​កូរ៉េ​នឹង​ជួយ​សាងសង់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​កម្ពុជា​-​កូរ៉េ​ក្នុង​ទឹកប្រាក់​៧​លាន​ដុល្លារ​

371
ចែករម្លែក
  • 112
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​សាធារណរដ្ឋ​កូរ៉េខាងត្បូង​នឹង​ជួយ​សាងសង់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​កម្ពុជា​-​កូរ៉េ​ហៅ​កាត់​ថា​”​ស៊ី​ខេ​អាយ​ស៊ី​”(CKIC)​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៧​លាន​ដុល្លារ​អាមេរិក​។​គម្រោង​នេះ​ស្ថិតនៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ហើយនឹង​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ​២០២០​ខាងមុខ​។​

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) នៅ​ព្រឹក​ថ្ងៃទី ១៤ ខែមីនា​ឆ្នាំ​២០១៩ បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចពិភាក្សា​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​(MoEYS)​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ជាការ​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​”​គម្រោង​បង្កើត​ប្រព័ន្ធ​បណ្តុះ​ធុរកិច្ច​ថ្មី​រវាង​សាលា​និង​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា​”​។​

​ពី​ធី​ចុះហត្ថលេខា​នេះ បាន​ប្រារព្ធ​ឡើង​នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា​រវាង លោកស្រី ប៊ែ​ក ស៊ុ​ក​ហ៊ី (Baek SookHee)​អនុប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​)​និង​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​ក្នុងអំឡុងពេល​ទស្សនកិច្ច​របស់​លោកស្រី​មកកាន់​ប្រទេស​កម្ពុជា​។​ស្របពេល​នឹង​ដំណើរ​ទេស្សន​កិច្ច​ផ្លូវរដ្ឋ​របស់ លោក មូ​ន​ជែ​អ៊ី​ន​(Moon Jae-in)​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​ថ្ងៃទី​១៤​ដល់​១៦​ខែមីនា​ឆ្នាំ​២០១៩​។​

​គម្រោង​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្កើត​ការចាប់ផ្តើម​ប្រព័ន្ធ​អេកូ​និង បណ្តាញ​ទីផ្សារ​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​ប្រព័ន្ធ​មួយ​ដើម្បី​ជំរុញ​ការបង្កើត​ក្រុមហ៊ុន​ថ្មីៗ​នៅតាម​បណ្តា​សាកលវិទ្យាល័យ​នានា​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា​។​ទីភ្នាក់ងារ​”​ក​យ​កា​”​នឹង​សាងសង់​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី​កម្ពុជា​-​កូរ៉េ​(CKIC)​និង​គាំទ្រ​ការកសាង​សមត្ថភាព​សម្រាប់​ប្រតិបត្តិការ​មជ្ឍមណ្ឌល​ព​ង្រឹ​ង​ការប្រកួតប្រជែង​ចាប់ផ្តើម​ធុរកិច្ច​ថ្មី​។

​ជាមួយនេះ​នឹង​ផ្សព្វផ្សាយ​ការគាំទ្រ​កម្មវិធី​ការចាប់ផ្តើម​ធុរកិច្ច​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(ITC)​ជាមួយនឹង​ថវិកា​សរុប​ប្រមាន​ជា​៧​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​សម្រាប់​រយៈពេល​៥​ឆ្នាំ​ដែល​ចាប់ពី​ឆ្នាំ​២០១៩​រហូតដល់​ឆ្នាំ​២០២៣​។

​នៅក្នុង​ពិធី​ចុះហត្ថលេខា​លោកស្រី​ប៊ែ​ក​ស៊ុ​ក​ហ៊ី​បាន​មានប្រសាសន៍ថា​កម្ពុជា​បាន​បន្ត​និង​រក្សា​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​៧​ភាគរយ​ហើយ​កំពុងតែបន្ត​គោលនយោបាយ​ដើម្បី​ធ្វើឱ្យមាន​ភាពសម្បូ​បែប​រចនាសម្ព័ន្ធ​កំលាំង​ពលកម្ម​ការងារ​ឧ​ស្សហកម្ម​។​

