“​កុំ​ស្មាន​បង​ភ្លេច ៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​” បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ដល់​ជនបរទេស

1150
ចែករម្លែក

​ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត / ភ្នំពេញ​: និស្សិត​មួយក្រុម​មកពី​សាកល​វិទ្យា​យ​ល័យ Northern Illinois University សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​សាស្ត្រាចារ្យ​បណ្ឌិត Judy Ledgerwood កាលពី​រសៀល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨ បានមក​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិចិត្រសាល​សិល្បៈ​សហ​សម័យ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ។

​បន្ទាប់ពី​ការស្វាគមន៍ និង​ធ្វើ​បទ​បង្ហាញ​ពី​កិច្ចការ​ទូទៅ​ទាក់ទង​វិចិត្រសាល​ពី លោក ស៊ា​ង ចិន្តា ក៏​មានការ​បញ្ចាំងភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេចៈ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​” ដល់​ក្រុមនិស្សិត ទស្សនា​។ ភាពយន្ត​ឯកសារ​នេះ បាន​ចាក់​បញ្ចាំង​ជា​បន្តបន្ទាប់​ឲ្យ​ទស្សនិកជន​ទស្សនា​នៅក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​៤​ឆ្នាំ​កន្លងមកហើយ ហើយ​នៅតែ​ទាក់ទាញ​ចំណាប់អារម្មណ៍ ពី​ប្រជាជន សិស្ស និស្សិត មន្ត្រីរាជការ និង​គ្រូបង្រៀន​។​

​ភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច ៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​” ជា​ភាពយន្ត​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ប្រវត្តិសាស្ត្រ​ពាក់ព័ន្ធ​នឹង​ភាព​សំបូរបែប​នៃ​បទ​ចម្រៀង និង​តន្ត្រី​ខ្មែរ នា​អំឡុង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៧០ និង​ជាត​ន្ត្រី​មួយ​ដ៏​ពេញនិយម​ក្នុងសម័យ​នោះ​។ ភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច​” មិន​ត្រឹម​បង្ហាញ​ពី​ការរីកចម្រើន​សិល្បៈ​បែប​បស្ចិមប្រទេស​នា​សម័យ​នោះទេ ប៉ុន្តែ​ក៏បាន​បង្ហាញ​ពី​សោកនាដកម្ម ភាពរន្ធត់​តក់ស្លុត​ដែល​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​ទៅលើ​សិល្បៈករ និង​ប្រជាជន​ខ្មែរ​ស្លូតត្រង់​។ ដូច​ទៅនឹង​ទាហាន និង មន្ត្រី​រដ្ឋការ​នៅក្នុង​សង្គមចាស់ សិល្បៈ​ក៏​ជា​គោលដៅ​បោសសម្អាត​របស់​ក្រុម ខែ្មរ​ក្រហម​ដែរ​។

