​កំណត់ត្រា​ប្រវត្តិសាស្ត្រ​៖ ទំនាក់ទំនង​រវាង​ប្រទេស​សិង្ហ​បុរី និង​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩

929
ចែករម្លែក

ដោយ​: ឡុង ដា​នី នាយក​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​
​ភ្នំពេញ​:
សិង្ហ​បុរី ដែលជា​ទូទៅ​ប្រជាជន​កម្ពុជា ហៅថា “​សាំង​ហ្គា​ពួរ​” គឺជា​ប្រទេសមួយ​ដែល​បានចាប់ផ្តើម​ភ្ជាប់​ទំនាក់ទំនង​ការទូត​និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយនឹង​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​សិង្ហ​បុរី​, អៀង សារី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​របស់​កម្ពុជា​ប្រជាធិបតេយ្យ រួម​ដំណើរ​ដោយ​កម្មាភិបាលជាន់ខ្ពស់​ចំនួន​៦​រូប​ទៀត បានធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​សិង្ហ​បុរី ចំនួន​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​១៩៧៧ ។

​ក្នុង​រយៈពេល​ស្នាក់នៅ​ប្រទេស​សិង្ហ​បុរី អៀង សារី ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី ស៊ីន​ណាត​ហាម​បី រ៉ា​ចា​រ៉ា​ត​ណា​ម (Sinathamby Rajaratnam) និង​រដ្ឋមន្ត្រី​វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ចេក យឺន ថុង (Jek Yeun Thong)​។ អៀង សារី ក៏បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានាធិបតី បេន​ចា​មីន សៀ​រ៉េ​ស (Benjamin Sheares) និង​នាយករដ្ឋមន្ត្រី លី ក្វាន់ យូ (Lee Kuan Yew)​។​

​នៅក្នុង​ជំនួប​នោះ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីអំពី​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ច​សហប្រតិបត្តិ​ជា​អន្តរជាតិ​។
​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំងពីរ​ក៏បាន​សម្តែង​នូវ​ភាព​រីករាយ​បន្ទាប់ពី​បាន​ត​ភ្ជាប់​ទំនាក់ទំនង​ការទូត​, ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​ប្រជាធិបតេយ្យ​សិង្ហ​បុរី​និង​បន្ត​ព​ង្រឹ​ក​ទំនាក់ទំនង​នេះ​ថែមទៀត​នៅពេល​ខាងមុខ​។​
​នៅ​ចន្លោះ​ពីថ្ងៃ​ទី​១១ ដល់ ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៧៨ គណៈប្រតិភូ​សេដ្ឋកិច្ច​នៃ​ប្រទេស​សិង្ហ​បុរី​បានមក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​។ គណៈប្រតិភូ​នេះ​ដឹកនាំ​ដោយ លោក លី ជី​អុង ហ្សា​ម (Lee Chiong Giam) ប្រធាន​នាយកដ្ឋាន​សេដ្ឋកិច្ច​នៃ​ក្រសួងការបរទេស​សិង្ហ​បុរី​។​ទទួល​បដិសណ្ឋារកិច្ច​គណៈប្រតិភូ​នៃ​ប្រទេស​សិង្ហ​បុរី រួមមាន វ៉ាន់ រិត ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជកម្ម​, ឡូញ ប្រធាន​គណៈកម្មាធិការ​នេសាទ​រដ្ឋ និង នី កន ប្រធាន​ពិធីការ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ប្រជាធិបតេយ្យ​។​

​នៅ​ថ្ងៃទី​១២-១៤ ខែឧសភា ឆ្នាំ​១៩៧៨ កម្មាភិបាល​នៅ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ជូន​គណៈប្រតិភូ​នៃ​ប្រទេស​សិង្ហ​បុរី​ទៅ​ទស្សនា​អង្គរវត្ត​ក្នុង​ខេត្តសៀមរាប​។ ក្នុងពេល​ធើ្វ​ដំណើរ​តាមផ្លូវ​គណៈប្រតិភូ​នៃ​ប្រទេស​សិង្ហ​បុរី​ក៏បាន​ចូល​ទស្សនា​ទំនប់​១​មករា (​ការដ្ឋាន​ទំនប់​១​មករា គឺជា​ទីតាំង​បទឧក្រិដ្ឋ​មួយ​ក្នុងចំណោម​ទីតាំង​បទឧក្រិដ្ឋ​ជាច្រើន​ទៀត​នៅក្នុង​សំណុំរឿង​០០២/២ នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា​) និង​ទី​រួម​ខេត្តកំពង់ធំ (​ទីតាំង​មន្ទីរ​តំបន់​៤៣)​។
​នៅ​ខេត្តសៀមរាប​គណៈប្រតិភូ​នៃ​ប្រទេស​សិង្ហ​បុរី​ទស្សនា​បារាយណ៍ទឹកថ្លា​,​ទីតាំង​រណ្តៅ​គ្រាប់បែក​,​លេណដ្ឋាន​ការពា​នៅ​ជុំវិញ​ខេត្តសៀមរាប​។​នៅ​ទីបញ្ចប់​គណៈប្រតិភូ​នៃ​ប្រទេស​សិង្ហ​បុរី​បាន​ទស្សនា​ប្រាសាទបាយ័ន និង​ប្រាសាទអង្គរវត្ត​។

​នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​១៩៧៨ អៀង សារី​, វ៉ាន់ រិត និង ឡូញ បានទទួល​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​សិង្ហ​បុរី​នៅ​ភ្នំពេញ​។ នៅ​ខណៈ​ពេលនោះ អៀង សារី បាន​ផ្តាំផ្ញើរ​សួរសុខទុក្ខ​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​។ កម្ពុជា​ប្រជាធិបតេយ្យ និង​សិង្ហ​បុរី​ក៏បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​កិច្ចពិភាក្សា​ដែល​បាន​បង្កើតឡើង​នៅ​ដំណាក់កាល​ទី​១ គឺ​ទំនាក់​ទំនាក់​សេដ្ឋកិច្ច ពាណិជ្ជកម្ម​រវាង​កម្ពុ​ជា​ប្រជាធិបតេយ្យ និង​សិង្ហ​បុរី ដោយ​បង្កើត​ឲ្យ​មានការ​ដោះដូរ​ពាណិជ្ជក​ម្ម ទំនាក់ទំនង​ដឹកជញ្ជូន​ជើង​ទឹក និង​ទូរគមនាគមន៍​។ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​១៩៧៨ វ៉ាន់ រិត និង ឡូញ បាន​ចូលរួម​ជូន​ដំណើរ​គណៈប្រតិភូ​សេដ្ឋកិច្ច​នៃ​ប្រទេស​សិង្ហ​បុរី​ត្រឡប់​ទៅ​ប្រទេស​វិញ​។​

​យោងតាម​ឯកសារ​បញ្ជីពាណិជ្ជកម្ម​របស់​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បាន​បន្សល់ទុក​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៧៨ គឺមាន​កប៉ាល់​ដឹកទំនិញ​យ៉ាងហោចណាស់​ចំនួន​ពីរ​គ្រឿង បាន​ដឹក​ប្រេងម៉ាស៊ីន​, គ្រឿងបន្លាស់​រថយន្ត និង​ទំនិញ​ផ្សេងៗ​ទៀត​ពី​ប្រទេស​សិង្ហ​បុរី​ចូលមក​ផែ​កំពង់សោម​។ ចំនួន​ទំនិញ​សរុប​ប្រមាណ​ជា​បី​ពាន់​ប្រាំពីរ​យ​ហាសិប​តោន និង​មានតម្លៃ​ជាង​មួយ​លាន​ប្រាំមួយ​សែន​ដុល្លារ​សហរដ្ឋ​អា​ម៉​រិ​ក​។​

​វ៉ាន់ រិត អតីត​ប្រធាន​គណៈកម្មាធិការ​ពាណិជ្ជ​កម្ម​ដែល​បានផ្តល់​បទសម្ភាសន៍​ដ​ល់​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០០៣ បាន​ឲ្យ​ដឹងថា​កម្ពុជា​ប្រជាធិបតេយ្យ​បាន​ទិញ​ប្រេងម៉ាស៊ីន​ពី​ប្រទេស​សិង្ហ​បុរី​រាប់ម៉ឺន​ធុង​មក​គរ​នៅក្នុង​ឃ្លាំង​នៅ​ភ្នំពេញ​។ វ៉ាន់ រិត បាន​ឲ្យ​ដឹង​ទៀតថា ខ្មែរក្រហម​មាន​ប្រាក់កម្ចី​ពី​ចិន​ចំនួន​១៤០​លាន​យន់ និង​២០​លាន​ដុល្លារ​អាម៉េរិក ហើយ​លុយ​ទាំងនោះ​ត្រូវបាន​ទុក​នៅក្នុង​ធនាគារ​របស់​ចិន​។ ខ្មែរក្រហម​បាន​ទូទាត់​លុយ​សង​ឲ្យ​ភាគី​សិង្ហ​បុរី តាមរយៈ​ធនាគារ ចិន​។​

