​កុមារ​ដែល​គ្មាន​ការថែទាំ​ពី​គ្រួសារ​នឹងត្រូវ​ទទួល​កិច្ច​គាំទ្រ​បន្ថែម​ពី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​

.​ពិធី​ផ្សព្វផ្សាយ​ឯកសារ​ថ្មី​ជាមួយនឹង​អនុសាសន៍​ដើម្បី​ការពារ​កុមារ​ដែល​ត្រូវការ​ការថែទាំ​ជំនួស​ឱ្យបាន​កាន់តែ​ប្រសើរ​

678
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (​ក្រសួង ស​.​អ​.​យ​) ដោយមាន​ការគាំទ្រ​ពី​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​) បានប្រកាស​ផ្សព្វផ្សាយ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ ដើម្បី​ជា​មគ្គុទ្ទេសក៍​ណែនាំ​ដល់​ការបន្ត​កិច្ចខិតខំ​នៅ​ថ្នាក់ជាតិ​ក្នុងការ​កែទម្រង់​ប្រព័ន្ធ​ថែទាំ​កុមារ ក្នុង​គោលដៅ​កាត់បន្ថយ​ចំនួន​មណ្ឌល​ថែទាំ​កុមារ និង​បង្កើន​សេវា​ថែទាំ​កុមារ​នៅតាម​គ្រួសារ​សម្រាប់​កុមារ​ដែល​ងាយ​រងគ្រោះ​។​

ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយមាន​ការគាំទ្រ​ពី​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​) បានប្រកាស​ផ្សព្វផ្សាយ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ ដើម្បី​ជា​មគ្គុទ្ទេសក៍​ណែនាំ​ដល់​ការបន្ត​កិច្ចខិតខំ​នៅ​ថ្នាក់ជាតិ​ក្នុងការ​កែទម្រង់​ប្រព័ន្ធ​ថែទាំ​កុមារ ក្នុង​គោលដៅ​កាត់បន្ថយ​ចំនួន​មណ្ឌល​ថែទាំ​កុមារ និង​បង្កើន​សេវា​ថែទាំ​កុមារ​នៅតាម​គ្រួសារ​សម្រាប់​កុមារ​ដែល​ងាយ​រងគ្រោះ​(​រូបថត​ក្រសួង​)

​ឯកសារ​ទីមួយ គឺជា​ផែនការ​អភិវឌ្ឍ​សមត្ថភាព​សម្រាប់​កិច្ច​គាំទ្រ​គ្រួសារ ការថែទាំ​ដោយ​ឪពុក​ម្ដាយធម៌ និង​ស្មុំ​កូន​ក្នុងប្រទេស ដែល​ត្រូវបាន​ធ្វើឡើង​រួមគ្នា​ដោយ​ការិយាល័យ​អចិន្ត្រៃយ៍ នៃ​សន្និសីទ​ក្រុងឡាអេ​ស្ដីពី​ច្បាប់ឯកជន​អន្តរជាតិ (HCCH) និង​សេវា​សង្គម​អន្តរជាតិ (ISS)​។ ផែនការ​នេះ ដាក់ចេញ​នូវ​ចំណាត់ការ​សំខាន់ៗ ដែល​ក្រសួង ស​.​អ​.​យ ស្ថាប័ន​រដ្ឋាភិបាល​ដទៃ​ទៀត និង​ដៃគូ​នានា ត្រូវការ​ចាំបាច់ ដើម្បី​កែលម្អ​សេវា​ថែទាំ​សម្រាប់​កុមារ​ដែល​គ្មាន​ការថែទាំ​ពី​ឪពុកម្ដាយ សំដៅ​ធានាថា​កុមារ​នៅតែ​អាច​រស់នៅក្នុង​បរិយាកាស​គ្រួសារ​ដែល​លើកកម្ពស់​ដល់​ការអភិវឌ្ឍ​ពេញលេញ​របស់​ពួកគេ​។​

