​កូនឈើ​ចម្រុះ​ចំនួន​៥.០០០​ដើម​ត្រូវបាន​ដាំ​នៅ​បរិវេណ​ប្រាសាទ​ប្រី​ក្នុង​តំបន់​ឧទ្យាន​អង្គរ​

372
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩ ព្រះសង្ឃ គរុ​សិស្ស និង​សប្បុរសជន​ដឹកនាំ​ដោយ​លោកជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ចំនួន​១.០០០​អង្គ​នាក់​។​ពួកគាត់​បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​កូនឈើ​ច​ម្រុ​រួមមាន​គ្រញូង​១.៧០០​ដើម ធ្នង់​១០០​ដើម ច្រេស​១០០​ដើម ឈើទាល​១.៥០០​ដើម គគីរ​១.៥០០​ដើម ពពេល​១០០​ដើម សរុប​ចំនួន​៥.០០០​ដើម នៅ​បរិវេណ​ប្រាសាទ​ប្រី​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

​ព្រះ​តេជគុណ​ព្រះ​សទ្ធម្ម​ប្ប​កា​សេនី បណ្ឌិត តាត មហា​ទី ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ដែល​បាន​ដឹកនាំ​សកម្មភាព​យ៉ាង​ផុសផុល​ចូលរួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការដាំ​កូនឈើ​ឡើងវិញ មាន​សង្ឃដីកា​ថា​៖ ការដាំ​និង​ថែរក្សា​ព្រៃឈើ គឺជា​កាតព្វកិច្ច​ចម្បង​របស់​យើង​គ្រប់គ្នា ព្រោះ​ព្រៃឈើ​ត្រូវបាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​តម្រូវការ​ដ៏​ចាំបាច់​ក្នុងការ​រស់នៅ​របស់​ប្រជាជន​ទូទៅ និង​នាំមក​នូវ​ភាព​បៃតង​នៃ​បរិស្ថាន​ដ៏​សែន​មនោ​រម្យ​។

​លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ តំណាង​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា​៖ ការចូលរួម​របស់​ព្រះសង្ឃ គរុ​សិស្ស និង​សប្បុរសជន​នាពេលនេះ​គឺជា​កាយវិការ​ដ៏​គួរឱ្យ​គោរព និង​លើកទឹកចិត្ត​ជាទីបំផុត ព្រោះ​សកម្មភាព​ទាំងនេះ​កំពុងតែ​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​សេចក្តីអំពាវនាវ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​យុទ្ធនាការ​សាធារណៈ​ដាំ​កូនឈើ​ឡើងវិញ​នៅ​រមណីយដ្ឋាន​អង្គរ​។

ម្យ៉ាងវិញទៀត កាយវិការ​ទាំងនេះ​ពិតជា​បាន​បញ្ជ្រៀប​នូវ​អត្ថន័យ​ដាស់តឿន​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ចលនា​មហាជន​សំដៅ​ការយកចិត្តទុកដាក់​ដាំ​ដើមឈើ​ឡើងវិញ​ឱ្យស្រប​ទៅនឹង​គោលនយោបាយ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​រមណីយដ្ឋាន​អង្គរ​។ ក៏ដូចជា​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​យកចិត្តទុកដាក់​ដាំ​និង​ថែរក្សា​ព្រៃឈើ​៕S/​