​កាសែត​បោះ​ពុ​ម្ភ​នៅ​វៀតណាម​និង​កម្ពុជា​ប្រឈមមុខ​ដូចគ្នា​នឹង​ការធ្លាក់ចុះ​អ្នកអាន​

936
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ ការឈាន​មកដល់​នូវ​យុគសម័យ​ឌីជីថល​និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ពត៌មាន​ព្រមទាំង​ការរីក​សុះសាយ​របស់​បណ្តាញ​សង្គម​(SocialMedia)​អ៊ី​ន​ធើ​ណិ​ត​និង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នោះបាន​ធ្វើឱ្យ​កាសែត​បោះ​ពុ​ម្ភ​នៅ​ពាសពេញ​ពិភពលោក​ប្រឈម​នឹង​បញ្ហា​ស្រដៀងៗ​គ្នា​។​ការថយចុះ​នូវ​ចំនួន​អ្នកអាន​និង​ការធ្លាក់ចុះ​ការផ្សាយពាណិជ្ជកម្ម​ដែលជា​ចំណូល​ដ៍​ធំ​សម្រាប់​សារពត៌មាន​។​

​នៅ​កម្ពុជា​កាសែត​ប្រពៃណី​ក៏​ប្រឈម​នឹង​បញ្ហា​ដូចគ្នានេះដែរ​បន្ទាប់ពី​ការវាយលុក​និង​ការកើនឡើង​របស់​កាសែត​តាម​អន​ឡាញ​និង​បណ្តាញ​សង្គម​ដូចជា ហ្វេ​ស​ប៊ុ​ក​ជាដើម​។​ចំណែក​នៅ​ប្រទេស​វៀតណាម ក៏​ប្រឈម​បញ្ហា​ដូចគ្នា​។​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទីក្រុង​ហូជីមិញ​ទីក្រុង​ហាណូយ​និង​ខេត្ត​និ​ញ​ប៊ិ​ញ​កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ទៅ​របស់​អ្នកកាសែត​កម្ពុជា​ចំនួន​១០​រូប​មកពី​ស្ថាប័នរដ្ឋ​និង​ឯកជន​។​តប​តាម​ការអញ្ជើញ​របស់​ក្រសួងពត៌មាន​និង​សារ​ទូរគមនាគមន៍​ប​ច្ចេក​វិទ្យា​វៀតណាម​នោះ​ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​នេះ និង​ការផ្លាស់ប្តូ​រលើ​វិស័យ​ពត៌មាន​រវាង​ប្រទេស​ទាំងពីរ​។​
​ ​
​សូមជម្រាបថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ គណៈប្រតិភូ​អ្នក​សារពត៌មាន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក អ៊ុក​គឹម​សេង​អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន​បានធ្វើ​ទស្សនកិច្ច​និង​ធ្វើការ​ផ្លាស់ប្តូរ​ព័ត៌មាន​នៅ​ស្ថាប័ន​កាសែត​ច្បាប់​ទីក្រុង​ហូជីមិញ​(PHAPLUAT),​។​សមាគម​អ្នកកាសែត​វៀតណាម​ក្រុង​ហូជីមិញ​,​អតីត​វិមាន​រដ្ឋ​នៃ​ប្រធានាធិបតី​វៀតណាម​ខាងត្បូង​,​កាសែត​សេដ្ឋកិច្ច​សៃ​ហ្គ​ន​ថា​ម​,​ស្ថានីយ៍វិទ្យុផ្សាយសម្លេង​វៀតណាម VOV,​។​កាសែត​កីឡាបាល់ទាត់ Bongda,​កាសែត​វប្បធម៌​VAN HOA,​កាសែត​កសិកម្ម NONG THON Ngay Nay ,​ទស្សនា​កម្សាន្ត​នៅ​វត្ត​បៃ​ឌី​ញ​និង​រមណីយដ្ឋាន​ទេសចរណ៍ ឆាង​អាន (Trang An)​ខេត្ត និ​ញ​ប៊ិ​ញ ។​

