​ការិយាល័យ​ឥណទាន​កម្ពុជា​និង​អេ​អឹម​ខេ​សហ​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​

495
ចែករម្លែក
  • 13
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​ការិយាល័យ​ឥណទាន​កម្ពុជា (​ស៊ី​ប៊ី​ស៊ី​) និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​បាន​សហការគ្នា​លើ​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​អតិថិជន​និង​បាន​ដាក់ឱ្យ​ដំណើរការ​សេវា​នេះ​នៅតាម​សាខា​របស់​អេ​អឹម​ខេ​ចាប់ពី​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៩​តទៅ​។​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​គឺជា​សេវាកម្ម​មួយ​ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន ឬ លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឥណទាន ដោយ​ខ្លួនឯង​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​កិ​ច្ខ​សហប្រតិបត្តិការ​លើ​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ កាលពី​រសៀល​ថ្ងៃទី​១៥ ខែ កុម្ភៈ​ឆ្នាំ​២០១៩​នៅ​ទីស្នាក់ការ​កណ្តាល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្នុង​រយៈពេល​ជាង​៦​ឆ្នាំ​នៃ​ប្រតិបត្តិការ​ស៊ី​ប៊ី​ស៊ី​បានចាប់ផ្តើម​និង​ផ្តោត​ចំបង​ជាមួយនឹង​របាយការណ៍​ឥណទាន​អតិថិជន​ដែល​អនុញ្ញាតឱ្យ​សមាជិក​របស់​យើង​អាច​ស្វែងយល់​ពី​អតិថិជន​របស់​ពួកគេ​កាន់តែច្បាស់ និង ធ្វើការ​សម្រេចចិត្ត​លើ​ការផ្តល់​ឥណទាន​ប្រកបដោយ​ប្រសិទ្ធិភាព និង ទំនួល​ខុសត្រូវ​។

បន្ថែម​ពីលើ​នេះ​ប្រព័ន្ធ​នេះ​ក៏បាន​ជួយ​ដល់​អតិថិជន​ទូទៅ​ក្នុងការ​ស្នើសុំ​និង​ស្វែងយល់​អំពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​ឱ្យ​កាន់តែ​ប្រសើរឡើង​ដែល​នឹង​ជួយ​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការស្នើសុំ​កម្ចី​។ មិនតែប៉ុណ្ណោះ ប្រព័ន្ធ​នេះ​ក៏​ចូលរួមចំណែក​ដល់​ស្ថេរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ និង សេដ្ឋកិច្ច​ផងដែរ​“​។

​លោក​បន្តថា “​ដោយ​មើលឃើញ​ពី​សារសំខាន់​នៃ​របាយការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា និង ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​ដែល​រស់​នៅតាម​បណ្តា​ខេត្ត​ទើប​ការិយាល័យ​ឥណទាន​កម្ពុជា​បាន​ពង្រីក​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដោយ​ធ្វើ​កិច្ច​សហប្រតិបត្តិ​អាជីវកម្ម​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ គឺ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលមាន​សាខា​ជាង​១៥០ ទូទាំងប្រទេស ក្នុង​ការផ្តល់​សេវាកម្ម​នេះ ដោយ​ជំ​ហ៊ាន​ដំបូង​យើង​ដាក់អោយ​ដំណើរការ​នៅតាម​សាខា​របស់​អេ​អឹម​ខេ ចំនួន​៥ ហើយ​គ្រោង​នឹង​ពង្រីក​ទូទាំងប្រទេស​នៅ​បំណាច់​ឆ្នាំ​២០១៩​នេះ​”​។​

​សូមជម្រាបថា​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​គឺជា​សេវាកម្ម​មួយ​របស់​ស៊ី​ប៊ី​ស៊ី​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន ឬ លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឥណទាន ដោយ​ខ្លួនឯង​តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ស៊ី​ប៊ី​ស៊ី​។​

ដើម្បី​ប្រើប្រាស់​សេវាកម្ម​នេះ​អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ​ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​និង​មាន​សុពលភាព​ហើយ​អញ្ជើញ​ទៅកាន់​សាខា​ទាំង​៥​របស់​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ​អេ​អឹម​ខេ​ភីអិលស៊ី​ដូចជា​ទីស្នាក់ការ​កណ្តាល​សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ចោមចៅ​៣ សាខា​កំពង់ចាម សាខា​ខេត្តកណ្តាល និង​សាខា​ខេត្តសៀមរាប ។​

​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានប្រសាសន៍ថា​“​អេ​អឹម​ខេ​មាន​ក្តី​សោមនស្ស​រីករាយ​ដោយបាន​ចាប់ដៃ​គូ​សហ​ប្រតិ​ប​ត្ដិ​ការ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា​(​ស៊ី​ប៊ី​ស៊ី​)​ក្នុងការ​បម្រើសេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​រឹតតែ​ទូលំទូលាយ​តាមរយៈ​ការស្នើសុំ​ត្រួតពិនិត្យ​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នៅតាម​សាខា​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ​។

​បច្ចុប្បន្ន​អេ​អឹម​ខេ​បានផ្តល់​សេវា​ទៅដល់​អតិថិជន​ជាង​៧៦​ម៉ឺន​នាក់​និង​មាន​សាខា​គ្រប់​ដណ្តប់​គ្រប់​ស្រុក​និង​ឃុំ​ទូទាំងប្រទេស​។​ដូច្នេះ​សេវា​ហិរញ្ញវត្ថុ​មួយ​នេះ​នឹង​ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងយល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​និង​ត្រៀមខ្លួន​រួចរាល់​ប្រកបដោយ​ការទទួលខុសត្រូវ​ក្នុងការ​ទទួលបាន​ប្រាក់កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​”​។

​សូម​ជម្រាប​ដោយ​ចាប់ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១២​ស៊ី​ប៊ី​ស៊ី​បាន​បម្រើ​ដល់​សមាជិក​និង​អតិថិជន​ជាមួយនឹង​សេវាកម្ម​ស្នូល​គឺ​របាយការណ៍​ឥណទាន​អតិថិជន​។​ប្រព័ន្ធ​នេះ​បាន​ចូលរួមចំណែក​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និង វិស័យ​ហិរញ្ញវត្ថុ​៕S/

ចំណងជើង​រូ​បថ​តៈ​ការិយាល័យ​ឥណទាន​កម្ពុជា (​ស៊ី​ប៊ី​ស៊ី​) និង គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី​បាន​សហការគ្នា​លើ​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​អតិថិជន​(​រូប​សុផល​)