​កុមារ​ក្នុង​របប​ខ្មែរក្រហម​

3323
ចែករម្លែក
  • 28
    Shares

ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: បន្ទាប់ពី​របប​ណា​ស៊ី​សបាន​ដួលរលំ​នៅ​ឆ្នាំ​១៩៤៥ ប្រទេស​ភាគច្រើន​នៅលើ​ពិភពលោក តែងតែ​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ក្នុង​ថ្ងៃទី​១ ខែមិថុនា ជា​រៀងរាល់ឆ្នាំ ដើម្បី​រំ​ឮ​ក​ទៅដល់​ព្រឹត្តិការណ៍​វិនាសកម្ម ដែល​របប​ណា​ស៊ី​សបាន​កាប់សម្លាប់​ស្ត្រី និង​កុមារ​អស់​ជាច្រើន​នៅក្នុង​ភូមិ​លី​ឌី​សែ​ប្រទេស​ឆែក និង​ភូមិ​អូ​រា​ឌូ​ប្រទេស​បារាំង នៅ​អំឡុង​សង្គ្រាមលោក​លើ​ទី​២​។ ខណៈពេលដែល​កុមារ​ទូទាំង​ពិភពលោក កំពុងតែ​ទទួលបាន​ការយកចិត្ត​ទុកដាក់ និង​បាន​ឈប់សម្រាក​ក្នុង​ថ្ងៃទី​១ មិថុនា​នោះ កុមារ​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​របប​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ។

​របប​ខ្មែរក្រហម បានធ្វើ​ឲ្យ​ប្រជាជន​ប្រមាណ​២​លាន​នាក់​បាន​បាត់បង់​ជិវិត ក្នុងនោះ​កុមារ​ជាច្រើន​បាន​ស្លាប់​។ កុមារ​ត្រូវ​បង្ខំ​ឲ្យ​រស់នៅក្នុង​កងកុមារ​ដែ​ល​ស្ថិតនៅ​ឆ្ងាយ​ពី​ឪពុកម្តាយ និង​ធ្វើ​ការងារ​ផ្សេងៗ​ដូចជា រើស​អាច​ម៌​គោ កាត់​ទន្ទ្រានខែត្រ ប្រមូល​លាមក​មនុស្ស​ដើម្បី​ធ្វើ​ជី​ដាក់​ស្រែ​។ រីឯ​កុមារ​ក្នុង​វ័យ​ជំទង់ ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើការ​ធ្ងន់​ហួសកម្លាំង ដូចជា ជីក​ប្រឡាយ លើក​ទំនប់ កាប់​ឈើ​ធ្វើ​ផ្ទះ ធ្វើស្រែ​ចម្ការ និង​ដឹកជញ្ជូន​អាវុធ​ទៅ​សមរភូមិ​ជាដើម​។​

​នៅក្នុង​របប​ខ្មែរក្រហម​មិនមាន​សាលាបង្រៀន​ក្មេង​ទេ គឺ​កុមារ​ទទួលបាន​ការបណ្តុះ​មនោគមវិជ្ជា ពី​១​ទៅ​២​ម៉ោង​ក្នុង​មួយថ្ងៃ នៅក្រោម​ដើមឈើ ឬ​ក្រោមផ្ទះ​ប្រជាជន ហើយ​ការអប់រំ​ផ្តោត​សំខាន់​ទៅលើ​ចលនា​បដិវត្តន៍ ។ កុមារ​ត្រូវ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ចូល​បម្រើ​ការងារ​ជា​កងឈ្លប និង​កងទ័ព​។ នៅ​ខណៈពេលដែល​ខ្មែរក្រហម​ធ្វើសង្គ្រាម​តាម​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​១៩៧៧ និង​រយៈពេល​ពេញ​មួយឆ្នាំ​១៩៧៨ កងទ័ព​ខ្មែរក្រហម​ជាច្រើន​នាក់​បាន​ស្លាប់ និង​របួស ហើយ​ខ្មែរក្រហម​បាន​បញ្ជូន​កុមារ​ដែល​មិនទាន់​គ្រប់​អាយុ​ជាច្រើន​ទៅ​សមរភូមិ ដើម្បី​ធ្វើសង្គ្រាម​ទប់ទល់​ជាមួយនឹង​កងទ័ព​វៀតណាម ជា​លទ្ធផល​កុមារ​មិនទាន់​គ្រប់​អាយុ​រាប់ពាន់នាក់ បាន​ស្លាប់ និង​រងរបួស​។