​លោក ស្រី ឡេ​ថា​ញ់ ង៉ា ជំនាញការ​នៃ​ការិយាល័យ​បណ្ដុះបណ្ដាល​សារព័ត៌មាន​និង​ទំនាក់ទំនង​ការទូត ក្រសួង​ព័ត៌មាន​និង​សារគមនាគមន៍​បច្ចេក​វិទ្យា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បាន​បញ្ជាក់ថា​៖​ក្រសួង​ព័ត៌មាន​និង​សារគមនាគមន៍​បច្ចេក​វិទ្យា​វៀតណាម​បាន​អញ្ជើញ​គណៈប្រតិភូ​កម្ពុជា​បានមក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នាពេលនេះ​គឺ​ដើម្បី​បង្កើន​ចំណងមិត្តភាព​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ព័ត៌មាន​កម្ពុជា​និង​ក្រសួង​ព័ត៌មាន​វៀតណាម​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត លើ​វិស័យ​ព័ត៌មាន​។

ក្រៅពី​គម្រោង កិច្ចសហប្រតិបត្តិការ លើ​ការផ្លាស់ប្តូរ ចែករំលែក​បទពិសោធ​ន៍ ផ្នែក​វិស័យ​ព័​ត៏​មាន ភាគី​វៀតណាម​ចង់​ឲ្យ​គណៈប្រតិភូ​កម្ពុជា​មានឱកាស​បានមក​ទស្សនា​អំពី​អ​តី​តៈ​អគារ​វិមាន​រដ្ឋ​អគារ​ប្រ​វ​តិ្ត​សាស្ត្រ​របស់​ថ្នាក់ដឹកនាំ​វៀតណាម​និង​តំបន់​ទេសចរ​ផងដែរ​។​

​លោក​អ៊ុក​គឹម​សេង​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​តំណាង​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​ថ្នាក់ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ទស្សនៈកិច្ច​នៅ​វៀតណាម​បាន​បញ្ជាក់ថា​៖​ដំណើរ​ទស្សនៈ​ជា​ផ្លូវការ​របស់​អ្នកកាសែត​កម្ពុជា​នៅ​ប្រទេស​វៀតណាម​នាពេលនេះ​តាម​កម្មវិធី​ស្នើសុំ​របស់​ភាគី​វៀតណាម​។

​ទៅតាម​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ព័ត៌មាន​កម្ពុជា​និង​ក្រសួង​ព័ត៌មាន​និង​សារ​ទូរគមនាគមន៍ បច្ចេកវិទ្យា​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ធ្វើយ៉ាងណា បានផ្ដល់​ឱកាស ជូន​ដល់​មន្ត្រី​ផ្នែក​ព័ត៌មាន​ឫ​អ្នកកាសែត​កម្ពុជា​បានមក​បំពេញ​ទស្សនកិច្ច​។​ដើម្បី​ផ្លាស់ប្ដូរ​ចែករំលែក​បទពិសោធន៍​លើ​វិស័យ​ព័ត៌មាន​គ្រប់គ្រង​ព័ត៌មាន​គ្រប់គ្រង​ការចេញផ្សាយ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​វិជ្ជាជីវៈ​របស់ខ្លួន ។​

នៅក្នុង​ជំនួប​ពិភាក្សា ជារួម​ភាគី​ទាំងពីរ​បាន​ផ្តោតទៅលើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍ ពត៌មាន ចំណេះដឹង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពត៌មាន​។​ក្នុងចំណោម​នោះ​ប្រធានបទ​ការធ្លាក់ចុះ​កាសែត​បោះ​ពុ​ម្ភ​និង​ដំណោះស្រាយ​បញ្ហា​នេះ ក៏ត្រូវ​បាន​លើក​យកមក​ពិភាក្សា​និង​ចែករម្លែក​ផងដែរ​។​​

