​កិច្ច​អភិវឌ្ឍ​សង្គម​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​របស់​មនុស្ស​ចាស់​

613
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​មនុស្ស​ចាស់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​និង​ជា​ធនធាន​ចាំបាច់​ដោយ​មិនអាច​ខ្វះ​បាន​ក្នុងការ​រួមចំណែក​រាល់​កិច្ច​អភិវឌ្ឍ​សង្គម​ជាមួយនឹង​បទពិសោធ​ដែល​ធ្លាប់មាន​កន្លងមក​។​

​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​២០​ទិវា​មនុស្ស​ចាស់​កម្ពុជា​និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​១​តុលា​ប្រារព្ធ​ឡើង​នៅ​សាលប្រជុំ​សាលាស្រុក​ជុំ​គិរី​នា​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​មានប្រសាសន៍ថា​មនុស្ស​ចាស់​ជា​ផ្នែក​មួយ​ដ៏​សំខាន់​និង​ជា​ធនធាន​ចាំបាច់​ដោយ​មិនអាច​ខ្វះ​បាន​ក្នុងការ​រួមចំណែក​រាល់​កិច្ច​អភិវឌ្ឍ​សង្គម​ជាមួយនឹង​បទពិសោធ​ដែល​ធ្លាប់មាន​កន្លងមក​។

​ក្រៅពី​មានគុណ​បំណាច់​សម្រាប់​ប្រទេសជាតិ​ពេល​កំពុង​ពេញកម្លាំង​មនុស្ស​ចាស់​នៅតែ​ជា​ផ្នែក​ក្នុង​ការពង្រឹង​ស្ថេរភាព​សង្គម​តាមរយៈ​ចំណេះ​ជំនាញ​ធ្លាប់​អនុវត្ត​កន្លងមក​។​លោក​អភិបាលខេត្ត​បាន​បន្តថា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន រាជរដ្ឋាភិបាល​តែង​យកចិត្តទុកដាក់ និង​ដឹងគុណ​ជានិច្ច​ចំពោះ​មនុស្ស​ចាស់​ពិសេស​មន្ត្រីរាជការ​ចូល​និវត្តន៍​ព្រមទាំង​អតីត​កម្លាំង​សមត្ថកិច្ច​ទាំងបី​ប្រភេទ​ព្រោះ​ពួកគាត់​ពោរពេញ​ដោយ​បទពិសោធន៍​និង​អាច​អប់រំ​ណែនាំ​អ្នកជំនាន់ក្រោយ​ឱ្យមាន​បំ​ណិ​ន​ជីវិត​សម្រាប់​ជាដើម​ទុន​ដ៏​សំខាន់​ទៅ​អនាគត​។

​បច្ចុប្បន្ន​ទាំង​មនុស្ស​ចាស់​អ្នក​ចូលនិវត្តន៍​ឬ​អតីតយុទ្ធជន​តែងមាន​តួនាទី​ចម្បង​ក្នុង​គ្រួសារ​និង​សហគមន៍ ហើយ​ប្រទេសជាតិ​នៅតែ​ត្រូវការ​ពួគគាត់​ជា​ចាំបាច់​គ្រប់​សកម្មភាព​និង​កិច្ចការងារ​នានា​សម្រាប់​អភិវឌ្ឍន៍​សង្គម​។​ឆ្លើយតប​ចំពោះ​គុណូបការៈ​ទាំងនេះ​ទើប​ជានិច្ចកាល​ថ្នាក់ដឹកនាំ​តែង​គិតគូរ​ដល់​សុខុមាលភាព​មនុស្ស​ចាស់​តាមរយៈ​គោលនយោបាយ​យុទ្ធសាស្ត្រ​សំខាន់ៗ​ដែល​បាននិងកំពុង​អនុវត្ត​នាពេល​ប​ច្ចប្ប​ន្ន​។

​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បញ្ជាក់ថា​ក្នុងនាម​រដ្ឋបាល​ខេត្តកំពត​លោម​ស្នើ​ដល់​គ្រប់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ក្រុង​ស្រុក​ត្រូវ​យកចិត្តទុកដាក់​ព្រមទាំង​រៀបចំ​ពិធី​ជួបជុំ​មនុស្ស​ចាស់​និង​អតីតយុទ្ធជន​ដើម្បី​បាន​រំលឹក​អំពី​ស្នាដៃ​ក៏ដូចជា​សម្តែង​ការដឹងគុណ​ដល់​ពួកគាត់​សម្រាប់​ជា​គំរូ​ដល់​អ្នកជំនាន់ក្រោយ​ឱ្យ​ជ្រួតជ្រាប​នូវ​បញ្ហា​ទាំងនេះ​។​

លោក​ជាវ​តា​យ​ក៏បាន​អំពាវនាវ​ផ្ដាំផ្ញើ​ឱ្យមាន​ការចូល​ដើម្បី​រៀបចំ​និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាជន​ខេត្តកំពត​គ្រប់​វ័យ​ឱ្យ​យល់ដឹង​កាន់តែច្បាស់​អំពី​អត្ថន័យ​នៃ​ទិវា​នេះ​ផងដែរ​។​ក្នុងឱកាស​ដ៏​រីករាយ​នេះ​លោក​អភិបាលខេត្ត​កំពត​បាន​ជូន​ថវិកា​ដល់​អ្នកចូលរួម​ចំនួន​៥០០​នាក់​ដោយ​ម្នាក់ៗ​ទទួលបាន​ថវិកា​ពីរម៉ឺន​រៀល​ព្រមទាំង​ឧបត្ថម្ភ​សមាគម​មនុស្ស​ចាស់​ស្រុក​ឈូក​និង​ស្រុក​ជុំ​គិរី​ក្នុង​មួយ​ស្រុកៗ​ចំនួន​មួយ​លាន​រៀល​៕S/​

​កិច្ច​អភិវឌ្ឍ​សង្គម​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូលរួម​របស់​មនុស្ស​ចាស់