​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​អនុម័ត​ឲ្យ​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម ២៤០០ មេ​ហ្កា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​

129
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​-​ភ្នំពេញ​៖​ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានសម្រេច​អនុម័ត​លើ “​ការធានា​របស់​រាជរ​ដ្ឋា​ភិ​បាល​សម្រាប់​គម្រោង​ទិញ​ថាមពល​អគ្គិសនី​ផលិត​ដោយធ្យូងថ្ម ២៤០០ មេ​ហ្កា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​”​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ តាមរយៈ​ហ្វេ​សបុក​ផ្ទាល់​របស់លោក​នា​ព្រឹក​ថ្ងៃទី ១១ ខែ កញ្ញា នេះ ។​

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ១១ ខែកញ្ញា ២០១៩ នៅទីស្តីការនាយករដ្ឋមន្រ្តី វិមានសន្តិភាព។ (រូបថតលោក កុក គី)

​គម្រោង​ទិញ​ប្រភព​អគ្គិសនី​ផ្ទាល់​ពី​រោងចក្រ​ផលិត​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ចំនួន ២ របស់​ប្រទេស​ឡាវ​ដែលមាន​អានុភាព​សរុប ២៤០០ មេ​ហ្កា​វ៉ាត​ ឋិត​នៅ​តំបន់​រ៉ែ​ធ្យូង​ថ្ម​​នៃ​ខេត្ត​សេកុង​ប្រទេស​ឡាវ ។

​លោក ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹង​ទៀតថា​៖​ កាលពីខែមិថុនា ឆ្នាំ ២០១៩ កន្លងមក​អគ្គិសនី​កម្ពុជា​បានធ្វើ​ដំណើរទៅ​ចរចា​ជាមួយ​សម​ភាគី​ឡាវ​ដែលមាន​អគ្គិសនី​ឡាវនិងក្រសួង​ថាមពល​និង​រ៉ែ​នៃ​ប្រទេស​ឡាវ​លើ​បញ្ហា​ទិញ​ប្រភព​អគ្គិសនី​ពី​រោងចក្រ​ផលិតអគ្គិសនី​ដុត​ធ្យូង​ថ្ម​របស់​ប្រទេស​ឡាវ​នេះ ហើយ​ជា​ជំហាន​ដំបូង​បាន​ឯកភាពគ្នា​ជាគោលការណ៍​ចំនួន​៣​ចំណុច​គឺ​៖​អគ្គិសនី​កម្ពុជា​ត្រូវ​ចរចា​កិច្ចព្រមព្រៀង​ទិញ-លក់​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMPANY LIMITED ចំនួន ៦០០ មេ​ហ្កា​វ៉ាត់ និងជាមួយ​ក្រុម​ហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED ចំនួន១៨០០មេ​ហ្កា​វ៉ា​ត់ ដែល​បានទទួល​សម្បទានធ្វើការ​អភិវឌ្ឍ​អណ្តូងរ៉ែ​ធ្យូងថ្ម​និង​រោងចក្រ​ផលិត​អគ្គិសនី​ពី​រដ្ឋាភិបាល​ប្រទេស​ឡាវ ។​

ក្រសួង​រ៉ែនិង​ថាមពល​នៃ​ប្រទេស​ទាំង​២ អគ្គិសនី​កម្ពុជា​និង​សម​ភាគី​ឡាវ​បានធ្វើ​ការចរចា​ជា​បន្តបន្ទាប់​និង​បាន​ឯកភាពគ្នា​លើ​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ទិញ-លក់​ថាមពល​អគ្គិសនី​ទាំង ២ ខាងលើ​និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេងទៀត​ដែលមាន​ចំណុច​គន្លឹះ​សំខាន់ៗ​ដូចខាងក្រោម​៖
គម្រោង​វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី​ទាំង ២ ដែលមាន​អានុភាព ២៤០០ មេ​ហ្កា​វ៉ា​ត់​ក្នុង​ទឹកដី​ប្រទេស​ឡាវ​គឺជា​គម្រោងប្រើប្រាស់​រ៉ែ​ធ្យូងថ្ម​នៅនឹងកន្លែង​ហើយ​ត្រូវ​ផ្គត់ផ្គង់​អគ្គិសនី​ផ្តាច់មុខ​ទាំងអស់​មក​ប្រទេស​កម្ពុជា​ដោយ​ភ្ជាប់​ផ្ទាល់​មក​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​របស់កម្ពុជា​ដូច​គម្រោង​ប្រភព​អគ្គិសនី​ក្នុងប្រទេស​កម្ពុជា​មិន​ឆ្លងកាត់​ប្រព័ន្ធ​ផ្គត់ផ្គង់​អគ្គិសនី​ឡាវ​ឡើយ ។​