លោក​MaiNgocPhu​អគ្គនាយក​កាសែត​ច្បាប់​វៀតណាម​ឈ្មោះ​ផាប​លុត​បាន​មានប្រសាសន៍ថា​៖​បច្ចុប្បន្ន​អ្នកអាន​ចូលចិត្ត​អាន​ពត៌មាន​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​និង​បណ្តាញ​សង្គម​មិនសូវ​ចូលចិត្ត​អាន​កាសែត​បោះ​ពុ​ម្ភ​ដូច​មុន​ទេ​។​ដូច្នេះ​ដើម្បី​ទប់​ការធ្លាក់ចុះ​នេះ​ផាប​លុត​បាន​បង្កើត​គេហទំព័រ​អន​ឡាញ​ដើម្បី​ទាក់ទាញ​អ្នកអាន​។​

លោក​បាន​បញ្ជាក់ថា​៖«​ដើម្បី​រក្សា​ការអាន​កាសែត​បោះ​ពុ​ម្ភ​ឱ្យនៅ​គង់វង្ស​ពត៌មាន​ដែល​ផ្សព្វផ្សាយ​តាម​អន​ឡាញ គឺ​សម្រាប់តែ​ព័ត៌មាន​ទាន់​ហេតុការណ៍ និង​គ្រាន់តែ​ជម្រាប​ជា​ដំណឹង​។ តែ​កាសែត​បោះ​ពុ​ម្ភ ត្រូវ​សរសេរ​លម្អិត​វិភាគ​ស៊ីជម្រៅ​និង​ធ្វើកំណែទម្រង់​ថ្មីៗ​»​។​លោក​MaiNgocPhuoc​បាន​លើកឡើងថា​«​ចង់​លឿន​រហ័ស​ខ្លីៗ​ទាន់​ហេតុការណ៍​ត្រូវ​អាន​សារព័ត៌មាន​Online ប៉ុន្តែ​ប្រសិន​ចង់​លម្អិត ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ត្រូវ​អាន​កាសែត​» ។​

​លោក MaiNgocPhuoc​បាន​បង្ហើប​ពី​របៀប​ដែល​នាំ​ឲ្យ​កាសែត​ខ្លួន​នៅតែ​ពេញនិយម​សម្រាប់​អ្នកអាន​ថា ការបង្កើត​កាសែត​Online​ឬ​ព័ត៌មាន​Online​ពី​កាសែត​បោះ​ពុ​ម្ភ​គឺជា​រឿង​ចាំបាច់​និង​ស្របតាម​កាលៈទេសៈ​នៃ​ភាពទាន់សម័យ​។​ប៉ុន្តែ​មិនអាច​ព្រោះតែ​រត់តាម​សភាព​ទាន់សម័យ​ត្រូវ​សម្លាប់​ការផ្សាយ​របស់​កាសែត​បោះ​ពុ​ម្ភ​របស់ខ្លួន​ទេ​។​ដូច្នោះ​ជា​យុទ្ធសាស្ត្រ​ត្រូវ​ឲ្យ​អ្នកអាន​មាន​ជម្រើស​ក្នុង​បរិបទ​២​នោះ​បើ​ចង់​រហ័ស លឿន ខ្លី អាន​Online តែបើ​ចង់​លម្អិត​អាន​កាសែត​បោះ​ពុ​ម្ភ​។​

​និពន្ធ​នាយក​នៃ​កាសែត​Phapluat​ដែល​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩០​បាន​បន្តទៀតថា​ភាព​ស៊ីជម្រៅ​គ្រប់​ជ្រុងជ្រោយ​និង​ប្រកបដោយ​ខ្លឹមសារ​គឺជា​អ្វីដែល​ស្ថាប័ន​កាសែត​បោះ​ពុ​ម្ភ​ត្រូវ​រក្សា​ឲ្យ​បាន​ដើម្បី​ប្រកួតប្រជែង​នឹង​សារព័ត៌មាន​Online​។​គួរ​ជម្រាប​ថា​៖PHAPLUAT​ជា​កាសែត​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​នៅ​ទីក្រុង​ហូជីមិញ​បោះ​ពុ​ម្ភ​ក្នុង​មួយ​ថ្ងែ​ចំនួន​៦​ម៉ឺន​ច្បាប់​។​ចំណែក​អន​ឡាញ​មាន​អ្នកមើល​ពី​៧​សែន​ទៅ​១​លាន​នាក់​ក្នុង​១​ឆ្នាំ​រកចំណូលបាន​ប្រមាណ​៦០​ពាន់​លាន​ដុង និង​មាន​បុគ្គលិក​ជិត​២០០​នាក់​។​

