​កំពង់ចាម​ទឹកទន្លេ​មេគង្គ​ជន់​លិច​ស្រុក​-​ក្រុង​ចំនួន​៩​និង​មាន​អ្នកស្លាប់​ចំនួន​៧​នាក់​

1134
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​: ជំនន់​ទន្លេមេគង្គ​បាន​វាយប្រហារ លើ​ស្រុក​-​ក្រុង​ចំនួន ប្រាំបួន របស់​ខេត្តកំពង់ចាម និង​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ប្រាំពីរ នាក់​បាន​ស្លាប់​។ ខណ​:​នៅ​ម៉ោង​ប្រមាណ ១០ ព្រឹក​ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០១៨ ទឹកទន្លេ​មួយ​នេះ​បាន និង​កំពុង​គំរាម​គំហែង​ក្រុង​កំពង់ចាម គឺ​ឈានដល់​កម្រិត​ប្រុងប្រយ័ត្ន​កម្ពស់ ១៥, ២០ ម៉ែត្រ​នោះ​ហើយ​។​
​ ​
​លោក​ឃ​ន​ប្រុស​ប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​គ្រោះមហន្តរាយ​សាលាខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ៨ សីហា​នេះ​ថា គិត​ត្រឹម​ថ្ងៃទី ៧ ខែសីហា ឆ្នាំ​២០១៨​នេះ ទូទាំង​ខេត្តកំពង់ចាម​មាន​ជនរងគ្រោះ​ចំនួន ប្រាំពីរ នាក់​បាន​លង់ទឹក​ជំនន់​ទន្លេមេគង្គ​ស្លាប់​។

ក្នុងចំណោម​នោះ​មាន​កុមារា​ចំនួន បី នាក់ នៅ​ស្រុក​កំពង់សៀម​ម្នាក់ , នៅ​ស្រុក​កងមាស​ម្នាក់ និង​នៅ​ក្រុង​កំពង់ចាម​ម្នាក់​។ មាន​ស្ត្រី​ម្នាក់ នៅ​ស្រុក​ស្រី​សន្ធរ និង​បុរស​អាយុ​ចាប់ពី ២៨​ដល់ ៣៦ ឆ្នាំ គឺ​នៅ​ស្រុក​កងមាស​ម្នាក់ , នៅ​ស្រុក​ស្ទឹងត្រង់​ម្នាក់ និង នៅ​ស្រុក​បាធាយ​ចំនួន​ម្នាក់​ដែរ​។​
​ ​
​លោក ឃ​ន ប្រុស ជា​នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​ផង​នោះបាន​ឲ្យ​ដឹង​ទៀតថា មកដល់​វេលា​នេះ​ខេត្តកំពង់ចាម​មានគ្រួសា​រ​រង​ផលប៉ះពាល់​ចំនួន ២២.៣៣៥ គ្រួសារ ភូមិ​ចំនួន ១៦៦ , ឃុំ​-​សង្កាត់​ចំនួន​៤២ ស្រុក​-​ក្រុង​ចំនួន ប្រាំបួន ក្នុងចំណោម​ស្រុក​-​ក្រុង​សរុប​ចំនួន ១០​។

ក្នុងនោះ​មាន​: ក្រុង​កំពង់ចាម​, ស្រុក​ស្ទឹងត្រង់​, ស្រុក​កំពង់សៀម​, ស្រុក​កងមាស​, ស្រុក​កោះសូទិន ,​ស្រុក​ស្រី​សន្ធរ ,​ស្រុក​ព្រៃឈរ​, ស្រុក​ជើងព្រៃ​, និង​ស្រុក​បាធាយ​។ ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ៦៣២ គ្រួសារ​ស្មើនឹង​១.៨៩៩​នាក់ និង​សត្វ​ចំនួន ១.៩៥៤ ក្បាល​ទៅកាន់​ទួល​សុវត្ថិភាព​ចំនួន ១២​កន្លែង​។​
​ ​
​លោកនាយក​រដ្ឋបាល​បាន​បន្តថា ក្នុងនោះ​លិច​ដំណាំ​ស្រូវ​ចំនួន ៤.៤៤៦​ហិកតា​,​ដំណាំ​ពោត​ចំនួន ៤៦៦ ហិកតា​, ដំណាំ​ផ្សេងៗ​ចំនួន ៦២៩,៦​ហិកតា​, ផ្លូវ​ប្រវែង ១០៩.៨៦២​ម៉ែត្រ​, ផ្ទះ​ចំនួន ១៧.៧៦៦​ខ្នង​, លិច​វត្ត​ចំនួន ២៨ កន្លែង​, លិច​វិហារ​ឥស្លាម​ចំនួន ប្រាំពីរ កន្លែង​, សាលារៀន​ចំនួន ៣៣ កន្លែង​,​លិច​មណ្ឌល​សុខភាព​ចំនួន​បី​កន្លែង​,​លិច​ស្ពាន​ចំនួន​១៤​កន្លែង​,​រុះផ្ទះ​គេចចេញ​ពី​ការបាក់​ច្រាំងទន្លេ​ចំនួន ប្រាំពីរ ខ្នង​, និង​បាក់​ច្រាំងទន្លេ​ប្រវែង ៥.៨៧៩​ម៉ែត្រ​។​
​ ​
​លោក អ៊ុំ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ចាម​បានដឹងថា នៅ​ម៉ោង ១០ ព្រឹក​ថ្ងៃទី ៨ ខែសីហា ឆ្នាំ​២០១៨​នេះ យើង​បានដាក់​ស្លាក​ប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ គឺ​បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​កំពង់ចាម​មានការ​ប្រុងប្រយ័ត្ន​ហើយ​។ ប៉ុន្តែ​សន្ទុះ​ទឹកទន្លេ​មេគង្គ​ផ្នែក​ខាងលើ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​ហាក់​បាន​ថមថយ​។ ជាពិសេស​នៅ​ទន្លេមេគង្គ​ខាង​ប្រទេស​ថៃ និង​ប្រទេស​ឡាវ​ទឹកបាន​ស្រក​ចុះ​ហើយ​៕S/


​ ​