​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍ថា “​ក្រសួង ស​.​អ​.​យ បានចាប់ផ្ដើម​អនុវត្ត​អនុសាសន៍​មួយចំនួន​នៅក្នុង​ផែនការ​នេះ​រួចហើយ​។ ជា​ការងារ​អាទិភាព ក្រសួង​នឹង​បង្កើតឱ្យមាន​ប្រព័ន្ធ​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​អំពី​កុមារ​គ្រប់រូប​ដែល​កំពុងស្ថិត​ក្រោម​ការ​ថែទាំ​ជំនួស ដើម្បី​ធានាថា​កុមារ​គ្រប់រូប​ទទួលបាន​ប្រយោជន៍​ពី​ជម្រើស​ការថែទាំ​ល្អ​បំផុត​។ យើង​ក៏​កំពុងអភិវឌ្ឍន៍​នីតិវិធី និង​ឧបករណ៍​បណ្ដុះបណ្ដាល​ស​ម្រា​ប់​អ្នក​ប្រកប​វិជ្ជាជីវៈ​ស្ដីពី​ការថែទាំ​ដោយ​គ្រួសារ​សាច់ញាតិ ការថែទាំ​ដោយ​ឪពុក​ម្ដាយធម៌ និង​ស្មុំ​កូន​ក្នុងប្រទេស​ផងដែរ​។ យើង​ចាំបាច់​ត្រូវ​រៀបចំ​ឱ្យមាន​កិច្ចការពារ​ប្រកបដោយ​សុវត្ថិភាព និង​បទដ្ឋាន​កាន់តែ​រឹងមាំ​ជាង​មុន​។ យើង​ត្រូវធ្វើ​ការប៉ាន់ប្រមាណ រៀបចំ​ត្រៀមលក្ខណៈ និង​តាមដាន​ដោយ​ប្រុងប្រយ័ត្ន ទៅលើ​អ្នក​ថែទាំ​ជា​ឪពុក​ម្ដាយធម៌ និង​ឪពុកម្ដាយ​ចិញ្ចឹម​គ្រប់រូប ដើម្បី​ធានាថា​ពួកគេ​ផ្ដល់​ការថែទាំ​បានល្អ​ដល់​កុមារ​។​”

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​២៧​ខែកញ្ញា​បាន​បន្តថា​នៅក្នុង​ប្រទេស​កម្ពុជា គួរឱ្យភ្ញាក់ផ្អើល​មាន​កុមារ​ជាច្រើន​អ្នក​កំពុង​រស់នៅក្នុង​មណ្ឌល​ថែទាំ បើទោះបីជា​ពួកគេ​ភាគច្រើន យ៉ាងហោចណាស់​នៅមាន​ឪពុក ឬ​ម្ដាយ​ម្នាក់​នៅរស់​នៅ​ទ្បើ​យ​។ ជា​លទ្ធផល ការថែទាំ​កុមារ​តាម​មណ្ឌល បាន​ក្លាយជា​សេវា​ចម្បង​សម្រាប់​កុមារ​ងាយ​រងគ្រោះ បើទោះបីជា​គោលការណ៍​ណែនាំ​របស់​អនុសញ្ញា​ស្ដីពី​សិទ្ធិ​កុមារ​ចែងថា​កុមារ​គ្រប់រូប​មាន​សិទ្ធិ​ចម្រើន​វ័យ​នៅក្នុង​គ្រួសារ​របស់ខ្លួន លើកលែងតែ​ស្ថានភាព​គ្រួសារ​របស់​ពួកគាត់​មិន​អនុញ្ញាតឱ្យ​ពួកគេ​អាច​រស់នៅ​ជាមួយ​គ្រួ​សារបាន​។​

​លោកស្រី ដេ​បូរ៉ា កូ​មី​នី នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មាន​ប្រសា​ស​ថា “​កុមារ​មិនគួរ​ត្រូវបាន​បំបែក​ពី​ឪពុកម្ដាយ ដោយសារតែ​ភាពក្រីក្រ​នោះទេ​។ គ្រួសារ​គួរ​ទទួលបាន​កិច្ច​គាំទ្រ​ដែល​ពួកគេ​ត្រូវការ ដើម្បីឱ្យ​ពួកគេ​អាច​ផ្តល់​ការថែទាំ​សមស្រប​ដល់​កូន​របស់​ពួកគាត់​បាន​”​។ លោកស្រី បាន​បន្ថែមទៀតថា “​បើទោះបីជា​នៅពេល​គ្រួសារ​ពុំមាន​លទ្ធភាព​អាច​ផ្ដល់​ការថែទាំ​គ្រប់គ្រាន់​ដល់​កុមារ​ក៏ដោយ ក៏​ពួកគេ​គួរ​ទទួលបាន​កិច្ច​គាំទ្រ​ថែទាំ​ជំនួស​សមស្រប​នៅ​សហគម​ន៏​ដែល​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ​របស់​ពួកគេ និង​នៅតែ​អាច​បង្កលក្ខណៈ​ឱ្យ​ពួកគេ​អាច​លូតលាស់​នៅក្នុង​ផ្ទះមួយ​ប្រកបដោយ​ក្ដី​ស្រឡាញ់ និង​ទទួលបាន​សិទ្ធិ​ទាំងអស់​របស់ខ្លួន​”​។​