​ចំណែក លោក ចាន់ មិញ​ហ៊ុ​ង​(Tran Minh Hung) និពន្ធ​នាយក​កាសែត​សេដ្ឋកិច្ច Saigon Time Group ដែលមាន​អាយុកាល​ជិត​៣០​ឆ្នាំ​បាន​មានប្រសាសន៍ថា​៖​កាសែត​SaigonTime​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩១ ស្ថិតក្នុង​សាជីវកម្ម​របស់​ក្រុមហ៊ុន​។ Saigon Time Group ជា​កាសែត​សេដ្ឋកិច្ច​សៃ​ហ្គ​ន​ដ៏​ធំ​មួយ មាន​ទាំង​កាសែត​បោះ​ពុ​ម្ភ​ដែល​ចេញផ្សាយ​ជា​ភាសារ​វៀតណាម​និង​ភាសារ​អង់គ្លេស​និង​មាន​ជា​គេហទំព័រ​ឬ​ហៅថា​កាសែត​Online​។​ជា​រៀងរាល់ថ្ងៃ​កាសែត​នេះ​បាន​ផ្សាយ​ដោយ​ផ្តោតជាសំខាន់​លើ​ព័ត៌មាន​សេដ្ឋកិច្ច​,​ព័ត៌មាន​តម្លៃ​ទីផ្សារ​,​ការទិញ​លក់​អចលនទ្រព្យ -​ល​-​។

​លោក​បាន​លើកឡើងថា​លោក​យល់ស្រប​ដែរ​ថា​ព័ត៌មាន​Online​បាន​ក្លាយជា​ឧបសគ្គ​ក្នុង​ការលក់​កាសែត​បោះ​ពុ​ម្ភ ។​ប៉ុន្តែ Saigon Time បាន​សិក្សា និង​យល់ច្បាស់​ថា អតិថិជន​គោលដៅ​របស់ខ្លួន ភាគច្រើន​អ្នក​ធុរកិច្ច​អ្នកគ្រប់គ្រង​អ្នកជំនាញការ​និស្សិត​និង​ពលរដ្ឋ​ទូទៅ​ដែល​ចាប់អារម្មណ៍​ពី​សេដ្ឋកិច្ច​នៅតែ​ចូលចិត្ត​អាន​កាសែត​ជាង​អាន​តាម​ទូរ​សព្ទ័​ព្រោះតែ​កាសែត​បាន​បែងចែក​ទម្រង់​ព័ត៌មាន​ជា​២​ប្រភេទ​។

លោក​អគ្គនាយក Saigon Time បាន​ឲ្យ​ដឹងថា​«​យុទ្ធសាស្ត្រ ដែល​នាំ​ឲ្យ​អតិថិជន​នៅតែ​ស្មោះស្ម័គ្រ​ថា គេហទំព័រ​ព័ត៌មាន​SaigonTime​គ្រាន់តែ​ជា​អ្វីដែល​យើង​បន្ថែម​ពីលើ​កាសែត​បោះ​ពុ​ម្ភ​ប៉ុន្តែ​អត្ថបទ​វិភាគ​ស៊ីជម្រៅ​ផ្នែក​សេដ្ឋកិច្ច នឹង​មានតែ​ក្នុង​កាសែត​បោះ​ពុ​ម្ភ​ប៉ុណ្ណោះ »​។​

​លោក​លី​វ៉ាន់​ហយ​និពន្ធ​នាយករង​កាសែត​កសិកម្ម​បានលើកឡើង​ថា​សម័យ​បច្ចេកវិទ្យា​ពត៌មាន​និង​ការ​លុកលុយ​ពី​បណ្តាញ​សង្គម​កាសែត​កសិកម្ម​ក៏​ទទួលរង​សម្ពាធ​ពី​អន​ឡាញ​ដែរ​។​ដូច្នេះ​កាសែត​កសិកម្ម​បានធ្វើ​កំណែទម្រង់​និង​ធ្វើ​បច្ចុប្បន្នភាព​(Update)​ជាប្រចាំ​ដើម្បី​ទាក់ទាញ​អ្នកអាន​។​

