​ការសិក្សា​ប្រវត្តិសាស្ដ្រ​តាមរយៈ​ភាពយន្ត​ឯកសារ​

318

វាគ្មិន​កំពុង​រៀបរាប់​រឿងរ៉ាវ​ដែល​ធ្លាប់បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម ប្រាប់​ដល់​និស្សិត​

(​ភ្នំពេញ)៖ ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៧ និស្សិត​ផ្នែក​ច្បាប់​ឆ្នាំ​ទី​១ ជាង​៦៥​នាក់ មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ចាប់អារម្មណ៍​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​សាល​សិល្ប​សហ​សម័យ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​វារ​គ្មិ​ន​ពីររូប គឺ​លោក ប៉េង ផល្លា និង លោក ឡុង សំ​សារឹម ដែលជា​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​។​

​មុននឹង​ចាប់ផ្តើម កម្មវិធី លោក ឆាំង យុ បាន​សំណេះសំណាល ទៅកាន់​និស្សិត​ទាំងអស់ និង​បង្ហាញ ពី​សារសំខាន់​នៃ​ការចងចាំ​អំពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន តាមរយៈ​ភាពយន្ត​មែ​ប្រមូល​ចងក្រង​ឯកសារ​ក្នុងសម័យ​ខ្មែរក្រហម​។

​ក្នុងឱកាស​នោះដែរ និស្សិត​ទាំងអស់​បាន​ទស្សនា​កុន​ឯកសារ​រឿង ​«​កុំ​ស្មាន​បង​ភ្លេច​» ជា​ខ្សែភាពយន្ត​និយាយ​អំពី​អំឡុង​ទសវត្សរ៍​៦០ និង​ដើម​ទសវត្សរ៍​៧០ ដែល​ឆ្លុះបញ្ចាំង​អំពី​ត​ន្រី រ៉ក អេ​ន រ៉ូ​ល ដែល​ខ្មែរ​បាន​បាត់បង់​អំឡុងពេល​ប្រទេស​មាន​សង្គ្រាម​។ តន្ត្រី​មួយ​នេះ គឺ​បាន​ចម្លង​ចេញពី​បស្ចិមប្រទេស ដោយមាន​ឬ​សគល់​នៃ​ត​ន្រី្ត​ដើម​របស់ខ្លួន និង​បាន​បង្កើតជា​តន្ត្រី​មួយបែប​ថ្មី ខុសពី​តន្ត្រី​ដទៃ​។ ត​ន្រី្ត​ករ​ខ្មែរ​បាន​បង្កើត​តន្ត្រី​មួយបែប​នេះ ចេញពី​ក្បួនខ្នាត​ដ៏​សំខាន់​នៃ​តន្ត្រី​រ៉ក​ផ្សេងៗ​របស់ អាមេរិក អង់គ្លេស និង​បារាំង​ដោយ​ដាក់បញ្ចូល​សំឡេង និង​ចង្វាក់​តន្ត្រី​ប្រពៃណី​ខ្មែរ​តែមួយគត់​របស់ខ្លួន​។ សំឡេង​ដ៏​ពិ​រោះ​របស់​អ្នកចម្រៀង​ស្ត្រី​ដែល​ល្បីឈ្មោះ បាន​ក្លាយជា​ចំណុច​ទាក់ទាញ ហើយ​ធ្វើ​ឲ្យ​តន្ត្រី​ច្នៃប្រឌិត​មួយ​នេះ​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សំណាក់​សាធារណជន​។ ប៉ុន្តែ​នៅពេលដែល​សង្គម​ខ្មែរ ជាពិសេស​តន្ត្រី​វ័យក្មេង ដែល​ទទួលយក​វប្បធម៌​បស្ចិមប្រទេស ហើយ​បាន​វិវឌ្ឍន៍​ខ្លួន​ក្រោម​ឥទ្ធិពល​នៃ​វប្បធម៌​នេះ ប្រទេស​កម្ពុជា​គឺ​បាន​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​យ៉ាង​ឆាប់រហ័ស​។​
«​កុំ​ស្មាន​បង​ភ្លេច​» ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក បាន​ជីក​កកាយ​នូវ លក្ខណៈ​ធាតុ​ផ្សំ​របស់​តន្ត្រី​ខ្មែរ​ដែល​បានប្រែក្លាយ​ទៅជា​តន្ត្រី រ៉ក អេ​ន រ៉ូ​ល ហើយ​បាន​រីក ចម្រើន​ឆ្ពោះទៅមុខ ប៉ុន្តែ​ស្ទើរតែ​ត្រូវ​បាប​បំផ្លិច​បំផ្លាញចោល​ទាំងស្រុង​នៅក្នុង​របប​ប្រល័យ ពូជសាសន៍​ខ្មែរក្រហម​។ ខ្សែភាពយន្ត​ឯកសារ​នេះ បានផ្តល់​គំហើញ​ថ្មី​ស្តីពី​ប្រទេសមួយ ដែល​ធ្លាប់តែ​ឮ​ពី​សង្គ្រាម និង​អំពើ​ប្រល័យពូជសាសន៍​។ ខ្សែភាពយន្ត​នេះ នឹង​នាំ​យើង​ជា អ្នកទស្សនា​បាន​យល់ដឹង​អំពី​សិល្បៈ​តន្ត្រី​ពី​សង្គម​អតីតកាល និង​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។​

​បន្ទាប់ពី​បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​រឿង​« កុំ​ស្មាន​បង​ភ្លេច​» នេះ​មក និស្សិត ទាំងអស់​ដែល​ចូលរួម មានការ​ពេញចិត្ត​ចំពោះ​ភាពយន្ត​នេះ​ណាស់​។ អ្នក​ទាំងអស់គ្នា​យល់ ថា ភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» នេះ ពិត​ជាមាន​សារសំខាន់​ណាស់ ព្រោះ ភាពយន្ត​នេះ បាន​ឆ្លុះបញ្ចាំង​ពី​អតីតកាល​ជាច្រើន​ជំនាន់​នៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​

​ជាមួយគ្នានេះដែរ អ្នក​ដែល​ចូលរួម​មានឱកាស​ចោទសួរ​ជា​សំណួរ​ទៅកាន់​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​អំពី​ចម្ងល់​ទាំងឡាយ​ជុំវិញ​កុន​ឯកសារ​នេះ និង​មូល ហេតុ ក៏ដូចជា​គោលបំណង​ដែល​បង្កើត​ឲ្យ​មាន​កុន​ឯកសារ​នេះ​មក និង​ជាពិសេស​ចម្ងល់ មួយចំនួន​ដែល​ទាក់ទង​នឹង​របប​ខ្មែរក្រហម​។​ក្នុងនោះដែរ និស្សិត​បាន​ចោទ​ជា​សំណួរ​ថាៈ​
​ ​១) តើ​មូលហេតុ​អ្វីដែល​ជំរុញ​ឲ្យ​លោក​បង្កើត​នូវ​កុន​ឯកសារ​នេះ​ឡើង​?
​ ​២) តើ​កុន​ឯកសារ​នេះ​បានផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​ប្រវត្តិសាស្ត្រ​កម្ពុជា​?
​ ​៣) តើ​មូល​ហេតុអ្វី​បានជា​មាន​អំពើ​ប្រល័យពូជសាសន៍​នៅ​ប្រទេស​កម្ពុជា​?៕L ដោយៈ ហូ ថុ​នា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

និស្សិត​កំពុងតែ​ទស្សនា​ខ្សែភាពយន្ត​ឯកសារ «​កុំ​ស្មាន​បង​ភ្លេច​» នៅ​សាល​សិល្បៈ សហ​សម័យ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​