​កីឡាការិនី​កម្ពុជា​ដណ្ដើមបាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី

1334
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​សេចក្តីរាយការណ៍​ពី​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូនេស៊ី ទី​ដែល​កំពុង​ប្រព្រឹត្តទៅ​នូវ​កា​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨( Asian Games លើក​ទី​១៨) នៅ​ថ្ងៃទី​២៤​ខែសីហា​នេះ​ថា កីឡាការិនី​កូនកាត់​ខ្មែរ​-​អាម៉េរិក កញ្ញា ខាន់ ចេ​សា ដណ្ដើម​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games ។​នេះ​ជា​មេដាយមាស​ដំបូង​សម្រាប់​បេសកកម្ម​អត្ត​ព​លិ​ក​កម្ពុជា​ឆ្នាំ​២០១៨​នេះ ។​ខាន់ ចេ​សា បាន​យកឈ្នះ​លើ​កីឡាការិនី​អារ៉ាប់​រួម Alhinaai Mahra ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ លើ​វិញ្ញាសា​ទម្ងន់​ក្រោម ៤៩​គីឡូក្រាម​។​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានប្រកាស​អបអរ​ចំពោះ​ជ័យជម្នះ​នេះ​។​

កីឡាការិនី​កូនកាត់​ខ្មែរ​-​អាម៉េរិក កញ្ញា ខាន់ ចេ​សា ដណ្ដើម​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​(​រូប​ប្រតិភូ​កម្ពុជា​)​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម បាន​ឲ្យ​ដឹង​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ថា នេះ​គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​គ្រួសារ​កីឡា​ជាតិ​កម្ពុជា ដែល​ដណ្ដើមបាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី ៤​ឆ្នាំ​ម្ដងនេះ ហើយក៏​ជា​មេដាយមាស​ទី​២ ក្នុង​ប្រវត្តិសាស្ដ្រ​ផងដែរ បន្ទាប់ពី​វីរ​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ដណ្ដើមបាន​មេដាយមាស​លើកដំបូង ក្នុងការ​ប្រកួត​កីឡា Asian Games លើក​ទី​១៧ នៅ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​កាលពី​ឆ្នាំ​២០១៤ ។​

​គួរ​បញ្ជាក់ថា ទម្រាំ​ដណ្ដើមបាន​មេដាយមាស​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងនាម​ប្រភេទ​កីឡា​ថ្មី ដែល​ទើបបាន​ចូលរួម​ប្រកួត​កីឡា​អាស៊ី​លើកដំបូង ក្នុង​ឆ្នាំ​២០១៨​នេះ ខាន់ ចេ​សា បាន​ឆ្លងកាត់​ការប្រកួត ប្រាំមួយ​លើក ។​ក្នុងនោះ​ប្រកួត​ទី​១ ឈ្នះ​កីឡាការិនី​ថៃ ១០០-០​ពិន្ទុ​, ប្រកួត​ទី​២ ឈ្នះ​កីឡាការិនី​ចិន​ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​កីឡាការិនី​ចិន​បោះបង់​ការប្រកួត​, ប្រកួត​ទី​៣ ឈ្នះ​ពិន្ទុ​ដាច់​លើ​កីឡាការិនី​អ៊ីរ៉ង់​, ប្រកួត​ទី​៤ ឈ្នះ​កីឡាការិនី​ហ្វីលីពីន​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ១០០-០​ពិន្ទុ និង​ចុងក្រោយ​ផ្ដួល​កីឡាការិនី​អារ៉ាប់​រួម ដោយ​ដណ្ដើម​យក​វ​​មេដាយមាស​។​

​ក្រសួង អប់រំ​យុវជន​និង​កីឡា បាន​ចាត់ទុកថា​ការទទួលបាន​ជ័យជម្នះ​នេះ គឺជា​មោទនភាព​ថ្មី​មួយទៀត សម្រាប់​កីឡា​ជាតិ​កម្ពុជា ដែល​ដណ្ដើមបាន​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីបអាស៊ី ដែល​ត្រូវបាន​រៀបចំឡើង​ក្នុង​រយៈពេល​៤​ឆ្នាំ​ម្ដង​៕សរន