​កុក សារឿន អនុសេនីយ៍ឯក

1968

ដោយ​: រូបថត និង​អត្ថបទ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា / ភ្នំពេញ​: ខ្ញុំ​ចូលចិត្ត​ស្លៀកពាក់​ឯកសណ្ឋាន​។ ខ្ញុំ​ស្លៀកពាក់​ឯកសណ្ឋាន​នៅក្នុង​រូបនេះ បានតែ​ម្តងគត់ នៅពេលដែល​ខ្ញុំ​ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​។ នៅពេលដែល​ខ្ញុំ​ទៅធ្វើ​ការ ខ្ញុំ​ស្លៀកពាក់​ស៊ីវិល​។​

​ខ្ញុំ​មិន​ចង់​ធ្វើជា​ទាហាន​ទេ​។ បន្ទាប់ពី​បញ្ចប់​វិទ្យាល័យ​នៅ​ខេត្តតាកែវ​មក ខ្ញុំ​បាន​បន្ត​រៀនសូត្រ​នៅ​ទីក្រុង​ភ្នំពេញ​។ ខ្ញុំ​ចង់​ធ្វើជា​ក្រឡាបញ្ជី ប៉ុន្តែ​បាន​ប្រឡង​ចូល​ធ្លាក់ ដូច្នេះ​ខ្ញុំ​បានដាក់​ពាក្យសុំ​ធ្វើជា​ប៉ូលិស​។​
​បន្ទាប់មក ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ខេត្តកំពង់ចាម​ជិត​ពីរ​ឆ្នាំ​រៀន​ច្បាប់​ស៊ីវិល ច្បាប់​ចរាចរ ច្បាប់ទម្លាប់​របស់​ប្រទេស​កម្ពុជា និង​ក្បួន​យុទ្ធសាស្ត្រ​កងទ័ព​។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​មក ខ្ញុំ​ត្រូវបាន​ផ្ទេរ​ទៅ​ខេត្តកំពត​មួយឆ្នាំ និង​បន្ទាប់មក​ទៅ​ខេត្តកោះកុង​។​

​ខ្ញុំ​បាន​ត្រឡប់មក​ស្រុកកំណើត​របស់ខ្ញុំ រកមើល​នារី​ម្នាក់​ដើម្បី​រៀបការ​។ បន្ទាប់ពី​ដើរ​មើល​តាម​ផ្ទះ​នៅក្នុង​ភូមិ​មក ខ្ញុំ​មិនបាន​ចាប់ចិត្ត​នារី​ណា​ម្នាក់​ទេ ទោះបីជា​សមាជិក​នៅក្នុង​គ្រួសារ​របស់គេ​សុំ​ឲ្យ​ខ្ញុំ​រៀបការ​ជាមួយ​កូនស្រី​របស់គេ​ក៏ដោយ​។ មាន​បុរស​ម្នាក់ បានផ្តល់​ប្រាក់​ទិញ​ម៉ូតូ​មួយគ្រឿង​ឲ្យ​ខ្ញុំ ប្រសិនបើ​ខ្ញុំ​រៀបការ​ជាមួយ​កូនស្រី​របស់គាត់​។

​បន្ទាប់មក ខ្ញុំ​បាន​ទៅផ្ទះ​របស់លោក​គ្រូបង្រៀន​ម្នាក់​ឈ្មោះ កាន់ ហើយ​បានឃើញ​កូនស្រី​របស់គាត់​កំពុង​ត្បាញ​ក្រណាត់​សូត្រ​។ កាន់ បាន​នាំ​ខ្ញុំ​ទៅ​មើល​នារី​ជាច្រើន​នាក់ ហើយ​ត្រឡប់មកវិញ​ហូបបាយ​ល្ងាច​នៅផ្ទះ​គាត់​។ បន្ទាប់ពី​អាហារ​ពេល​ល្ងាច កាន់ បាន​នាំ​ខ្ញុំ​ទៅ​មើល​នារី​ផ្សេងទៀត​។ ទោះជា​យ៉ាងណា ខ្ញុំ​បាន​ប្រាប់​គាត់​ថា ផ្ទះ​របស់គាត់​ជាទី​ដែល​ខ្ញុំ​ចូលចិត្ត​ស្នាក់នៅ​។​

