​កីឡាការិនី ស៊ន សៀវ​ម៉ី ប្រកាស​ពី​ការត្រៀមខ្លួន ចូលរួម​ជម្រុះ​កីឡា​អូឡាំពិក​

288
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កីឡាការិនី​តេ​ក្វាន់​ដូ WT (World Taekwondo) កម្ពុជា ស៊ន សៀវ​ម៉ី បានប្រកាស​ឲ្យ​ដឹងថា នាង​បាន​ត្រៀមខ្លួន​រួចហើយ ដើម្បី​ចូលរួម​ប្រកួត​ជម្រុះ សម្រាប់​ការចូលរួម ប្រកួត​កីឡា​អូឡាំពិក​រដូវក្ដៅ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​ឆ្នាំ​២០២០ ខាងមុខនេះ ។

កីឡាការិនី ស៊ន សៀវ​ម៉ី​ នៅពេលប្រកួត

​​ជា​កីឡាការិនី បង្កើត​ប្រវត្តិសាស្ត្រ​ដំបូង ឲ្យ​កម្ពុជា ដោយ​ដណ្ដើមបាន មេដាយមាស ពី​ការ​ពី​ការប្រកួត​កីឡា​អាស៊ី (Asia Games) លើក​ទី​១៧ នៅ​ទីក្រុង​អ៊ី​ន​ឈន់ សាធារណរដ្ឋ​កូរ៉េ ។ ជាមួយគ្នានេះ កីឡាការិនី​រូបនេះ កំពុងតែ​គ្រប់គ្រង មេដាយមាស​ស៊ី​ហ្គេម ចំនួន ២ គ្រឿង នៅក្នុង​ដៃ ដោយ​មិន​និយាយ​ទៅដល់ ការប្រកួត​ផ្សេងៗ​ទៀតឡើយ ។​

កីឡាការិនី ស៊ន សៀវ​ម៉ី​ នៅពេលវិលត្រឡប់ពីការប្រកួត

​កីឡាការិនី អាយុ​២៤​ឆ្នាំ​រូបនេះ បាន​និយាយថា ការប្រកួត​ជម្រុះ កីឡា​អូឡាំពិក ទំនងជា​ធ្វើ ក្នុងអំឡុង​ខែតុលា ខាងមុខនេះ ។ សៀវ​ម៉ី មិនបាន​ដឹងថា តើ​កីឡាករ កីឡាការិនី រូប​ណាខ្លះ​ទេ តែ​ចំពោះ​រូបនាង គឺ​ច្បាស់​ណាស់​ថា នឹង​ទៅ​ចូលរួម​ប្រកួត​ជម្រុះ ។​

​សូមបញ្ជាក់ថា មួយរយៈ​នេះ កីឡាការិនី ស៊ន សៀវ​ម៉ី មានការ​ប្រកួត​ច្រើន នៅក្រៅ​ប្រទេស ពិសេស​គឺ​នៅ​សាធារណរដ្ឋ​កូរ៉េ​តែម្ដង ។ សៀវ​ម៉ី ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៧៣ គីឡូក្រាម នាង​ទើបតែ​ជា​ពី​ជំងឺគ្រុនឈាម ហើយ​ចាប់ផ្ដើម​ហ្វឹក​ហាត​ឡើងវិញ ។​

កីឡាការិនី ស៊ន សៀវ​ម៉ី​ នៅពេលទទួលពានរង្វាន់

​ចំពោះ​ជង្គង់ ដែល​វះ​កន្លងមក​នោះ កីឡាការិនី​រូបនេះ ទទួលស្គាល់ថា អ្វីៗ​មិន​ដូចដើម​ទាំងស្រុង​នោះទេ តែ​វា​ក៏​មិន​រំខាន ដល់​ការប្រកួត​ដែរ លើកលែងតែ​ក្នុងការ​ប្រកួត​ខ្លះ ដែល​ជង្គង់ បុក​ជាមួយ​ជង្គង់​គូប្រកួត វា​នឹង​បណ្ដាល​ឲ្យ​ឈឺ តែ​មិន​ដល់​ថ្នាក់ ទ្រាំ​មិនបាន​នោះទេ ។​

​ពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង វា​ក៏មាន​ការឈឺចាប់​ខ្លះ​ដែរ តែ​អាការ​ធាតុ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ វា​មិនជា​អ្វី​ឡើយ ។ ឆ្នាំនេះ ក្រៅពី​ចូលរួម​ប្រកួត​ជម្រុះ សម្រាប់​អូឡាំពិក ២០២០ នោះ សៀវ​ម៉ី ក៏​នឹងចូលរួម​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុងឆ្នាំ​នេះដែរ ៕v