​ការថែទាំ​តាម​គ្រួសារ ដូចជា​ការថែទាំ​ដោយ​គ្រួសារ​សាច់ញាតិ ការថែទាំ​ដោយ​ឪពុក​ម្ដាយធម៌ និង​ស្មុំ​កូន​ក្នុងប្រទេស គឺជា​ជម្រើស​ថែទាំ​ជំនួស​នៅតាម​សហគមន៍​ជំនួស​ការថែទាំ​នៅតាម​មណ្ឌល ដែល​ក្រសួង ស​.​អ​.​យ និង​យូ​នី​សេ​ហ្វ ព្រមទាំង​ដៃគូ​ដទៃទៀត​កំពុង​លើកកម្ពស់​។ បើទោះជា​ដូច្នេះ​ក្ដី ការថែទាំ​ក្នុង​ទម្រង់​ទាំងអស់នេះ ទាមទារ​ឱ្យមាន​បទដ្ឋាន និង​ការត្រួតពិនិត្យ​ដោយ​ប្រុងប្រយ័ត្ន ដើម្បី​ធានា​ដល់​កិច្ចការពារ​កុមារ និង​ឧ​ត្ត​ម​ប្រយោជន៍​របស់​កុមារ​។​

​ផែនការអភិវឌ្ឍន៍​ស​ម​ត្ថ​ភាព​នេះ ក៏បាន​រកឃើញ​បញ្ហា​ប្រឈម​ចម្បងៗ​ចំនួន​ពីរ​ដែល​នៅ​សេសសល់ ហើយ​ត្រូវ​ដោះស្រាយ​មុនពេល​ចាប់ផ្ដើម​ដំណើរការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​។ ទីមួយ ស្មុំ​កូន​អន្តរប្រទេស គប្បី​ត្រូវបាន​ដាក់បញ្ចូល​ឱ្យបាន​សមស្រប​ទៅក្នុង​ប្រព័ន្ធ​ការពារ​កុមារ​ក្នុងប្រទេស ដោយ​ផ្តល់​អាទិភាព​លើ​ដំណោះស្រាយ​ថែទាំ​តាម​គ្រួសារ​ក្នុងប្រទេស​។ ទី​ពីរ ចាំបាច់​ត្រូវអនុវត្ត​ឱ្យបាន​គ្រប់គ្រាន់​នូវ​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន តាមរយៈ​ការធានា​ឱ្យបាន​ថា អាជ្ញាធរ​ទាំងអស់​ដែល​ចូលរួម​នៅក្នុង​នីតិវិធី​ស្មុំ​កូន មានអំណាច ធនធាន ចំណេះដឹង និង​បទពិសោធ​ចាំបាច់ ពាក់ព័ន្ធ​នឹង​កិច្ចការពារ​កុមារ និង​ស្មុំ​កូន​នៅក្នុង​ប្រទេស​។​