​ហែម លី​សៀង អតីត​នីរសារ​ផ្ទាល់​របស់ ឡូញ ប្រធាន​គណៈកម្មាធិការ​នេសាទ​រដ្ឋ​ប្រចាំ​នៅ​កំពង់សោម​បាន​ឲ្យ​ដឹងថា ខ្មែរក្រហម​បាន​លក់​ផល​នេសាទ​សមុទ្រ​រួមមាន​ត្រី​ធំៗ​, បង្គា​, ក្តាម និង​ម៉ឹក រាប់រយ​តោន​ទៅ​ឲ្យ​ភាគី​សិង្ហ​បុរី​។ លី​សៀង បាន​បន្តថា នៅ​ខណៈពេលដែល​ខ្មែរក្រហម​បាន​ត្រឡប់​មកពី​នេសាទ​ម្តងៗ គឺ​ខ្មែរក្រហម​បាន​ណាត់​ឲ្យ​ភាគី​សិង្ហ​បុរី​បើកកប៉ាល់​ចូលមក​ទទួលយក​ផល​នេសាទ​នៅ​ផែ​កំពង់សោម​។ លី​សៀង បាន​បញ្ជាក់ថា ខ្មែរក្រហម​ក៏បាន​ផ្ញើ​ត្រី​សមុទ្រ​ធំៗ​, បង្គា​, ក្តាម និង​ម៉ឹក​ស្រស់ៗ ជូន​មេដឹកនាំ​ខ្មែរក្រហម​នៅ​មន្ទីរ​៨៧០ ជា​រៀងរាល់​សប្តាហ៍​។​

​បន្ទាប់ពី​ខ្មែរក្រហម​បាន​ដួលរលំ នៅ​ឆ្នាំ​១៩៧៩ ប្រទេស​សិង្ហ​បុរី​នៅតែ​បន្ត​មាន​ទំនាក់ទំនង​ការទូត និង​ជួយឧបត្ថម្ភ​គាំទ្រ​ក្រុមខ្មែរក្រហម​ដែល​បាន​ភៀសខ្លួន​ទៅ​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​រៀបចំ​អង្គ​ការចាត់​របស់ខ្លួន​ក្នុង​ការតស៊ូ​ប្រឆាំងនឹង​កងទ័ព​នៃ​របប​សាធារណរដ្ឋ​ប្រជា​និ​ត​កម្ពុជា និង​កងទ័ព​វៀតណាម រហូតដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។​

​នៅ​ឆ្នាំ​២០០៦ រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គ​សហប្រជាជាតិ​បានចាប់ផ្តើម​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា ដើម្បី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម (​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​និង​ជន​ទាំងឡាយណា​ដែល​ទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​ការរំលោភបំពាន​ធ្ងន់ធ្ងរ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​) ចំពោះ​ការបាត់បង់​អាយុជីវិត​ប្រជាជន​ប្រមាណ​២​លាន​នាក់​ដោយសារ​ការ​អត់​អាហារ​, ការធ្វើការងារ​ហួសកម្លាំង​, ឈឺ​គ្មាន​ថ្នាំ​ព្យាបាល និង​ការសម្លាប់​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ពីថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩ ។ ប្រទេស​ជាច្រើន​បាន​ចូលរួម​ផ្តល់​ជា​ថវិកា និង​សម្ភារ​ផ្សេងៗ ដើម្បី​ជួយ​ដល់​ដំណើរការ​កាត់ក្តី​។ ប្រទេស​សិង្ហ​បុរី គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំ​ទី​៤​ក្នុងចំណោម​ប្រទេស​អាស៊ាន​និង​មាន​ប្រាក់ចំណូល​សម្រាប់​ប្រជាជន​ម្នាក់ៗ (GDP Per Capital) ចំនួន​ជាង​៦​ម៉ឺន​ដុល្លារ​អាម៉េរិក គឺ​ខ្ពស់បំផុត​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន និង​ស្ថិតនៅ​ចំណោម​ប្រទេស​ទាំង​១០​នៃ​ពិភពលោក​ដែល​ប្រជាជនមាន​ចំណូល​ខ្ពស់​ជាងគេ ប៉ុន្តែ​ប្រទេស​សិង្ហ​បុរី​មិនបាន​ចូលរួម​វិភាគទាន​ដល់​ដំណើរការ​កាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា​ទេ បើទោះបី​ប្រទេស​សិង្ហ​បុរី​ធ្លាប់មាន​ទំនាក់ទំនង​ការទូត និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​របប​កម្ពុជា​ប្រជា​ធិ​តេ​យ្យ (​របប​ខ្មែរក្រហម​) ១៩៧៥ – ១៩៧៩ យ៉ាងណាក៏ដោយ​៕ ល​