​កុមារ​ក្រោម​ភ្នែក​អង្គការ​

2659
ចែករម្លែក
  • 80
    Shares

ដោយ​: ទាវ សារៈ​មុនិន្ទ / ភ្នំពេញ​: «​ក្រោក​! ក្រោក​! ងើបឡើង​! ងើបឡើង​! ដល់​ម៉ោង​ទៅធ្វើ​ការ​ហើយ​» គឺជា​ការ​ដាស់​ឲ្យ​ក្រោកពីដំណេក​យ៉ាង​រន្ថើន​ពី​សំណាក់​មេកង​កុមារ​ខ្មែរក្រហម ឲ្យ​កុមារ​ទាំងអស់​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្កប់ស្កល់ ក្រោក​ឡើង ដើម្បី​ទៅធ្វើ​ការងារ​។ ក្នុងចំណោម​កុមារ​អភ័ព្វ​ទាំងអស់នោះ ក៏មាន​ម្តាយ​ខ្ញុំ ម្នាក់​ដែរ​។ ទាំងអស់នេះ វា​ផ្ទុយ​ពីអ្វី​ដែល​ខ្ញុំ​ធ្លាប់​ឆ្លងកាត់​កាលពី​ពេលដែល​ខ្ញុំ ស្ថិតក្នុង​វ័យ​កុមារ ដែលមាន​អាយុ​ស្របាល​នឹង​ម្តាយ​របស់ខ្ញុំ​នាពេលនោះ​។ សំឡេង​ដែល​ដាស់​ខ្ញុំ មិនមែនជា​សំឡេង​ដែល​បង្ខំ​ខ្ញុំ​ឲ្យ​ក្រោក​ឡើងទៅ​ធ្វើការ ងារ​នោះទេ ប៉ុន្តែ​វា​គឺ ការ​ដាស់​ថ្នមៗ ជាមួយនឹង​សំឡេង​ស្រទន់ ឲ្យ​ខ្ញុំ​ក្រោក ឡើង ស្រូត​ងូតទឹក ស្លៀកពាក់ និង​ញាំ​អាហារ​ពេលព្រឹក មុន​ទៅ​សាលារៀន​។

​មុន​របប​ខ្មែរក្រហម ម្តាយ​ខ្ញុំ និង​គ្រួសារ​រស់នៅ​ឃុំ​ក្បាលកោះ ស្រុក កៀនស្វាយ ខេត្តកណ្តាល​។ ក្រោយ​ថ្ងៃ​១៧ មេសា ១៩៧៥ គ្រួសារ​ម្តាយ​ខ្ញុំ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ទៅ​រស់នៅ​ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់ ដែលជា ទី​ដែល​គាត់​ត្រូវ​រៀន​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​។ អង្គការ​ខ្មែរក្រហម​បាន​ចាត់ គាត់​ឲ្យ​ចូល និង​រស់នៅក្នុង​មុន្ទីរ​កុមារ​វត្ត​ក្ងាន​។ អ្វីដែល​គាត់​ចាំ​មិន​ភ្លេច​នៅ ពេលដែល​គាត់​ទៅដល់​ស្រុក​កណ្តៀង​ដំបូង នៅពេល​ហូប​អាហារ ខ្មែរក្រហម បាន​ស្ល​សម្ល​ត្នោត ដែល​ទឹក​សម្ល​ខ្មៅ​ខ្វល់ ចែក​អ្នក​ជម្លៀស​ទាំងអស់​ហូប​។ ម្តាយ​របស់ ខ្ញុំ និង​បងប្អូន​ប្រុស​ស្រី​ដទៃទៀត នាំគ្នា​យំ​យ៉ាងខ្លាំង ព្រោះ​មិនចេះ ហូប​សម្ល​បែបនេះ​ទេ​។ ប៉ុន្តែ មួយ​សប្តាហ៍​ក្រោយមក ទោះបី​ចេះ ឬ​មិនចេះ​ហូប សម្ល​ត្នោត​នេះ ក៏​ត្រូវតែ​បង្ខំចិត្ត​ហូប​ដែរ ព្រោះ​មិនមាន​អ្វី​ហូប​ក្រៅពី​សម្ល​ដែល អង្គការ​ស្ល​ឲ្យ​ទេ​។ ហេតុនេះហើយ ទើប​ម្តាយ​ខ្ញុំ​តែងតែ​បន្ទោស​ខ្ញុំ និង​កូនក្មួយ ថា «​កុំ​ហូប​រើស​ម្ហូប​ពេក មាន​ម្ហូប​គ្រប់មុខ​យ៉ាងនេះ​សំណាង​ណាស់ មិន​ដូច គាត់​ពេលដែល​នៅក្នុង​របប​ខ្មែរក្រហម​ទេ រកតែ​បាយក្តាំង ឬ​កម្ទេច​សាច់​ហូប មិនបាន​ផង​។ មិនមែន​ដូច​ពួក​កូន​ឥឡូវ ទាល់តែ​បង្ខំ​ផង បញ្ចុក​ផង ទើប​ហូប នោះទេ​។​»

