​ការអនុវត្ត​បើកប្រាក់​ខែ​០២​ដង​ក្នុង​ខែមករា​កម្ពុជា​សម្រេចបាន​៨៧​ភាគរយ

419
ចែករម្លែក
  • 55
    Shares

ដោយ​៖​ពៅ​និមល​/​ភ្នំពេញ​៖​បន្ទាប់ពី​ចូលរួម​អនុវត្តន៍​បើកប្រាក់​ខែ​ចំនួន​២​ដង​ក្នុង​មួយខែ​(២​សប្តាហ៍​បើក​ម្តង​)​ទៅដល់​បុគ្គលិក​កម្មករនិយោជិត​ក្នុង​វិស័យ​ឯកជន​ទាំងអស់​ទូទាំងប្រទេស​។​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាងថា​ក្នុង​ខែមករា​កន្លងទៅនេះ​សម្រេចបាន​ពី​៨៥​ទៅ​៨៧​ភាគរយ​។

​លោក​អ៊ុក​ចាន់ធូ​ប្រធាន​នាយកដ្ឋាន​អធិការកិច្ច​ការងារ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា​នៅសល់​ប្រមាណ​ជាង​១០​ភាគរយ​លើ​ការអនុវត្តន៍​ការងារ​បើកប្រាក់​ខែ​នេះ​ដោយសារតែ​ភាពមិន​ចុះសម្រុង​គ្នា​រវាង​បុគ្គលិក​កម្មករនិយោជិត​និង​និយោជក​។​មូលហេតុ​មួយ​ផ្សេងទៀត​ដោយសារ​ការរៀបចំ​ខាង​ផ្នែក​រដ្ឋបាល​រោងចក្រ សហគ្រាស មិនទាន់​ចប់សព្វគ្រប់​លើ​ការទូទាត់​។

​លោក​បាន​ឲ្យ​ដឹង​ទៀតថា​ប្រសិនបើ​ក្នុងករណី​ម្ចាស់​(​ថៅកែ​)​សហគ្រាស​គ្រឹះស្ថាន​រូប​ណា​មិន​ចូលរួម​អនុវត្តន៍​ឬ​ចចេស​មិន​ព្រម​អនុវត្តន៍​លើ​ការងារ​ខាងលើនេះ​ខាង​មន្ត្រី​ផ្នែក​អធិការកិច្ច​ការងារ​នឹង​អនុវត្ត​តាមច្បាប់​ស្តីពី​ការងារ​ចេញ​ទៅលើ​ភាគី​ទាំងនោះ​។​ដោយឡែក​សម្រាប់​បុគ្គលិក​កម្មករនិយោជិត​បើ​មានការ​តវ៉ា​ឬ​មាន​ភាព​រឹងទទឹង​មិន​ព្រម​ទទួលយក​វិញ​នោះ​ក្រុមការងារ​ក្រសួង​ក៏​នឹង​ចុះទៅ​ពន្យល់​ផ្ទាល់​នៅ​ទីកន្លែង​តែម្តង​។​ដើម្បី​ឲ្យ​គាត់​បាន​យល់​និង​ដឹង​ច្បាស់​អំពី​លក្ខខណ្ឌ​នៃ​ការអនុវត្ត​ច្បាប់​ទាំងនោះ​ដូចគ្នា​។​

​ទាក់ទិន​បញ្ហា​នេះ អ្នកនាង ដាវី ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ​ផលិត​សម្លៀកបំពាក់​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ខាង​រោងចក្រ​របស់​អ្នកនាង​បាន​អនុវត្ត​លើ​ការងារ​នេះ​ដោយ​ជោគជ័យ​គឺ​មិនមាន​បញ្ហា​អ្វី​ទេ រវាង​កម្មករនិយោជិត និង​និយោជក​។​

​សូម​រំលឹកថា ចាប់ពី​ខែមករា ឆ្នាំ​២០១៩​តទៅ រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​ម្ចាស់​សហគ្រាស គ្រឹះស្ថាន​ទាំងឡាយណា​ដែល​ស្ថិតនៅក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​ត្រូវ​រៀបចំ​ឲ្យ​មានការ​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ចំនួន​២​ដង​ក្នុង​មួយខែ​។​

ដោយ​ត្រូវ​បើក​លើក​ទី​១​ស្មើនឹង​ចំនួន​៥០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​សុទ្ធសាធ​ក្នុង​១​ខែ​ក្នុង​សប្តាហ៍​ទី​២​។​លើក​ទី​២​ស្មើនឹង​ចំនួន​ប្រាក់​ឈ្នួល​សុទ្ធសាធ​ដែល​នៅសល់​ប្រាក់​ឈ្នួល​បន្ទាប់បន្សំ​និង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​កម្មករនិយោជិត​ត្រូវ​ទទួលបាន​នៅក្នុង​ខែ​នីមួយៗ​ក្នុង​សប្តាហ៍​ទី​៤​។​ចំពោះ​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​ប្រកាស​ខាងលើ​ត្រូវ​ទុកជា​និរាករណ៍​៕S/