនទាន់​ឃើញ​មាន​វត្តមាន​ក្រុម​អាជ្ញាធរ​ឃុំ ស្រុក​ប្រធានការិយាល័យ​រៀបចំ​ដែនដី និង​មន្ទីរ​បរិស្ថាន​ខេត្តកោះកុង ចុះទៅពិនិត្យ​និង​មាន​វិធានការ​បង្ក្រាប​ចំពោះ​ជនខិលខូច​ចូល​រំលោភបំពាន​កាប់​រាន​យក​ដី​រដ្ឋ​ក្នុង​មាត់សមុទ្រ​ត្រង់ចំណុច​ព្រែក​ក្រសាំង ភូមិ​ប្រទាល ឡើយ​ទេ​រហូតមក​ដល់ពេលនេះ​។​

​ក្រុម​ប្រជាពលរដ្ឋ នៅ​ថ្ងៃទី​៣០ ខែសីហា ២០១៩​នេះ ក្នុង​លក្ខ​ខ័​ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យដឹង​យ៉ាងច្បាស់​ថា បច្ចុប្បន្ន អាជ្ញាធរ​មានដូចជា មេឃុំ​លោក ពៅ ចាន់ថន ប្រធាន​កា​រិ​យា​ល​ភូមិបាល​ស្រុក លោក អ៊ឹង វុ​ន្នី នាយក​ឧទ្យាន​តំបន់​ការពារ លោក ទូ សាវុធ អភិបាល​បាល​ស្រុក​បុ​ទុម​សារ​គរ និង​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បន្ត​បណ្តែតបណ្តោយ​ឲ្យ​ជនខិលខូច​លួច​កាប់​ទន្ទ្រាន និង​ទិញ​លក់​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​រាប់ម៉ឺន​ដុល្លារ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ខាងលើ បាន​សង្កត់ធ្ងន់​ប្រាប់​រស្មី​កម្ពុជា​ទៀតថា ពួកគាត់​មិនឃើញ​មាន​អាជ្ញាធរ​ទាំងនេះ​ចុះ​ពិនិត្យ ឬ បង្ក្រាប​ហាមឃាត់​បាន​ជនខិលខូច​ណា​ម្នាក់​ទេ ពោលគឺ​ហាក់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ដោយ​ទុក​ឲ្យ​សកម្មភាព​រំលោភបំពាន​យក​ដីស​ម្ប​តិ្ត​បន្ត​កើតមាន​យ៉ាង​អនាធិបតេយ្យ​ជា​ហូរហែរ ព្រោះ​គ្មាន​ក្រុមហ៊ុន​ឯកជន​ណាមួយ​ហ៊ាន​មក​ប្រព្រឹត្ត​បទល្មើស​នោះ គឺមាន​ពលរដ្ឋ​ខិលខូច​មួយចំនួន​ដែល​ជិតស្និត​ទ្ធ​នឹង​អាជ្ញាធរ​ថ្នាក់ក្រោម​តែម្តង​។​

​ការលើកឡើង​នូវ​ក្តី​ព្រួយបារម្ភ​របស់​ពលរដ្ឋ នៅពេល​ឃើញ​មាន​ជន​មិន​គោរព​ច្បាប់ កាប់​ដើម​ព្រែ​កោង​កាង និង​ដើម​ស្មាច់​តូចធំ រុករាន​ដី​គ្មាន​ខ្លាចរអា​ច្បាប់​បន្តិច​ណា​សោះឡើយ​។ ក្រោយ​កាប់បំផ្លាញ​ព្រៃ​រួច ក៏​ឈ្នួ​ញ​មក​តថ្លៃ​ទិញ​ភ្លាមៗ​តែម្តង និង​ត្រៀម​បន្ត​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។ ជាក់ស្តែង ការទិញ​លក់​ដីព្រៃ​លិច​ទឹក​នេះដែរ ក៏មាន​ទទួលស្គាល់​ពី​អាជ្ញាធរ​ឃុំ​អណ្តូងទឹក និង​ការិយាល័យ​រៀបចំ​ដី នគរូបនីយកម្ម និង​សំណង់​ស្រុក​បទុម​សាគរ​។​

