​ការស្រឡាញ់​ព្រៃឈើ​ប្រៀបដូចជា​ស្រឡាញ់​ខ្លួនឯង​

429
ចែករម្លែក

ដោយ: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ:
​ខ្ញុំ​ឈ្មោះ ណា​ង ស៊ីណា ភេទ​ស្រី អាយុ​២៣​ឆ្នាំ​។ ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ភូមិ​ដាក់​ផ្កា ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ខ្ញុំ​គឺជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​ប្រាំ​នៅក្នុង​គ្រួសារ​។​

ណា​ង ស៊ីណា បង្ហាញ​អំពី​ចំណាប់អារម្មណ៍​ចំពោះ​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​»

​ក្រុមគ្រួសារ​របស់ខ្ញុំ​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​សម្រាប់​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។ ឪពុក​របស់ខ្ញុំ​គឺជា​អតីត​យោធា​ខ្មែរក្រហម​។ គាត់​បាន​ពិការ​ជើង​ខាងឆ្វេង​ដោយសារតែ​ជាន់​គ្រាប់មីន​ដែល​បាន​កប់​ក្នុង​ដី​នៅ​អំឡុងពេល​សង្គ្រាម ទសវត្សរ៍​ឆ្នាំ​៧០​។ បន្ទាប់ពី​ខ្ញុំ​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ខ្ញុំ​បាន​ផ្អាក​ពី​ការសិក្សា​អស់​រយៈពេល​២​ឆ្នាំ ដើម្បី​ជួយ​កិច្ចការងារ​របស់​គ្រួសារ ដោយសារតែ​គ្រួសារ​របស់ខ្ញុំ​មាន​ជីវភាព​ខ្វះខាត​។ ប៉ុន្តែ​សព្វថ្ងៃនេះ​ខ្ញុំ គឺជា​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ទីផ្សារ​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នៅក្នុង​ខេត្តសៀមរាប​។ ដំបូង ខ្ញុំ​មានបំណង​ចង់​សិក្សា​ផ្នែក​កសិកម្ម ប៉ុន្តែ​ដោយសារតែ​សាកលវិទ្យាល័យ មិនមាន​សិស្ស​គ្រប់​ចំនួន​ដើម្បី​សិក្សា​លើ​មុខវិជ្ជា​នេះ​ទើប​តម្រូវ​ឲ្យ​ខ្ញុំ​ប្តូរ​ទៅ​សិក្សា​ខាង​ផ្នែក​ទីផ្សារ​វិញ​។

ណា​ង ស៊ីណា បង្ហាញ​អំពី​ចំណាប់អារម្មណ៍​ចំពោះ​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​»

​ខ្ញុំ​សប្បាយចិត្ត​ណាស់​នៅពេលដែល​បាន​ទស្សនា​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​រឿង​«​ឆ្មាំ​ព្រៃ​» ដែលជា​ខ្សែភាពយន្ត​មួយ​រៀបរាប់​អំពី​ធនធានធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» បាន​ប្រាប់​ខ្ញុំ​អំពី​អតីតកាល បច្ចុប្បន្នកាល និង​ជាការ​ដាស់តឿន​ស្មារតី​របស់ខ្ញុំ​នៅ​ថ្ងៃ​អនាគត​ដែរ​។ ឪពុក​របស់ខ្ញុំ​ធ្លាប់បាន​ប្រាប់​ខ្ញុំ​ថា នៅក្នុង​ប្រទេស​កម្ពុជា គឺ​ពិតជា​សម្បូរ​ទៅដោយ​ព្រៃឈើ និង​សត្វព្រៃ ជាពិសេស​នៅតាម​ជួរ​ភ្នំ​ដែល​លាតសន្ធឹង​នៅតាម​ព្រំដែន ហើយក៏​មិនសូវមាន​ប្រជាជន​រស់នៅ​ច្រើន​កុះករ​ដែរ​នៅតាម​តំបន់​ទាំងនោះ​។ ប៉ុន្តែ​បច្ចុប្បន្ន អ្វីៗ​បាន​ផ្លាស់ប្តូរ​អស់​ទៅហើយ​។ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ចំនួន​ប្រជាជន​កាន់តែ​កើនឡើង ហើយ​តម្រូវការ​នៃ​ការប្រើប្រាស់​ដីធ្លី​ក៏មាន​កាន់តែច្រើន​ដែរ​។ ដូច្នេះ ព្រៃឈើ​ពិតជា​ប្រឈមមុខ​ខ្ពស់​ចំពោះ​ការបាត់បង់​ពី​ភពផែនដី​នេះ​។ រាល់​ពេលដែល​ខ្ញុំ​សម្រាក​ពី​ការសិក្សា និង​ទៅលេង​ស្រុកកំណើត ជារឿយៗ ខ្ញុំ​បានឃើញ​ប្រជាជន​ដឹកឈើ និង​ឧស​ដែល​បាន​ពុះ​ជា​ចំរៀក ដឹក​តាម​គោយន្ត​ជា​បន្តបន្ទាប់​គ្នា​នៅលើ​ដងផ្លូវ​។ ខ្ញុំ​មិនដឹងថា​តើ​ប្រជាជន​ដឹកឈើ​ទាំងអស់នេះ​ទៅ​លក់ ឬ​ធ្វើ​អ្វី​នោះទេ​។ ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​នៅពេលដែល​ឃើញ​សកម្មភាព​ដូច្នេះ​។ ទោះបីជា​ដើមឈើ​ទាំងនោះ​គឺជា​ប្រភេទ​ឈើ​តូចៗ ឬក៏​ឈើ​ធំៗ​ក៏ដោយ ប៉ុន្តែ​ដើមឈើ​ផ្តល់​ផលប្រយោជន៍​ដូចៗ​គ្នា​សម្រាប់​ជីវិត​
​មនុស្ស និង​ភពផែនដី​របស់​យើង​។ សម្រាប់​ខ្ញុំ ដើមឈើ​គឺជា​ដង្ហើម​នៃ​ជីវិត​។ ដូច្នេះ​ការស្រឡាញ់​ធម្មជាតិ​ក៏ដូចជា​ការស្រឡាញ់​ខ្លួនឯង​ដែរ​។

