​កំពង់ចម្លង​ឫស្សីស្រុក​-​កណ្តាល​កោះអន្លង់ចិន យកលុយ​លើស​សៀវភៅ​បន្ទុក

1482
ចែករម្លែក
  • 37
    Shares

​ដោយ​៖ សុផាន់​/
​កណ្តាលៈ កំពង់ចម្លង ឫស្សីស្រុក​-​កណ្តាល​កោះអន្លង់ចិន ស្ថិតនៅក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​យកលុយ លើស​សៀវភៅ​បន្ទុក សូម្បីតែ​មន្ត្រីរាជការ សិស្សានុសិស្ស ក៏​យកលុយ​ដែរ ។ ករណីនេះ ប្រជាពលរដ្ឋ ស្នើសុំ​ឱ្យដល់​អាជ្ញាធរ ខេត្តកណ្តាល មេត្តាជួយ​ពិនិត្យ​លើ អាជីវកម្ម​កំពង់ចម្លង មួយ​នេះ​ផង ។

​ប្រជាពលរដ្ឋ បាន​និយាយថា ម្ចាស់​កំពង់ចម្លង មិនបាន​សរសេរ ស្លាក​តម្លៃ​សេវា​ចម្លង ឲ្យ​ពួកគាត់​បានដឹង​ទេ ហើយ​យក​តម្លៃ​ឆ្លង ច្រើន​ហួស​កម្រិត ពី​កំពង់ចម្លង​ផ្សេងទៀត ។ ចំពោះ​រ៉ឺម៉ក​សណ្តោង​មួយគ្រឿង ម្ចាស់​កំពង់ចម្លង យកលុយ​ចាប់ពី ៥.០០០ ទៅ ១២.០០០ រៀល ។ ចំណែក​រថយន្ត មួយគ្រឿង យកលុយ​ពី ៨.០០០ ទៅ ៤០.០០០ រៀល តែបើ​រថយន្ត មាន​ដឹកទំនិញ​បន្តិចបន្តួច ម្ចាស់​កំពង់ចម្លង យកលុយ​ចាប់ពី ៥០.០០០ ទៅ ៨០.០០០ រៀល ។

​ចំណែក​មន្ត្រីរាជការ ក៏បាន​និយាយ​ដែរ​ថា ពួកគាត់​ជា​មន្ត្រីរាជការ បាន​ចុះ​បេសកកម្ម ធ្វើការ​តាម​មូលដ្ឋាន ហើយ​បើទោះបី ម្ចាស់​កំពង់ចម្លង ដឹងថា ពួកគាត់​ជា​មន្ត្រីរាជការ ក៏ដោយ ក៏​នៅតែ​យកលុយ​ដែរ ហើយ​យក​លើសពី សៀវភៅ​បន្ទុក​ទៀត ។

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​នេះ ម្ចាស់​កំពង់ចម្លង ខាងលើ បាន​បកស្រាយ​ថា ការយក​លុយ គឺ​យកទៅ​តាម​ទំហំ នៃ​ការដឹក មិនមែន​ចេះតែ​យក​ទេ បើសិនជា​រថយន្ត រ៉ឺម៉ក​នោះ មិនមាន​ដឹក​អ្វី គឺ​យកតាម​តម្លៃ​ភាស៊ី តាម​ទំហំ​នៃ ម៉ូតូ​, រ៉ឺម៉ក និង​រថយន្ត ។ ក្នុង​រថយន្ត​មួយគ្រឿង តម្លៃ ៨.០០០ រៀល ទៅ ១០.០០០ រៀល ទៅតាម​រថយន្ត​តូចធំ​។ ចំណែក​រថយន្ត​ដឹកទំនិញ​ធំៗ ដូចជា ដឹក​អង្ក​, ដឹក​គ្រឿងសំណង់ និង​ទំនិញ​ធ្ងន់ៗ ផ្សេងៗ ទំងន់​ប្រហែល ៤-៥ តោន គឺ​យក​តម្លៃ ៤ ម៉ឺន​រៀល ក្នុង​រថយន្ត​មួយគ្រឿង ។ ចំពោះ​បញ្ហា​ដែលថា យកលុយ ក្នុង​រ៉ឺម៉ក​មួយគ្រឿង ចាប់ពី ៥.០០០ រៀល ទៅ ១២.០០០ រៀល នោះ គឺ​ចំពោះតែ​រ៉ឺម៉ក​ធំៗ ទំហំ​ប៉ុន​រថយន្ត ហើយ​ដឹក​គ្រឿង​សង្ហា​រឹម ធ្ងន់ៗ ។

​ម្ចាស់​កំពង់ចម្លង​ដដែល បាន​បន្តថា ការប្រកប​របរ​នេះ រយៈពេល ៥ ឆ្នាំ​ម​មកហើយ ហើយ​មូលហេតុ ដែល​មិន​បានដាក់ តារាង​តម្លៃ គឺ​ដោយសារតែ លោក​រៀបចំ​មិនទាន់ ហើយ​លោក​យកលុយ គឺ​មិនដែល​លើស ពី​ភាស៊ី​នោះទេ ហើយ​ពេលខ្លះ ក៏​យក​ក្រោម​តម្លៃ​ភាស៊ី ទៀតផង​ដែរ ។

​បើទោះបី​មានការ​បកស្រាយ ពី​សំណាក់​ម្ចាស់​កំពង់ចម្លង យ៉ាងណាក៏ដោយ ក៏​ប្រជាពលរដ្ឋ និង មន្ត្រីរាជការ នៅតែ​ស្នើសុំ យ៉ាងទទូច ដល់​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត ពិសេស​លោក​អភិបាល ខេត្តកណ្តាល ឱ្យជួយ​ពិនិត្យ​លើ ការធ្វើ​អាជីវកម្ម កំពង់ចម្លង​មួយ​នេះ ៕V