​រាំង សុ​ផៃ ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ សព្វថ្ងៃ​រស់នៅ​ភូមិ​ទួលប្រាសាទ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រៀបរាប់ថា ខ្មែរក្រហម​បានជ្រើសរើស​គាត់​ឲ្យ​ចូល​បម្រើ​ការងារ​ជា​កងទ័ព ក្នុង​ឆ្នាំ​១៩៧៣ ខណៈដែល​គាត់​មាន​អាយុ​១២​ឆ្នាំ​។ ក្នុង​របប​ខ្មែរក្រហម សុ​ផៃ ជា​កងទ័ព​ប្រចាំ​ស្រុក​កំរៀង​ក្នុង​កង​លេខ​១៧៣ ហើយ​គាត់​ត្រូវបានចាត់តាំង​ឲ្យ​ទៅ​ការពារ​ព្រំដែន​ខ្មែរ​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ថៃ​ក្នុង​ខេត្ត​ប៉ៃលិន​។ ក្រៅពី​ការងារ​ជា​កងទ័ព សុ​ផៃ បានធ្វើ​ស្រែ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កងទ័ព និង​ប្រជាជន ប៉ុន្តែ​របប​អាហារ​នៅតែមាន​ការខ្វះខាត​។ សុ​ផៃ បន្តថា នៅពេលដែល​គាត់​មាន​អាយុ​១៦​ឆ្នាំ (​ចុងឆ្នាំ​១៩៧៧) ខ្មែរក្រហម​បាន​ផ្លាស់​គាត់​ឲ្យ​ទៅ​ទប់ទល់​ជាមួយ​កងទ័ព​វៀតណាម​នៅ​ស្រុក​ស្នួល​ខេត្តក្រចេះ តែ​ក្នុងពេលនោះ គាត់ និង​ក្មេងៗ​ដ៏ទៃទៀត មាន​តួនាទី​រែក​បាយ​ឲ្យ​កងទ័ព​ខ្មែរក្រហម​ដែល​ប្រយុទ្ធ​នៅលើ​សមរភូមិ​មុខ​។

​ស្រី សូល ភេទ​ប្រុស ជា​កុមារ​ម្នាក់​នៅក្នុង​របប​ខ្មែរក្រហម ដែល​ក្នុងពេលនោះ សូល មាន​អាយុ​ត្រឹមតែ​១២​ឆ្នាំ នៅពេល​ខ្មែរក្រហម​ចូលមក​ដល់​។ ដំបូង សូល រស់នៅ​ជាមួយ​ឪពុកម្តាយ នៅ​ភូមិ​ផ្គាំ ឃុំ​ផ្គាំ ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ និង​ធ្វើការ​ក្នុង​កងកុមារ ដូចជា ឃ្វាលក្របី សែង​ដី ជីក​ដំបូក លើកភ្លឺស្រែ ហើយ​ទទួលបាន​របប​អាហារ​គ្រប់គ្រាន់​។ ក្រោយមក ខ្មែរក្រហម​ចាប់ផ្តើម​បំបែក​សមាជិកគ្រួសារ​មួយៗ ឲ្យ​រស់នៅ​កន្លែង​ផ្សេងៗ​គ្នា ហើយ សូល ត្រូវ​បំបែក​ចេញពី​គ្រួសារ​ឲ្យ​ទៅ​រស់នៅក្នុង​ការដ្ឋាន​ត្រពាំង​ចែង និង​ចូលធ្វើការ​ក្នុង​កងចល័ត​ក្រោម​ការគ្រប់គ្រង​របស់ តា នឿ​ម ដែលជា​ប្រធាន​សហករណ៍​។ ស្ថានភាព​រស់នៅ​កាន់តែ​លំបាក ក្នុងពេលនោះ តា នឿ​ម បាន​ឲ្យ សូល ធ្វើការ​ងារ​ដូច​កង​យុវជន ដូចជា ភ្ជួរស្រែ ស្ទូង ឃ្វាលក្របី និង​បានទទួល​របប​អាហារ​តែ​បបរ​ប៉ុណ្ណោះ​។ សូល ប្រាប់ថា ដោយសារតែ​ការងារ​លើស​កម្លាំង និង​អាហារ​មិន​គ្រប់គ្រាន់​បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ហើយ​ភាគច្រើន​គឺ​កុមារ ដែល​មិនអាច​គាំទ្រ​ការលំបាក​ដូច​មនុស្ស​ជំទង់ និង​មនុស្ស​ចាស់​។ សូល បាន​បញ្ជាក់ថា ខ្លួន​មិនបាន​រៀនសូត្រ​ឡើយ​ក្នុង​របប​ខ្មែរក្រហម​១៩៧៥-១៩៧៩​។​

