​កាំកុងត្រូល​បំផ្លាញចោល​សាច់មាន់​ចម្រុះ​ខូចគុណភាព​ជាង​៥០០​គ​ក្រ​

1156
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​ក្រោយពី​ការស្ទាក់ចាប់​រឹបអូស​សាច់មាន់​ចម្រុះ​ខូចគុណភាព​ជាង​៥០០​គ​ក្រម​ន្ត្រី​កាំកុងត្រូល​និង​សមត្ថកិច្ច​ចម្រុះ​នៃ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​បាន​ប្រញាប់​នាំទៅ​បំផ្លាញចោល​តែម្តង​។​

ផលិតផល​នោះ​ត្រូវ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​ស្ទាក់​ចាប់បាន​តាម​ដងផ្លូវ​លំ​ម្តុំ​ផ្សារ​អគ្គ​ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​បោយ​ប៉ែត កាលពី​ថ្ងៃទី​៧ សីហា​ឆ្នាំ​២០១៧​។​

​លោក ស៊ាន​ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ប្រាប់​សារព័ត៌មាន​ថា​ជនល្មើស​និង​ទំនិញ​ត្រូវ​បង្ក្រាប​នេះ គឺជា​កម្មករ​អូស​រទេះ​មុខ​ដដែល ហើយ​ព្យាយាម​ពាំងមុខ​ទទួលខុសត្រូវ​ជំនួស​ឈ្មួញ​លាក់​មុខ ហើយ​យក​រូបភាព​កម្សត់​ក្រីក្រ ពិការ​ជរា​មក​អង្វរ​សមត្ថកិច្ច​ធ្វើអោយមាន​ក្តី​សន្តោស​មេត្តា​។

​កម្មករ​នោះបាន​លួច​ដឹកទំនិញ​ផលិត​សាច់មាន់​ចម្រុះ​ខូចគុណភាព​និង​ហាម​នាំចូល​ប្រទេស​កម្ពុជា​ដែល​បង្កប់​តាម​រទេះដឹក​អីវ៉ាន់​ផ្សេងៗ​ពី​ថៃ ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​

​សមត្ថកិច្ច​និយាយ​បន្តថា​ជនល្មើស​ទាំង​២ ម្នាក់​ជា​ឈ្មួញ​ស្រី​ជា​ម្ចាស់​សាច់មាន់ និង​ម្នាក់​ជា​បុរស​អូស​រទេះ​ជា​អ្នកស៊ីឈ្នួល​ដឹក ។​ប៉ុន្តែ ពេល​សារព័ត៌មាន​សួរ​មន្ត្រី​កាំកុងត្រូល​បែរជា​និយាយថា​ខ្លួន​នៅតែ​មិន​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​ឈ្មួញ​នោះ​។​

គឺ​ស្គាល់​តែ​កម្មករ​អូស​រទេះ​ដដែល​ពិបាក​នឹង​ចាប់បញ្ជូន​ទៅអោយ​តុលាការ​កាត់ទោស​ណាស់​ព្រោះ​មើលទៅ​ពិបាក​ភ្នែក​ពេក​។​កម្មករ​នោះ​ធ្លាប់​ត្រូវ​មន្ត្រី​ជំនាញ​ខាងលើ សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​បសុព្យាបាល​ខេត្ត ចាប់​សាច់មាន់​ខូចគុណភាព​ជាង​៥០០​គីឡូក្រាម ដុត​កម្ទេចចោល​ម្តង​រួចហើយ កាលពី​២​ខែ​មុន​។​

​លោក​ប្រធាន​សាខា​ថា សមត្ថកិច្ច​បានទទួល​ការលំបាក​ក្នុងការ​សម្រេចចិត្ត​។​ប៉ុន្តែ​បើ​លើក​ក្រោយ​នៅតែ​មិន​ព្រម​រាងចាល សមត្ថកិច្ច​អស់​ភាព​អត់ធ្មត់​ហើយ​។​គឺ​ចាប់​បញ្ជូនទៅ​ដាក់គុក​ហើយ​៕ S/ ដោយ :​ប​.​ជ័យ​

រូបថត :​សាច់មាន់​ចម្រុះ​ខូចគុណភាព​ជាង​៥០០​គ​ក្រ កាំកុងត្រូល​បំផ្លាញចោល​នៅ​ប៉ោយប៉ែត (​រូប​:​ភ្នំ​ស្វាយ )