​ទំហំ​វិនិយោគ​របស់​គម្រោង​ទាំង​២​សរុប​ចំនួន​៤៩៧០​លាន​ដុល្លារ​អាម៉េរិក​ដែល​គិត​ទាំង​ហេ​ដ្ឋា​រចនាសម្ព័ន​អណ្តូងរ៉ែ​ធ្យូងថ្ម រោងចក្រ ផលិត​អគ្គិសនី​អនុ​ស្ថានីយនិង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​មកដល់​ព្រំដែន​កម្ពុជា​-​ឡាវ​។អាណត្តិ​នៃ​កិច្ចព្រមព្រៀង​ទិញ​-​លក់​ថាមពល​អគ្គិសនី មាន​រយៈពេល​៣០ ឆ្នាំ ។ អានុភាព​ផលិត ២៤០០ មេ​ហ្កា​វ៉ា​ត់​​​​​ ក្នុងនោះ​បញ្ចេញ​ពី​ក្រុមហ៊ុន TSBP SEKONG POWER AND MINERAL COMP ANY LIMITEDចំនួន ៦០០ មេ​ហ្កា​វ៉ា​ត់ និង ពី​ក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED ចំនួន ១៨០០ មេ​ហ្កា​វ៉ា​ត់ ។ ការដាក់​ឲ្យ​ដាក់​ដំណើរការ​រោងចក្រ​អគ្គិសនី​ចែកជា​៤ ជំហាន​គឺ ៖​ទី​១.​នៅ​ចុងឆ្នាំ ២០២៤ ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន ១គ្រឿង​ទំហំ ៣០០ មេ​ហ្កា​វ៉ា​ត់ ,​ទី​២.​នៅ​ឆ្នាំ ២០២៥ ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន ២ គ្រឿង​ទំហំ ៦០០ មេ​ហ្កា​វ៉ា​ត់​, ទី​៣.​នៅ​ឆ្នាំ​២០២៦ ដាក់​ឲ្យដំណើរការ​ម៉ាស៊ីន​២​គ្រឿង​ទៀត​ទំហំ ៦០០ មេ​ហ្កា​វ៉ា​ត់ និង ទី​៤.​នៅ​ឆ្នាំ ២០២៧ ដាក់​ឲ្យ​ដំណើរការ​ម៉ាស៊ីន ៣​គ្រឿង​ទំហំ ៩០០ មេ​ហ្កា​វ៉ា​ត់ ។​

​ក្រុមហ៊ុន​ផលិត​អគ្គិសនី​នៅ​ប្រទេស​ឡាវ​ទាំង២ខាងលើ​មាន​កាតព្វកិច្ច​សាងសង់​អនុ​ស្ថានីយ​និង​ខ្សែបណ្តាញ​បញ្ជូន​តង់ស្យុង​ខ្ពស់ ៥០០ គីឡូវ៉ុល​ដើម្បី​បញ្ជូន​ប្រភព​អគ្គិសនី​ដែល​លក់​នេះ​មក​ព្រំដែន​កម្ពុជា​-​ឡាវនៅ​ខេត្ត​ចម្ប៉ា​សាក់​ប្រទេស​ឡាវ​ជាប់​នឹង​ខេត្តស្ទឹងត្រែងប្រទេសកម្ពុជា ​ចំណែក​អគ្គិសនី​កម្ពុ​ជាមាន​កាតព្វកិច្ច​សាងសង់​អនុ​ស្ថានីយ​និង​ខ្សែ​បញ្ជូន​អគ្គិសនី ៥០០ គីឡូវ៉ុល​ពី​រាជធានី​ភ្នំពេញ​ទៅ​ភ្ជាប់​នឹង​ខ្សែ​ប​ញ្ជូន​នេះ​ដើម្បី​ទទួលយក​ថាមពល​អគ្គិ​ស​នី ។​

​ថាមពល​ផលិត​ជា​មូលដ្ឋាន​ដែល​ភាគី​កម្ពុជា​ធានា​ទិញ​គឺ ៨៥% នៃ​អនុភាព​បញ្ចេញ​របស់​រោងចក្រ​ផលិត​អគ្គិសនី​របស់​ក្រុមហ៊ុនទាំង២។ ថ្លៃ​លក់​ថាមពល​អគ្គិសនី​ឲ្យ​អគ្គិសនី​កម្ពុជា​នៅ​ចំណុច​ព្រំដែន​គឺ​ស្មើនឹង ៧,៧ សេន​អាម៉េរិក​ក្នុង​១គីឡូវ៉ាត់ម៉ោង​និង​ថេរ​សម្រាប់អាណត្តិ​នៃ​កិច្ចព្រមព្រៀង​ទិញ​-​លក់​អគ្គិសនី​រយៈពេល​៣០ឆ្នាំ​។​ពន្ធ​នាំចូល​និង​អាករ​លើ​តម្លៃបន្ថែម (VAT)​លើ​ថ្លៃ​អគ្គិសនី​ទិញ​ចូលមក​កម្ពុជាជា​បន្ទុក​របស់​រដ្ឋ​៕​Ha

#