​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ឆ្លង​ផុត​វគ្គ​ជម្រុះ​

318
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ណ​យ ភា​ណា ដែលជា​អគ្គលេខាធិការ កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹង ពី​ប្រទេស​កូរ៉េ មក​ថា កីឡាករ កីឡាការិនី កាយសម្ព័ន្ធ​កម្ពុជា ដែល​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍ 2019 Korea Open Aerobic Competition បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ ចំនួន ៣ រូប ។​

​សូមបញ្ជាក់ថា ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ កម្ពុជា បាន​បញ្ជូន​កីឡាករ ៥ រូប និង​កីឡាការិនី ចំនួន ៥ រូប ទៅ​ចូលរួម​។ នេះ​ជាការ​ប្រកួត សម្រាប់​ប្រភេទ​អាយុ ១៨​ឆ្នាំ (Senior) និង​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ (Junior) ។​

សកម្មភាព​កីឡា​កាយសម្ព័ន្ធ​កម្ពុជា នៅ​កូរ៉េ

​កីឡា​កាយសម្ព័ន្ធ ទាំង ១០ រូបនោះ មាន​កីឡាករ ៥ រូប និង​កីឡាការិនី ៥ រូប ពួកគេ​ជា​កីឡាករ កីឡាការិនី​កាយសម្ព័ន្ធ អា​អេ​រ៉ូ​ប៊ិក (Gymnastic Aerobic)​។ សូមបញ្ជាក់ថា កីឡា​កាយសម្ព័ន្ធ​មាន ២ ប្រភេទ គឺ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Gymnastic Aerobic) និង​កាយសម្ព័ន្ធ​អារ​ទី​ស្ទីក (Gymnastic Artistic)​។​

​ប្រទេស​ដែល​ចូលរួម ក្នុង​ព្រឹត្តិការណ៍​នេះ មាន កម្ពុជា វៀតណាម ហុងកុង ចិនដីគោក ម៉ុង​ហ្គោ​លី និង វៀតណាម ។ ព្រឹត្តិការណ៍​នេះ ចាប់ផ្ដើម​ប្រកួត ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៦ តុលា ២០១៩​។ កា​ចេញទៅ​ប្រកួត​នេះ បានទទួល​ការ​ឩ​ប​ត្ថ​ម្ភ ពី​គណៈកម្មាធិការ​ជាតិ រៀបចំ​កីឡា​ស៊ី​ហ្គេម (Camsoc) ។​

សកម្មភាព​កីឡា​កាយសម្ព័ន្ធ​កម្ពុជា នៅ​កូរ៉េ

​កីឡាករ កីឡាការិនី ដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​នោះ មាន​កីឡាការិនី ឌឹ​ម អ៊​ន​ធីតា កីឡាការិនី ម៉ូ ស្រី​ពៅ និង​កីឡាករ ហាស់ សុខ​ហ៊ ។ លោក ណ​យ ផា​ណា បាន​ចាត់ទុកថា នេះ​ជាការ​ប្រកួត​មួយ ដែល​កីឡាករ កីឡាការិនី វ័យក្មេង​កម្ពុជា ធ្វើ​បានល្អ ។ លោក​សុំ​ឲ្យ​មាន​ការជួយ​លើកទឹកចិត្ត ព្រមទាំង​ចង់​ឲ្យ​មាន ការប្រកួត​បែបនេះ​ច្រើន ដើម្បី​ឲ្យ​គុណ​ផល របស់​កីឡាករ កីឡាការិនី កាន់ តែ​រីកចម្រើន​ទៅមុខ ព្រោះ​ពួកគេ ជា​កីឡា​ថ្នាល សម្រាប់​ត្រៀម ឆ្នាំ​២០២៣ ៕v