ហោរា​បាន​ទាយ​ថា ប្រសិនបើ​ខ្ញុំ​បាន​រៀបការ​ជាមួយ​កូនស្រី​របស់ កាន់ ខ្ញុំ​អាច​នឹងមាន​ជីវភាព​ធូរធារ វណ្ណ​:​ភាព​មធ្យម និង​មិន​មានការ​លែងលះ​ទេ​។ គ្រូទាយ​បាន​ប្រាប់​ខ្ញុំ​ទៀតថា ខ្ញុំ ប្រហែលជា​នឹង​រៀបការ​ជា​លើក​ទី​ពីរ​។ អ៊ីចឹង ខ្ញុំ​បាន​សុំ​ឪពុកម្តាយ​របស់ខ្ញុំ ឲ្យ​គាត់​ទៅ​មើល​អនាគត​ភរិយា​របស់ខ្ញុំ​។ គាត់​ទាំងពីរ​នាក់ ពេញចិត្ត​នាង​ជាខ្លាំង​។ យើង​បាន​រៀបការ​ដោយ​ក្តី​ស្រឡាញ់ ខ្ញុំ​ជា​អ្នកចំណាយ​ថ្លៃ​បណ្ណាការ​នៃ​អាពាហ៍ពិពាហ៍​នេះ​។​

​បន្ទាប់ពី​រៀបការ​រួច ខ្ញុំ​បាន​នាំ​ប្រព​ន្ឋ​របស់ខ្ញុំ​ទៅ​ខេត្តកោះកុង និង​បាន​ផ្ទេរ​ទៅធ្វើ​ការងារ​នៅ​មន្ទីរ​ព្យាបាល​តាម​ប៉ុស្តិ៍​។ ខ្ញុំ​អាច​សន្សំ​ប្រាក់​បាន​ច្រើន​នៅ​ខេត្តកោះកុង ព្រោះ​អី​វា​មាន​អ្នកជំងឺ​គ្រុនចាញ់​ជាច្រើន​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៦៤ ខ្ញុំ​បាន​ផ្ទេរ​ទៅធ្វើ​ការ​នៅ​ខេត្តតាកែវ និង​បន្ទាប់មក​នៅ​ឆ្នាំ​១៩៧០ ទៅ​ខេត្តកណ្តាល​។​

​បន្ទាប់ពី​បាន​រៀនសូត្រ​ក្បួន​យុ​ទ្ឋ​សាស្ត្រ​កងទ័ព​នៅ​ប្រទេស​វៀតណាម​ចំនួន​ប្រាំបី​ខែ​មក ខ្ញុំ​ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ឯក ហើយ​ត្រឡប់​ទៅ​តាខ្មៅ ដែលជា​មជ្ឈមណ្ឌល​ប្រ​ត្តិ​ប​ត្តិ​ការ​សឹក ដើម្បី​ការពារ​មូលដ្ឋាន​កងទ័ព​ភ្នំពេញ​។ ខ្ញុំ​ធ្វើការ​នៅ​ផ្នែក​ភ័ស្តុភារ ដែល​ទទួលខុសត្រូវ​លើ​ស្បៀងអាហារ និង​ទំនិញ​ផ្សេងៗ​។​

​នៅពេលដែល​ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​វាយ​ប្រ​យុ​ទ្ឋ​នៅ​ភូមិ​សិត​ត្បូ​រ ខ្ញុំ​បាន​បែក​ចេញពី​ទាហាន​ផ្សេងទៀត និង​សន្លប់​ពីរ​យប់​ពីរ​ថ្ងៃ​។ ទាហាន​របស់ខ្ញុំ​គិតថា ខ្ញុំ​បាន​ស្លាប់​នៅលើ​សមរភូមិ​ប្រ​យុ​ទ្ឋ​ហើយ ប៉ុន្តែ​ខ្ញុំ​បាន​ត្រឡប់មកវិញ​ប្រកបដោយ​សុវត្ថិភាព​ក្នុងស្ថានភាព​ល្អប្រសើរ​។​

​បន្ទាប់មក ខ្ញុំ​បាន​ចំណាយ​ប្រាក់​បី​សែន​រៀល​ជាការ​សូកប៉ាន់ ដែល​ខ្ញុំ​អាច​នឹង​ផ្ទេរ​ទៅធ្វើ​ការ​នៅ​កា​រិ​យា​ល័​យោធិន​ពិការ ព្រោះ​ខ្ញុំ​មិន​ចង់​ចេញទៅ​សមរភូមិ​ទៀត​ទេ​។ ខ្ញុំ​ធ្វើការ​នៅ​ទីនោះ​រហូតដល់​ឆ្នាំ​១៩៧៥​។​

