​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ១៧ នាក់ ចូលរួម​ការប្រកួត ជើងឯក​ពិភពលោក នៅ​ប៊ុលហ្គារី​

347
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា (International Taekwondo Federation) បានកំណត់​រួចជាស្រេច​ហើយ ក្នុងការ​បញ្ជូន​កីឡាករ -​កីឡាការិនី ចំនួន ១៧ រូប ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​ប៊ុលហ្គារី ។ ជាមួយនឹង​កីឡាករ​-​កីឡាការិនី ចំនួន ១៧ រូប ក៏​នៅមាន​មន្ត្រី​ដឹកនាំ និង​គ្រូបង្វឹក​ទៀតផង ។​

​បើតាម​ការ​ឲ្យ​ដឹង​ពី លោក កៅ មករា អគ្គលេខាធិការរង នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា នោះ​ថា ការប្រកួត​ខាងលើនេះ ប្រព្រឹត្តទៅ ពីថ្ងៃ​ទី ២៤ រហូតដល់​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​ប្រទេស​ប៊ុលហ្គារី ។ កីឡាករ​-​កីឡាការិនី ភាគច្រើន ជា​កីឡា​ថ្នាល វ័យក្មេង ។ លោក កែវ រ៉េមី ដែលជា​ប្រធាន​សហព័ន្ធ នឹង​ដឹកនាំ ទៅ​ចូលរួម​ការប្រកួត​ផ្ទាល់​តែម្ដង ។​

ទិដ្ឋភាព​ហ្វឹកហាត់​

​លោក​អគ្គលេខាធិការរង បាន​បន្តថា ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក កម្រិត​ពិភពលោក សម្រាប់​កីឡាករ​-​កីឡាការិនី​ថ្នាល គឺជា​ការប្រកួត​លើក​ទី​១៤ ចំណែក​កីឡាករ កីឡាការិនី ក្រុម​ជម្រើសជាតិ គឺជា​ការប្រកួត​លើក​ទី​២១​។ សម្រាប់​កម្ពុជា ការ​ចេញទៅ​ប្រកួត​លើក​នេះ គឺ​បញ្ជូន​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ ទៅ​ចូលរួម​ចំនួន ៩ នាក់ និង កីឡាករ​-​កីឡាការិនី​ថ្នាល ចំនួន ៨ រូប ។​

​សម្រាប់​ការប្រកួត ជើងឯក​ពិភពលោក​នេះ កម្ពុជា ក៏​ធ្លាប់​ដណ្ដើមបាន​មេដាយ​ដែរ តែ​ជាការ​ប្រកួត សម្រាប់​កម្រិត​ជម្រើសជាតិ ។ កីឡា​តេ​ក្វាន់​ដូ ITF ជា​ប្រភេទ​កីឡា​ប្រយុទ្ធ មាន​ដើមកំណើត នៅ​ប្រទេស​កូរ៉េខាងជើង ហើយ​វា​មិនមែន ជា​ប្រភេទ​កីឡា អូឡាំពិក​នៅឡើយ​ទេ ។​

​លោក កែវ រ៉េមី ក្នុងឋានៈ​ជា​ប្រធាន​សហព័ន្ធ សម្រាប់​តំបន់​អាស៊ាន​នោះ កំពុងតែ​ខ្នះខ្នែង ក្នុងការ​ដាក់បញ្ចូល​ប្រភេទ​កីឡា​នេះ ឲ្យ​មាននៅ​ក្នុង​ការប្រកួត​កីឡា ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នោះ ៕v