ព្រះ​តេជគុណ ប៊ុន សា​លួត ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកទស្សនា​ខ្សែភាពយន្ត​ឯកសារ រឿង «​ឆ្មាំ​ព្រៃ​» នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ខេត្តសៀមរាប​

​ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​ប្រជាជន ដែល​រស់នៅ​ពឹងផ្អែក​ទៅលើ​ការធ្វើ​កសិកម្ម​។​នៅពេលដែល​ព្រៃឈើ​ត្រូវបាន​បំផ្លិចបំផ្លាញ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាច​បណ្តាល​ឲ្យ​មាន​គ្រោះរាំងស្ងួត​និង​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់​ដែល​នឹង​ផ្តល់​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការធ្វើ​ស្រែចម្ការ​របស់​ប្រជាជន​។​ការបាត់បង់​ព្រៃឈើ​អាច​បង្ក​ឲ្យ​កើតមាន​គ្រោះធម្មជាតិ​ផ្សេងៗ​។

​សម្រាប់​ខ្ញុំ ព្រះ​តេជគុណ ប៊ុន សា​លួត គឺជា​ព្រះសង្ឃ​ដែលមាន​ទេពកោសល្យ​ដ៏​អស្ចារ្យ អាច​សម្រេចបាន​នូវ​កិច្ចការ​ដ៏​ធំធេង ដែល​កម្រ​នឹងមាន​អ្នកធ្វើ​ដូច​ព្រះអង្គ​។ កិច្ចការ​របស់​ព្រះអង្គ បានបង្ហាញ​ឲ្យ​ពិភពលោក​មើលឃើញ​ពី​ភាពរឹងមាំ និង​ដំណើរការ​នៃ​ការដោះស្រាយ​វិបត្តិ​ដែល​នៅ​សេសសល់​ក្នុងប្រទេស​កម្ពុជា​បន្ទាប់​ពី​សង្គ្រាម​។

ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» កំពុងតែ​ចាក់​បញ្ចាំង​នៅក្នុង​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ខេត្តសៀមរាប​

​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្នាំ​ព្រៃ​» បានធ្វើ​ឲ្យ​ខ្ញុំ​រំភើប​យ៉ាងខ្លាំង​នៅពេលដែល​ខ្ញុំ​បានឃើញ​សត្វព្រៃ​ផ្សេងទៀត​ដែល​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​ពីមុនមក និង​ព្រៃឈើ​ជាច្រើន​ដែល​ខ្ញុំ​តែងតែ​គិតថា បាន​បាត់​បង់អស់​ទៅហើយ​។ ខ្សែភាពយន្ត​ឯកសារ​នេះ​ក៏បាន​ប្រាប់​ខ្ញុំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ផល​លំបាក​បន្ទាប់ពី​សង្គ្រាម​បានបញ្ចប់​។

​ខ្ញុំ​មាន​ក្តី​ស្រមៃ​ចង់​ក្លាយជា​អ្នក​អភិរក្ស​ធនធានធម្មជាតិ​ម្នាក់ ហើយ​ខ្ញុំ​សង្ឃឹមថា ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នឹង​លើកទឹកចិត្ត​មនុស្ស​គ្រប់រូប​ឲ្យ​ស្រឡាញ់ និង​ការពារ​ធនធានធម្មជាតិ​ឲ្យ​នៅ​គង់វង្ស​៕

និស្សិត​កំពុង​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​រឿង «​ឆ្មាំ​ព្រៃ​» នៅក្នុង​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ខេត្តសៀមរាប