​ម្តាយ​ខ្ញុំ​តែងតែ​រម្លឹក​ពី​ជីវិត​របស់គាត់​ក្នុង​របប​ខ្មែរក្រហម​ប្រាប់​ដល់​កូនចៅ​ជានិច្ច បើទោះបីជា​ក្មេងៗ​ទាំងនេះ មិនដឹងថា​អ្វី​ទៅជា​របប​ខ្មែរក្រហម​? រួមទាំង​ខ្ញុំ​ជាដើម​នាពេលនោះ​។ ម្តាយ​ខ្ញុំ​បាន​ប្រាប់ថា នៅក្នុង​របប​ខ្មែរក្រហម បើទោះបីជា​យើង​ជា​កុមារ​ក៏ដោយ ក៏ត្រូវ​ធ្វើ​កិច្ចការ​ដូន​មនុស្សពេញវ័យ​ដែរ​។ កុមារ​តូចៗ​ត្រូវ​ដើរ​រើស​អាចម៍គោ ឬ​កាប់​ដើម​ទន្ទ្រានខែត្រ ហើយ​ចំពោះ​កុមារ ដែលមាន​មាឌធំ ត្រូវ​អង្គការ​ចាត់តាំង​ឲ្យ​ទៅ​លើកភ្លឺស្រែ ឃ្វាលគោ ឬ រែក​ដី ដូច​មនុស្ស​វ័យ​ជំទង់​ដែរ​។ នៅពេលនោះ គ្មាន​សាលារៀន​សម្រាប់​កុមារ រៀន សូត្រ​នោះទេ ហើយ​អង្គការ​ក៏បាន​ប្រាប់​ដែរ​ថា សាលារៀន គឺមាន​តែ​នៅ​ស្រែ ប្រឡាយ​ទំនប់ និង​ការដ្ឋាន​ការងារ​តែប៉ុណ្ណោះ​។

ស្ទើរជារៀងរាល់ឆ្នាំ នៅរដូវបុណ្យភ្ជុំបិណ្ឌម្តាយរបស់ខ្ញុំ និងក្រុមគ្រួសារ តែងតែទៅកាន់ភូមិឃុំ ដែលគាត់រស់នៅពីកុមារក្នុងរបស់ខ្មែរក្រហម ដើម្បីឧទ្ទិសកុសលដល់សាច់ញាតិ ដែលបានបាត់បង់ជីវិតនៅទីនោះ ក្នុងរបបខ្មែរក្រហម

