​កុំ​ច្រឡំ​ថា​ផ្លូវ​ស្រុកស្រែ​ផ្លូវ​ជាប់​សាលាសង្កាត់​ចោមចៅ​៣​យើង​នេះ​ទេ​

897
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កំណាត់​ផ្លូវ​បេតុង​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កុំ​យល់ច្រឡំ​ថា​ផ្លូវ​ស្រុកស្រែ​ឯនាយ​ជនបទ​។ តាមពិត​នៅ ក្នុង​រាជធានី​ភ្នំពេញ​ហើយ​ជាប់​នឹង​សាលាសង្កាត់​ចោមចៅ​៣​ទៀត​ដែល​ឆ្លងកាត់​ពី​ផ្លូវជាតិ​លេខ​៣​ទៅ​ផ្លូវជាតិ​លេខ​៤ ទទួលរង​ការខូចខាត​ស៊ឹង​តែ​មិនកើត​ទៅហើយ បើ​មាន​ភ្លៀង​ទឹក​ដក់​លិច​ទៀត កំណាត់​ផ្លូវ​ខាងលើ​មិនអាច​ធ្វើដំណើរ​ឆ្លង​កាត​បានឡើយ ដោយសារ​រណ្តៅ​ជ្រៅៗ។

ទោះជា​កន្លងមក​ពលរ​ដ្ឋ​ទទូច​ស្នើរ​សុំ​ដល់​អាជ្ញាធរ​សង្កាត់​មេត្តាជួយ បើ​មិនបាន​ចាក់​បេតុង​ដូចដើម​ទេ សុំ​ត្រឹម​ឈូសឆាយ​ពង្រាប គ្រាន់​ដោះ​ទ័ល​ក្នុងការ​ធ្វើដំណើរ តែ​លោក​ចៅសង្កាត់​ធ្វើ​តែ​មិនដឹង មិនឮ ចង់​ពលរដ្ឋ ស្រែក ត្អូញ ថ្ងូរ ពី​ផល​លំបាក បញ្ហា​ផ្លូវ ប្រព័ន្ធ​លូ​បែបណា​ក័​មិន​ខ្វល់​ដែរ ។​

​តាម​ប្រជាពលរដ្ឋ​បាន​លើកឡើងថា តាំងពី​លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​៣ ឡើងកាន់តំណែង​ពេលណា​មក ដែល​ដែល​ខ្វល់ខ្វាយ​ជាមួយ​ប្រជាពលរដ្ឋ កសាង ស្ថាបនា​ក្នុង​ក​ម្រឹត​ទាប​ថ្នាក់មូលដ្ឋាន​ក៏​លោក​មិន​រវល់​ដែរ ដឹង​តែ​អង្គុយ​រងចាំ​ភ្ញៀវ រក​ចុះហត្ថលេខា ប្រថាប់ត្រា ក្នុង​បន្ទប់ ពោល​គ្មាន​ពេល​ចុះ​ដើរ​មើល លក្ខណៈ​សុខទុក្ខ​ក្នុង​មូលដ្ឋាន​ទាល់តែសោះ ផ្លូវ​ខូច លូ​បាក់ ក្នុង​ក​ម្រឹត​ណាក៏ដោយ ។​

​ជុំវិញ​បញ្ហា​កំណាត់​ផ្លូវ​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​ជាប់​សាលាសង្កាត់​ចោមចៅ​៣​ផ្ទាល់​តែម្តង​កន្លងមក​ល​៩​ចៅសង្កាត់​ធ្លាប់មាន​ប្រសាសន៍ថា​គាត់​គ្មាន​លុយ​សម្រាប់​កសាង​ជួសជុល​ផ្លូវ​នេះ​ទេ​ឲ្យ​គាត់​ធ្វើ​យ៉ាងម៉េច​?​តែបើ​ពលរដ្ឋ​អ្នកធ្វើដំណើរ​វិញ បានលើកឡើង​ដែរ​ថា មិនចាំបាច់​ចាក់​បេតុង​ដូចដើម​ក៏បាន​ដែរ សូម​ត្រឹម​ឈូសឆាយ​ពង្រាប​ឲ្យ​ស្មើ​ក៏​អស់ចិត្ត​ដែរ ៕S/

​កុំ​ច្រឡំ​ថា​ផ្លូវ​ស្រុកស្រែ​ផ្លូវ​ជាប់​សាលាសង្កាត់​ចោមចៅ​៣​យើង​នេះ​ទេ​

#