​នៅ​ថ្ងៃ​ដែល​ខ្មែរក្រហម​ជម្លៀស​អ្នក​ភ្នំពេញ ខ្មែរក្រហម​បាន​សន្យាថា មួយ​សប្តាហ៍​ក្រោយ​ប្រជាជន​អាច​ត្រឡប់ទៅផ្ទះ​វិញ​។ ខ្មែរក្រហម​បាន​និយាយទៀតថា ខ្លួន​ត្រូវការ​ពេលវេលា​បោសសម្អាត​ខ្មាំងសត្រូវ​ឲ្យ​អស់ពី​ទីក្រុង​។ ខ្ញុំ​បាន​លាក់​ឯកសណ្ឋាន​យោធា និង​កាំភ្លើង​របស់ខ្ញុំ ហើយ​ស្លៀកពាក់​ស៊ីវិល​ចាក​ចេញពីផ្ទះ​។ ខ្ញុំ​ដាក់​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​មួយចំនួន​នៅលើ​កង់ ហើយ​ធ្វើដំណើរ​១៥​ថ្ងៃ ទើប​ទៅដល់​ស្រុកកំណើត​។

​អង្គការ​បាន​ចាត់តាំង​ខ្ញុំ ឲ្យ​ទៅ​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់ខ្ញុំ​ដែលជា​អ្នកមូលដ្ឋាន​។ អ្នកភូមិ​ទាំងអស់​បានដឹង​អំពី​អតីតភាព​មុខងារ​របស់ខ្ញុំ ព្រោះ​អី​ខ្ញុំ​បាន​ជួយ​ជា​ច្រើនដង ពេល​ខ្ញុំ​ធ្វើជា​ទាហាន លន់ នល់​។ ជា​ឧទាហរណ៍ មាន​ម្តងនោះ ទាហាន លន់ នល់ ចាប់បាន​យោធា​ខ្មែរក្រហម​មួយចំនួន​ដែល​មក​ទិញ​ថ្នាំពេទ្យ​នៅ​តាខ្មៅ ប៉ុន្តែ​ខ្ញុំ​បាន​ដោះលែង​អ្នក​ទាំងអស់នោះ​វិញ​។ ខ្មែរក្រហម​ទាំងនោះ បាន​អរគុណ​ចំពោះ​ការជួយ​របស់ខ្ញុំ​។​

​នៅពេល​យើង​ទៅដល់​ដំបូង យើង​មាន​អាហារ​ហូបចុក​គ្រប់គ្រាន់​។ គណ​:​ភូមិ​មាន​សន្តាន​ចិត្តល្អ​ចំពោះ​ខ្ញុំ និង​គ្រួសារ​របស់ខ្ញុំ​។ គាត់​បាន​ប្រាប់​កម្មាភិបាល​ឲ្យ​យកចិត្តទុកដាក់​ដល់​ខ្ញុំ​។ ស្របពេល​គ្នា​នោះដែរ ខ្ញុំ​បានឃើញ​ប្រជាជន​ថ្មី​បាន​បាត់​ខ្លួន​ពី​ភូមិ​ជា​រៀងរាល់ថ្ងៃ​។ អង្គការ​បាន​បញ្ជា​ឲ្យ​ខ្ញុំ​ទៅលើ​ក​ទំនប់ និង​ជីក​ប្រឡាយ​។

