​កេរដំណែល​របស់​ជន​ភៀសខ្លួន​ឥណ្ឌូចិន​នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​

615
ចែករម្លែក

ដោយ​: ហូ ថុ​នា អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​:
កេរដំណែល​ជាច្រើន​របស់​ជនភៀសខ្លួន​ឥណ្ឌូចិន ត្រូវបាន​បន្សល់ និង​តម្កល់ទុក​នៅក្នុង​សារមន្ទីរ​សា​បាង ស្ថិតនៅក្នុង​បរិវេណ​ជំរំ​ភៀសខ្លួន​ម៉ូ​រ៉ុង ទីក្រុង​បា​តា​អាន ប្រទេស​ហ្វ៊ី​លី​ពី​ន​។ សារមន្ទីរ​នេះ បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា​កេរដំណែល​ដែល​ធ្លាប់បាន​ប្រើប្រាស់​ក្នុង​ទសវត្សរ៍​ទី​៨០ ដោយ​ជនភៀសខ្លួន​ឥណ្ឌូចិន រួមមាន ឡាវ វៀតណាម និង កម្ពុជា​។ កេរដំណែល​ទាំងនោះ មានដូចជា ភួយ ចានឆ្នាំង សម ស្លាបព្រា កែវ កៅអី ម៉ាស៊ីន​អង្គុលីលេខ និង​សៀវភៅ​រាប់រយ​ពាន់​ក្បាល​។

​សារមន្ទីរ​សា​បាង បាន​ខិតខំ​ប្រឹងប្រែង​ប្រមែប្រមូល​កេរដំណែល​ទាំងនេះ យកមក​ថែរក្សា​ក្នុង​គោលបំណង​ដាក់តាំង​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ការចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ដែល​ធ្លាប់បាន​កើតឡើង ចន្លោះ​ទសវត្សរ៍​ទី​៧០ និង​ពេញ​មួយ​ទសវត្សរ៍​ទី​៨០​។ ជនភៀសខ្លួន​ទាំងនេះ បាន​រត់​ភៀសខ្លួន​នៅ​អំឡុង​ឆ្នាំ​១៩៧៩ ដោយ​គេចវេះ​ពី​សង្គ្រាម​ដែល​បានកើត​ឡើង​នៅក្នុង​ប្រទេស​របស់ខ្លួន ហើយ​វិបត្តិ​ជនភៀសខ្លួន​នៅ​កម្ពុជា​ក៏បាន​កើតមានឡើង​ជាមួយ​នឹង​លំហូរ​នៃ​ជនភៀសខ្លួន​ក៏បាន​បន្ត​កើនឡើង​។ ក្រោយមក ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បានរៀបចំ​បង្កើត​ជំរំ​ភៀសខ្លួន​ជាច្រើន ដើម្បី​ផ្តល់​ជាទី​ជម្រក​ដល់​ជនភៀសខ្លួន​ឥណ្ឌូចិន​រាប់សែន​នាក់​ឲ្យ​ស្នាក់នៅ​បណ្តោះអាសន្ន ស្រប​ពេលដែល​ជនភៀសខ្លួន​ទាំងនោះ​កំពុង​រត់គេច​ពី​សង្គ្រាម​នៅក្នុង​ឆ្នាំ​១៩៧៩ និង​ពេញ​មួយ​ទសវត្សរ៍​ទី​៨០​។​

​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ក៏បាន​រៀបចំ​បង្កើត​ជំរំ​ភៀសខ្លួន​មួយ​មាន​ឈ្មោះថា «​មជ្ឈមណ្ឌល​រៀបចំ​ជនភៀសខ្លួន​ហ្វ៊ី​លី​ពី​ន​» ក្នុងចំណោម​ជំរំ​ភៀស​របស់ខ្លួន​ជាច្រើន​ផ្សេងទៀត​។

ដោយសារតែ​ភាពចលាចល​នយោបាយ​បាន​ផ្ទុះឡើង​នៅ​ប្រទេស​វៀតណាម ឡាវ និង​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៧៥ ជនភៀសខ្លួន​ឥណ្ឌូចិន​រាប់ពាន់នាក់ បាន​រត់​ភៀសខ្លួន​ដោយ​ទូក និង​ដោយ​ថ្មើរជើង​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅក្នុង​បណ្តា​ប្រទេស​ក្បែរ​នោះ​។