មន្ទីរ​កុមារ​វត្ត​ក្ងាន បាន​ចែក​កុមារ​ជា​ពីរ​ប្រភេទ គឺ​កុមារ ដែលមាន​អាយុ ក្រោម​៩​ឆ្នាំ ត្រូវធ្វើ​ការងារ​ដូចជា​រើស​អាចម៍គោ និង​កាប់​ទន្ទ្រានខែត្រ​ជាដើម ចំណែក​កុមារ​ដែលមាន​អាយុ​ជាង​៩​ឆ្នាំ ត្រូវបាន​អង្គការ ចាត់ទុកជា​កុមារ​ឈានមុខ ​ដែល​អាចធ្វើ​ការងារ​មួយចំនួន​ដូច​មនុស្ស​ធំ​បាន​។ ម្តាយ​ខ្ញុំ​នៅពេលនោះ មាន​វ័យ​ជាង​១០​ឆ្នាំ ត្រូវបាន​អង្គការ​ចាត់​ចូល​ជា​កុមារឈាន​មុខ​។ ដំបូង អង្គការ​បាន​ចាត់​គាត់​ឲ្យ​ធ្វើជា​ជី​ទន្ទ្រានខែត្រ​។ កន្លះ​ឆ្នាំ​ក្រោយមក គាត់​ត្រូវ អង្គការ​ផ្លាស់​ឲ្យ​មក​ធ្វើ​នៅ​ខាង​សេដ្ឋកិច្ច​ប្រចាំ​មុន្ទីរ​កុមារ ដោយមាន​នាទី​ដាំ បាយ និង​ធ្វើ​ម្ហូប​។ មួយរយៈ​ក្រោយ អង្គការ​បាន​ផ្លាស់​ម្តាយ​ខ្ញុំ មក​ឲ្យ​មើល​ជ្រូក (​ថែ និង​ដាក់​បាយ​ជ្រូក​) និង​ដាំ​ដំណាំ​។ ចុងឆ្នាំ​១៩៧៨ អង្គការ​បាន​ផ្លាស់​ឲ្យ ទៅ​ស្ទូង​ដក​នៅ​ទួល​ម្កាក់​។ គាត់​បានរស់នៅ និង​ធ្វើ​ការងារ ដក​ស្ទូង​នៅ​ទួល ម្កាក់​រហូតដល់​របប​ខ្មែរក្រហម​បាន​ដួលរលំ​តែម្តង​។​

​ម្តាយ​ខ្ញុំ​បន្តទៀតថា រៀងរាល់​ព្រឹក​ព្រលឹម គាត់ ក៏ដូចជា​កុមារ​ឯទៀត ត្រូវ​មេកង​កុមារ ដាស់​ឲ្យ​ក្រោក​ទៅធ្វើ​ការ​ទាំង​ម្នាក់ៗ​មិនទាន់​អស់​ងងុយ​។ អ្នក ដែល​ក្រោក​មិនទាន់ ឬ​យឺតយ៉ាវ ត្រូវ​មេកង​យក​រំពាត់ផ្តៅ​វាយ ឬ​យក​ភ្លើង​អុជ ជើង​ជាដើម​។ កុមារ​ទាំងអស់​មិន​ទទួលបាន​អាហារ​ពេលព្រឹក​នោះទេ គឺ ធ្វើ ការ​រហូត​ដល់ពេល​ថ្ងៃត្រង់ ទើបបាន​ហូប​។