​តាម​លិខិត​ឯកសារ​កិច្ចសន្យា​ទិញ​លក់​ដីធ្លី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ បាន​បែកធ្លាយ ហើយ​រស្មី​កម្ពុជា​ទទួលបាន បង្ហាញថា ឈ្មោះ អ៊ឹម ច័ន្ទ​សោធន ភេទ​ប្រុស សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​ព្រមព្រៀងគ្នា​លក់​-​ទិញ​ដីចម្ការ ដែល​មួយផ្នែកធំ​ជា​ដីព្រៃ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ ស្ថិតនៅ​ចំណុចកើតហេតុ​ខាងលើ ទំហំ​៤០​ហិកតា មិន​ប្រាប់ថា មាន​បណ្តោយ និង​ទទឹង​ប៉ុន្មាន ទៅ​ឲ្យ​ក្រុមហ៊ុន ភ្យូ​ឈ័​រ​-​លែ​ន អ៊ី​ន​វេស​មិន ដែលមាន​តំណាង​ឈ្មោះ លី ជី​ឆាយ ភេទ​ប្រុស សញ្ជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ដើម្បី​បន្តកាន់កាប់​។​

​ចំពោះ​លិខិត​ឯកសារ​គំនូស​បង្ហាញ​ប្លង់ដី និង​កិច្ចសន្យាលក់​ទិញ​ដីធ្លី​រដ្ឋ​ខាងលើ គឺ​សុទ្ធតែ​មានការ​ទទួលស្គាល់​ពី​អភិបាលស្រុក​បូ​ទុម​សាគរ លោក ទូ សាវុធ លោក ពៅ ច័ន្ទ​ថន ប្រធានការិយាល័យ​ភូមិបាល​ស្រុក លោក ឃៀង យិ​ង និង​ស្នាម​ផ្តិតមេដៃ​ភាគី​ទិញ​លក់​សងខាង​ផងដែរ​។​

​ទន្ទឹម​នោះ ប្រជាពលរដ្ឋ​ឃុំ​អណ្តូងទឹក ដដែល ក៏​ស្នើ​យ៉ាងទទូច​ដល់​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ពិសេស​លោកស្រី​អភិបាលខេត្ត​កោះកុង បើ​មិន​ជឿជាក់​នឹង​ព័ត៌មាន​នេះ​ទេ សូម​ចាត់​មន្ត្រី​ជំនាញ​ចុះ​ធ្វើ​អធិការកិច្ច​ពិនិត្យ និង​អនុវត្ត​តាមច្បាប់​ចំពោះ​ជនល្មើស​ជាបន្ទាន់​ដល់ទី​តាំង​បទល្មើស​ផ្ទាល់ ខណៈ​សកម្មភាព កាប់​ទន្ទ្រាន​ដីព្រៃ​លិច​កំពុង​កើតមាន​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បទុម​សាគរ​។​

​ពាក់ព័ន្ធ​ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ខាងលើ​នេះដែរ លោក ពៅ ច័ន្ទ​ថន ប្រធានការិយាល័យ​រៀបចំ​ដែនដី​ស្រុក លោក អ៊ឹង វុ​ន្នី នាយក​គ្រប់គ្រង​ឧទ្យាន​ជាតិ​ស្រុក​បុ​ទុម​សាគរ បាន​បដិសេធ​សុំ​មិន​ធ្វើការ​បកស្រាយ​បំភ្លឺ​អ្វី​ទេ ដោយ​បង្វែរ​សំណួរ​អ្នកសារព័ត៌មាន​ទៅ​សួរ​លោក ទូ សាវុធ អភិបាលស្រុក​បុ​ទុម​សាគរ​វិញ ដែល​ត្រៀម​ឡើង​តំណែង​ជា​អភិបាលរង​ខេត្តកោះកុង នៅ​រសៀល​ថ្ងៃទី​៣០ ខែសីហា ២០១៩​នេះ​។ ចំណែក​លោក ទូ សាវុធ អភិបាលស្រុក​បូ​ទុម​សាគរ វិញ មិនបាន​លើកឡើង​ទូរស័ព្ទ​ឆ្លើយតប​របស់​អ្នក​សា​ព័ត៌មាន​ដែរ​។​

​លោក ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន អះអាងថា លោក​ពុំទាន់​ព័ត៌មាន​នេះ​នៅឡើយ​ទេ ខណៈ​ក្រសួងបរិស្ថាន​កំពុង​តាមដាន​ស្រាវជ្រាវ និង​ចំណាត់​វិធានការ​លើ​ជន​ដែល​បំពាន​លើ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ ការពារ នៅពេលដែល​ទទួលបាន​ឯកសារ​លក់​ទិញ​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ដែលមាន​ការបញ្ជាក់​ពី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក និង​ខេត្ត​។​