លោកស្រី​បាន​បញ្ជាក់ថា​«​គម្រោង​នេះ​នឹងចូលរួម​ចំណែក​ក្នុងការ​ផ្សារភ្ជាប់​គម្លាត​រវាង​សមត្ថភាព​សិក្សា​និង​តម្រូវការ​ទីផ្សារ​ដើម្បី​លើកកម្ពស់​ឧស្សាហូបនីយកម្ម​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា​។ម្យ៉ាងទៀត​ភាព​សំខាន់​ចំបង​របស់​គម្រោង​នេះ​គឺថា​វា​នឹង​បង្កើតជា​ការងារ​ដែលមាន​គុណភាព​ខ្ពស់​ជាច្រើន នឹង​ជម្រុញឱ្យមាន​អ្នក​ប្រកបមុខរបរ​លក្ខណៈ​ជា​វិជ្ជាជីវៈ​លើ​ផ្នែក​ឧស្សាហកម្ម​កាន់តែច្រើន ខណៈដែល​ទីភ្នាក់ងារ​ក​យ​ការ​មាន​គម្រោង​ដាក់​មូលដ្ឋានគ្រឹះ សម្រាប់​ពង្រីក​ឧស្សាហកម្ម នៅក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​ពង្រឹង​ការប្រកួតប្រជែង​ថ្នាក់ជាតិ ពី​ចក្ខុ​វិ​ស័ត​រយៈពេល​វែង​»​។​

​លើសពីនេះ​ទៀត​គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដែលមាន​គុណភាព​ខ្ពស់​និង​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​ឧស្សាហកម្ម​ខណៈដែល​KOICA​គម្រោង​នេះ​ក៏​នឹង​រួមចំណែក​ក្នុងការ​ផ្សារភ្ជាប់​គម្លាត​រវាង​សមត្ថភាព​សិក្សា​និង​តម្រូវការ​ទីផ្សារ​ដើម្បី​លើកកម្ពស់​ឧស្សាហូបនីយកម្ម​ប្រកបដោយ​និរន្តរភាព​នៅ​កម្ពុជា​។​

​លោក​បណ្ឌិតសភា​ចា​រ្យ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ថ្លែងថា​៖​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​នឹង​សាងសង់​អគារ​មួយ​និង​បំពាក់​ឧបករណ៍​ដែលមាន​តម្លៃ​ប្រមាណ​៧​លាន​ដុល្លារ​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដើម្បី​ជួយ​លើកកម្ពស់​នូវ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការបង្កើត​គំនិត​ថ្មីៗ​ជួយ​ដល់​អាជីវកម្ម និង​ពាណិជ្ជកម្ម​។​

​លោក​បាន​គូសបញ្ជាក់ថា​«​គម្រោង​ជំនួយ​នេះ​នឹង​ជួយ​អភិវឌ្ឍ​និង​លើកកម្ពស់​គុណភាព​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា​ព្រមទាំង​ពង្រឹង​ការប្រកួតប្រជែង​បង្កើត​ធុរកិច្ច​ថ្មី​និង​រួមចំណែក​ក្នុងការ​ផ្សារភ្ជាប់​សមត្ថ​ភាព​សិក្សា​និង​តម្រូវការ​ទីផ្សារ​ដើម្បី​លើកកម្ពស់​ឧស្សាហូបនីយកម្ម​ប្រកបដោយ​និរន្ត​ភាព​នៅ​កម្ពុជា​»៕S/

​ចំណងជើង​រូបថត​៖​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា និង​លោកស្រី​ប៊ែ​ក​ស៊ុ​ក​ហ៊ី​អនុប្រធាន​ទីភ្នាក់ងារ​ស​ហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ដើម្បី​ជាការ​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​”​គម្រោង​បង្កើត​ប្រព័ន្ធ​បណ្តុះ​ធុរកិច្ច​ថ្មី​រវាង​សាលា​និង​វិស័យ​ឧស្សាហកម្ម​នៅ​ប្រទេស​កម្ពុជា​”(​រូបៈ​សុផល​)


​ ​

#