ជាការ​ឆ្លើយតប​រដ្ឋាភិបាល​ហ្វ៊ី​លី​ពី​ន​ក៏បានផ្តល់​កន្លែង​ដល់​មជ្ឈមណ្ឌល​រៀបចំ​ជនភៀសខ្លួន​ដែលមាន​ការគាំទ្រ​ពី​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ឆ្នាំ​១៩៧៩​។ មជ្ឈមណ្ឌល​រៀបចំ​ជនភៀសខ្លួន​ហ្វ៊ី​លី​ពី​ន​នេះ មាន​ទីតាំង​ស្ថិតនៅ​ម៉ូ​រ៉ុង (Morong) ទីក្រុង​បា​តា​អាន (Bataan) ប្រទេស​ហ្វ៊ី​លី​ពី​ន​។ មជ្ឈមណ្ឌល​រៀបចំ​ជនភៀសខ្លួន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ​១៩៨០​។ ក្រោយមក មជ្ឈមណ្ឌល​នេះ​បានទទួល​ជនភៀសខ្លួន​ឥណ្ឌូចិន​ជា​លើកដំបូង ដើម្បី​បន្តដំណើរ​ឆ្ពោះទៅ​តាំងទី​លំនៅ​ថ្មី​នៅ​ប្រទេស​ទី​បី​។ នៅក្នុង​អំឡុងពេល​ស្នាក់អាស្រ័យ​អស់​រយៈពេល​ប្រាំ​មួយខែ ទៅ​ប្រាំបី​ខែ ជនភៀសខ្លួន​ត្រូវបាន​ផ្តល់​ការ​ឧ​ត្ថ​ម្ភ​ជា​មូលដ្ឋាន ដូចជា ទឹក ស្បៀង សេវា​ថែទាំ​សុខភាព សេវា​សង្គម និង​ទទួលបាន​ការបណ្តុះបណ្តាល​ភាសាបរទេស និង​អំពី​វប្បធម៌​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន​។ ខណៈពេលដែល​ចំណាយ​មូលធន និង​ប្រតិបត្តិការ​ប្រចាំឆ្នាំ​ត្រូវបាន​ផ្តល់​ដោយ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNCHR) ដែល​ពេលនោះ​ប្រទេស​ហ្វ៊ី​លី​ពី​ន​ផ្តល់​ដី​ដែលមាន​ទំហំ​សរុប​៣៦៥​ហិកតា និង​មាន​ចម្ងាយ​១៨២​គីឡូម៉ែត្រ​ពី​ទីក្រុង​ម៉ានីល​។​

​ប្រទេស​ហ្វ៊ី​លី​ពី​ន បានផ្តល់​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​ដល់​បុគ្គលិក និង​សន្តិសុខ​របស់​មជ្ឈមណ្ឌល​នេះ​។ មជ្ឈមណ្ឌល​រៀបចំ​ជនភៀសខ្លួន បាន​ផ្ទុក​ជនភៀសខ្លួន​ឥណ្ឌូចិន​រហូតដល់​១៨.០០០​នាក់ និង​មានផ្ទះ​សរុប​ចំនួន​២៨៥​ខ្នង ចែកចេញជា​ដប់​សង្កាត់​។ នៅក្នុង​មជ្ឈមណ្ឌល​នេះ​មាន​មន្ទីរពេទ្យ បណ្ណាល័យ​ស្រាវជ្រាវ មជ្ឈមណ្ឌល​វិជ្ជាជីវៈ សាលារៀន និង​សំណង់​ប្រាសាទ​បូរាណ​ខ្មែរ​។

​ក្រោយមក ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន បាន​បង្កើត​និង​អនុម័ត​ច្បាប់​ស្តីពី​ជន​ភៀស​ឥណ្ឌូចិន​អាច​ទៅ​រស់នៅ​ប្រទេស​ទី​បី​រួមមាន សហរដ្ឋ​អាម៉េរិក ប្រទេស​អូស្ត្រាលី ប្រទេស​កាណាដា និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​។ មាន​ប្រជាជន​កម្ពុជា​មួយចំនួន​បាន​បន្តដំណើរ​ឆ្ពោះទៅ​រស់នៅ​ប្រទេស​ទី​បី រហូតមកដល់​បច្ចុប្បន្ន​៕ ល​