ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោក ហ៊ុន ម៉ាណែត បុត្រាច្បងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា “ខណៈដែលពេលថ្មីៗនេះស្រុកព្រៃនប់កើតមានការតវ៉ារឿងដីធ្លីនោះសូមឱ្យពលរដ្ឋរួមគ្នាដោះស្រាយតាមនីតិវិធីកុំប្រើហឹង្សា។ព្រោះសមត្ថកិច្ចក៏ជាកូនចៅប្រជាពលរដ្ឋហើយយើងមិនចង់ឱ្យមានការវាយប្រហារកាប់ចាក់គ្នាព្រោះគ្មានអី្វចំណេញនោះទេ។សូមគោរពច្បាប់ទាំងអស់គ្នាហើយយើងបានសេចក្តីសុខទាំងអស់គ្នា។
សូមអំពាវនាវដល់ប្រជាពលរដ្ឋកុំទៅចូលរួមធ្វើបាតុកម្មជាមួយគេយើងខិតខំគិតតែធ្វើការខិតខំរៀនសូត្រពិសេសត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងប្រទេសជាតិឱ្យមានការជឿនលឿនទៅមុខ ពីព្រោះការធ្វើបាតុកម្មនេះវាមិនចំណេញឡើយសម្រាប់ប្រទេសជាតិ”។
ការថ្លែងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មហាកុដិ ផ្លូវបេតុង និងសមិទ្ធផលនានា ក្នុងវត្តពោធិ៍អណ្តែត នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩។
លោកហ៊ុនម៉ាណែតបានលើកឡើងថាកងកម្លាំងសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានសូមបន្តខិតខំការពារ និងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ត្រូវស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ប្រទេសជាតិ រាជរដ្ឋាភិបាល។ ត្រូវចាត់ទុកផលប្រយោជន៍របស់ប្រជាពលរដ្ឋធំជាងប្រយោជន៍របស់ខ្លួន។នេះជាគោលការណ៍របស់រាជរដ្ឋាភិបាលដែលខិតខំកែសម្រួលនូវអ្វីដែលមិនទាន់បានល្អដើម្បីរួមគ្នាបម្រើប្រជាពលរដ្ឋ។
ការលើកឡើងរបស់លោកហ៊ុន ម៉ាណែតខាងលើនេះគឺបន្ទាប់ពីប្រជាពលរដ្ឋនៅចំណុចភូមិចំណោទរាម ឃុំបិតត្រាង (អូរត្រាវ)ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានផ្ទុះការតវ៉ារឿងជម្លោះដីធ្លីកាលពីថ្ងៃទី១៨-១៩ ខែមេសាឆ្នាំ២០១៩រហូតឈានដល់ការបិទផ្លូវជាតិលេខ៤និងមានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋជាមួយសមត្ថកិច្ច និងបានបណ្តាលឲ្យសមត្ថកិច្ចចំនួន៦នាក់ បានរងរបួស និងប្រជាពលរដ្ឋចំនួន៨នាក់ ត្រូវបានចាប់ខ្លួន។
ក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ បាននាំគ្នាមកយកដើមឈើ ដុំថ្មមកដាក់បិទផ្លូវជាតិលេខ ៤ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្រុកព្រៃនប់ខេត្តព្រះសីហនុដើម្បីតវ៉ាប្រឆាំងជាមួយនឹងការចុះអនុវត្តដីការបស់តុលាការលើដីលោកឧត្តមសេនីយ៍ឯកជុំសាវុឌ្ឍ។
នៅពេលកម្លាំងសមត្ថកិច្ចចុះសម្របសម្រួលដើម្បីឱ្យប្រជាពលរដ្ឋបើកផ្លូវជាតិលេខ៤ស្រាប់តែប្រជាពលរដ្ឋបានផ្ទុះហិង្សាដោយបានយកដុំថ្មគប់ស្រាចមកលើសមត្ថកិច្ចបានបណ្តាលឱ្យសមត្ថកិច្ចចំនួន៦នាក់រងរបួសនិងងរថយន្តមួយចំនួនរងការខូចខាត។បន្ទាប់ពីផ្ទុះហិង្សាសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនពលរដ្ឋចំនួន៦នាក់ (ចាប់ថ្ងៃទី១៩ ខែមេសា)។
ទាក់ទងករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងប្រតិបត្តិការជួយសម្រួលចរាចរណ៍ ក្នុងករណីប្រជាពលរដ្ឋតវ៉ាបិទផ្លូវជាតិលេខ៤ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នោះ បានធ្វើឱ្យកម្លាំងសមត្ថកិច្ចចំនួន៦នាក់បានរងរបួស ។ក្នុងនោះកម្លាំងនគរបាល៤នាក់និងកម្លាំងប្រជាការពារចំនួន២នាក់។ក្រៅពីនេះខូចខាតរថយន្តចំនួន៣គ្រឿងរថយន្តរបស់អធិការស្រុក២គ្រឿងនិងរថយន្តរបស់មន្ត្រីអាវុធហត្ថមួយគ្រឿង។
លោកបន្តថាសមត្ថកិច្ចមិនបានចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់នោះទេពោលគឺសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ ៦នាក់ ដែលប្រើអំពើហិង្សាគប់ដំថ្មមកលើកម្លាំងសមត្ថកិច្ច ដែលកំពុងជួយបើកចរាចរណ៍ ក្នុងករណីប្រជាពលរដ្ឋជិត១០០នាក់បានយកដុំថ្មនិងមែកឈើដាក់លើផ្លូវជាតិលេខ៤បង្កការកកស្ទះដល់អ្នកធ្វើដំណើរ។
លោកឧត្តមសេនីយ៍ទោបានបញ្ជាក់ថាពេលដែលសមត្ថកិច្ចកំពុងយកដុំថ្មនិងលើកមែកឈើចេញពីលើផ្លូវជាតិលេខ៤នោះក្រុមជនដៃដល់បានយកដុំថ្មគប់មកលើសមត្ថកិច្ចបណ្តាលឱ្យសមត្ថកិច្ចរងរបួសចំនួន៦នាក់ប៉ុន្តែសមត្ថកិច្ចបានមិនប្រើអំពើហិង្សាតបតវិញឡើយ។
នេះជាថ្ងៃទី២ហើយដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទមនិងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់នៅឃុំបិតត្រាំងដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដកាលពីម្សិលមិញជាង៦០០ខ្នង។
សូមបញ្ជាក់ថា កម្លាំងចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានចុះទៅរុះរើសំណង់ផ្ទះខ្ទមជាង៦០០ខ្ទម ដែលអជ្ញាធរអះអាងថា ជាសំណង់អនាធិបតេយ្យ សាងសង់ដោយពលរដ្ឋមួយចំនួនប៉ះពាល់ទៅលើដីដែលមានម្ចាស់កម្មសិទ្ធិស្របច្បាប់ មានទីតាំងនៅចំណុចចំណោតអូរត្រាវ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕S/