​កីឡាការិនី​បាល់ទះ ល្បីឈ្មោះ ទសវត្ស​ទី​៦០ ទទួលមរណភាព​

1242
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា /
​ភ្នំពេញ​៖ អតីត​កីឡាការិនី​បាល់ទះ​ល្បីឈ្មោះ ច័ន្ទ លាង​ឈី​វ ដែលមាន រហស្សនាម​ថា ខ្លា​ញី​តំបន់​អាស៊ី​នោះ បានទទួល​មរណភាព​ហើយ កាលពី​ថ្ងៃទី ២៨ មេសា ក្នុង​ជន្មាយុ ៧៨ ឆ្នាំ ។​

​ជា​អ្នក​ធ្លាប់​នាំ​មេដាយ​ពី​ឆាក​អន្តរជាតិ មក​ជូន​ជាតិ ជា​ខ្លា​ញី ក្នុងការ​ប្រកួត កីឡា​ហ្គា​ណេ​ហ្វូ (​កីឡា​នៃ​បណ្ដា​ប្រទេស​មិន​ចូល​បក្ខសម្ព័ន្ធ​) នា​ទសវត្ស ឆ្នាំ​៦០ កីឡាការិនី​រូបនេះ គឺជា​អ្នក​គប់​បាល់​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា ។ ជា​អ្នក​ឆ្លង​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ក្រោយ​ឆ្នាំ​១៩៧៩​។ អតីត​កីឡាការិនី​រូបនេះ បាន​វិល​មកកាន់​ទីលាន​បាល់ទះ​វិញ តែ​ដោយមាន​វ័យ​ច្រើន​នោះ ការ​ប្រឡូក ជាមួយ​វិស័យ​កីឡាបាល់ទះ មិន​បានយូរ​នោះទេ​។​

​ទោះបី​លាលែង ពី​អាជីព​កីឡាការិនី​បាល់ទះ ក៏​អតីត​កីឡាការិនី​រូបនេះ នៅ​បម្រើ​ការងារ ក្នុង​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា ។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អតីត​កីឡាការិនី​រូបនេះ បាន​ធ្លាក់ខ្លួន​ពិការ ដោយសារតែ​បាក់ឆ្អឹង​ត្រគាក តែ​ទោះជា​យ៉ាងណា ក៏​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ពុំបាន​ទុក​ឲ្យ អតីត​កីឡាការិនី រូបនេះ កំព្រា​ឡើយ ។ រាល់​ពិធីបុណ្យ​នានា ពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា តែង​រៀបចំ​ជា វត្ថុ​អនុស្សាវរីយ៍ និង​រៀបចំ​ការហូប​អាហារ ជួបជុំ​ជាមួយ​អ្នក កីឡា​ចាស់ៗ ដែល​ក្នុងនោះ ក៏មាន​អតីត​កីឡាការិនី ច័ន្ទ លាង​ឈី​វ ដែរ ។​
​សព​របស់​លោកយាយ ច័ន្ទ លាង​ឈី​វ នឹង​យកទៅ​បូជា នៅ​វត្ត​អង្គ​ប្រសើរ ភូមិ​ពោធិ៍​ព្រះសង្ឃ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៨ ។​

​លោក​ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​របស់លោក ទៅ​គោរព​វិញ្ញាណ​ក្ខ័​ន្ធ លោកយាយ និង​នាំយក​បច្ច័យ​មួយចំនួន សម្រាប់​ជួយ​សម្រួល ក្នុងការ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V

​រូបថត​អនុស្សាវរីយ៍​លោកយាយ​ជាមួយ​សម្ដេច​តេ​ជោ​កាលពី​ប៉ុន្មាន​ឆ្នាំមុន​