ដោយ: រ៉ូហ្សា /
ភ្នំពេញ: ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី សម្រាប់កម្ពុជា គិតត្រឹមថ្ងៃទី២២ កក្កដា គឺបានបញ្ចប់ការប្រកួតអស់ហើយ។ នេះបើតាមសេចក្ដីរាយការណ៍ របស់លោក មាស សារ៉េត ដែលជាមន្ត្រីព័ត៌មាន របស់នាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតកម្ពុជា ដែលប្រចាំការផ្ទាល់ នៅកន្លែងប្រកួត។
លោកបានឲ្យដឹងថា ក្នុងការប្រកួតចុងក្រោយ ថ្ងៃទី២២ កក្កដា ប្រភេទកីឡាវាយសី វិញ្ញាសាវាយគូចម្រុះ បុរស-នារី កីឡាករ ស្រេង វីរៈ និង កីឡាការិនី ហែម លក្ខិណា ប្រកួតចាញ់ក្រុមសឹង្ហបូរី ០ ទល់ ២ សិត ។ កីឡាករ ងួន រតនៈវិស្សុត និង កីឡាការិនី សុខ សុម៉ាលីតា ក៏ប្រកួតចាញ់ ក្រុមសឹង្ហបូរី ០ទល់ ២សិត ដែរ ។
វិញ្ញាសាវាយគូបុរស កីឡាករ ហេង ម៉េងលាភ និងកីឡាករ យ៉ាំ សំណាង ប្រកួតចាញ់ឡាវ ០ទល់២ សិត។ កីឡាករ សុខ រីករាយ និង កីឡាករ ភា សុថៃ ប្រកួតចាញ់ឥណ្ឌូណេស៊ី ០ ទល់ ២សិត ។
ប្រភេទកីឡាហែលទឹក វិញ្ញាសាហែលបណ្ដាក់ ៤ របៀប ១០០ម៉ែត្រ ៤ដងបុរស ផ្ដាច់ព្រ័ត្រ ដែលមានកីឡាករ មនត្រស់ ផានសុវណ្ណអារុណ កីឡាករ អ៊ួង លីហេង ឆោម ច័ន្ទថន និង កីឡាករ ឌឿន រ៉ាត់ធីឌុន ប្រកួតបានចំណាត់ថ្នាក់លេខ៦ ។
វិញ្ញាសាហែលបណ្ដាក់ ៤របៀប ១០០ម៉ែត្រ ៤ដង នារី ផ្ដាច់ព្រ័ត្រ ដែលកម្ពុជា មានកីឡាការិនី ឆោម ស្រីវរល័ក្ខណ៍ កាំង មុយនីន វ័ច ហ្សង់ឆាយ និងកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ហែលដណ្ដើមបាន ចំណាត់ថ្នាក់លេខ៦ ដែរ ។
សូមបញ្ជាក់ថា កម្ពុជា បញ្ជូនកីឡា ចំនួន ៥ ប្រភេទ ទៅចូលរួមប្រកួត ដែលក្នុងនោះ មានវាយកូនឃ្លីលើតុ វាយកូនបាល់ វាយសី ហែលទឹក និង អត្តពលកម្ម ។ នេះជាលើកទី៤ ហើយ ដែលកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ លើកដំបូង នៅឈៀងម៉ៃ ប្រទេសថៃ កម្ពុជា ដណ្ដើមបាន មេដាយសំរិទ្ធ មួយគ្រឿង លើប្រភេទកីឡាវាយកូនឃ្លីលើតុ ហើយ ៣ លើកចុងក្រោយនេះ កម្ពុជា ពុំដែលរកបានមេដាយ ទៀតឡើយ៕v