កាសែត​បោះ​ពុ​ម្ភ​ត្រូវតែ​សរសេរ​លម្អិត​គ្រប់​ជ្រុងជ្រោយ​និង​វិភាគ​ស៊ី​ម្រៅ​។​ឯ​អន​ឡាញ​គ្រាន់តែ​ជាការ​ជូនដំណឹង​។​ជា​លទ្ធផល កាសែត​បោះ​ពុ​ម្ភ​នៅតែ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​។​ចំណូល​៧០​ទៅ​៨០​ភាគរយ​បាន​ពី​កាសែត​បោះ​ពុ​ម្ភ​។​

គួរ​ជម្រាប​ថា​កាសែត​កសិកម្ម​បោះ​ពុ​ម្ភ​៦​ម៉ឺន​ច្បាប់​ក្នុង​១​ថ្ងៃ​និង​កាសែត​អន​ឡាញ​មាន​អ្នកមើល​ប្រហែល​១​លាន​នាក់​ក្នុង​១​ថ្ងៃ​។​មាន​បុគ្គលិក​ជាង​២០០​នាក់​។​លោកស្រី​ថាច់​ធី​ធិ​ន​ថាវ​និពន្ធ​នាយករង​កាសែត​កីឡា​BongdaNewspaper​បានឱ្យដឹងថា​៖​កាសែត​បុ​ង​ដា​និយាយ​តែ​ពី​កីឡាបាល់ទាត់​ក្នុងស្រុក​និង​អន្តរជាតិ​។​ស្ថាប័ន​នេះ​មាន​កាសែត​បោះ​ពុ​ម្ភ​និង​អន​ឡាញ​។​

​កាសែត​ប្រពៃណី​នេះ​ប្រឈម​នឹង​បញ្ហា​ការលក់​ធ្លាក់ចុះ​ដោយសារ​ឌីជីថល​វាយលុក​។​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​កាន់តែខ្លាំង​បុ​ង​ដា​បាន​បង្កើត​កាសែត​អន​ឡាញ​មួយទៀត​។​ក្រោយមក​កាសែត​បោះ​ពុ​ម្ភ​បុ​ង​ដា​បានធ្វើ​កំណែទម្រង់​ជាច្រើនលើក​ច្រើនសារ​ដើម្បី​ទាញ​អ្នកអាន​ត្រឡប់មកវិញ​ទីបំផុត​កាសែត​បោះ​ពុ​ម្ភ​បានទទួល​ការគាំទ្រ​ច្រើន​ឡើងវិញ​។​

​ចំណែក​លោកស្រី​និពន្ធ​នាយក​កាសែត​វប្បធម៌​បានឱ្យដឹងថា​កាសែត​វប្បធម៌​ក៏​ប្រឈម​នឹង​ការធ្លាក់ចុះ​ដែរ​សម័យ​ឌីជីថល​។​កាសែត​នេះ​រកចំណូលបាន​ពី​ការលក់​កាសែត​ការផ្សាយពាណិជ្ជកម្ម​និង​ប្រភព​ផ្សេងៗ​ទៀត ហើយ​រដ្ឋាភិបាល​វៀតណាម​បាន​ជួយ​បន្ថែម​ទើប​អាច​នៅរស់​ដល់​សព្វថ្ងៃ​៕S/

ចំណងជើង​រូបថត​៖ គណៈប្រតិភូ​សារពត៌មាន​កម្ពុជា​ទស្សនកិច្ច​នៅ​វៀតណាម​ដឹកនាំ​ដោយ លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន​(​រូបៈ​សុផល​)
ចំណងជើង​រូបថត​៖ គណៈប្រតិភូ​សារពត៌មាន​កម្ពុជា​ទស្សនកិច្ច​នៅ​វៀតណាម​ដឹកនាំ​ដោយ លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួងពត៌មាន​(​រូបៈ​សុផល​)