​រីឯ មាស អេ​ន ភេទ​ស្រី មាន​អាយុ​ត្រឹមតែ​១០​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​របប​ខ្មែរក្រហម​។ អេ​ន មាន​ស្រុកកំណើត​នៅ​ភូមិ​រ៉ូង ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប ហើយ​បច្ចុប្បន្ន​រស់នៅ​ភូមិ​យាង​ត្បូង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ អេ​ន ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅធ្វើ​ការ​ក្នុង​កងកុមារ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ប្រធាន​កង​ឈ្មោះ ហាប់ ដែលមាន​វ័យ​ស្រករ​គាត់​ដែរ​។ អេ​ន និង​ក្មេងៗ​ដ៏ទៃទៀត តម្រូវ​ឲ្យ​ចូលរៀន​ជា​រៀងរាល់ថ្ងៃ​ជាមួយ​គ្រូ​ឈ្មោះ លៀម រយៈពេល​១​ម៉ោង បន្ទាប់ពី​ពេលបាយ​ថ្ងៃត្រង់ នៅតាម​ម្លប់ឈើ​ដោយ​រៀន​សរសេរ​តែ​លេខ​សូន្យ ឬ​លេខ​មួយ​តែប៉ុណ្ណោះ​ក្នុង​មួយ​ថៃ្ងៗ មុនពេល​ចេញទៅ​រែក​អាច​ម៌​គោ​។

​ចំពោះ ឡា​ច ថៃ ភេទ​ស្រី សព្វថ្ងៃ​មាន​អាយុ​៥៣ ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ប្រាប់ថា នៅ​ក្នុងសម័យ​ខ្មែរក្រហម គាត់​រស់នៅក្នុង​កងចល័ត​កុមារ ហើយ​បាន​រៀនសូត្រ​តែ​១​ម៉ោង​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ហើយ​រៀន​នៅតាម​ម្លប់ឈើ ក្រោមផ្ទះ ដោយ​គ្មាន​ប៊ិច​និង​សៀវភៅ​សម្រាប់​សរសេរ​ទេ​។ ក្រៅពី​រៀន​គាត់​ត្រូវ​ទៅ​រែក​ជី​ក្នុង​មួយថ្ងៃ​ឲ្យ​បាន​៥០​អ​ម្រែ​ក​តាម​ការកំណត់ ក្រៅពី​ការងារ​រែក​ជី​គឺត្រូវធ្វើ​បង្គី​ថែមទៀត​។

​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ​ក្នុង​ឆ្នាំ ១៩៧៩ ប្រជាជន ដែល​នៅ​រស់រានមានជីវិត​ប្រហែលជា​៧០​ភាគរយ គឺជា​ស្ត្រី​មេម៉ាយ និង បាន​បន្សល់ទុក​កុមារកំព្រា​ប្រហែល ២០០.០០០​នាក់ ពីព្រោះ​នៅក្នុង​របប​ខ្មែរក្រហម បុរស​ភាគច្រើន​ត្រូវបាន​ស្លាប់​ដោយសារ ការសម្លាប់ ការធ្វើ​ទារុណកម្ម ជំងឺ អត់​អាហារ និង​ស្លាប់​ក្នុង​សមរភូមិ​។ កុមារ​បាន​ជួបនឹង​ឧបសគ្គ​ជាច្រើន​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ កុមារ​មួយចំនួន​ត្រូវ​ជួយ​ម្តាយ​ម៉េ​ម៉ា​យ​ក្នុងការ​ប្រកប​របរ​ចិញ្ចឹម​គ្រូ​សារ និង​មិន​មានឱកាស​ក្នុងកា​បន្ត​ការ​សិ​ស្សា​ឡើងវិញ​ឡើយ​៕ ល​