​កូនស្រី​លោក​កឹម សុខា ចំអក​ឲ្យ​សម រង្ស៊ី រឿង​ប្រកាស​វិល​ចូល​ស្រុក​ថ្ងៃ​៩​វិច្ឆិកា​

1326
ចែករម្លែក
កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​លោក​កឹម សុខា (​រូប​ថ​តៈ ឯកសារ​)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ កូនស្រី​ច្បង​របស់លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា អតីត​អគ្គនាយករង​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា គ្មាន​ផែនការ​ពិតប្រាកដ​ណាមួយ​របស់ សម រ​ង្ស៊ី វិលត្រឡប់​ចូលទៅ​កាន់​ប្រទេស​កម្ពុជា​នោះទេ​។ វា​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​តែប៉ុណ្ណោះ​។


​យោងតាម​ការចុះផ្សាយរ​បស់ វី​អូ​ឌី​(VOD) កាលពី​ថ្ងៃទី​២៣ ខែតុលា បាន​ដកស្រង់​សម្ដី​កញ្ញា កឹម មនោ​វិទ្យា​ថា «​គ្មាន​ផែនការ​ពិតប្រាកដ​សម្រាប់​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ណា​ម្នាក់ ដើម្បី​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា នោះទេ​។ វា​គ្រាន់តែ​ជាការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ថ្មី​មួយទៀត​ពី​អ្នក​ដែល​មិនបាន​ធ្វើ​អ្វី​សោះ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លងទៅ ក្រៅតែពី​បង្កើត​រឿង​ទាក់ទាញ​ចំណាប់អារម្មណ៍ ដើម្បី​ព័ត៌មាន​ចុះផ្សាយ​។ ពួកគេ​ចាត់ទុក​បណ្តាញ​ព័ត៌មាន និង​អ្នកគាំទ្រ​របស់ខ្លួន​ជា​មនុស្ស​ល្ងីល្ងើ​ម្តង​ហើយ​ម្តងទៀត​”​។​


​កញ្ញា កឹម មនោ​វិទ្យា បាន​បន្តទៀតថា «​ឆាកជីវិត​នយោបាយរ​ប​ស់លោក សម រង្ស៊ី ជា​សហ​ស្ថាបនិក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ដែល​កំពុង​និរទេស​ខ្លួន​នោះ គឺ​ចប់​អស់ហើយ ដោយសារតែ​លោក​ខ្វះ​ការប្តេជ្ញាចិត្ត​។ ធ្វើការ​សម្រេចចិត្ត​ភ្លាមៗ​បែប​អត្តនោម័ត ហើយ​សំខាន់​ជាងនេះទៅទៀត​គឺ​ខ្វះ​ទស្សនវិស័យ​បែប​យុទ្ធសាស្ត្រ​»​។​


​កូនស្រី​របស់លោក កឹម សុខា រូបនេះ លើកឡើង​ទៀតថា ​ទាំងនេះ​បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន បញ្ចប់​ឆាកជីវិត​នយោបាយ​រប​ស់លោក សម រង្ស៊ី រួចទៅហើយ ក៏ដូចជា​បាន​ជួយ​ឲ្យ​លោក ហ៊ុន សែន កាន់អំណាច​បន្តទៀត​”​។ ការប្រកាស​អំពី​ការសន្យា​វិលត្រឡប់​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មានន័យថា លោក​សម រង្ស៊ី គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែលជា​អ្នក​សង្គ្រោះ​ប្រទេស​កម្ពុជា​។ ការពិត​គឺថា បើកាលណា​មាន​គេ​ជជែក​ពី​បញ្ហា​នេះ នោះ​វា​គឺជា​ជោគជ័យ​របស់គាត់ ហើយ​វា​គឺជា​លទ្ធផល​ដែល​គាត់​ចង់បាន​។ ដូច្នេះ​រាល់ពេល​ដែល​លោក​ជន្ល​ដាក់​បណ្តាញ​ព័ត៌មាន​និង​អ្នកគាំទ្រ​របស់គាត់​ជាមួយនឹង​ការវិលត្រឡប់​របស់គាត់​នោះ គោលដៅ​របស់គាត់​គឺ​ចង់​ឲ្យ​គ្រប់គ្នា​ជជែក​អំពី​រឿងនេះ ដើម្បី​ឲ្យ​គេ​ភ្ជាប់​លោក​ចូលក្នុង​រឿង​នោះ​។ គួរ​ឲ្យ​ស្តាយ ការទាក់ទាញ​ចំណាប់អារម្មណ៍​នេះ​បាន​នាំមក​នូវ​ការចាប់ខ្លួន​និង​ការវាយប្រហារ​។ ថ្នាក់ដឹកនាំ​ដែល​លេងល្បែង​ដ៏​គ្រោះថ្នាក់​នេះ ដើម្បី​ទទួលបាន​ការចាប់អារម្មណ៍​នឹងមិន​ទទួលរង​ផលវិបាក​នោះទេ ប៉ុន្តែ​អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​ក្រីក្រ​នៅតាម​មូលដ្ឋាន​ទៅវិញ​ទេ​ដែល​រង​ផលវិបាក​”​។​

កូនស្រី​លោក​កឹម សុខា បាន​បន្តទៀតថា “​សហភាព​អឺរ៉ុប​បានបញ្ជាក់​យ៉ាងច្បាស់​ថា ការដោះលែង​លោក កឹម សុខា គឺ​សំខាន់​ណាស់ ។​ដូច្នេះ​វា​អាស្រ័យ​លើ​រដ្ឋាភិបាល ក្នុងការ​សម្រេចចិត្តថាតើ​ត្រូវ​ឆ្លើយតប​នឹង​អនុសាសន៍​របស់​សហភាព​អឺរ៉ុប​ឬ​យ៉ាងណា​?”​។​

​គួរ​បញ្ជាក់ថា កញ្ញា កឹម មនោ​វិទ្យា ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាម៉េរិក​ស្ថិត​ក្នុងចំណោម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ចំនួន ១១៨​រូប របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​ហាមឃាត់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​។ តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់ពី​លោក កឹម សុខា ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ដោយមាន​ការគាំទ្រ​ពី​អាម៉េរិក​៕សរន/Ha