​កំណើនសេដ្ឋកិច្ច​ធ្វើ​ឲ្យ​តម្រូវការ​លំនៅដ្ឋាន​កើនឡើង​ប្រមាណ​មួយ​លាន​ខ្នង​

1030
ចែករម្លែក

ដោយ​: ច្រាយ ចំណាន / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ​១​លាន​ខ្នង​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំនើន​ប្រជាសាស្ត្រ និង​រីកចំរើន​នៃ​សេដ្ឋកិច្ចសង្គម​។​

បុរី​នានា​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​វិនិយោគ​(​រូបថត​ឯកសារ​)

​លោក​ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ជាមួយនឹង​កំនើនសេដ្ឋកិច្ច នគរូបនីយកម្ម​ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ព្រោះ​តាម​ការសិក្សា​របស់​ក្រសួង​អំពី ក្របខណ្ឌ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​បាន​រកឃើញថា ចំនួន​ប្រជាជន​រស់នៅ​រាជធានី ក្រុង និង​ទីប្រជុំជន​នៅ​ឆ្នាំ​២០១៤ មាន​ចំនួន​៤,៥​លាន​នាក់ ស្មើនឹង​២៧,១​ភាគរយ និង​បន្ត​កើនឡើង​ដល់​៧,៩២​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ស្មើនឹង​៤៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។​

​តាម​ទិន្នន័យ​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា បើ​គិត​ចាប់ពី​ឆ្នាំ​២០១៥ ដល់​២០៣០ តម្រូវការ​លំនៅដ្ឋាន​ស​ម្រា​ប់រាជ​ធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​៨០​ម៉ឺន​លំនៅដ្ឋាន ដែល​គិត​ជា​មធ្យម​មាន​តម្រូវការ​ប្រមាណ​៥​ម៉ឺន​លំនៅដ្ឋាន​ក្នុង​មួយឆ្នាំ​។​

​លោក​ប៉ែន សុផល​បាន​បន្តថា ឆ្លើយតប​នឹង​បញ្ហា​នេះ​ក្រសួង​បាន និង​កំពុង​សកម្ម​អនុវត្តន៍​គោលនយោបាយ​ជាតិ​ស្តីពី ការរៀបចំ​ដែនដី ក្នុង​ការកសាង​ផែនការ​រៀបចំ​ដែនដី​ប្លង់គោល និង​ផែនការ​ប្រើប្រាស់​ដី​គ្រប់​កម្រិត និង​គោលនយោបាយ​ជាតិ​ស្តីពី​លំនៅដ្ឋាន ពិសេស​លំនៅដ្ឋាន​ដែលមាន​តំលៃ​សមរម្យ​ជូន​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​មធ្យម ប្រាក់ចំណូល​ទាប និង​ជន​ងាយ​រងគ្រោះ ដើម្បី​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​សម​ធ៌​ម​។​

​លោក​ច្រឹ​ក សុខ​នី​ម​អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong​បាន​ថ្លែងថា ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​កត្តា​សំខាន់ៗ​មួយចំនួន​ដូចជា កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ កំនើន​ប្រជាសាស្ត្រ​កើនឡើង​ក្នុង​ទីក្រុង ការកើនឡើង​នូវ​តម្លៃ​ដីធ្លី ធ្វើ​ឲ្យ​អ្នកមាន​ដីធ្លី​ក្នុង​ទីក្រុង​បាន​លក់​ចេញ ហើយ​ទិញ​លំនៅដ្ឋាន​នៅ​ជាយក្រុង ឬ​តាម​បុរី​នានា និង​ការគាំទ្រ​ឥណទាន​ពី​ធនាគារ​នានា​។​
​លោក​បន្តថា “​យើង​ឃើញថា​ទីផ្សារ​លំនៅដ្ឋាន​នៅតាម​បុរី​នានា មាន​សកម្មភាព​ទិញ​លក់​កើនឡើង​ជាប្រចាំ ទាំង​ផ្ទះ​ថ្មី និង​ផ្ទះ​ទី​២​ដែល​អ្នកទិញ​លក់​យកចំណេញ​ឬ​លក់​ចេញ​ដើម្បី​ផ្លាស់ប្តូរ​ទីតាំង​ថ្មី​”៕ ល​

បុរី​នានា​នៅ​ទីក្រុង​ភ្នំពេញ​ដែល​កំពុង​វិនិយោគ​(​រូបថត​ឯកសារ​)