និស្សិត​ឈ្មោះ Alora Gomez មកពី Northern Illinois University នៃ​សហរដ្ឋអាមេរិក មាន​អារម្មណ៍​តក់ស្លុត និង​ភ្ងា​ក់​ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​បាន​ទស្សនា​ភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច​៖​ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​” នៅ​រសៀល​នេះ ព្រោះ​គាត់​បានឃើញ​សហរដ្ឋអាមេរិក​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សង្គ្រាម​វៀតណាម និង​របប​ខ្មែរក្រហម​ដែរ​។ នេះ​ជា​លើកដំបូង​របស់គាត់ ដែល​បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​បានដឹង​ពី​រឿងរ៉ាវ​ទាំងនេះ​។ គាត់​ពិតជា​សោកស្តាយ​ណាស់​នៅពេលដែល​ឮ​រឿងរ៉ាវ​ទាំងនេះ ហើយ​គាត់​មិនដឹងថា​តើ​ប្រជាជន​ទាំងអស់​ទទួលយក និង​ដោះស្រាយ​បញ្ហា​ទាំងអស់​ដោយ​របៀប​ណា​នៅ​ខណៈពេល​នោះ​។ គាត់​យល់ឃើញថា នេះ​គឺជា​ប្រវត្តិសាស្ត្រ​មួយ​ត្រូវតែ​និយាយ​បន្ត​ព្រោះ​មនុស្ស​មួយចំនួន​មិនបាន​ដឹង​ដូច​គាត់​ទេ​។ ទោះបីជា​របប​ខ្មែរក្រហម ជា​ប្រវត្តិសាស្ត្រ​មួយ​ដ៏​ជូរចត់​ដែល​មិនគួរ​ចង់​ឲ្យ​ស្តាប់ ប៉ុន្តែ​បច្ចុប្បន្ន​យើង​ត្រូវតែ​និយាយ​ផ្សព្វផ្សាយ​បន្ត​តាមរយៈ​ការបង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នៅតាម​សាលា​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​។ គាត់​ស​ង្ឈឹ​ម​ថា ប្រជាជន​ខ្មែរ​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ទាំងអស់​អាច​ទទួលបាន​សន្តិភាព ហើយ​ប្រទេស​កម្ពុជា​ទាំងមូល​អាច​ដោះស្រាយ​វិបត្តិ​អតីតកាល​នេះ​បាន​។ ទោះបីជា Alora Gomez មាន​អារម្មណ៍​តក់ស្លុត​យ៉ាងណា តែ​គាត់​ពិតជា​ចូលចិត្ត​ខ្សែភាពយន្ត​នេះ​យ៉ាងខ្លាំង ហើយក៏​សង្ឃឹមថា នឹង​បាន​រៀនសូត្រ​បន្ថែម​ពី​របប​ខ្មែរក្រហម​តាមរយៈ​ខ្សែភាពយន្ត​ឯកសារ​នេះ​នៅ​ថ្ងៃ​អនាគត​។

Kathleen A. Westman សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា នៅ​សាកលវិទ្យាល័យ Northern Illinois University បាន​និយាយថា ភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច ៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​” ពិតជា​ភាពយន្ត​មួយ​ល្អ ព្រោះ​វា​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជាក់ស្តែង​អំពី​ប្រវត្តិសាស្ត្រ និង​បានធ្វើ​ឲ្យ​អ្នកទស្សនា​យល់ដឹង​កាន់តែច្រើន​ពី​ការផ្លាស់ប្តូរ​បរិបថ​ស​ង្គ​ម និង​តន្ត្រី​ខ្មែរ​។

​ចំណែក Judy Ledgerwood សាស្ត្រាចារ្យ​បណ្ឌិត​នៅ​សាកលវិទ្យាល័យ Northern Illinois University បាន​ឲ្យ​ដឹងថា គាត់​មិន​ធ្លាប់បាន​ទស្សនា​ខ្សែភាពយន្ត​ឯកសារ “​កុំ​ស្មាន​បង​ភ្លេច ៖ ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់​” ពីមុន​ទេ ហើយ​វា​ល្អ​ណាស់​សម្រាប់​ចំណេះដឹង​បន្ថែម​ដល់​គាត់​ទៅលើ​របប​ខ្មែរក្រហម​។ ភាពយន្ត​ឯកសារ​នេះ ពិតជា​ជួយ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដូចជា​សិស្ស​របស់គាត់ ដែល​បាន​ទស្សនា​នៅទីនេះ ហើយ​សិស្ស​ទាំងអស់​នឹង​ស្វែងយល់​បន្ថែមទៀត​ពី​របប​ខ្មែរក្រហម​៕ ល​

ក្រុមនិស្សិត​មកពី​សាក​ល​វិទ្យា​យ​ល័យ Northern Illinois University សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​សាស្ត្រាចារ្យ​បណ្ឌិត Judy Ledgerwood ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​វិចិត្រសាល​សិល្បៈ​សហ​សម័យ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា (​រូប​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)