​ក្រោយមក អង្គការ​បាន​បញ្ជូន​ខ្ញុំ​ទៅ​វត្ត​អង្គ​ចង្អេរ នៅក្នុង​ស្រុក​សំរោង​។ ខ្ញុំ​ត្រូវបាន​ឃុំឃាំង​នៅ​ទីនោះ ព្រោះ​ខ្ញុំ​ជា​ទាហាន លន់ នល់​។ គី ដែលជា​អ្នកធ្វើការ​នៅ​មន្ទីរ​សន្តិសុខ បាន​ប្រាប់​ខ្ញុំ​ថា កុំ​និយាយស្តី​អ្វី បើ​មិន​អញ្ចឹងទេ​នឹងត្រូវ​គេ​សម្លាប់​។ នៅក្នុង​បន្ទប់​ដែល​ខ្ញុំ​ជាប់ឃុំ​នោះ មិនមាន​កន្ទេល​ដេក​ទេ មានតែ​ស្លឹកត្នោត​ប៉ុណ្ណោះ អ្នកទោស​ទាំងអស់​បាន​បត់ជើងតូច​-​ធំ ដាក់​ក្នុង​ពាង​ធំ​មួយ​។ យើង​ធ្វើការ​ចាប់ពី​ម៉ោង​៤ និង​៣០​នាទី​នាពេល​ព្រលឹម​ស្រាងៗ រហូតដល់​យប់​។ បន្ទាប់ពី​នៅក្នុង​មន្ទីរ​សន្តិសុខ​បាន​បី​ថ្ងៃ​មក គណ​:​ឃុំ​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​អាច​ដេក​នៅក្រៅ​បន្ទប់​នោះបាន ហើយ​ខ្ញុំ​ត្រូវបាន​ចាត់​ឲ្យ​ធ្វើជា​អ្នកយក​អាហារ​ទៅ​ឲ្យ​អ្នកទោស​។​

​កំឡុង​ពេលដែល​ខ្ញុំ​ជាប់ឃុំ​ឃាំង បងប្រុស និង​ម្តាយ​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​អត់បាយ​។ ខ្ញុំ​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ចេញពី​មន្ទីរ​សន្តិសុខ ចំនួន​មួយអាទិត្យ​ឲ្យ​ទៅ​កប់​សាកសព​អ្នក​ទាំងពីរ​។​

​បន្ទាប់មក​អង្គការ​បាន​បញ្ជូន​ប្រព​ន្ឋ​របស់ខ្ញុំ និង​កូនៗ​មក​រស់នៅ​ជាមួយ​ខ្ញុំ នៅក្នុង​សហករណ៍ ជាទី​ដែល​ខ្ញុំ​បាន​ជាប់​ឃុំឃាំង​។ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ធ្វើជា​ប្រធាន​អង្គភាព រក​ម្ហូបអាហារ​សម្រាប់​សហករណ៍​។ ទោះជា​បុរស​ឈ្មោះ កេ​ត បាន​ប្រាប់​អង្គការ​ថា​ខ្ញុំ​មិនបាន​បំពេញការងារ​ល្អ​យ៉ាងណាក៏ដោយ អង្គការ​បាន​តាមដាន​ការងារ​ដែល​ខ្ញុំ​ធ្វើ និង​បានដឹងថា ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ខុសឆ្គង​ឡើយ​។ ហេតុ​ដូច្នេះហើយ ខ្ញុំ​បានធ្វើការ​នៅ​ទីនោះ​រហូតដល់​កងទ័ព​វៀតណាម​ចូលមក​រំដោះប្រទេស​កម្ពុ​ជា​។

​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំ​បាន​យក​អង្ករ ខោអាវ និង​ប្រាក់​ដុល្លារ​អាមេរិក​មួយចំនួន​ពី​ផ្ទះ​ម្តាយ​របស់ខ្ញុំ ដែល​ខ្ញុំ​បាន​យក​ពី​ភ្នំពេញ​ជា​យូរ​មកហើយ រួច​ប្រមូល​ដាក់​ក្នុង​រទេះអូស​មួយ​។ នៅតាម​ផ្លូវ​ទៅ​ភ្នំពេញ យោធា​ខ្មែរក្រហម​បាន​ព្យាយាម​បាញ់​ខ្ញុំ​។ ខ្ញុំ​បាន​បោះបង់ចោល​របស់របរ​ប្រើប្រាស់​ផ្ទាល់ខ្លួន​របស់ខ្ញុំ​នៅ​កន្លែង​នោះ រួច​រត់​យករួចខ្លួន​។

​ខ្ញុំ​បាន​ឆ្អែត​ចិត្ត ជាមួយនឹង​អតីតភាព​ការងារ​របស់ខ្ញុំ ហើយ​មិន​អនុញ្ញាតិ​ឲ្យ​កូនៗ​របស់ខ្ញុំ ធ្វើជា​ប៉ូលិស ឬ​ទាហាន​ឡើយ​៕ ល​