​នៅក្នុង​ពិធី​ផ្សព្វផ្សាយ​នេះដែរ ក្រសួង ស​.​អ​.​យ ក៏បាន​ផ្សព្វផ្សាយ​នូវ​ការសិក្សា​ស្ដីពី​ការអនុវត្ត​ថែទាំ​ជំនួស​ចំពោះ​កុមារ​នៅ​សហគមន៍​ក្នុងប្រទេស​កម្ពុជា រាប់បញ្ចូល​ការថែទាំ​នៅតាម​វត្ត​អារាម​ផងដែរ​។ ការសិក្សា​នេះ គឺជា​ការសិក្សា​លើក ទីមួយ​ក្នុង​វិស័យនេះ ដែល​បង្ហាញឱ្យឃើញ​អំពី​ទម្រង់​នៃ​ការថែទាំ​ជំនួស​ផ្សេងៗ ដែល​បាន​នឹង​កំពុង​អនុវត្តន៍​នៅក្នុង​សហគមន៍​។ ការសិក្សា​បាន​រកឃើញថា កន្លែង​ថែទាំ​ដោយ​គ្រួសារ​សាច់ញាតិ និង​ដោយ​ឪពុកម្ដាយ​ធម៌​ទាំងអស់ ពុំ​សុទ្ធតែ​បាន​ចុះបញ្ជី​ជាមួយ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នោះទេ ម្យ៉ាងវិញទៀត គ្រួសារ​សាច់ញាតិ និង​ឪពុក​ម្ដាយធម៌​ដែល​ផ្តល់​ការថែទាំ​កុមារ គប្បី​ត្រូវបាន​ប៉ាន់ប្រមាណ រៀបចំ​ត្រៀមលក្ខណៈ និង​ទទួលបាន​កិច្ច​គាំទ្រ​ឱ្យបាន​ប្រសើរ​ជាង​នេះ​។ បន្ថែម​ពីនេះ​ទៀត នៅ​ពុំទាន់​មាន​បទដ្ឋាន​អប្បបរមា​សម្រាប់​ការថែទាំ​កុមារ​នៅតាម​អន្តេវាសិកដ្ឋាន​ដែល​ផ្ដល់​កន្លែង​ស្នាក់នៅ​ដល់​សិស្ស​គួរផ្ដល់​ព័ត៌មាន​ដល់​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា អំពី​ចំនួន​កុមារ​ដែល​កំពុងស្នាក់នៅ​ក្នុង​អន្តេវាសិកដ្ឋាន​នោះ​។ លើសពីនេះ ការសិក្សា​បានស្នើ​ថា វត្ត​អារាម និង​មណ្ឌល​សាសនា​ដទៃទៀត ដែល​ផ្តល់​ការថែទាំ​កុមារ​លើសពី​១០​នាក់ គប្បី​ជ្រើសរើស​អ្នក​ថែទាំ​ម្នាក់​ដែល​បានទទួល​បានការ​បណ្ដុះ​បណ្ដាល ដើម្បី​បម្រើ​ការងារ​ផ្តល់​ការថែទាំ​ពេញ​ម៉ោង​។​

​ការសិក្សា​នេះ​ក៏បានផ្ដល់​អនុសាសន៍​ឱ្យ​បង្កើន​ចំនួន​បុគ្គលិក​សង្គមកិច្ច ដែលមាន​អាជីព​វិជ្ជាជីវៈ​នៅក្នុង​ក្រសួង ស​.​អ​.​យ និង​អង្គការ​ដៃគូ ដើម្បី​ធ្វើការ​គ្រប់គ្រង​ករណី និង​ផ្តល់​សេវា​គាំទ្រ​ដល់​កុមារ និង​គ្រួសារ​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍ ឱ្យបាន​សមស្រប​។​

​លោក វង សូត មានប្រសាសន៍ថា “​ក្រសួង ស​.​អ​.​យ ពិចារណា​ទៅលើ​អនុសាសន៍​ស្តីពី​ការបង្កើន​ចំនួន​បុគ្គលិក​សង្គមកិច្ច​ដែល​បានទទួល​ការបណ្ដុះបណ្ដាល ជា​អាទិភាព មិនមែន​សម្រាប់តែ​កិច្ចការពារ​កុមារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​កិច្ចខិតខំ​ផ្នែក​គាំពារ​សង្គម រាប់បញ្ចូល​ទាំង​កម្មវិធី​ជាតិ​សង្ឃ​ហ​ធម៌​សង្គម​ផងដែរ​”​។ លោក​បាន​បន្ថែមថា “​ដោយមាន​កិច្ច​គាំទ្រ​ពី​យូ​នី​សេ​ហ្វ ក្រសួង ស​.​អ​.​យ កំពុង​អនុវត្ត​ករណី​គំរូ​មួយ​សម្រាប់​ការងារ​សង្គមកិច្ច ដែល​យើង​នឹង​ប្រើប្រាស់​ករណីនេះ​ដើម្បី​ស្វែងរក​មតិ​គាំទ្រ​ដើម្បី​បង្កើន​ការវិនិយោគ​លើ​ធនធាន​ហិរញ្ញវត្ថុ និង​ធនធានមនុស្ស​នៅ​កម្រិត​ថ្នាក់ជាតិ លើ​ការងារ​សង្គមកិច្ច​។​”

​គួរបញ្ជាក់​ឯកសារ​ទាំ​ង​ពីរ​អាច​ស្វែង​រកបាន​នៅក្នុង​វេ​ប​សាយ​យូ​នី​សេ​ហ្វ https://www.unicef.org/cambodia (​ឯកសារ​ទាំងពីរ​នេះ​ក៏​នឹងមាន​ផ្សព្វផ្សាយ​នៅក្នុង​វេ​ប​សាយ​របស់​ក្រសួង ស​.​អ​.​យ នាពេល​ឆាប់ៗ​នេះ​ផងដែរ​៕ ល​