​គួរ​រំលឹក​លោក រស់ សា​រាំ អយ្យការ​អម​សាលាដំបូង ធ្លាប់​បង្ហាញថា លោក​នឹង​រៀបចំ​ជា​ឯកសារ​ជូនដំណឹង​ពី​ចំណុច​ដែល​រង​ការបំពាន​ដោយ​ជនល្មើស​ទោះ​ស្គាល់មុខ​ក្តី​មិន​ស្គាល់​ក្តី​ទៅដល់​អាជ្ញាធរ​ដែនដី​មូលដ្ឋាន​ដោយ​ភ្ជាប់​ទាំង​ផែនទី​បញ្ជាក់​ពី​ទីតាំង​ដី​ដែល​រង​ការរំលោភបំពាន​បន្ទាប់​ពី​ទទួល​សំណុំរឿង​ប្តឹង​ដោយ​មន្ទីរ​បរិស្ថាន​។ ដូច្នេះ​គ្រប់​មន្ត្រី​ឧទ្យាន​ជាតិ​និង​មន្ទីរ​បរិស្ថាន​ចាំបាច់​ពិនិត្យ​ស្រាវជ្រាវ​រាល់​ការចេញលិខិត​បញ្ជាក់​ឬ​លិខិត​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ។​

​លោក រស់ សា​រាំ ព្រះរាជអាជ្ញា ក៏​រំលេច​អំពី​សារ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ដែល​បង្ហោះ​សារ​តាម​បណ្តាញ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​កន្លងទៅ​ថ្មីៗ​នេះ​ថា​«​គ្មាន​នរណាម្នាក់​អាចមាន​សិទ្ធិ​ទន្ទ្រាន​កាន់កាប់ លក់ដូរ ផ្ទេរសិទ្ធិ​កាន់កាប់​ដីធ្លី ឬ​បញ្ជា​ក់លើ​លិខិតស្នាម​កាន់កាប់ ឬ​លក់ដូរ​ដី​ក្នុង​តំបន់ការពារធម្មជាតិ​បានឡើយ​។
​ការទន្ទ្រាន​កាន់កាប់ ការលក់ដូរ​ការផ្ទេរ​ដី​ក្នុង​តំបន់ការពារធម្មជាតិ​គឺ​ផ្ទុយ​នឹង​ច្បាប់​ភូមិបាល​និង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​»​។
​គិត​ចាប់ពី​ដើមខែ​មករា​ឆ្នាំ​២០១៩​មកទល់ពេលនេះ​សាលាដំបូង​ខេត្តកោះកុង​ប្រកាស​សាលក្រម​សំណុំ​រឿងក្តី​បទ​ល្មើ​ល​បរិស្ថាន​បាន​ចំនួន​៧៩​សាលក្រម ជាក់ស្តែង​កំពុង​បន្ត​ជំនុំជម្រះ​សវន​ការបន្ថែម​។​
​យោងតាម​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ដែល​រដ្ឋ​សភាព​អនុម័ត​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០០៧ ជំពូក​ទី​១០ បទល្មើស​ធនធានធម្មជាតិ និង​ទោស​ប្បញ្ញា​ត្តិ​មាត្រា​៥៣ បាន​ចែងថា ទណ្ឌកម្ម​នៃ​បទល្មើស​ធនធានធម្មជាតិ​ក្នុង​តំបន់ការពារធម្មជាតិ មានទោស​ដាក់ពន្ធនាគា​រ ទោសពិន័យ​ដោយ​តុលាការ ពិន័យ​អន្តរការណ៍ រឹបអូស​វត្ថុតាង ជួសជុល​ស្តារ​ការខូចខាត ព្រមាន ព្យូ​រ ដកហូត​លិខិតអនុញ្ញាត ឬ​លុប​កិច្ចសន្យា​។​

​មាត្រា​៥៦ បុគ្គល​ដែល​ប្រព្រឹត្តល្មើស​នឹង​បទ​ប្បញ្ញា​ត្តិ​នៃ​ច្បាប់ ត្រូវ​ទទួលទោស​ដូចតទៅៈ ៤-​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៤ ទទួលទោស​ដាក់ពន្ធនាគា​រ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ និង​ទោសពិន័យ​ជា​ប្រាក់​ពី​ដប់​ប្រាំ​លាន​រៀល​ទៅ​មួយរយ​ហាសិប​លាន​រៀល​។ ករណី​បុគ្គល​ប្រព្រឹត្តល្មើស​ជា​នីតិបុគ្គល​នោះ​ទោសពិន័យ​ជា​ប្រាក់​ពីមួយ​រយ​ហាសិប​លាន​រៀល ដល់​ពីរ​រយ​ហាសិប​លាន​រៀល​។ វត្ថុតាង​រឹបអូស​ជា​សម្បត្តិ​រដ្ឋ​៕