​ម្តាយ​ខ្ញុំ​បាន​រម្លឹក​ទៀតថា កុមារ​ទាំងអស់​ត្រូវ​អង្គការ​ដាក់​ឲ្យ​រស់នៅក្នុង មុន្ទីរ​កុមារ ហេតុនេះ កុមារ​ទាំងនេះ មិនដែល​ទទួលបាន​កា​រ​មើលថែ​ពី​ឪពុក ម្តាយ​នោះទេ​។ កុមារ​ទាំងអស់ ព្រឹក​ត្រូវ​ងើប​ទៅធ្វើ​ការ និង​ល្ងាច​ត្រឡប់មក សម្រាក​នៅ​កងកុមារ​វិញ​។ កុមា​រណា​ដែល​លួចរ​ត់ទៅ​ជួប​ឪពុកម្តាយ​ដោយ គ្មាន​ការអនុញ្ញាត​ត្រូវតែ​ទទួលពិន័យ​ជាក់​ជាពុំខាន​។ អង្គការ​ក៏បាន​ប្រាប់​ទៀត ថា «​មានតែ​អង្គការ​មួយគត់​ដែលជា ឪពុកម្តាយ​របស់​កុមារ​ទាំងអស់គ្នា​។ ហេតុ នេះ យើង​ជា​កុមារ​ត្រូវតែ​ស្រឡាញ់ និង​ស្មោះត្រង់​ចំពោះ​អង្គការ​តែមួយគត់​។​» ម្តាយ​ខ្ញុំ​នៅចាំ​ទៀតថា អង្គការ​បាន​បញ្ចុះបញ្ចូល​កុមារ​ឲ្យ​និយាយ​រឿង​ឪពុក ម្តាយ​របស់ខ្លួន​ប្រាប់​អង្គការ​។ ដោយ​ស្ថិតក្នុង​វ័យ​ជា​កុមារ​មិន​យល់​រាក់​ជ្រៅ កុមារ​ខ្លះ​បាន​ប្រាប់​ដល់​អង្គការ​គ្រប់​រឿង ដែល​ខ្លួន​បានដឹង​ពី​អតីតភាព​របស់ ឪពុកម្តាយ​។ គ្រួសារ​មួយចំនួន​ត្រូវ​ខ្មែរក្រហម​យកទៅ​កម្ទេច បន្ទាប់ពី​កូនៗ របស់ខ្លួន​បាន​រាយការណ៍​ឲ្យ​អង្គការ​។ ចំណែក ម្តាយ​របស់ខ្ញុំ ក៏ដូចជា​បងប្អូន ឯទៀត មិនដែល​ហ៊ាន​និយាយ​អំពី​ការងារ​របស់​ឪពុកម្តាយ​គាត់​ឡើយ​។ គាត់ រម្លឹកថា ពេលមកដល់​ស្រុក​កណ្តៀង​ដំបូង ជីតា​របស់ខ្ញុំ​បាន​ប្រាប់​គាត់ ថា បើ មាន​អ្នកណា​សួរថា ឪពុក​ធ្វើ​ការងារ​អ្វី​ពីមុនមក ឲ្យ​ប្រាប់​គេ​ថា «​គាត់ ជាជាង ប៉ះ​កង់​ទៅបាន​ហើយ​»​។ ជីតា​ខ្ញុំ ជា​មន្ត្រីរាជការ​មួយរូប ក្នុង​របប​សាធារណរដ្ឋ លន់ នល់​។ គាត់​មានការ​យល់ដឹង​ច្រើន​ពី​មនោគមន៍វិជ្ជា និង​នយោបាយ របស់​ខ្មែរក្រហម​។ ហេតុនេះ ជីតា​របស់ខ្ញុំ​តែងតែ​ប្រយ័ត្នប្រយែង​ជានិច្ច ចំពោះ ខ្មែរក្រហម ទើប​គាត់ និង​គ្រួសារ អាច​រក្សា​ជីវិត​រហូត​របប​យង់ឃ្នង​មួយ​នេះ ដួលរលំ​។​

​អ្វីដែល​គាត់​រៀបរាប់​ប្រាប់​ដល់​ខ្ញុំ​នាពេលនេះ គ្រាន់តែ​ជា ផ្នែក​តូច​មួយ នៃ​ជីវិត​ដែល​គាត់​ធ្លាប់បាន​ឆ្លងកាត់​ក្នុង​របប​ខ្មែរក្រហម​ប៉ុណ្ណោះ​។ ទិដ្ឋភាព​ជា ច្រើន​ទៀត ដែល​គាត់​រៀប​រាប់មិនអស់​ចំពោះ សកម្មភាព និង​អំពើ​ដែល ខ្មែរក្រហម​បាន​ប្រព្រឹត្ត​មកលើ​គ្រួសារ​ម្តាយ​ខ្ញុំ​ផ្ទាល់ និង​ប្រជាជន​ដទៃទៀត​។​

​កុមារភាព​របស់​ម្តាយ​ខ្ញុំ​នៅក្នុង​របប​ខ្មែរក្រហម​ដែល​បានលើកឡើង​ខាងលើ បាន​សរ​បញ្ជាក់​ឲ្យ​ឃើញថា ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា របប ខ្មែរក្រហម (​ប៉ុល ពត​) សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ មិន​ត្រូវបាន​អនុវត្ត ហើយ ថែមទាំង​បាន​លុបបំបាត់​ទាំងស្រុង​។ នៅក្រោម​ភ្នែក​អង្គការ កុមារ​ទាំងអស់ គឺ ជា​កម្មករ និង​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ខ្លូន និង​ត្រូវតែ​បញ្ចេញ​កម្លាំង​ពលកម្ម ធ្វើ​ការងារ ដូច​មនុស្សពេញវ័យ​ទូទៅ ដើម្បី​ប្តូរ​នឹង​របប​អាហារ​ដែល​មានតែ​បបរ​រាវៗ​ស្ទើរ​រក​គ្រាប់​អង្ករ​មិនឃើញ​ប៉ុន្មាន​វែក​ប៉ុណ្ណោះ​៕ ល​