​កិច្ចប្រជុំ អាយ​ស៊ី​ស៊ី​-​អង្គរ រយៈពេល​២​ថ្ងៃ​ទទួលបាន​លទ្ធផល​គួរឱ្យ​មោទនភាព​

151

​ដោយៈ​បាយ័ន​/​សៀមរាប​÷​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១​និង​ពេញអង្គ​លើក​ទី​២៥​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្រប​សម្រួលការ​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​៤​និង​ទី​៥​ខែធ្នូ​ឆ្នាំ​២០១៨​បាន​បិទ​បញ្ចប់​ជាមួយនឹង​លទ្ធផល​ដ៏​គួរឱ្យ​មោទនភាព​។

​កិច្ចប្រជុំ ដែល​អម​ជាមួយនឹង​ការ​ប្រារព្ធ​ខួប ២៥​ឆ្នាំ របស់​អាយ​ស៊ី​ស៊ី​-​អង្គរ ដែលមាន​ការចូលរួម​ពី​ព្រះ​វត្តមាន​ដ៏​ថ្លៃថ្លា​របស់ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​សាទរ​ពី​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​។​

លទ្ធផល​ដែល​ទទួលបាន​ពី​ការ​ប្រារព្ធ​ខួប ២៥​ឆ្នាំ នៃ​ការបង្កើត​អាយ​ស៊ី​ស៊ី​-​អង្គរ កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​ពេញអង្គ​២៥ រួមមាន លោកជំទាវ Audrey AZOULAY អគ្គនាយិកា​អង្គការ​យូណេស្កូ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​របស់​គណៈកម្មាធិកា​រ អាយ​ស៊ី​ស៊ី​-​អង្គរ​រយៈពេល​២៥​ឆ្នាំកន្លងមក​។​បានចាត់ទុក​យន្តការ​នេះ​ជា​យន្តការ​គំរូ​សម្រាប់​ពិភពលោក​ទាំងមូល​លើ​កិច្ចការ​សហប្រតិបត្តិកា​រ​អន្តរជាតិ​លើ កិច្ចការងារ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។

​លោកស្រី​Audrey AZOULAY ក៏បាន​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ការចុះបញ្ជី​ល្ខោនខោល (​វត្ត​ស្វាយ​អណ្តែត​) ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស ជាតិ​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នាទី​ក្រុង​ព័រ​ល្វី សាធារណរដ្ឋ​ម៉ូ​រី ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហ៊ុន សែន បាន​អបអរសាទរ​ចំពោះ​ជោគជ័យ និង​វាយតម្លៃ​ខ្ពស់​ដល់​អាយ​ស៊ី​ស៊ី​-​អង្គរ ព្រមទាំង​ថ្លែងអំណរគុណ​ដល់​គ្រប់​ដៃគូ​អន្ដរជាតិ​ទាំងអស់ ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​។
​ព្រម​ជាមួយគ្នានេះ សម្ដេច​ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ និង​អន្ដរជាតិ បន្ដ​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស ហិរញ្ញវត្ថុ និង​ធនធានមនុស្ស ហើយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាជន​កម្ពុជា ត្រូវ​ចូលរួម​សហការគ្នា​ឱ្យបាន​ល្អ ដើម្បី​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។

​បន្ថែម​ពីនេះ​ទៀត​ប្រមុខ​រាជរដ្ឋាភិបាល​បានផ្តល់​សារ​ដល់​បណ្ដា​គណបក្សនយោបាយ​មួយចំនួន​នៅ​កម្ពុជា ក៏ដូចជា​បុគ្គល​មួយចំនួន កុំឱ្យ​ញុះញង់​ប្រជាពលរដ្ឋ ឬ​ឆ្លៀតឱកាស​ទៅកាន់​កាប់​តំបន់​បេតិកភណ្ឌ ទាំង​តំបន់​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ និង​តំបន់​ប្រាសាទ​ដែល​បម្រុង​ចុះបញ្ជី​នាពេល​អនាគត​។

​ក្រៅពីនេះ ក៏មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​អង្គការ​យូណេស្កូ និង​អង្គការ​អាល​កាប់​/​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​កិច្ចប្រជុំ​នោះដែរ​ក៏បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរជាតិ​កូរ៉េ​(KOICA)​អំពី​គម្រោង​អភិរក្ស​និង​ជួសជុល​ក្រុម​ប្រាសាទព្រះពិធូរ និង​ព្រះ​លានជល់ដំរី​។

ជាមួយគ្នា​នោះដែរ កិច្ច​ប្រជុំបាន​អបអរសាទរ​ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់​នៃ​ដំណើរការ ២៥​ឆ្នាំ របស់​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​បាន​គៀងគរ​ធនធាន​ថវិកា ជំនាញ​បច្ចេកទេស និង​ធនធានមនុស្ស​ពី​សហគមន៍​អន្ដរជាតិ ដើម្បី​ធ្វើការ​ជួសជុល អភិរក្ស និង​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ (​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្រទេស​ជប៉ុន ចាប់តាំងពី​ឆ្នាំ​១៩៩៣, JASA ប្រទេស​ជប៉ុន រយៈពេល​២៥​ឆ្នាំ​, EFEO ប្រទេស​បារាំង ២៥​ឆ្នាំ​, GACP ប្រទេស​អាល្លឺម៉ង់ ២៥​ឆ្នាំ​, WMF សហរដ្ឋ​អា​មេ​រិច ២៥​ឆ្នាំ​, CSA ប្រទេស​ចិន​២០​ឆ្នាំ​, ASI ប្រទេស​ឥណ្ឌា ១៣​ឆ្នាំ ។​ល​។

កិច្ច​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ដល់​សមត្ថភាព​មន្ត្រី​ជំនាញ​កម្ពុជា ដែល​ទទួលបាន​ការបណ្ដុះ​បណ្តាល​នាពេល​កន្លងមក ហើយ​កំពុង​ក្លាយជា​អ្នកដឹកនាំ​គម្រោង​ជួសជុល និង​អភិរក្ស​ផ្សេងៗ​ក្នុង​តំបន់​អង្គរ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ក្នុងនោះដែរ ក៏មាន​ការឯកភាព​គ្នា​លើ​ការពង្រីក​លទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​កិច្ចការ​អភិរក្ស ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ ដូចជា LiDAR និង ICONEM៕S/​